សាលាឧទ្ធរណ៍​នឹង​ប្រកាស​សាលដីកា​​​បណ្ដឹង​សាទុក្ខ​​របស់​អតីត​​អ្នក​​យក​​ព័ត៌មាន​​អាស៊ី​​សេរី​​​ នៅ​ថ្ងៃ​ទី៣០ ធ្នូ​សប្ដាហ៍​​ក្រោយ

សាលា​ឧទ្ធរណ៍ បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​សារ​ទុក្ខ​របស់​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប នៅ​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ពី​រឿង «ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស»។ ចំណែក​ពាក់ព័ន្ធ​នឹង​បទ​ចោទ​រឿង «ប្រគល់​ឱ្យ​រដ្ឋ​បរទេស​​នូវ​ព័ត៌មាន​ជា​អាទិ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ» សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ នៅ​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០២០ ខាង​មុខ។ មេធាវី និង​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​សង្ឃឹម​ថា តុលាការ​ជាន់​ខ្ពស់​មួយ​នេះ នឹង​បដិសេធ​ចោល​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ​ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង។

ក្រោយ​ការ​ជំនុំជម្រះ​ប្រមាណ ២ម៉ោង ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ លោក ប្លង់ សំណាង សម្រេច​ថា នឹង​ប្រកាស​សាលដីកា ពាក់ព័ន្ធ​នឹង​បទ​ចោទ​ពី​រឿង «ផលិត​ និង​កាន់កាប់​រូបភាព​អាសអាភាស» នៅ​ថ្ងៃ​ច័ន្ទ ទី៣០ ធ្នូ​សប្ដាហ៍​​ក្រោយ​នេះ។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី លោក សំ ចំរើន ថ្លែង​ថា ក្នុង​សវនាការ​នោះ តុលាការ មិន​បាន​ដេញដោល​ដល់​អង្គ​សេចក្ដី​នោះ​ទេ គ្រាន់​តែ​សួរ​ដេញដោល​អំពី​ផ្លូវ​ច្បាប់ និង​មូល ហេតុ​ដែល​ប្តឹង​សាទុក្ខ​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​ចោល​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ។ លោក​មេធាវី សំ ចំរើន លើក​ឡើង​ថា សាលក្រម​ចាត់​របៀប​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ ដែល​បាន​ចាត់​តាំង និង​បង្គាប់​ឱ្យ​ចៅក្រម​ស៊ើបសួរ យក​សំណុំ​រឿង​កូន​ក្តី​របស់​លោក​ទៅ ស៊ើប​អង្កេត​បន្ថែម​ទៀត​នេះ គឺ​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់ និង​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ និង​ឆាប់​រហ័ស​សម្រាប់​កូន​ក្ដី​របស់​លោក។ ម្យ៉ាងវិញទៀត លោក​ថា គ្មាន​ភាព​ចាំបាច់​ក្នុង​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​នោះ​ទេ ព្រោះ​តុលាការ​បាន​ចំណាយ​ពេល​គ្រប់គ្រាន់ និង​បាន​បញ្ចប់​គ្រប់​ជ្រុងជ្រោយ​តាម​នីតិវិធី​ច្បាប់​រួច​ហើយ។ លោក​មេធាវី ថា ប្រសិន​បើ​សាលា​ឧទ្ធរណ៍ ពិនិត្យពិចារណា​ផ្អែក​តាម​ច្បាប់ និង​ប្រកប​ដោយ​វិជ្ជាជីវៈ គឺ​ប្រាកដ​ជា​សម្រេច​តាម​ការ​សំណូមពរ​របស់​កូន​ក្តី​លោក៖ «ក្នុង​ការ​សវនាការ​របស់​សាលា​ដំបូង​កន្លង​មក​នេះ​​ខាង​ភាគី​ពាក់ព័ន្ធ​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​របស់​ខ្លួន​រួច​រាល់​ហើយ ចឹង​ហើយ​បាន​យើង​សង្កត់​ធ្ងន់​ថា អង្គ ជំនុំ​ជម្រះ​មិន​អាច​ពន្លាត​នីតិវិធី និង​អង្គ​ហេតុ​រឿង​ក្តី​នេះ​បន្ត​ទៀត​បាន​ទេ ព្រោះ​អ្វីៗ បាន​បញ្ចប់​ទៅ​តាម​នីតិវិធី​ដោយ​រលូន​ហើយ។ ដូច្នេះ ការ​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​ទៀត គឺ​ជា​ការ​រំលោភ​បំពាន​ទៅ​​លើ​គោល​ការណ៍​នៃ​ការ​សម្រេច​ក្តី ដែល​ផ្អែក​លើ​ឯកសារ និង​ភស្តុតាង​នៃ​សំណុំរឿង និង​សំខាន់​បំផុត គឺ​ខ្វះ​ភាព​ចាំបាច់​នៃ​ការ​អនុវត្ត​សិទ្ធិ​អង្គ​ជំនុំ​ជម្រះ​បែប​នោះ»។

