អង្គការលើកលែងទោសអន្តរជាតិ Amnesty International នៅថ្ងៃពុធ ទី២៥ កក្កដា បានសរសេរលិខិតចំហមួយច្បាប់ផ្ញើទៅរបបលោក ហ៊ុន សែន និងគណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសនៅថ្ងៃអាទិត្យ ទី២៩ កក្កដា។ អង្គការនេះអំពាវនាវឲ្យរបបលោក ហ៊ុន សែន និងគ្រប់គណបក្សនយោបាយទាំងអស់ ដែលចូលរួមក្នុងការបោះឆ្នោតជាតិនេះ ត្រូវប្តេជ្ញាចិត្តធានាថា កាតព្វកិច្ចនៃការគោរពតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិរបស់កម្ពុជា ត្រូវបានផ្តល់នូវសារៈសំខាន់ជាទីបំផុត ក្នុងអំឡុងពេល និងក្រោយយុទ្ធនាការឃោសនាបោះឆ្នោត និងអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែគោរព ការពារ បំពេញ និងលើកកម្ពស់នូវបទដ្ឋានសិទ្ធិមនុស្សទាំងអស់នេះ។
លិខិតចំហររបស់អ្នកស្រី គ្លែរ អាល់ហ្ការ (Clare Algar) នាយិការប្រតិបត្តិការសាកល នៃអង្គការលើកលែងទោសអន្តរជាតិ មិនភ្លេចឡើយលើកឡើង ពីការបង្រួមលំហប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបង្កើនយុទ្ធនាការបង្ក្រាបលើអ្នកនយោបាយគណបក្សប្រឆាំង សកម្មជនសិទ្ធមនុស្ស អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនៅមុនការបោះឆ្នោតនេះ។ អង្គការនេះចាត់ទុកថា ការបង្ក្រាបមកលើសំឡេងសន្តិវិធីទាំងនេះ ធ្វើឡើងខណៈដែលពលរដ្ឋខ្មែរ គឺជាអ្នកខាតបង់នូវសិទ្ធិជាមូលដ្ឋានផ្ទាល់របស់ពួកគេ។
បន្ថែមពីលើនេះ អង្គការនេះ ក៏បានលើកឡើងពីការប្រើប្រាស់ច្បាប់នានា ដែលទើបតាក់តែងឡើង និងបង្កើតថ្មីក្នុងអាណត្តិទី៥ នេះ ក្នុងគោលដៅដើម្បីបង្ក្រាបសេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្តុំ និងការជួបប្រជុំជាដើម ដែលនេះរួមទាំងការរឹតត្បិតការជ្រើសរើសការប្រើប្រាស់សិទ្ធិនៃការមិនទៅបោះឆ្នោត ឬពហិការការបោះឆ្នោត ខណៈដែលប្រព័ន្ធបោះឆ្នោតនៅកម្ពុជា មិនបានតម្រូវ ឬដាក់ទោសទណ្ឌថា ពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែចេញទៅបោះឆ្នោតនោះទេ។ ច្បាប់នានាដែលអង្គការនេះ ចាត់ទុកថា មានសភាពរឹតត្បិតសិទ្ធិសេរីភាពខ្លាំង រួមមាន ច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីសហជីពជាដើម ដែលការអនុវត្តច្បាប់ទាំងនេះ អង្គការនេះថា នឹងរឹតតែបង្កើននូវភាពអយុត្តិធម៌ក្នុងសង្គមបន្ថែមទៀត។
