សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​បន្ត​ស៊ើបអង្កេត​សំណុំរឿង​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី

ដោយ ហេង រស្មី
2019.12.30
អ៊ួន ឈិន សុធារិន្ទ ៦២២ លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន្ទ អតីត​អ្នក​យក​ព័ត៌មាន​​​អាស៊ីសេរី ផ្ដល់បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ២០១៩។ RFA
RFA

សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ដោយ​ចាត់​ទុក​សាលក្រម​ចាត់​របៀប​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល ពាក់ព័ន្ធ​នឹង​បទ​ចោទ​“​ផលិត​និង​កាន់កាប់​រូបភាព​អាសអាភាស​” របស់​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​។ មេធាវី​និង សង្គម​ស៊ីវិល ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ លោក ប្លង់ សំណាង ប្រកាស​ថា បណ្ដឹង​សាទុក្ខ​របស់​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប​គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដែល​ស្នើសុំ​ឱ្យ​សាលាឧទ្ធរណ៍​បដិសេធ​ចោល​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ គឺ​មិន​អាច​យកជាការ​បានទេ​។ លោក ប្លង់ សំណាង លើក​ហេតុផល​ថា សាលក្រម​ចាត់​របៀប​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​“​ផលិត​និង​កាន់កាប់​រូបភាព​អាសអាភាស​” គឺ​មិនទាន់​ចប់​នីតិវិធី​នៅឡើយ ហើយ​លោក​អះអាង​ថា ការ​បន្ត​ស៊ើបអង្កេត​លើ​បទ​ចោទ​មួយ​នេះ គឺជា​ការ​ជួយ​ស្វែងរក​យុត្តិធម៌​សម្រាប់​អ្នក​ទាំងពីរ និង​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​នោះ​ទេ ព្រោះ​អ្នក​ទាំងពីរ កំពុង​រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ផ្ទុយ​ពី​ការ​លើកឡើង​នេះ មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី លោក សំ ចំរើន ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍ ព្រោះ​លោក​ថា វា​កាន់តែ​ធ្វើ​ឱ្យ​សំណុំ​រឿង​នេះ​អូស​បន្លាយ​ពេលវេលា​តទៅ​ទៀត និង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​កូន​ក្តី​របស់​លោក​។ លោក​បន្ត​ថា លោក​នឹង​ជួប​ជជែក​ជាមួយ​កូន​ក្តី​បន្ថែម​ទៀត​ថា តើ​នឹង​ត្រូវ​បន្ត​ប្តឹង​ជំទាស់​ទៅ​តុលាការ​កំពូល​ឬ​យ៉ាង​ណា៖ «សេចក្តី​សម្រេច​បែបនេះ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​សេរីភាព កូន​ក្តី​របស់ខ្ញុំ​ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ»

កាលពី​ថ្ងៃ​សប្ដាហ៍​មុន សាលាឧទ្ធរណ៍​បាន​បើកសវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សាទុក្ខ​របស់​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីររូប ពាក់ព័ន្ធ​នឹង​បទ​ចោទ​ពី​រឿង​«​ផលិត និង​កាន់កាប់​រូប ភាព​អាសអាភាស​»​។ ចំណែក​ពាក់ព័ន្ធ​នឹង​បទ​ចោទ​រឿង «​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​» សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ ២០២០ ខាងមុខ​។ បណ្ដឹង​សាទុក្ខ​នេះ ជា​ការ​ប្រឆាំង​ទាស់​នឹង​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​តម្រូវ​ឱ្យ​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​បន្ថែម​ទៀត ហើយ​និង​ស្នើសុំ​ឱ្យ​សាលាឧទ្ធរណ៍​ទម្លាក់​ចោល​ការចោទប្រកាន់​នេះ​ទាំងស្រុង​។

អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី លោក យាង សុធារិន្ទ ថ្លែង​ថា ការសម្រេច​របស់​សាលាឧទ្ធរណ៍ គឺជា​រឿង​អយុត្តិធម៌​។ លោក​បន្ត​ថា សំណុំរឿង​របស់​លោក​គ្មានអ្វី​ត្រូវ​ស៊ើបអង្កេត​បន្ថែម​ទៀត​នោះ​ទេ ប៉ុន្តែ​លោក​យល់ថា តុលាការ​មានបំណង​ធ្វើបាប​ពួក​លោក​។ លោក​បន្ថែម​ថា ចាប់​តាំង​ពី​តុលាការ​សម្រេច​ឱ្យ​ស៊ើបអង្កេត​បន្ថែម​លើ​សំណុំរឿង​របស់​លោក កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា មក ចៅក្រម​ស៊ើបសួរ​មិនដែល​ហៅ​ពួក​លោក​ទៅ​សួរនាំ​អ្វី​ទៀត​នោះ​ទេ។ លោក​អះអាង​ជាថ្មី​ទៀត​ថា ពួក​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «ខ្ញុំ​ចេះតែ​ឆ្ងល់​ដែរ​ថា បើ​រឿង​នេះ​ស៊ើបអង្កេត​ហើយ​មិន​ឃើញ មានអី ហេតុ​អីចេះ​តែ​ទុក​បែបនេះ ហេតុ​អី​មិន​បញ្ចប់​ការ​ស៊ើបអង្កេត ហើយ​ប្រកាស​សាលក្រម ឬ​ក៏​ធ្វើការ​ជំនុំជម្រះ​ឡើងវិញ​បែប​ណា​ឱ្យ​បាន​ឆាប់​ទៅ ហេតុ​អីចេះ​តែ​ទុក​រឿងរ៉ាវ​យើងខ្ញុំ​នៅ​អ៊ីចឹង។ ខ្ញុំ​គិត​ថា តុលាការ​ដូចជា​មាន​ចេតនា​ធ្វើបាប​យើងខ្ញុំ​ទាំងពីរ​នាក់ ចង់​ឱ្យ​យើងខ្ញុំ​ទាំងពីរ​នាក់​រស់នៅ​របៀប​នេះ។ ទោះបីជា​ខ្ញុំ​រស់នៅ​ក្រៅ​ឃុំ​ក៏ដោយ ប៉ុន្តែ​កា​រស់នៅ​​ខុស​ពី​គេ​ពី​ឯង ព្រោះ​ពួក​ខ្ញុំ នៅ​មាន​បម្រាម​របស់​តុលាការ ដូច្នេះ​សេរីភាព​របស់ខ្ញុំ​មិនបាន​ពេញលេញ​ដូច​គេ​ទេ​។ សូម​ឱ្យ តុលាការ បញ្ចប់​ការស៊ើបអង្កេត​ឱ្យ​បាន​លឿន​ទៅ»

ស្រដៀង​គ្នា​នេះ នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា លោក​សោកស្ដាយ​ចំពោះ​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍ ព្រោះ​សំណុំរឿង នេះ​នឹង​ត្រូវ​អូស​បន្លាយ​ពេល​តទៅទៀត ទាំង​ដែល​តុលាការ​គ្មាន​មូលដ្ឋាន និង​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​អ្នក​ទាំងពីរ​នោះ​ឡើយ ក្នុង​ពេល​សវនាការ​កន្លង​មក​។ លោក​សង្ឃឹម​ថា ក្រោយ​ការសម្រេច​បែបនេះ​របស់​សាលាឧទ្ធរណ៍​តុលាការ​ក្រុង​ភ្នំពេញ នឹង​ពន្លឿន​នីតិវិធី​លើ​អង្គ​សេចក្ដី​ឡើងវិញ ដើម្បី​ឱ្យ​អតីត​អ្នកយកព័ត៌មាន​ទាំងពីរ​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់៖ «វា​បង្ក​ផល​លំបាក​ច្រើន​សម្រាប់​ពួកគាត់​ទី​១ គឺ​ពួកគាត់​មិន​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ដើរហើរ​ទេ ដោយសារ​ការ​ហាមឃាត់​របស់​តុលាការ។ ពួកគាត់​មិន​អាច ចេញ​ក្រៅ​ប្រទេស​បាន ដូច​លោក យាង សុធារិន្ទ មិន​អាច​ទៅ​សួរ​សុខទុក្ខ​ឪពុកម្ដាយ​និង​សាច់ញាតិ នៅ​កម្ពុជា​ក្រោម។ ទី​២​ពួកគាត់​បាត់បង់​សិទ្ធិ​ស្វែងរក​ការងារ​ធ្វើ​សម្រាប់​ចិញ្ចឹមជីវិត ដោយសារ ជាប់​សំណុំរឿង​ក្នុង​តុលាការ។ ទី​៣ ករណី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ នេះ នឹង​នៅតែ​បន្ត រង​ការរិះគន់​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ ជាពិសេស​ពី​សហគមន៍​អឺរ៉ុប​ដែល​គេ​ថា វា​ប៉ះពាល់​ដល់ សេរីភាព អ្នក​សារព័ត៌មាន​ជាដើម»

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជិត​៤០ ស្ថាប័ន​បាន​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​រូប និង​អ្នកសារព័ត៌មាន​មួយ​ចំនួន​ទៀត ព្រោះ​ពួកគេ​ពិនិត្យ​ឃើញ​ថា ចំណាត់​ការ​នេះ​មិនមែន​ជា​ការអនុវត្ត​ច្បាប់​នោះ​ទេ ប៉ុន្តែ​ជា​វិធានការ​បង្ក្រាប​លើ​សំឡេង​រិះគន់ និង​សារព័ត៌មាន​ឯករាជ្យ​ទៅ​វិញ​។ ក្រុម​សង្គម​ស៊ីវិល​យល់ថា ការ​បន្ត​សំណុំរឿង​ទាំងនេះ មានន័យ​ស្មើនឹង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន និង​ជា​ការ​ជាន់​ឈ្លី​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។ ជាមួយ​គ្នា​នេះ ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ក៏​ស្នើសុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ជាបន្ទាន់​នូវ​ការ​យាយី ការ​ឃុំខ្លួន ការ​គំរាមកំហែង ការ​បំភិតបំភ័យ និង​ការរើសអើង​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។