យុវជន គង់ រ៉ៃយ៉ា រិះគន់​ស្ថានភាព​រស់​នៅ​ក្នុង​គុក​ក្រោយ​រួច​ទោស

0:00 / 0:00

យុវជន គង់ រ៉ៃយ៉ា ដែល​ជាប់​ទោស​ព្រោះ​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) រឿង​បដិវត្តន៍​ពណ៌ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ បន្ទាប់​ពី​បាន​អនុវត្ត​ទោស​រយៈពេល ១៨​ខែ ក្នុង​ពន្ធនាគារ​តាម​ទោស​កំណត់។ ក្រោយ​រួច​ខ្លួន យុវជន គង់ រ៉ៃយ៉ា បាន​ប្ដេជ្ញា​បន្ត​សកម្មភាព​ជួយ​សង្គម​ឡើង​វិញ និង​បាន​រិះគន់​អំពី​បញ្ហា​អាក្រក់ៗ​ក្នុង​ពន្ធនាគារ​ផង​ដែរ។

​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស យុវជន គង់ រ៉ៃយ៉ា អះអាង​ថា ឆ្លង​កាត់​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១​ឆ្នាំ​កន្លះ​នោះ​មក រូប​គេ​កាន់​តែ​មាន​ស្មារតី​រឹងមាំ និង​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការ​ជួយ​សង្គមជាតិ​បន្ត​ទៅ​ទៀត។ ទន្ទឹម​គ្នា​នេះ លោក​ផ្ញើ​សារ​ទាំង​ក្លាហាន​ថា ការ​ចាប់​ខ្លួន​លោក​មិន​អាច​បំបាក់​ស្មារតី​យុវជន​បាន​នោះ​ទេ៖ « លើក​នេះ​ខ្ញុំ​នៅ​តែ​ធ្វើ​ដូច​ពី​មុន ទៅ​ព្រំដែន​ក៏​ខ្ញុំ​មិន​ខ្លាច ទោះ​បី​ជា​អ្នក​ទៅ​ព្រំដែន​ត្រូវ​គេ​គំរាម និង​ចាប់​ខ្លួន​ក្តី។ ការពារ​ព្រៃ​ឈើ និង​ការពារ​បរិស្ថាន ក៏​ខ្ញុំ​នៅ​តែ​ចូលរួម ជាពិសេស​ខ្ញុំ​ចង់​ធ្វើ​មួយ​ទៀត គឺ​លើ​វិស័យ​អប់រំ ព្រោះ​វិស័យ​អប់រំ​ត្រូវ​គេ​បំពុល​ដោយ​គ្រឿង​ស្រវឹង គ្រឿង​ញៀន បំផ្លាញ​យុវជន ដែល​ជា​សសរ​ទ្រូង​នៃ​ប្រទេស​កម្ពុជា។ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​លើ​រឿង​នេះ »

​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ខោ​កីឡា​ជើង​ខ្លី និង​អាវ​ឆ្នូត​ដៃ​វែង មាន​ក្រមា​បង់​ក​ផង យុវជន គង់ រ៉ៃយ៉ា ត្រូវ​បាន​ដោះលែង​ឲ្យ​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ដោយ​មាន​គ្រួសារ និង​ញាតិមិត្ត​ប្រមាណ ២០​នាក់ រួម​ទាំង​ព្រះសង្ឃ ៣ ទៅ ៤​អង្គ​ផង រង់ចាំ​ទទួល​ស្វាគមន៍​ប្រកប​ដោយ​ភាព​រីករាយ​លាយឡំ​ជាមួយ​ទឹក​ភ្នែក។

