សាលាឧទ្ធរណ៍​មិន​ឲ្យ​យុវជន កែម ឡីនិយម ពីរ​នាក់​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើសុំ​ទេ

0:00 / 0:00

សាលាឧទ្ធរណ៍ ​សម្រេច​បដិសេធ​សំណើរ​សុំនៅ​ក្រៅឃុំ​បណ្តោះអាសន្ន​របស់យុវជន​កែម ឡី​និយម​ពីរ​រូប​គឺលោក​ គង់ ​រ៉ៃយ៉ា ​និង ​លោក ​សួង ​នាគព័ន្ធ ​នៅព្រឹក​ថ្ងៃ​ទី១៣ ​ខែសីហា ​ដោយ​សម្រេច​តម្កល់​សាលក្រមរ​របស់​សាលា​ដំបូង​រាជធានីភ្នំពេញ​ ទុកជា​បាន​ការ​ដដែល។ មេធាវី​ការពារក្តី ​និង​ សង្គម​ស៊ីវិល​ លើក​ឡើងថា ​ការ​សម្រេចនេះ ​មិនអាច​ទទួល​យក​បានទេ​ និង​ជារឿង​អយុត្តិធម៌។

សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​លើ​សំណុំរឿង​យុវជន គង់ រ៉ៃយ៉ា និងយុវជន សួង នាគព័ន្ធ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា គឺ​ពុំ​មាន​អ្វី​ប្រែប្រួលខុស​ពី​ការ​សម្រេច​របស់​សាលាដំបូង​ឡើយ ដោយ​ចាត់​ថា ការ​សម្រេច​នោះ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

មេធាវីការពារក្តី​ឲ្យយុវជន​ទាំងពីរ​គឺលោក ​សំ​ សុគង់​ ប្រាប់​អាស៊ីសេរីថា ​ក្នុង​សវនាការ​ព្រឹក​មិញ​នេះ​មិន​មាន​វត្តមានកូនក្តី​របស់​លោក​នោះ​ទេ។ សាលាឧទ្ធរណ៍ លើក​ហេតុផល​ថា ​មូលហេតុ​ដែល​មិន អាច​ដោះលែង​បាន ​ដោយសារ​សំណុំរឿង​របស់​យុវជន​ទាំងពីរ ​ទើបតែ​បើកការ​ស៊ើប​អង្កេតថ្មីៗ ​និង ខ្លាច​ពេល​ដោះ​លែងទៅ​ គឺ ​យុវជន​ទាំងពីរ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អ្នកដទៃទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹងបទ ល្មើស​នេះ ព្រមទាំង​ខ្លាច​យុវជនទាំងពីរ​ធ្វើ​ឲ្យប៉ះ​ពាល់​របៀប​រៀប​រយ​សង្គម។ មេធាវី​ការពារ​ក្តីថ្លែង​ថា​ ការលើក​ហេតុផល​ទាំង ៣នេះ​ មិនអាច​ទទួល​យក​បាន​ទេ ព្រោះ​ផ្ទុយពី​គោលការណ៍​ច្បាប់ជាតិ​ និង​អន្តរជាតិ ​ដោយសារ​ករណី​របស់​យុវជន​ទាំង​ពីរ​នេះ​គ្មាន​ភាព​ចាំបាច់​ក្នុង​ការ​ឃុំខ្លួន​ដើម្បី​រងចាំ​ សវនាការ​នោះ​ទេ។ លោក​ពន្យល់ថា​ ការ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ក្នុង​ពន្ធនាគារ ដើម្បី​រង់ចាំ​សវនាការ ​គឺ​លុះ​ត្រា​តែ​ជា​បទ​ល្មើស​ធ្ងន់ធ្ងរ​ ឬ​ជា​ឧក្រិដ្ឋកម្ម​សាហាវ​ឃោឃៅ​ ដែល​គេ​គិត​ថា ​ប្រសិនបើ​ឲ្យជនជាប់​ចោទ​ប្រភេទនេះ ​នៅក្រៅឃុំ​នឹងបង្ក​ឲ្យមាន​បញ្ហា​សន្តិសុខ​សង្គម​ឬបង្ក​បញ្ហា​ដល់​សាក្សី ជាដើម ប៉ុន្តែ​កូនក្តី​របស់​លោក​ទាំងពីរ ​ពុំបាន​ប្រព្រឹត្ត​បទល្មើស​អ្វីធ្ងន់​ធ្ងរ​ឡើយ៖ « ក្នុង​ករណី​របស់​យុវជន​ទាំង​ពីរ​រូប​នេះ គឺ​ជា​បទ​ល្មើស​មជ្ឈិម ដែល​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​ញុះញង់ ដែល​មាន​កម្រិត​ទោស​ពី ៦ខែ​ទៅ ២ឆ្នាំ ដូច្នេះ​កម្រិត​ទោស​នេះ​ជា​កម្រិត​ស្រាល អ៊ីចឹង​តុលាការ​គួរ​តែ​ពិចារណា​អំពី​សេរីភាព​ជា​ជាង​ការ​ឃុំ​ខ្លួន ដើម្បី​រង់ចាំ​សវនាការ។ ពួក​គាត់​ទាំង​ពីរ​នាក់​សុទ្ធតែ​ជា​និស្សិត និង​សុទ្ធ​តែ​មាន​ក្រុម​គ្រួសារ របស់​គាត់ ដែល​ចាំបាច់​គាត់​ត្រូវ​ជួយ »

វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ​ចំពោះ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គេ​ដឹង​ថា សំណុំ​រឿង​​អ្នក​​រិះគន់​​រដ្ឋាភិបាល​​ភាគ​​ច្រើន​​ឲ្យ​​តែ​​សាលា​​ដំបូង​​សម្រេច​​យ៉ាង​​ណា​​ហើយ ពេល​ទៅ​ប្ដឹង​បន្ត​នៅ​សាលា​ឧទ្ធរណ៍ ឬ​តុលាការ​កំពូល​នោះ លទ្ធផល​ភាគ​​ច្រើន​អាច​នៅ​ដដែល ឬ​ជួនកាល​អាច​ធ្វើ​ឲ្យ​ផុង​ខ្លួន​ជាង​មុន​ទៀត​ផង។

ភរិយា​របស់​យុវជន ​គង់ ​រ៉ៃយ៉ា​ គឺលោកស្រី សុខ ស្រីនិច ខកចិត្ត​យ៉ាង​ខ្លាំង និង​ចាត់​ទុកថា​ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ គឺ​អយុត្តិធម៌​សម្រាប់​ស្វាមី។ លោកស្រី​យល់​ថា ​សាលា​ឧទ្ធរណ៍​​មិន​បាន​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ​នោះ​ទេ៖ « វា​ជា​រឿង​ដែល​​អយុត្តិធម៌​មែន​ទែន ដែល​នៅ​បន្ត​ឃុំ​ខ្លួន​ស្វាមី​របស់​ខ្ញុំ​រហូត ដែល​គាត់ និង​បង​នាគព័ន្ធ​មិន​មាន​ខុស​អី​សោះ។ ព្រឹក​មិញ​នេះ ខ្ញុំ​ទៅ​ក៏​គិត​ថា ចង់​ជួប​ស្វាមី​ផ្ទាល់​តែ​អត់​បាន​ជួប​ទេ ដោយ​សារ​គេ​ជំនុំជម្រះ​តែ​ជា​មួយ​មេធាវី ដោយ​សារ​កូន​ក្តី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​សាលា​ឧទ្ធរណ៍​ទេ »

សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​លោក​ គង់​ រ៉ៃ​យ៉ា​ អាយុ​ ២៨ឆ្នាំ​កាល​ពី​ថ្ងៃ​ទី៩ ខែ​កក្កដា​ ដោយ​​ចោទ​ប្រកាន់​​ពី​​បទ​​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា៤៩៤ និង​ ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​ ក្រោយ​​ពេល​លោក​​ផ្សព្វផ្សាយ​លក់​អាវយឺត​មាន​​រូប​ និង​ទស្សនៈ​បណ្ឌិត​ កែម​ ឡី​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក (Facebook) សម្រាប់​ខួប​ ៣​ឆ្នាំ ​នៃ​​អំពើ​​​ឃាតកម្ម​​លើ​​បណ្ឌិត កែម ឡី។ មួយថ្ងៃ​បន្ទាប់មក​ សមត្ថកិច្ច​​បាន​ចាប់ខ្លួន​លោក ​សួង​ នាគព័ន្ធ​ ដោយ​ចោទប្រកាន់​ដូច​លោក ​គង់​ រ៉ៃ​យ៉ា ​ដែរ​ដោយសារ​លោក​​ចែក​ខិត​បណ្ណ​​មាន​សារ​អំពាវនាវ​កុំ​ឱ្យ​សម្លាប់​មនុស្សក្រៅ​ប្រព័ន្ធ​ច្បាប់ ​​ក្នុង​ពេល​ដែល​លោក​ចូលរួម​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណ​ក្ខន្ធប​ណ្ឌិ​ត កែម ​ឡី​ នៅ​បរិវេណ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល​តិច​ស្តុ​បបូ​កគោ​ ​ជាទី​តាំង​ឃាតកម្ម​បណ្ឌិត ​កែម​ ឡី។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ​លោក ​អំ​ សំអាត​ សម្តែង​ការ​សោក​ស្តាយ ​ដែល​​សាលា​ឧទ្ធរណ៍​​មិន​អនុញ្ញាត​ឲ្យ​យុវជន ​កែម ឡី​និយម ​ទាំង​ពីរ​​នាក់ ​បាន​​នៅ​​ក្រៅ​​ឃុំ​​បណ្តោះអាសន្ន​ ខណៈ​មជ្ឈដ្ឋាន​ជាតិ​ និងអន្តរជាតិ​ រិះគន់​ថា​ ការ​​ចាប់​​ឃុំ​ខ្លួន ​និង​​ការចោទប្រកាន់​លើ​យុវជន​​ទាំងពីរ​នាក់ ​គឺ​​គ្មាន​ភស្តុតាង ​និង​​គ្មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់៖ « ការ​ដែល​បន្ត​មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​លើ​យុវជន​ទាំង​ពីរ​របស់​សាលា​ឧទ្ធរណ៍​នឹង​បង្កើន​ការ​រិះគន់​បន្ថែម​ទៀត ពី​សហគមន៍​អន្តរជាតិ ជា​ពិសេស​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក រឿង​ទាំង​អស់​នេះ ខ្ញុំ​បារម្ភ​ថា វា​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​បញ្ហា EBA គឺ​ការ​អនុគ្រោះ​ពន្ធ​សហគមន៍​អឺរ៉ុប ដែល​គេ​ទាមទារ​ឲ្យ​ស្ដារ​ឡើង​វិញ​នូវ​លទ្ធិ​ ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ការ​ឃុំ​ខ្លួន​នេះ​ទៀត ក៏​ប៉ះពាល់​ដល់​ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់ បើ​យើង​មើល​ទៅ​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​នេះ វា​មិន​មាន​ភស្តុតាង ឬ​មូលដ្ឋាន​ច្បាប់​ទេ ផ្ទុយ​ទៅ​វិញ​វា​ជា​ការ​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ទៅ​វិញ »

អង្គការសហប្រជាជាតិ​សហរដ្ឋ​អាមេរិក​ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ​ផ្សេងទៀត​ បាន​ចេញ​សេច​ក្ដី​ថ្លែងការណ៍​ថ្កោលទោស​ជាបន្តបន្ទាប់​ថា ​ចំណាត់ការ​របស់​អាជ្ញាធរ​របប​នេះ​​ កំពុង​មាន​គោលដៅ​ធ្វើទុក្ខ​បុកម្នេញ​អ្នក​​ដែល​​ហ៊ាន​បញ្ចេញ​មតិ ​និង​​ការ​​ជួប​​ប្រជុំ​​គ្នា​​ដោយ​សន្តិវិធី​។ ពួក​គេ​​អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ​ដោះលែង​យុវជន​ទាំង​ពីរ​​នាក់ ​និង​​បញ្ឈប់​​ការ​​រឹតត្បិត​​សិទ្ធិ​សេរីភាព​​ប្រជា​ពលរដ្ឋ​​ដូច្នេះ​​ត​ទៅ​ទៀត។

ទោះយ៉ាងណាក្តី ​ក្រុមមេធាវី​ការពារក្តី​ឲ្យយុវជន​ទាំងពីរ​​ឲ្យ​ដឹង​ថា នឹង​ទៅ​ជួប​កូនក្តី​នៅក្នុង​​ពន្ធនាគារ ​នៅ​ពេល​​ខាង​មុខ​ ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ដាក់​បណ្តឹង​សារទុក្ខ​ទៅតុលាការ​កំពូលបន្ត​ទៀត ​ដើម្បី​​ស្នើសុំ​​ឲ្យ​បាន​​នៅ​ក្រៅ​​ឃុំ​ប​ណ្តោះ​អាសន្ន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។