ថ្នាក់ដឹកនាំសហជីព និងក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) លើកឡើងថាពួកគាត់ នឹងបន្តប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ក្នុងការបន្តធ្វើកូដកម្ម និងដាក់ពាក្យបណ្ដឹងសាទុក្ខទៅតុលាការកំពូល បន្ទាប់ពីតុលាការជាន់ទាប សម្រេចឱ្យកញ្ញា ឈឹម ស៊ីថរ និងកូដករមួយចំនួនទៀត បន្តមានទោសទណ្ឌ។ មន្ត្រីសង្គមស៊ីវិលថា តុលាការគួរទម្លាក់ការចោទប្រកាន់លើពួកគាត់ និងដោះលែងលែង កញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពឡើងវិញ។
បើទោះបីជាថ្នាក់ដឹកនាំសហជីព និងក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានដឹងជាមុនថា តុលាការជាន់ខ្ពស់ មិនអាចផ្ដល់យុត្តិធម៌ និងមិនអាចសម្រេចក្តីខុសប្លែកពីតុលាការជាន់ទាបសម្រាប់សំណុំរឿងដែលមានចរិតនយោបាយ និងរំលោភសិទ្ធិមនុស្សក្តី ក៏ពួកគាត់គ្មានជម្រើសអ្វី ក្រៅពីការតស៊ូមតិតាមដងផ្លូវដោយអហិង្សា និងការប្ដឹងតវ៉ាតាមប្រព័ន្ធតុលាការឡើយ។
ទីប្រឹក្សាសហជីពលោកស្រី ឃ្លាំង សុបិន្ត ថា ទោះសាលាឧទ្ធរណ៍នៅរក្សាបទចោទប្រកាន់លើលោកស្រី និងថ្នាក់ដឹកនាំសហជីព ប៉ុន្តែពួកគាត់នឹងបន្តប្រើប្រាស់សិទ្ធិធ្វើកូដកម្ម និងដាក់បណ្ដឹងតវ៉ាទៅតុលាការកំពូល រហូតទទួលបានយុត្តិធម៌ និងរហូតទទួលបានដំណោះស្រាយការងារ។
លោកស្រី ឃ្លាំង សុបិន្ត៖ «នៅគេអ្នកវាសឱ្យយើងដដែលទេ ប៉ុន្តែចង់និយាយថា សម្រាប់យុត្តិធម៌មួយ វាមិនងាយស្រួលក្នុងការស្វែងរកទេ ព្រោះអីអ្នកដែលយកយុត្តិធម៌ហ្នឹងទៅលាក់ទុកទៅ ក៏គេមានកន្លែងលាក់របស់គេឆ្ងាយ អ៊ីចឹងសម្រាប់យើងអ្នកដែលរងគ្រោះក៏យើងមិនបោះបង់ទេទាមទារយុត្តិធម៌របស់យើង ពីព្រោះយើងចង់បញ្ជាក់ថា យើងអត់បានធ្វើអ្វីខុសទេ យើងមិនខ្លាចនឹងការដើរតាមនីតិវិធី ព្រោះទៅដល់ណាក៏ទៅដែរ»។
កាលពីថ្ងៃទី១៩ តុលា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ លោក យន់ ណារ៉ុង បានបើកសវនាការជំនុំជម្រះពេញមួយថ្ងៃលើបណ្ដឹងឧទ្ធរណ៍របស់ថ្នាក់ដឹកនាំ និងសកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍៨រូប រួមមានទាំងកញ្ញា ឈឹម ស៊ីថរ ដែលពួកគាត់ មិនពេញចិត្តចំពោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ ក្រុមកូដករប្រមាណ២០នាក់ ឈរនៅខាងក្រៅរបងតុលាការដើម្បីលើកទឹកចិត្ត និងលើកបដាបង្ហាញពីភាពអយុត្តិធម៌ថា “ពីជនរងគ្រោះ ក្លាយជាអ្នកទោស”នៅក្នុងវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ។ ដោយឡែក តំណាងស្ថានទូត ប្រទេសលោកសេរី និងតំណាងអង្គការសិទ្ធិមនុស្សនានា ពួកគាត់ ក៏បានចូលរួមឃ្លាំមើលសវនាការនេះដែរ។