ក្រោយ​រួច​ខ្លួន​មិន​បាន​ប៉ុន្មាន​នាទី​ផង យុវជន គង់ រ៉ៃយ៉ា ក៏​បាន​ថ្លែង​រិះគន់​ខ្លាំងៗ​អំពី​ភាព​រញ៉េរញ៉ៃ​នៅ​ក្នុង​ពន្ធនាគារ ដូចជា​ការ​ប្រើប្រាស់​គ្រឿងញៀន ការ​ជក់​បារី ល្បែង​ស៊ីសង និង​បញ្ហា​លំបាក​មួយ​ចំនួន​ទៀត៖ « ការ​រស់នៅ​ក្នុង​ពន្ធនាគារ​ប្រៀប​ដូចជា​នៅ​ឋាន​នរក​អ៊ីចឹង ព្រោះ​ពន្ធនាគារ​ស្រុក​ខ្មែរ​មិន​មាន​ស្តង់ដារ។ ខ្ញុំ​បារម្ភ​ដល់​យុវជន​ដែល​កំពុង​ជាប់​ពន្ធនាគារ ដោយសារ​អី បារី​ត្រូវ​បាន​ជក់​នៅ​ពេញ​ទីនោះ។ បន្ទប់​មួយ​មាន​មនុស្ស ៣០​នាក់ ហើយ​ជក់​បារី​ក្នុង​មួយ​ថ្ងៃ​រាប់​រយ​ដើម។ អ្នក​អត់​ជក់ ក៏​ត្រូវ​ស្រូប​ផ្សែង។ អ្នក​មិន​ជក់​ក៏​ស្រូប​ផ្សែង។ ចឹង​សុខភាព​មិន​ដឹង​ទៅ​ជា​យ៉ាង​ណា។ ចំណែក​ឧបករណ៍​សម្រាប់​ផ្តាច់​សេវា​ទូរស័ព្ទ មាន​ជាតិ​វិទ្យុ​សកម្ម​ត្រូវ​បាន​បំផ្លាញ​ខួរក្បាល​យុវជន​ខ្លាំង​ដែរ ព្រោះ​ធ្វើ​ឲ្យ​សុខភាព​ទ្រុឌទ្រោម និង​ឈឺ​ក្បាល​ខ្លាំង​រាល់​ថ្ងៃ។ ខ្ញុំ​ក៏​ឮ​ថា ឧបករណ៍​ផ្តាច់​សេវា​ទូរស័ព្ទ​នេះ គឺ​បំផ្លាញ​មេ​ជីវិត​បុរស​ទៀត។ ដូច្នេះ​ខ្ញុំ​បារម្ភ និង​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ដក​ឧបករណ៍​នេះ​ចេញ​ពី​ពន្ធនាគារ​ទាំងអស់។ និយាយ​ពី​បន្ទប់ គឺ​តូច​ចង្អៀត ត្រូវ​ដេក​គរ​លើ​គ្នា។ នៅ​ក្នុង​ពន្ធនាគារ ក៏​មាន​លេង​ល្បែង​ស៊ី​សង​យ៉ាង​អនាធិបតេយ្យ ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ប្រទះ ការ​ចាក់​បាល់ គឺ​ខ្លាំង​មែន​ទែន។ ការ​ប្រើប្រាស់​គ្រឿង​ញៀន​វិញ ខ្ញុំ​មិន​ដែល​ឃើញ​គេ​ប្រើប្រាស់​គ្រឿង​ញៀន​ទេ ប៉ុន្តែ​ខ្ញុំ​ចូល​ពន្ធនាគារ ខ្ញុំ​ឃើញ​គេ​ប្រើប្រាស់​គ្រឿង​ញៀន ហើយ​តម្លៃ​គ្រឿង​ញៀន​ក្នុង​ពន្ធនាគារ គឺ​ថ្លៃ​ជាង​នៅ​ក្រៅ ១០​ដង។ ខ្ញុំ​សូម​បញ្ជាក់​ថា ជន​ជាប់​ឃុំ​មិន​អាច​យក​គ្រឿង​ញៀន​ចូល​ទៅ​បាន​ទេ ព្រោះ​មាន​ការ​ឆែក​តឹងរ៉ឹង​ណាស់។ ចឹង តើ​មាន​អ្នក​ណា​ជា​អ្នក​យក​ចូល ? សូម​ឲ្យ​អ្នក​ទាំងអស់​គ្នា​ពិចារណា​ដោយ​ខ្លួន​ឯង »

​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។ រី​ឯ​មន្ត្រី​ពន្ធនាគារ​មួយ​ចំនួន​ទៀត​ក៏​មិន​លើក​ទូរស័ព្ទ​ដែរ។

យុវជន គង់ រ៉ៃយ៉ា ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ខេមរៈ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ បន្ទាប់​ពី​យុវជន​រូប​នេះ​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ឆ្នាំ​២០១៥។