អង្គការលើកលែងទោសអន្តរជាតិសង្កត់ធ្ងន់ៗ ថា ទាំងរបបលោក ហ៊ុន សែន និងទាំងគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាសនៅថ្ងៃទី២៩ កក្កដានេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវការលើកកម្ពស់ការគោរពសិទ្ធិមនុស្សជាចម្បង ក្នុងអំឡុងពេល និងនៅក្រោយយុទ្ធនាការឃោសនាបោះឆ្នោតនេះ។ អង្គការនេះជំរុញឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវប្រើប្រាស់នូវគ្រប់មធ្យោបាយទាំងអស់ដែលមានស្រាប់ ដើម្បីជំរុញឲ្យមានការអនុវត្តអនុសាសន៍ចំនួន ៦ចំណុច ដែលអង្គការនេះដាក់ចេញ។ អនុសាសន៍ទាំង ៦ចំណុចនេះ រួមមាន៖ ទីមួយ ការធ្វើវិសោធនកម្មទៅលើច្បាប់ស្តីពីការធ្វើបាតុកម្មដោយអហិង្សា ដើម្បីឲ្យច្បាប់នេះស្របតាមបទដ្ឋានអន្តរជាតិឡើងវិញ។ ទីពីរ អនុម័តច្បាប់ និងដាក់ចេញនូវបទប្បញ្ញត្តិនានា អំពីក្រមប្រតិបត្តិដ៏ទូលំទូលាយនៃការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ឬមន្ត្រីអនុវត្តច្បាប់នៅកម្ពុជា ធ្វើយ៉ាងណាឲ្យស្របតាមគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ នៃការប្រើប្រាស់កម្លាំង និងអាវុធ ពីសំណាក់មន្ត្រីអនុវត្តច្បាប់ និងបទដ្ឋានអន្តរជាតិដទៃទៀត។ ទីបី បញ្ឈប់នូវយុទ្ធនាការបង្ក្រាបលើសកម្មជនអង្គការមិនមែនរដ្ឋាភិបាល និងធ្វើនិរាករណ៍ ឬលុបចោលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីឲ្យស្របតាមកាតព្វកិច្ចរបស់កម្ពុជាជាមួយនឹងការគោរពសិទ្ធិមនុស្សអន្តរជាតិ។ ដូចគ្នានេះដែរ អង្គការនេះ ក៏ស្នើសុំឲ្យធ្វើវិសោធនកម្ម ឬលុបចោលច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីសហជីពជាដើម ដើម្បីឲ្យអនុលោមតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ពលកម្មអន្តរជាតិ។ ទីបួន គោរពនូវសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋខ្មែរទូទៅ រួមទាំងសេរីភាពនៅលើបណ្តាញសង្គម ហើយត្រូវបញ្ឈប់ជាបន្ទាន់នូវគោលនយោបាយ និងការអនុវត្តអំពើឃុំឃាំងតាមទំនើងចិត្ត ព្រមទាំងការកោះហៅក្រុមអ្នកតវ៉ា យកទៅអប់រំ ឬរៀនសូត្រឡើងវិញជាដើម។ ទីប្រាំ គោរពនូវស្ថាប័នប្រព័ន្ធយុត្តិធម៌ដែលត្រូវតែឯករាជ្យ និងអព្យាក្រិត្យ ជាពិសេស ធានាថាច្បាប់ គោលនយោបាយ និងការអនុវត្តន៍នូវស្ថាប័នតុលាការដែលឯករាជ្យ និងអព្យាក្រិត្យ និងទី៦ ចុងក្រោយ អង្គការនេះស្នើសុំឲ្យបញ្ឈប់ការប្រឌិតបទចោទព្រហ្មទណ្ឌ និងការប្រើប្រាស់ប្រព័ន្ធតុលាការ ក្នុងគោលដៅដើម្បីប្រឆាំងនឹងក្រុមអ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយគណបក្សប្រឆាំង ហើយត្រូវធានាថា មានការដោះលែង និងទម្លាក់ចោលបទចោទប្រកាន់នានាប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលរបបលោក ហ៊ុន សែន បានចាប់ខ្លួន ធ្វើទុក្ខបុកម្នេញ ឬដាក់ទណ្ឌកម្មមកលើពួកគេ ដោយសារតែពួកគេបានអនុវត្តនូវសិទ្ធិមនុស្សរបស់ពួកគេដោយសន្តិវិធី ដែលនេះរួមទាំងអតីតៈអ្នកយកព័ត៌មានអាស៊ីសេរី គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន និងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។