​លោក ហ៊ុន ម៉ាណែត ថា​កម្ពុជា​មាន​សិទ្ធិសេរីភាព​ពេញ​លេញ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​សកល ៣ ឧសភា

ដោយ សេក បណ្ឌិត
2022.05.03
Share on WhatsApp
Share on WhatsApp
​លោក ហ៊ុន ម៉ាណែត ថា​កម្ពុជា​មាន​សិទ្ធិសេរីភាព​ពេញ​លេញ​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​សកល ៣ ឧសភា លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ ក្នុង​ឱកាស​អបអរសាទ​រទិវា​សេរីភាពសារព័ត៍មាន​​សកលលោកលើកទី២៩ នៅភ្នំពេញ ព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។
រូប៖ HMN Page

កូន​​ប្រុស​​ច្បង​​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បាន​អះអាង​ថា រដ្ឋាភិបាល​ តែង​យក​ចិត្តទុក​ដាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ ប៉ុន្តែអ​ង្គការ​សង្គម​ស៊ីវិល​ថ្លែងថា ការលើក​ឡើង​នេះ​មិន​បាន​ឆ្លុះបញ្ចាំង​ការពិត​អំពី​សេរីភាព​ពិត​របស់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ឡើយ។

អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោកលោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ ក្នុង​ឱកាស​អបអរសាទ​រទិវា​សេរីភាពសារព័ត៌មាន​​សកលលោកលើកទី២៩ នៅភ្នំពេញ ព្រឹកថ្ងៃទី៣ ខែឧសភា​ថា​ រដ្ឋាភិបាល​តែង​យក​ចិត្តទុកដាក់​ និង​គ្រប់គ្រង​ទៅលើ​អ្នក​សារព័ត៌មាន​តាម​ច្បាប់​កម្ពុជា​ ហើយ​កម្ពុជា​ក៏​មាន​សិទ្ធិសេរីភាព​ពេញ​លេញ​សំរាប់​អ្នក​សារព័ត៌មាន ប៉ុន្តែលោក​ក៏ស្នើ​អោយ​អ្នក​សារព័ត៌មាន​ និង​អង្គការ​នានា​ កុំមើល​តែមួយ​ជ្រុង​ក្នុង​ការ​ពិនិត្យ សង្កេត វាយតម្លៃ និង​ត្រូវតែ​គោរព​ក្រម​សីលធម៌ ​វិជ្ជាជីវៈ​របស់​ខ្លួន៖ «យើង​បាន​បញ្ចប់​សង្គ្រាម​ យើង​ផ្តល់​សិទ្ធិចាប់​ផ្តើម​កសាង​ប្រទេស​សេរីពហុបក្ស​ឡើង​មក​ដល់​នេះ យើង​បន្ត​បើក​លំហរ​អោយ​ប្រជាពលរដ្ឋ ហើយ​នេះ​ គឺ​ជា​អ្វី​ជា​ដែល​ជា​គោល​មោទនៈភាព​ នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង ហើយ​ក្នុង​នោះ​បងប្អូន​អ្នក​សារព័ត៌មាន​ អាជីព​អ្នក​សារព័ត៌មាន​ដើរ​តួរ​សំខាន់​ណាស់ នៅក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​យើង ហើយ​យើង​ត្រូវ​ទទួល​ស្គាល់​ទាំង​អស់​គ្នា ហើយ​រដ្ឋាភិបាល​ទទួល​ស្គាល់​នេះហើយ​បាន​ខិត​ខំ​បើក​លំហរ ដើម្បី​ឱ្យ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ប្រតិបត្តិ​សារព័ត៌មាន​គ្រប់​បែប​យ៉ាង»។