អតីតអ្នកយក​ព័ត៌មាន​អាស៊ី​សេរី លោក យាង សុធារិន្ទ មាន​ប្រសាសន៍​ក្រោយ​សវនាការ​នោះ​ថា លោក​មិន​ពេញ​ចិត្ត​នឹង​ការសម្រេច​ស៊ើបអង្កេត​សំណុំរឿង​ឡើងវិញ​នោះ​ឡើយ ព្រោះ​ជា​ការ​ធ្វើ​បាប ពួក​លោក​ទាំង​ពីរ​នាក់ ទាំង​ដែល​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់។ លោក សង្ឃឹមថា តុលាការ​ជាន់​ខ្ពស់​មួយ​នេះ នឹង​ផ្ដល់​យុត្តិធម៌​ដល់​លោក​ទាំង​ពីរ​នាក់៖ «រឿងរ៉ាវ​វា​ចេះ​តែ​អូស​បន្លាយ​ពេល​​វេលា​វែង​ឆ្ងាយ​មិន​ដឹង​ពេល​វេលា​ណា​កំណត់​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​បញ្ចប់​សាច់​រឿង​ពួក​ខ្ញុំ ហើយ​អ៊ីចឹង​ពួក​ខ្ញុំ​អាច​រស់នៅ របៀបម៉េចបាន។រស់​នៅ​ញាំញី​ទៅ​ដោយ​រឿងរ៉ាវ​អយុត្តិធម៌​នៅ​ជាប់​ខ្លួន អត់​មាន​សេរីភាព​គ្រប់​សព្វ​បែប​យ៉ាង គឺ​ពិបាក​ណាស់។ ពួក​ខ្ញុំ​ចង់​សាលា​ឧទ្ធរណ៍​បញ្ចប់​ឲ្យ​បាន​​លឿន លទ្ធផល​អី​បែប​ណា គឺ​ចង់​បញ្ចប់​ឲ្យ​ជ្រះ​ស្រឡះ»។