នៅក្នុងបន្ទប់សវនាការនៃសាលាឧទ្ធរណ៍ ចៅក្រម និងតំណាងអយ្យការ បានព្យាយាមចោទសួរដាក់បន្ទុក និងហាក់សន្និដ្ឋានជាមុនថា កញ្ញា ឈឹម ស៊ីថរ និងសកម្មជនសហជីពទាំងនោះ មានទោស ដោយមិនគិតទៅលើភាពរងគ្រោះ និងសិទ្ធិសេរីភាពរបស់ពួកគាត់នោះទេ។ ចៅក្រម និងតំណាងអយ្យការ បានដេញដោលសួរតែរឿងសារសន្ទនាខ្លីៗក្នុងទូរស័ព្ទដៃរបស់ពួកគាត់ ក្នុងពេលរៀបចំធ្វើកូដកម្មដោយសន្តិវិធីទាមទារដំណោះស្រាយការងារ និងរឿងលុយជំនួយពីសប្បុរសជនជាដើម។ លើសពីនេះ តំណាងអយ្យការ លោក អ៊ឹម សុផាន បានចោទប្រកាន់កញ្ញា ឈឹម ស៊ីថរ ម្តងហើយម្តងទៀតថា កញ្ញាបានញុះញង់ឱ្យក្រុមកូដករស្ត្រីចេញតវ៉ា ដើម្បីឱ្យអាជ្ញាធរប្រើហិង្សាមកលើស្ត្រី ដើម្បីបង្ហាញរូបភាពអាក្រក់ទាំងនេះទៅអន្តរជាតិ។ ប៉ុន្តែលោកមិនបានគិតទៅទង្វើរបស់អាជ្ញាធរដែលប្រើហិង្សាវាយដំទាំងកម្រោលបណ្ដាលឱ្យស្ត្រីកូដករម្នាក់រលូតកូនក្នុងផ្ទៃ ដោយសារតែពួកគាត់តវ៉ាដោយសន្តិវិធីដើម្បីស្វែងរកដំណោះស្រាយឡើយ។
កញ្ញា ឈឹម ស៊ីថរ ដែលមានទឹកមុខស្លេកស្លាំងឡើង ឈរក្នុងរង្វង់ក្រចកសេះ បានឆ្លើយថា សារសន្ទនាខ្លីៗក្នុងទូរស័ព្ទដែលសមត្ថកិច្ចរឹបអូសក្នុងអំឡុងពេលចាប់ខ្លួននោះ ត្រូវបានសមត្កិច្ចកាត់ចេញពីខ្លឹមសារពេញក្នុងន័យដាក់បន្ទុកមកលើក្រុមសហជីពហើយ។ កញ្ញា ឈឹម ស៊ីថរ បន្តថា សារសន្ទនានោះ គឺពួកគាត់ គ្រាន់តែប្រជុំ ដើម្បីធានាថា គ្រប់កូដកម្មគឺសន្តិវិធី។ ចំពោះលុយជំនួយវិញ កញ្ញា ឈឹម ស៊ីថរ និងជនជាប់ចោទផ្សេងទៀត អះអាងថា ក្រុមកម្មករ បានទទួលពីសប្បុរសជន និងអង្គការអន្តរជាតិមួយចំនួនដូចជាអង្គការសិទ្ធិស្ត្រី និងការអង្គការការពារសិទ្ធិកម្មករជាដើម គឺដើម្បីជួយក្រុមកូដករដែលបាត់បង់ការងារធ្វើក្នុងអំឡុងពេលកូវីដ-១៩ និងសម្រាប់ទិញ ដូចជាការផ្ដល់នូវអង្ករ ទឹកដោះគោកូន និងអាហារប៉ុណ្ណោះ។ ពួកគាត់បន្ថែមទៀតថា សម្រាប់ថវិកាធ្វើបាតុកម្ម ដូចជាបដា ឬឧបករណ៍ផ្សេងៗ ទៀត គឺពួកគាត់ប្រាក់រៃអង្គាសពីសមាជិកសហជីព។
បន្ថែមពីនេះ មុនពេលប្រកាសសាលដីកា កញ្ញា ឈឹម ស៊ីថរ មានសំណូមពរថា៖«បើសិនពួកគាត់ គ្រាន់តែអនុវត្តសិទ្ធិ តែប្រែក្លាយជាបទល្មើសគឺជារឿងអយុត្តិធម៌បំផុត»។
បន្ទាប់ពីសវនាការ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ លោក យន់ ណារ៉ុង បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោស កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំដដែល។ ចំណែកលោកស្រី ឈឹម សុខន លោកស្រី សុន ស្រីពេជ្រ លោកស្រី ហៃ សុភាព លោកស្រី ឃ្លាំង សុបិន្ត និងកញ្ញា ទូច សេរីមាស ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ១៨ខែ ប៉ុន្តែតម្រូវឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដោយមិនឃុំខ្លួនក្នុងពន្ធនាគារ។ តុលាការ ក៏សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលមួយឆ្នាំលើលោកស្រី រី សុវណ្ណឌី លោក សុខ ណារិទ្ធិ និងលោក សុខ គង្គារ ប៉ុន្តែទោសជាប់ពន្ធនាគារត្រូវព្យួរ។