ក្រោយ​ជាប់​ទោស ព្រោះ​រឿង​បដិវត្តន៍​ពណ៌ យុវជន គង់ រ៉ៃយ៉ា បញ្ជាក់​ថា លោក​ឈប់​ប្រើ​ពាក្យ​បដិវត្តន៍​ពណ៌​ទៀត​ហើយ៖ « ខ្ញុំ​ឈប់​និយាយ​ពាក្យ​បដិវត្តន៍​ពណ៌​ទៀត​ហើយ ខ្ញុំ​នឹង​ប្រមូល​កម្លាំង​របស់​ខ្ញុំ​ទៅ​ធ្វើ​ការ​បម្រើ​ប្រទេស​ជាតិ​តាម​វិស័យ​ដែល​ខ្ញុំ​បាន​ប្រាប់​ពី​មុន ប៉ុន្តែ​បដិវត្តន៍​ពណ៌ គឺ​មិន​មែន​កើត​ឡើង​ពី​ប្រជាពលរដ្ឋ​ទេ គឺ​កើត​ឡើង​មក​ពី​មន្ត្រី​រដ្ឋាភិបាល។ សូម​ចាំ​ឲ្យ​ច្បាស់​ថា កើត​ឡើង​ពី​មន្ត្រី​រដ្ឋាភិបាល ដែល​ពួក​គាត់​ពុក​រលួយ ពួក​គាត់​កាប់​បំផ្លាញ​ព្រៃ​ឈើ ពួក​គាត់​ប្លន់​ដី​រាស្ត្រ តុលាការ​ដ៏​មហា​សែន​អយុត្តិធម៌ ដែល​ស្ទើរ​តែ​ទាប​ជាង​គេ​នៅ​លើ​ពិភពលោក។ នេះ​ហើយ គឺ​ជា​មូលហេតុ​នៃ​ការ​បង្កើត​បដិវត្តន៍​ពណ៌ ពីព្រោះ​វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឈឺ​ចាប់​រស់​ពិបាក​ជាង​ស្លាប់ »

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​យោធា​ផង សុទ្ធតែ​បាន​គំរាម​បង្ក្រាប​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នេះ​ឡើយ។ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ថែម​ទៀត​នៅ​ពេល​ថ្មីៗ​នេះ​ថា ឲ្យ​ត្រៀម​ក្ដារមឈូស បើ​ជន​ណា​ចង់​ធ្វើ​បដិវត្តន៍​ពណ៌។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​សរសេរ​របស់​យុវជន គង់ រ៉ៃយ៉ា គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ និង​ពុំ​បាន​បណ្ដាល​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ដូច​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​នោះ​ឡើយ ព្រម​ទាំង​ចាត់​ទុក​ការ​ចោទ​ប្រកាន់ និង​ដាក់​ទោស​លើ​យុវជន គង់ រ៉ៃយ៉ា ថា ជា​ការ​គំរាមកំហែង និង​បំបិទ​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​ដទៃ​ទៀត។

លោក កាំង គង់ ដែល​ជា​ឪពុក​របស់​យុវជន គង់ រ៉ៃយ៉ា ថ្លែង​ថា លោក​នៅ​តែ​គាំទ្រ​ចំពោះ​សកម្មភាព​កូន​ប្រុស​ដែល​ប្ដេជ្ញា​ជួយ​សង្គម​ជាតិ ប៉ុន្តែ​លោក​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​កូន៖ « ការងារ​សង្គម​ឲ្យ​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ តែ​អត់​ឲ្យ​ដើរ​បញ្ហា​ធ្វើ​អ្វីៗ​ដែល​កន្លង​មក ដែល​និយាយ​នោះ វា​ប៉ះពាល់​ដល់​គេ »

ក្រៅ​ពី​ធ្វើ​ខ្លួន​ជា​យុវជន​សកម្ម​ក្នុង​ការងារ​សង្គម​នោះ លោក គង់ រ៉ៃយ៉ា ក៏​នឹង​វិល​ត្រឡប់​ទៅ​បន្ត​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សកល​វិទ្យាល័យ​ឡើង​វិញ បន្ទាប់​ពី​ខាត​ពេល​អស់​ចំនួន ៣​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។