យុវជន គង់ រ៉ៃយ៉ា ដែលជាប់ទោសព្រោះបង្ហោះសារលើទំព័រហ្វេសប៊ុក (Facebook) រឿងបដិវត្តន៍ពណ៌ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ បន្ទាប់ពីបានអនុវត្តទោសរយៈពេល ១៨ខែ ក្នុងពន្ធនាគារតាមទោសកំណត់។ ក្រោយរួចខ្លួន យុវជន គង់ រ៉ៃយ៉ា បានប្ដេជ្ញាបន្តសកម្មភាពជួយសង្គមឡើងវិញ និងបានរិះគន់អំពីបញ្ហាអាក្រក់ៗក្នុងពន្ធនាគារផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងមុខពន្ធនាគារព្រៃស យុវជន គង់ រ៉ៃយ៉ា អះអាងថា ឆ្លងកាត់ការជាប់ពន្ធនាគាររយៈពេល ១ឆ្នាំកន្លះនោះមក រូបគេកាន់តែមានស្មារតីរឹងមាំ និងមានឆន្ទៈមោះមុតក្នុងការជួយសង្គមជាតិបន្តទៅទៀត។ ទន្ទឹមគ្នានេះ លោកផ្ញើសារទាំងក្លាហានថា ការចាប់ខ្លួនលោកមិនអាចបំបាក់ស្មារតីយុវជនបាននោះទេ៖ « លើកនេះខ្ញុំនៅតែធ្វើដូចពីមុន ទៅព្រំដែនក៏ខ្ញុំមិនខ្លាច ទោះបីជាអ្នកទៅព្រំដែនត្រូវគេគំរាម និងចាប់ខ្លួនក្តី។ ការពារព្រៃឈើ និងការពារបរិស្ថាន ក៏ខ្ញុំនៅតែចូលរួម ជាពិសេសខ្ញុំចង់ធ្វើមួយទៀត គឺលើវិស័យអប់រំ ព្រោះវិស័យអប់រំត្រូវគេបំពុលដោយគ្រឿងស្រវឹង គ្រឿងញៀន បំផ្លាញយុវជន ដែលជាសសរទ្រូងនៃប្រទេសកម្ពុជា។ ខ្ញុំនឹងព្យាយាមធ្វើលើរឿងនេះ »។
ស្ថិតក្នុងសម្លៀកបំពាក់ខោកីឡាជើងខ្លី និងអាវឆ្នូតដៃវែង មានក្រមាបង់កផង យុវជន គង់ រ៉ៃយ៉ា ត្រូវបានដោះលែងឲ្យចេញពីពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ដោយមានគ្រួសារ និងញាតិមិត្តប្រមាណ ២០នាក់ រួមទាំងព្រះសង្ឃ ៣ ទៅ ៤អង្គផង រង់ចាំទទួលស្វាគមន៍ប្រកបដោយភាពរីករាយលាយឡំជាមួយទឹកភ្នែក។
ក្រោយរួចខ្លួនមិនបានប៉ុន្មាននាទីផង យុវជន គង់ រ៉ៃយ៉ា ក៏បានថ្លែងរិះគន់ខ្លាំងៗអំពីភាពរញ៉េរញ៉ៃនៅក្នុងពន្ធនាគារ ដូចជាការប្រើប្រាស់គ្រឿងញៀន ការជក់បារី ល្បែងស៊ីសង និងបញ្ហាលំបាកមួយចំនួនទៀត៖ « ការរស់នៅក្នុងពន្ធនាគារប្រៀបដូចជានៅឋាននរកអ៊ីចឹង ព្រោះពន្ធនាគារស្រុកខ្មែរមិនមានស្តង់ដារ។ ខ្ញុំបារម្ភដល់យុវជនដែលកំពុងជាប់ពន្ធនាគារ ដោយសារអី បារីត្រូវបានជក់នៅពេញទីនោះ។ បន្ទប់មួយមានមនុស្ស ៣០នាក់ ហើយជក់បារីក្នុងមួយថ្ងៃរាប់រយដើម។ អ្នកអត់ជក់ ក៏ត្រូវស្រូបផ្សែង។ អ្នកមិនជក់ក៏ស្រូបផ្សែង។ ចឹងសុខភាពមិនដឹងទៅជាយ៉ាងណា។ ចំណែកឧបករណ៍សម្រាប់ផ្តាច់សេវាទូរស័ព្ទ មានជាតិវិទ្យុសកម្មត្រូវបានបំផ្លាញខួរក្បាលយុវជនខ្លាំងដែរ ព្រោះធ្វើឲ្យសុខភាពទ្រុឌទ្រោម និងឈឺក្បាលខ្លាំងរាល់ថ្ងៃ។ ខ្ញុំក៏ឮថា ឧបករណ៍ផ្តាច់សេវាទូរស័ព្ទនេះ គឺបំផ្លាញមេជីវិតបុរសទៀត។ ដូច្នេះខ្ញុំបារម្ភ និងស្នើឲ្យក្រសួងមហាផ្ទៃ ដកឧបករណ៍នេះចេញពីពន្ធនាគារទាំងអស់។ និយាយពីបន្ទប់ គឺតូចចង្អៀត ត្រូវដេកគរលើគ្នា។ នៅក្នុងពន្ធនាគារ ក៏មានលេងល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ ដែលខ្ញុំមិនធ្លាប់ជួបប្រទះ ការចាក់បាល់ គឺខ្លាំងមែនទែន។ ការប្រើប្រាស់គ្រឿងញៀនវិញ ខ្ញុំមិនដែលឃើញគេប្រើប្រាស់គ្រឿងញៀនទេ ប៉ុន្តែខ្ញុំចូលពន្ធនាគារ ខ្ញុំឃើញគេប្រើប្រាស់គ្រឿងញៀន ហើយតម្លៃគ្រឿងញៀនក្នុងពន្ធនាគារ គឺថ្លៃជាងនៅក្រៅ ១០ដង។ ខ្ញុំសូមបញ្ជាក់ថា ជនជាប់ឃុំមិនអាចយកគ្រឿងញៀនចូលទៅបានទេ ព្រោះមានការឆែកតឹងរ៉ឹងណាស់។ ចឹង តើមានអ្នកណាជាអ្នកយកចូល ? សូមឲ្យអ្នកទាំងអស់គ្នាពិចារណាដោយខ្លួនឯង »។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សាវនា បានទេ នៅថ្ងៃទី២២ ខែកុម្ភៈ ដោយទូរស័ព្ទមិនអាចទាក់ទងបាន។ រីឯមន្ត្រីពន្ធនាគារមួយចំនួនទៀតក៏មិនលើកទូរស័ព្ទដែរ។
យុវជន គង់ រ៉ៃយ៉ា ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យខេមរៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីយុវជនរូបនេះប្រកាសធ្វើបដិវត្តន៍ពណ៌នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីឆ្នាំ២០១៥។
ក្រោយជាប់ទោស ព្រោះរឿងបដិវត្តន៍ពណ៌ យុវជន គង់ រ៉ៃយ៉ា បញ្ជាក់ថា លោកឈប់ប្រើពាក្យបដិវត្តន៍ពណ៌ទៀតហើយ៖ « ខ្ញុំឈប់និយាយពាក្យបដិវត្តន៍ពណ៌ទៀតហើយ ខ្ញុំនឹងប្រមូលកម្លាំងរបស់ខ្ញុំទៅធ្វើការបម្រើប្រទេសជាតិតាមវិស័យដែលខ្ញុំបានប្រាប់ពីមុន ប៉ុន្តែបដិវត្តន៍ពណ៌ គឺមិនមែនកើតឡើងពីប្រជាពលរដ្ឋទេ គឺកើតឡើងមកពីមន្ត្រីរដ្ឋាភិបាល។ សូមចាំឲ្យច្បាស់ថា កើតឡើងពីមន្ត្រីរដ្ឋាភិបាល ដែលពួកគាត់ពុករលួយ ពួកគាត់កាប់បំផ្លាញព្រៃឈើ ពួកគាត់ប្លន់ដីរាស្ត្រ តុលាការដ៏មហាសែនអយុត្តិធម៌ ដែលស្ទើរតែទាបជាងគេនៅលើពិភពលោក។ នេះហើយ គឺជាមូលហេតុនៃការបង្កើតបដិវត្តន៍ពណ៌ ពីព្រោះវាធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់រស់ពិបាកជាងស្លាប់ »។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់យោធាផង សុទ្ធតែបានគំរាមបង្ក្រាបមិនឲ្យមានបដិវត្តន៍ពណ៌នេះឡើយ។ លោក ហ៊ុន សែន ក៏បានព្រមានថែមទៀតនៅពេលថ្មីៗនេះថា ឲ្យត្រៀមក្ដារមឈូស បើជនណាចង់ធ្វើបដិវត្តន៍ពណ៌។
មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការសរសេររបស់យុវជន គង់ រ៉ៃយ៉ា គ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ និងពុំបានបណ្ដាលឲ្យមានភាពវឹកវរក្នុងសង្គមដូចការចោទប្រកាន់ពីរដ្ឋាភិបាលនោះឡើយ ព្រមទាំងចាត់ទុកការចោទប្រកាន់ និងដាក់ទោសលើយុវជន គង់ រ៉ៃយ៉ា ថា ជាការគំរាមកំហែង និងបំបិទសិទ្ធិនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋដទៃទៀត។
លោក កាំង គង់ ដែលជាឪពុករបស់យុវជន គង់ រ៉ៃយ៉ា ថ្លែងថា លោកនៅតែគាំទ្រចំពោះសកម្មភាពកូនប្រុសដែលប្ដេជ្ញាជួយសង្គមជាតិ ប៉ុន្តែលោកនៅតែមានការព្រួយបារម្ភអំពីសុវត្ថិភាពកូន៖ « ការងារសង្គមឲ្យធ្វើដើម្បីប្រយោជន៍ជាតិ តែអត់ឲ្យដើរបញ្ហាធ្វើអ្វីៗដែលកន្លងមក ដែលនិយាយនោះ វាប៉ះពាល់ដល់គេ »។
ក្រៅពីធ្វើខ្លួនជាយុវជនសកម្មក្នុងការងារសង្គមនោះ លោក គង់ រ៉ៃយ៉ា ក៏នឹងវិលត្រឡប់ទៅបន្តការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យឡើងវិញ បន្ទាប់ពីខាតពេលអស់ចំនួន ៣ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។