តុលាការ​ក្រុង​ភ្នំពេញ បាន​ចោទប្រកាន់​អតីត​អ្នកយកព័ត៌មាន​អាស៊ី​សេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពី​បទ" ផ្ដល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ​" និង​បទ "​ផលិត​វីដេអូ​អាសអាភាស"។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ​ជាង ៩ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​តុលាការ​បាន​បន្ត​រក្សាទុក​វត្ថុ​ចាប់​យក និង​លិខិតឆ្លងដែន​របស់​អ្នក​ទាំងពីរ​ដដែល ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​គ្មាន​សេរីភាព​ដើរហើរ​ពេញលេញ​ឡើយ ហើយ​ការ​ចង់​បន្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ក៏​មិន​អាច​ធ្វើ​បាន​ដែរ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (CamboJA) លោក ម៉ៃ ទិត្យថារ៉ា ដែល​បាន​តាម​ដាន សវនាការ​នេះ មាន​ប្រសាសន៍​ដដែល​ថា សំណុំរឿង​អតីត​អ្នកយកព័ត៌មាន​អាស៊ី​សេរី​ គ្មាន​ភាព​ចាំបាច់ ក្នុង​ការ​ស៊ើប​អង្កេត​ទៀត​នោះ​ទេ ព្រោះ​តុលាការ​បាន​ប្រើ​ពេល​ជាង ២​ឆ្នាំ​មក​ហើយ ដើម្បី​ដំណើរ​ការ​រឿង​ក្តី​នេះ។ លោក​បន្ត​ថា ការ​ប្រកាស​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ គឺ​បង្ហាញ​ថា តុលាការ​គ្មាន​ភស្តុតាង​ដាក់​បន្ទុក​លើ​អ្នក​កាសែត​ទាំង​ពីរ​នោះ​ទេ ព្រោះ​ពួក​គេ​ជា​មនុស្ស​ស្អាតស្អំ ប៉ុន្តែ តុលាការ មាន​ចេតនា​ពន្យារ​ពេល ដើម្បី​រក​លេស​អាក្រក់​ផ្សេងៗ ធ្វើ​បាប​ពួក​គេ​ទាំង​អយុត្តិធម៌៖ «យើង​នៅ​តែ​ទទូច​ស្នើសុំ​ឲ្យ​តុលាការ​ពិចារណា​ទម្លាក់​បទ​ចោទ​ទាំង​ពីរ​លើ​អ្នក​ទាំង​ពីរ»។

នៅ​មុន​សវនាការ​នេះ​មួយ​ថ្ងៃ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ផ្នែក​សារព័ត៌មាន និង​សិទ្ធិ មនុស្ស ៣៧ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់ និង​អ្នក​សារព័ត៌មាន​​ពីរ​រូប​របស់​កាសែត ឌឹ ខេមបូឌា ដេលី គឺ​លោក អូន ភាព និង​លោក ភីតធឺ ហ្ស៊ូមប៊ឺ (Peter Zsombor ) អ្នកបកប្រែ​ឱ្យ​សារព័ត៌មាន​រុស្ស៊ី គឺ​លោក​ រ៉ាត់ រត្ន​មុនី និង​ភ្នាក់ងារ​កាសែត​រស្មី​កម្ពុជា និង​ទូរទស្សន៍​អប្សរា​ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក សាត ចាន់បុត្រ ផង​ដែរ។ ក្រុម​សង្គម​ស៊ីវិល​ក៏​ស្នើសុំ​ឲ្យ​អាជ្ញាធរ បញ្ឈប់​ជា​បន្ទាន់​នូវ​​ការ​យាយី ការ​ឃុំ​​​ខ្លួន ការ​គំរាម​កំហែង បំភិត​បំភ័យ និង​ការ​រើស​អើង​លើ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ទាំងនេះ ចាត់ទុក​ចំណាត់​ការ​លើ​អ្នក​សារ​ព័ត៌មាន​ទាំង​នេះ​ថា មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ប៉ុន្តែ​ជា​វិធានការ​បង្ក្រាប​លើ​សំឡេង​រិះគន់ និង​សារ​ព័ត៌មាន ឯករាជ្យ ព្រោះ​តុលាការ​គ្មាន​ភស្តុតាង​ពិតប្រាកដ​ណាមួយ​ដែល​បង្ហាញ​ថា អ្នកយកព័ត៌មាន​ទាំងនេះ ​បាន​ប្រព្រឹត្ត​បទ​ល្មើស​នោះ​ឡើយ​។ ក្រុម​សង្គម​ស៊ីវិល​យល់ថា ការ​បន្ត​សំណុំ​រឿង​ទាំង​នេះ​មាន​ន័យ​​ស្មើនឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នកសារព័ត៌មាន និង​ជា​ការ​ជាន់​ឈ្លី​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។