អាជ្ញាធរក្រុងភ្នំពេញបញ្ជាឱ្យពលរដ្ឋម្នាក់សុំទោសករណីរិះគន់ចំណាត់ការរបស់ប៉ូលិសចរាចរណ៍

មន្ដ្រីធ្វើការផ្នែកសិទ្ធិមនុស្សថា ការហៅពលរដ្ឋដែលរិះគន់ទង្វើរបស់សមត្ថកិច្ចចរាចរណ៍ ទៅធ្វើវីដេអូសុំទោស ជារឿងមិនគួធ្វើ។ ការលើកឡើងនេះ ដោយតែ អាជ្ញាធរបបក្រុងភ្នំពេញ បានបញ្ជាឱ្យពលរដ្ឋម្នាក់ទៀតធ្វើវីដេអូសុំទោសជាសាធារណៈ ក្រោយពីនាងបានរិះគន់សមត្ថកិច្ច ករណីផាកពិន័យរបស់ប៉ូលិសចរាចរណ៍។
កាលពីថ្ងៃទី៣០ ខែកក្កដា ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ បានហៅស្ដ្រីម្នាក់មកសាកសួរ និងបានឱ្យចេញវីដេអូសុំទោសជាសាធារណៈ ទាក់ទងនឹងការបង្ហោះវីដេអូ រិះគន់ចំណាត់ការរបស់សមត្ថកិច្ចលើរូបនាង កាលពីថ្ងៃទី២៧ ខែកក្កដា។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ប្រាប់សារព័ត៌មានក្នុងស្រុកថា ស្ដ្រីរូបនេះ បានប្រើហ្វេសប៊ុកបង្ហោះវីដេអូប្រមាថមើលងាយ លើសមត្ថកិច្ចក្នុងពេលអនុវត្ដច្បាប់កាលពីថ្ងៃ២៩ ខែកក្កដា។អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី៣០ ខែកក្កដា ថា ចំណាត់ការរបស់អាជ្ញាធរនេះ គឺជាការគម្រាមកំហែងដល់សិទ្ធិរបស់ប្រជាពលរដ្ឋ៖ «មន្ដ្រីនគរបាលមួយចំនួនគាត់បានធ្វើល្អត្រឹមត្រូវរបស់គាត់ហើយ ប៉ុន្ដែដោយឡែកមួយចំនួនទៀតហ្នឹងបានធ្វើមិនត្រឹមត្រូវ អ៊ីចឹងបើធ្វើមិនត្រឹមត្រូវ ហើយរងការរិះគន់ ការលើកឡើងពីអំពីអំពើមិនត្រឹមត្រូវហ្នឹងហើយ ត្រូវបានហៅទៅសាកសួរ វាជាការគម្រាមកំហែងទៅលើសិទ្ធិសេរីភាពរបស់ពួកគាត់ នៅក្នុងការបញ្ចេញមតិ។ មិនគួរមានចំណាត់ការបែបហ្នឹងទេ! គួរតែមានការពិនិត្យមើលទៅលើការអនុវត្ដរបស់មន្ដ្រីទាំងអស់ហ្នឹង វាជាការណ៍ល្អជាង»។
លោក ស៊ឹង សែនករុណា បន្ថែមថា ទង្វើរបស់អាជ្ញាធរបែបនេះនឹងធ្វើឱ្យពលរដ្ឋមិនហ៊ានរិះគន់សមត្ថកិច្ចដែលធ្វើខុសនៅថ្ងៃក្រោយ៖ «ខ្ញុំគិតថា ថ្ងៃក្រោយ នៅពេលដែលសមត្ថកិច្ចអស់ហ្នឹងធ្វើការបំពេញតួនាទីរបស់ពួកគេខុសច្បាប់ អ៊ីចឹងពួកគេមិនហ៊ានរិះគន់តទៅទៀតទេ អ៊ីចឹងវាធ្វើឱ្យមន្ដ្រីទាំងអស់ហ្នឹងបានដៃ ក្នុងការអនុវត្ដទៅដោយមិនទៅតាមច្បាប់ជាដើម ហើយអ្នកដែលរិះគន់គឺមិនហ៊ានរិះគន់ទេ។ អាជ្ញាធរថ្នាក់ជាតិគួរតែពិនិត្យទៅលើការអនុវត្ដទាំងអស់ហ្នឹង ដើម្បីធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរឡើង ដើម្បីកុំឱ្យមានអំពើបែបហ្នឹងកើតឡើងតទៅទៀត ហើយផ្ទុយទៅវិញគួរតែមានការលើកទឹកចិត្ដអ្នកដែលហ៊ានរិះគន់ទាំងអស់ហ្នឹង»
កាលពីថ្ងៃទី២៨ ខែកក្កដា អាជ្ញាធររបបក្រុងភ្នំពេញ ក៏បានហៅពលរដ្ឋម្នាក់ទៅសាកសួរ និងបញ្ជាឱ្យចេញវីដេអូសុំទោសជាសាធារណៈ ពាក់ព័ន្ធនឹងវីដេអូរិះគន់របស់នាង ពីចំណាត់ការរបស់សមត្ថកិច្ច ក្នុងបណ្ដាញសង្គមតីកតុក (Titok)។
មាត្រា៤១ នៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាព ខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាព ខាងការជួបជុំ។ ចំពោះសិទ្ធិក្នុងការបញ្ចេញមតិ គឺត្រូវបានធានាក្រោមសន្ធិសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធិមនុស្សផងដែរ៕