តុលាការខេត្តត្បូងឃ្មុំប្រកាសលើកពេលសវនាការលើសំណុំរឿងលោក គង់ សំអាន

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូង​ឃ្មុំ​សម្រេច​លើក​ពេល​សវនាការ​អង្គ​សេចក្ដី​ លើ​សំណុំ​រឿង​លោក​ គង់ សំអាន​ សកម្មជន​គណបក្ស​ប្រឆាំង​ពី​បទ​រួម​គំនិត​ក្បត់​ ដែលតុលាការចោទថា ​បាន​ប្រព្រឹត្ត​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​អំឡុង​ចុង​ឆ្នាំ​២០១៨​ រហូត​ដល់​ខែ​តុលា​ ឆ្នាំ​២០១៩​។

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូង​កាល​ពី​ថ្ងៃ​ទី​៩​ មីនា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា​ សវនាការ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី១០​ មីនានេះ ​ត្រូវ​សម្រេច​លើក​ពេល​ទៅ​ថ្ងៃ​ទី៧​ ខែ​មេសា​វិញ​ ដោយ​យោង​តាម​ស្ថាន​ភាព​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​ទី​​២០​ កុម្ភៈ។

តុលាការ​ខេត្ត​ត្បូង​ឃ្មុំ ​នៅ​ថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ​២០២០​ ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​ ៧នាក់ ក្នុង​នោះ​មាន​លោក​ គង់ សំអាន​ ម្នាក់​ផង​ដែរ ​​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៥ឆ្នាំ​ទៅ ៧ឆ្នាំពី​បទ​រួម​គំនិត​ក្បត់ ​ដែល​ជា​សំណុំរឿង​ចាស់ ​កាល​ពី​ឆ្នាំ២០១៩។

ចំណែក​សកម្មជន​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ដែល​រួម​មាន​លោក​ស្រី​ មាន ឡា​ កំពុង​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​។ រីឯ​សកម្មជន​ផ្សេង​ទៀត​មាន​លោក​ វ៉ាន់ សុផាត​​ និង​លោក​ ជឹម វណ្ណះ​ តុលាការ​បាន​សម្រេច​ព្យួរទោស​។

លោក គង់ សំអាន ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ​កាល​ពី​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ​២០១៩ តុលាការ ​រងការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ តាម​មាត្រា​ ៤៥៣​នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook) ពី​ឆ្នាំ២០១៨​ រហូត​ដល់​ខែតុលា ឆ្នាំ​២០១៩ ក្នុង​នោះ​មាន​ដូចជា​សារ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក ​សម​ រង្ស៊ី ជាដើម។

ចាប់​តាំង​ពី​ចុងខែកក្កដា ឆ្នាំ​២០២០ ​រហូតមកបច្ចុប្បន្ន របប​លោក ហ៊ុន សែន បាន​ចាប់​ឃុំខ្លួន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ អ្នកនយោបាយ សកម្មជន យុវជន ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិលជាង ​៧០នាក់ហើយ។ ពួកគេ​ភាគច្រើន​ត្រូវបាន​​អាជ្ញាធរ​ចោទប្រកាន់​ពី​បទ​ញុះញង់ បង្ក​ភាព​វឹកវរ​ ក្នុង​សង្គម និង​បទ​រួមគំនិត​ក្បត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។