យុវតី​ម្នាក់​នៅ​ត្បូងឃ្មុំ​រង​ការ​ព្រមាន​ពី​អាជ្ញាធរ ក្រោយ​បង្ហោះ​សារ​រិះគន់​ជនអន្តោប្រវេសន៍​នៅ​កម្ពុជា

0:00 / 0:00

យុវតី​ម្នាក់ នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ចុះទៅ​ព្រមាន​អប់រំ​ដល់​ផ្ទះ ឱ្យ​បញ្ឈប់​សកម្មភាព​បង្ហោះ​សារ​រិះគន់ ឬ​និយាយ​ពី​បញ្ហា​អន្តោប្រវេសន៍​រស់នៅ​កម្ពុជា និង​បញ្ហា​សង្គម​ផ្សេង​ទៀត។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ គឺជា​ការ​រំលោភ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ និង​ទទូច​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ឡើង​វិញ។

ការ​គំរាមកំហែង និង​ព្រមាន​ដល់​ផ្ទះ​ពី​សំណាក់​អាជ្ញាធរ ទៅ​លើ​ពលរដ្ឋ​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល និង​បញ្ហា​នានា ក្នុង​សង្គម នៅតែ​កើត​មាន ជាពិសេស នៅ​ពេល​ដែល​ពលរដ្ឋ​ទាំង​នោះ និយាយ​ប៉ះពាល់​ដល់​រឿង​កា​រហូរ​ចូល​របស់​ជន​បរទេស​កាន់តែ​ច្រើន ដោយ​គ្មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ​នៅ​លើទឹក​ដី​ខ្មែរ។

ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) ឈ្មោះ សេរី វឌ្ឍនៈ (Serey Vattanak) គឺ​កញ្ញា វ៉ែន ស៊ាងឡៃ ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី១៤ ធ្នូ អាជ្ញាធរ​មូលដ្ឋាន បាន​ទៅ​ដល់​ផ្ទះ​កញ្ញា និង​អប់រំ​មិន​ឱ្យ​បង្ហោះ​សារ ដែល​មាន​អត្ថន័យ​ទាក់ទង​នឹង​បញ្ហា​រសើប​បែប​នេះ​ត​ទៅ​ទៀត។ កញ្ញា​លើក​ឡើង​ថា សារ​ដែល​កញ្ញា​សរសេរ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទាក់ទង​នឹង​រំហូរ​ជន​អន្តោប្រវេសន៍​វៀតណាម (Vietnam) នៅ​កម្ពុជា​នេះ គឺ​កើត​ចេញ​ពី​ក្ដី​បារម្ភ ចំពោះ​បូរណភាព​ទឹកដី​កម្ពុជា និង​បញ្ហា​សង្គម ដែល​កញ្ញា​អះអាង​ថា បាន​សង្កេតឃើញ​ដោយ​ខ្លួន​ឯង។

កញ្ញា វ៉ែន ស៊ាងឡៃ៖ «ខ្ញុំ​ឃើញ​អ៊ីចឹង ចេះតែ​បង្ហោះ​ទៅ​តាម​រយៈ​ការ​ពិត អ្វី​ដែល​ខ្ញុំ​ឃើញ ខ្ញុំ​តែង​លើក​យក​មក​និយាយ។ ខ្ញុំ​ក៏​ព្រួយ​បារម្ភ​ដែរ ហើយ​ឃើញ​អ៊ីចឹង ខ្ញុំ​ក៏​មាន​អារម្មណ៍​សោកស្ដាយ​ដែរ ព្រោះ​ខ្ញុំ​ជា​កូនខ្មែរ​មួយ​ខ្ញុំ​ក៏​សោកស្ដាយ​ដែរ»។

ការ​គំរាមកំហែង​របស់​អាជ្ញាធរ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​យុវតី វ៉ែន ស៊ាងឡៃ កាល​ពី​ថ្ងៃ​ទី១១ ធ្នូ បាន​បង្ហោះ​សារ​ជា​សំណេរ​រិះគន់ នៅ​លើ​ហ្វេសប៊ុក ដោយ​ប្រៀបធៀប​ករណី​ជន​អន្តោប្រវេសន៍​វៀតណាម អាច​ឆ្លងដែន​ចូល​មក​កម្ពុជា​ដោយ​ងាយ​ស្រួល ដែល​ខុស​ពី​ប្រជាពលរដ្ឋ​ខ្មែរ ឆ្លង​ដែន​ចូល​ទឹកដី​វៀតណាម ដោយមាន​ភាព​ពិបាក។ ទន្ទឹមគ្នា​នេះ កញ្ញា​ក៏បាន​លើក​ឡើង​អំពី​ក្ដី​បារម្ភ​ចំពោះ​បូរណភាពទឹកដី​កម្ពុជា​ផង​ដែរ។