ទោះបី​ជា​យ៉ាង​ណា អង្គការ​សង្គមស៊ីវិល​ដែល​ធ្វើ​ការងារ​ឃ្លាំ​មើល​សេរីភាព​សារព័ត៌មាន​យល់​ថា សិទ្ធិ​សេរីភាព​សារ​ព័ត៌មាន​នៅកម្ពុជា កំពុងរ​ង​ការ​រឹតត្បិត​និង​ធ្លាក់ចុះ

ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ប្រព័ន្ធផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌលកម្ពុជា​ ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយអ្នកស្រី ចាន់ សុគន្ធា ថ្លែង​ក្នុង​ពិធី​នោះ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការ​លើក​កម្ពស់​អភិបាលកិច្ចល្អ លទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។ អ្នកស្រីលើ​កឡើងថា ផ្អែក​លើ​សន្ទស្សន៍​សេរីភាព​​សារព័ត៌មាន​ពិភពលោក​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​បាន​បង្ហា​ញ​ថា ​មុនឆ្នាំ២០១៦ សេរីភាព​សារព័ត៌មាន​កម្ពុជា​មាន​ដំណើរ​ការ​ប្រសើរ​ជាង​ប្រទេស​ជិត​ខាង​របស់​ខ្លួន ទាក់ទង​ទៅនឹង​ការ​កំរិត​សេរីភាព​សារព័ត៌មាន ប៉ុន្តែគេសង្កេតឃើញថា ចាប់ពីឆ្នាំ២០១៦ រហូតដល់បច្ចុ​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្បន្នស្ថានភាព​សេរីភាព​សារព័ត៌មាន​ធ្លាក់​ចុះ

អ្នកស្រី​បន្ត​ថា បញ្ហា​នេះ ​ក្លាយជា​ការ​ព្រួយ​បារម្ភ ប្រសិន​បញ្ហា​ទាំងនេះ​មិន​បាន​កាត់​បន្ថយ​ និង​អំពី​និទណ្ឌភាព​ប្រឆាំង​អ្នក​សារព័ត៌មាន​មិន​ត្រូវ​បាន​ដោះស្រាយសេរីភាព​សារព័ត៌មាន​ក្នុង​ឆ្នាំ២០២១ កន្លង​មក​​មាន​​ស្ថានភាព​អាក្រក់​ និង​ឆ្នាំ២០២២ ក៏មិនមាន​ស្ថានភាព​ប្រសើរ​ឡើង​នោះទេ៖ «ចាប់តាំង​ពី​ឆ្នាំ២០១៧ ​មក ​សេរីភាព​សារព័ត៌មាន​ និង​ការ​បញ្ចេញមតិ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ធ្វើការ​បង្ក្រាប​អង្គការ​សង្គម​ស៊ីវិល​គណបក្ស​ប្រឆាំង​ និង​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន​ ដែល​ហ៊ាន​ធ្វើ​ការរិះគន់​អំពី​បញ្ហា​ផ្សេងៗ​ ដែល​កើត​ឡើង​នៅក្នុង​សង្គម​កម្ពុជា​ ប៉ុន្តែ​រាជរដ្ឋាភិបាល​បែរ​ជា​មាន​ការ​ប្រកាន់​ចោទទៅអ្នក​ទាំង​នោះ គឺ​ជា​អ្នក​ប្រឆាំង​ ឬក៏​មាន​និន្នាការ​ប្រឆាំង​ទៅ​វិញ»