ក្រោយស្តាប់ការប្រកាសសាលដីកា កញ្ញា ឈឹម ស៊ីថរ ថ្លែងទាំងហួសចិត្តថា កញ្ញា នៅតែមិនអាចទទួលបានយុត្តិធម៌ពីប្រព័ន្ធតុលាការ។
អនុប្រធានសហជីពប្រចាំនៅក្រុមហ៊ុនណាហ្គាវើលដ៍ គឺ កញ្ញា ឈឹម សុខន បានលើកឡើងថាការសម្រេចនេះ គឺជារឿងអយុត្តិធម៌ ហើយទោះបីពួកគាត់ទាំង ៧នាក់នៅក្រៅឃុំ តែពួកគាត់ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការប្រៀបដូចនឹងជាប់គុកឥតជញ្ជាំង។
កញ្ញា ឈឹម សុខន៖ «មានអារម្មណ៍សោកស្ដាយ និងខកចិត្តណាស់ដែលប្រព័ន្ធតុលាការស្រុកយើង គឺអត់បានផ្ដល់ភាពយុត្តិធម៌ដល់អ្នកដែលស្អាតសំ ហើយពួកបង និយាយទៅពួកបងធ្វើការងារសហជីពនេះគឺជាការងារសង្គម ហើយជាការងារដែលជួយដល់ប្រជាពលរដ្ឋ កម្មករ ដែលគាត់រងគ្រោះដោយសាររំលោភសិទ្ធិពីថៅកែអីហ្នឹងឯង យើងដូចជាអត់មានការងារណាដែលមហន្តរាយដល់រដ្ឋាភិបាល នេះដែលជួយការងារសម្រាលរដ្ឋាភិបាលផង»។
សហមេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំសហជីពទាំងនេះគឺ លោក សំ ចំរើន ថា លោកនឹងពិភាក្សាជាមួយកូនក្ដី និងសហមេធាវីដទៃទៀតដើម្បីប្ដឹងសាទុក្ខទៅតុលាការកំពូលឆាប់ៗ។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ដែលបានឃ្លាំមើលសវនាការថា ការសម្រេចសេចក្ដីរបស់ចៅក្រមគឺជាការបំបិទសិទ្ធលើពលរដ្ឋដែលទាមទារសិទ្ធិការងារ ខណៈដែលសកម្មភាពកន្លងមករបស់សហជីពបានធ្វើកូដកម្មដោយសន្តិវិធីតាមច្បាប់។
លោក អំ សំអាត៖ «ការផ្ដន្ទាទោសនេះ គឺជាការរឹតត្បិត សេរីភាពរបស់សហជីពនៅក្នុងការធ្វើកូដកម្មដោយសន្តិវិធីតាមច្បាប់ការងារ ហើយជាការរំលោភបំពានទៅលើសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិដែលកម្ពុជាបានទទួលស្គាល់»។
មួយថ្ងៃក្រោយការកាត់ទោសទៅលើថ្នាក់ដឹកនាំសហជីពទាំងនេះ នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) លើកឡើងក្នុងសេចក្ដីថ្លែងការណ៍នៅរដ្ឋាភិបាលកម្ពុជាប្រើហេតុផលនយោបាយ រំលោភសិទ្ធិ និង ធ្វើទុក្ខបុកម្នេញលើ កញ្ញា ឈឹម ស៊ីថា និងថ្នាក់ដឹកនាំសហជីពផ្សេងទៀត ដោយបំពានលើអនុសញ្ញាអង្គការអន្តរជាតិខាងការងារ (ILO)។
លោក ហ្វីល រ៉ូប៉ឺតសុន បន្ថែមថា ក្រោមការគាបសង្កត់លើសិទ្ធិការងារ ដៃគូពាណិជ្ជកម្មកម្ពុជាគួរតែដាក់លក្ខខណ្ឌឱ្យមានការគោរពសិទ្ធិកម្មករ ដោយចាប់ផ្ដើមពីសហភាពអឺរ៉ុប ដែលគួរតែដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) បន្ថែម។ លោក ហ្វីល រ៉ូប៉ឺតសុន ថា សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និង ប្រទេសផ្សេងទៀតគួរតែចូលរួមទាមទារឱ្យរដ្ឋាភិបាលកម្ពុជាថ្មី ទម្លាក់ការចោទប្រកាន់លើ កញ្ញា ស៊ីថរ និងថ្នាក់ដឹកនាំសហជីពផ្សេងទៀត និងដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។