សំណេរ​របស់​យុវតី​រូប​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍ និង​ទទួល​បាន​ការ​កោត​សរសើរ​ពី​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​ថា ជា​ក្មេង​ស្រី​ដែល​មាន​មនសិការ ខ្វល់ខ្វល់​ពី​សង្គមជាតិ បូរណភាពទឹកដី និង​ហ៊ាន​ចេញមុខ​និយាយ​រិះគន់​បញ្ហា​សង្គម។

ការព្រមាន​ទៅ​លើ​យុវតី​រូប​នេះ កើត​មាន​ឡើង​មិន​យូរ​ប៉ុន្មាន​ឡើយ ក្រោយ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយ​មានជ័យ បាន​ឡោមព័ទ្ធ​ចាប់​ខ្លួន លោក កង សារ៉ន ដាក់​ពន្ធនាគារ​ចំនួន ៣ឆ្នាំ កាល​ពី​ថ្ងៃ​ទី ២៥ វិច្ឆិកា បន្ទាប់ពី​លោក​និយាយ​អំពី​បញ្ហា​កំណើន​ជនជាតិ​វៀតណាម ចូល​មក​រស់នៅ​កម្ពុជា ក្នុង​អំឡុង​ពេល​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត កាល​ពី​ខែកក្កដា ឆ្នាំ២០២៣ ថា នៅ​ពេល​គណបក្ស​ប្រជាជន​ជាប់​ឆ្នោត នឹង​ដេញ​ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ ដែល​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ដែរ​ឬ​ទេ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រែក លោក ទ្រី ថេត និង​មេឃុំ​ក្រែក លោក វង វ៉ាន់ស៊ាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៥ ធ្នូ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

ទាក់ទិន​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​​​​​​​​​​​​​​​​​​​ការ​ស្នើសុំ​គាំពារ​ច្បាប់ ពី​យុវតី វ៉ែន ស៊ាងឡៃ រួចហើយ ក្រោយ​ពី​យុវតី​រូប​នេះ​អះអាង​ថា មាន​អាជ្ញាធរ​មក​គំរាម​​​​​​​​​​​​​កំហែង។ លោក អំ សំអាត លើក​ឡើង​ថា ការ​រៀបរាប់​របស់​យុវតី វ៉ែន ស៊ាងឡៃ នៅ​លើ​បណ្ដាញ​សង្គម​នេះ គឺ​ជា​សិទ្ធិ​សេរី​បញ្ចេញ​មតិ និង​មិនមែន​ជា​ការ​ញុះញង់ ឬ​បទល្មើស​អ្វី​ឡើយ។

លោក អំ សំអាត៖ «អ៊ីចឹង​បញ្ហា​នេះ​សូម​ឱ្យ​ពិនិត្យ និង​ពិចារណា​ថា អ្វី​ជាំ​សេរី​ក្នុង​ការ​បញ្ចេញមតិ អ្វី​ជា​បទល្មើស ដើម្បី​កុំ​ឱ្យ​មានការ​រំលោភបំពាន លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាពិសេស សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហ្នឹង»។

យុវតី វ៉ែន ស៊ាងឡៃ អាយុ ១៧ឆ្នាំ រស់នៅ​ភូមិ​ជីពាំង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ គឺ​លោកស្រី គង់ មុំ និង​បងប្រុស​ម្នាក់។ ដោយសារតែ​ជីវភាព​ក្រីក្រ យុវតី វ៉ែន ស៊ាងឡៃ បាន​បោះបង់​ការសិក្សា ត្រឹម​ថ្នាក់​ទី៩។

យុវតី វ៉ែន ស៊ាងឡៃ ចាត់​ទុក​ការ​គំរាមកំហែង​ពី​អាជ្ញាធរ គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរី​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ។ ទោះ​ជា​យ៉ាង​ណា​ក្ដី កញ្ញា​ប្រាប់​ថា ការ​គំរាម​កំហែង​នេះ មិន​អាច​បញ្ឈប់​កញ្ញា​មិន​ឱ្យ​និយាយ​ពី​បញ្ហា​សង្គម​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។