ស្រដៀង​គ្នា​នេះ​ដែរ នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ណុប វី ថ្លែង​ក្នុង​កិច្ចសម្ភាស​ថា ទោះបី​រាជរដ្ឋាភិបាល​លើក​ឡើង​ថា មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សេរីភាព​សារព័ត៌មាន​ និង​ផ្តល់​ការ​ការពារ​ពេញ​លេញ និង​ឈប់​រារាំង​ការ​អនុវត្តសិទ្ធិ និង​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ក៏​ដោយ ប៉ុន្តែ​មាន​បញ្ហា​មួយ​ចំនួន​ធំនៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ៖ «អ្វីដែល​យើង​សង្កេត​ឃើញ​កន្លង​មកដែល​ការ​អនុវត្ត​ច្បាប់​ ហើយ​និង​ការ​លើក​យក​ច្បាប់​មក​ចោទ​លើ​អ្នក​សារព័ត៌មាន​ គឺភាគ​ច្រើន​​លើក​រឿង​ច្បាប់​ស្តីពី​ក្រម​ព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ​ហ្នឹង​ គឺយក​មក​ចោទ​ប្រកាន់​លើ​អ្នកសារព័ត៌មាន ខណៈពេល​ដែល​កម្ពុជា​យើង​មាន​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ហ្នឹង​ តាំង​ពី​ឆ្នាំ១៩៩៥ មក»

របាយការណ៍​ឃ្លាំមើល​ប្រចាំ​ត្រីមាស​ពី​ខែមករា ដល់​ខែមីនា របស់​សមាគម​អ្នកសារព័ត៌មាន​កម្ពុជា  ហៅ​កាត់​ថា ខេមបូចា (Cambodja) បង្ហាញ​ថា អ្នកសារព័ត៌មាន​ចំនួន ២៣នាក់​ក្នុង​នោះ​ស្រី ៣នាក់ ​ត្រូវ​បាន​គេយាយី​ដោយ​សារ​តែ​ការ​បំពេញ​ការងារ​របស់​ពួកគេក្នុងចំណោម​អ្នកសារព័ត៌មាន​ ២៣​នាក់​នោះ ​មាន​ ៥នាក់ ត្រូវបាន​សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង​ចាប់​ខ្លួន​ ជុំវិញ​ការ​ធ្វើ​សេចក្តី​រាយការណ៍​អំពីជម្លោះ​ដីធ្លី ហើយ ៤នាក់ទៀត ​ត្រូវប្រឈម​វិធានការ​ច្បាប់​ពាក់ព័ន្ធ​ករណី​រាយការណ៍​ព័ត៌មាន​ផ្ទាល់​នៅមុខ​សាលាខេត្ត​កំពត និង ​១១នាក់ ទទួល​រងនូវ​អំពើ​ហិង្សា និង​ការ​យាយី​ពី​សំណាក់​អាជ្ញាធរ ក្នុងនោះ​មាន​ករណី​ចុះយកព័ត៌មាន​អំពីការ​បន្ត​ធ្វើ​កូដកម្ម​របស់​កម្មករ​ណាហ្គាវើលដ៍ក្រៅពី​នេះ អាជ្ញាប័ណ្ណ​របស់​ស្ថាប័ន​សារព័ត៌មាន​ចំនួន ​៣​ទៀត​ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ដក​ហូត ដោយ​ចោទ​ថា បាន​រំលោភ​លើ​ក្រមសីល​ធម៌វិជ្ជាជីវៈ ​បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​សេចក្តី​​​​​​​​​​​​រាយការណ៍​អំពី​ករណី​អំពើ​ពុករលួយ

ចំណែក​សហព័ន្ធ​អ្នកសារព័ត៍មាន​អន្តរជាតិ (IFJ) ក៏បាន​ចេញសេចក្តីថ្លែងការណ៍​មួយថ្កោលទោស​ការ​បន្តរារាំង និង​យាយី​មក​លើ​អ្នកសារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជាអង្គការ​នេះបាន​លើក​ឡើង​ថា ចំណាត់​ការ​របស់​អាជ្ញាធរ រារាំង​អ្នក​សារព័ត៌មាន​មិន​ឲ្យ​រាយការណ៍​អំពី​ការ​យាយី ការ​ឃាត់​ខ្លួន​ និង​ការ​បៀត​បៀន​ផ្លូវ​ភេទ​លើ​កូដករ នៃបុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៏៍ (LSRU) ធ្វើ​ឲ្យ​ប៉ះពាល់​បន្ថែម​ទៀត​ដល់  សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។