ពលរដ្ឋ​ជាង​១០០​នាក់​នៅ​កំពង់ឆ្នាំង​ពិគ្រោះ​យោបល់​រឿង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

0:00 / 0:00

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខ្លះ​ក្នុង​ខេត្ត​កំពង់ឆ្នាំង គាំទ្រ​ចំពោះ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ ពួកគេ​បញ្ជាក់​ថា នៅ​ក្នុង​ដំណាក់កាល​ព្រាង​ច្បាប់​នេះ​រដ្ឋាភិបាល​បាន​បើកចំហ និង​ពិគ្រោះ​យោបល់​ទូលំទូលាយ​ជាង​ច្បាប់​ដទៃ​ទៀត​ដែល​មាន។

ប្រទេស​កម្ពុជា ត្រូវ​ការ​ចាំបាច់​នូវ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​គ្រា​ដែល​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ខ្លះ​នៅ​មាន​ភាព​លាក់លៀម និង​មិន​ចង់​បញ្ចេញ​ព័ត៌មាន​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​ជូន​សាធារណជន។ នេះ​ជា​ការ​លើក​ឡើង​ជា​ថ្មី​ម្ដង​ទៀត​របស់​អ្នក​ជំនាញ​សារព័ត៌មាន និង​សិក្ខាកាម​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​មួយ​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​កសិកម្ម និង​បរិស្ថាន នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា។

មន្ត្រី​ផ្នែក​គម្រោង​សារ​គមនាគមន៍ និង​ព័ត៌មាន នៃ​អង្គការ​អប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌ នៃ​សហប្រជាជាតិ លោក ឆាយ សុផល ថ្លែង​ថា ច្បាប់​នេះ​មាន​សារសំខាន់​សម្រាប់​អ្នក​សារព័ត៌មាន និង​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ដោយ​កន្លង​ទៅ​មន្ត្រី​ទទួល​បន្ទុក​ស្ថាប័ន​រដ្ឋ​នីមួយៗ​មិន​អាច​បញ្ចេញ​ព័ត៌មាន​អ្វី​បាន ក្រៅ​ពី​ថ្នាក់​លើ។

លោក​ថា បច្ចុប្បន្ន អង្គការ​យូណេស្កូ (UNESCO) ក្រសួង​ព័ត៌មាន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពីរ​ទៀត កំពុង​អនុវត្ត​គម្រោង​ពិគ្រោះ​យោបល់​ផ្ដោត​លើ​ប្រធាន​បទ​ចំនួន ១៨ ដើម្បី​ប្រមូល​មតិ​យោបល់​នានា​ដាក់​បញ្ចូល​ក្នុង​ពង្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន៖ «ប៉ុន្តែ​ច្បាប់​នេះ​ដំណើរការ​នៃ​ការ​តាក់តែង​ខុស​ពី​ច្បាប់​មុនៗ គឺ​ប្រមូល​មតិ​សាមញ្ញ រហូត​ដល់​មន្ត្រី​ស្ថាប័ន​ដើម្បី​យក​ជា​អនុសាសន៍​ដើម្បី​បញ្ចូល​ក្នុង​សេចក្ដី​ព្រាង​នេះ ហើយ​នឹង​ពិភាក្សា​នៅ​ក្នុង​ក្រុម​ការងារ​បច្ចេកទេស បន្ទាប់​ពី​ឯកភាព​គ្នា​ហើយ យើង​នឹង​បញ្ជូន​ច្បាប់​នេះ​ទៅ​អន្តរ​ក្រសួង មុន​នឹង​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី»

វេទិកា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​កសិកម្ម និង​បរិស្ថាន នៅ​សណ្ឋាគារ​សំរោងសែន ខេត្ត​កំពង់ឆ្នាំង ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) និង​អង្គការ​ហ្វេក (Fact) មាន​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត និស្សិត និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ១០០​នាក់ ចូល​រួម។ សិក្ខាកាម​ភាគ​ច្រើន​មក​ពី​ស្រុក​ចំនួន ៤ គឺ​សាមគ្គីមានជ័យ កំពង់ត្រឡាច រលាប្អៀរ និង​ស្រុក​កំពង់លែង។

អ្នក​សម្របសម្រួល​កម្មវិធី​នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) លោក ឯក ចំរើន បញ្ជាក់​ថា រយៈ​ពេល​បី​ឆ្នាំ នៃ​គម្រោង​ពិគ្រោះ​យោបល់​នេះ​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៥ ដែល​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​សិក្ខាកាម​ចូល​រួម​មិន​តិច​ជាង ១​ពាន់​នាក់​ឡើយ។ ប៉ុន្តែ​លោក​ថា វេទិកា​ដែល​អនុវត្ត​នៅ​ខេត្ត​កំពង់ឆ្នាំង កំពង់ស្ពឺ បន្ទាយមានជ័យ កំពង់ធំ និង​ខេត្ត​ក្រចេះ​នេះ មិន​បាន​គ្រប់​ស្រុក​ទេ៖ «មាន​ការ​សោកស្ដាយ​ដែរ បើ​បាន​គម្រោង​នឹង​អនុវត្ត​នៅ​ក្នុង​ខេត្ត​នីមួយៗ​បាន​គ្រប់​ស្រុក​គ្រប់​ ឃុំ ខ្ញុំ​គិត​ថា សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ នឹង​មាន​ការ​លូតលាស់ ហើយ​រីក​រាលដាល​អាច​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ ឬ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ កាត់​តែ​មាន​ការ​យល់​ដឹង​ថែម​ទៀត»

ចំណែក​មេ​ឃុំ​គោកបន្ទាយ ស្រុក​រលាប្អៀរ និង​ជា​សិក្ខាកាម​ម្នាក់​លោក យឹម យ៉ុន មាន​ប្រសាសន៍​ថា រូប​លោក​បាន​ចូល​រួម​ក្នុង​វេទិកា​នេះ ៣ ទៅ ៤​ដង​ហើយ ហើយ​លោក​ចេះ​បញ្ចេញ​ព័ត៌មាន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​ជូន​ពលរដ្ឋ​ជា​ប្រចាំ។ លោក​ក៏​ចង់​ឲ្យ​ច្បាប់​នេះ​មាន​ការ​បើក​ទូលាយ​ក្នុង​ផ្សព្វផ្សាយ​ព័ត៌មាន ហើយ​វា​កាន់​តែ​ប្រសើរ​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ឆាប់ៗ៖ «ខ្ញុំ​បាន​យក​ចិត្ត​ទុកដាក់​លើ​ ការ​ផ្សព្វផ្សាយ​បាន​ទៅ​លើ​ការងារ​សំខាន់ៗ ទាក់ទង​នឹង​ជីវភាព​រស់នៅ ការងារ​សន្តិសុខ ការងារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​នេះ​ឃើញ​ថា មិន​ទាន់​ស៊ី​ជម្រៅ​ដោយ​មូលដ្ឋាន​ឃុំ ឬ​សង្កាត់​មាន​ការ​យល់ដឹង​មាន​កម្រិត ហើយ​គាត់​មិនមែន​ជា​មន្ដ្រី​បច្ចេកទេស​ជំនាញ​តាម​វិស័យ​នីមួយៗ»

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​ព័ត៌មាន​​ទទួល​បន្ទុក​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដោយ​មាន​ការ​ពិគ្រោះ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ហើយ​ក្រសួង​ព័ត៌មាន ក៏​បាន​សន្យា​ថា នឹង​រៀបចំ​ច្បាប់​នេះ​ឲ្យ​រួចរាល់​ក្នុង​រយៈ​ពេល ៣​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។