កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ បានចាប់ផ្ដើមជាផ្លូវការហើយនៅថ្ងៃទី២២ មិថុនានេះ នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំដាច់ដោយឡែកជាច្រើន ត្រូវរៀបចំឡើងនៅក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់នេះ ក៏ប៉ុន្តែ មិនមានកម្មវិធីណាមួយសម្រាប់ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងការតស៊ូមតិនោះឡើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា មេដឹកនាំអាស៊ាន គួរតែមានកម្មវិធីជួបជាមួយតំណាងអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងការតស៊ូមតិ ដើម្បីស្ដាប់កង្វល់ទាំងឡាយជុំវិញបញ្ហាទាំងនេះ។ លោកយល់ថា កម្មវិធីបែបនេះមានភាពចាំបាច់ដោយសារតែអាស៊ានជាតំបន់ដែលមានការរឹតត្បិត និងរំលោភបំពានសិទ្ធិសេរីភាពរបស់ពលរដ្ឋច្រើនករណី។ លោកបន្ថែមថា អាស៊ានមិនគួរផ្ដោតតែលើរឿងការពង្រឹងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍តែមួយមុខនោះឡើយ៖ «ទោះជានៅក្រៅផ្លូវការ ឬក្នុងផ្លូវការក៏ដោយ គួរតែមានពេលវេលាណាមួយសម្រាប់អង្គការសង្គមស៊ីវិលនៅក្នុងអាស៊ាន បានចូលរួម ហើយនិងបានផ្ដល់ជាមតិយោបល់ ដើម្បីធ្វើការកែលម្អស្ថានភាពសិទ្ធិមនុស្សនៅក្នុងបណ្ដាប្រទេសអាស៊ានហ្នឹង។ ឱ្យបានដឹង ឱ្យបានយល់ ហើយនិងស្វែងរកការកែប្រែ ឬក៏កិច្ចការពារធ្វើយ៉ាងណាឱ្យធានានៃការគោរពសិទ្ធិមនុស្ស ទោះបីជាយើងដឹងថា អាស៊ានហ្នឹងវាចម្រុះប្រទេសដែលមានកុម្មុយនិស្ត មានសេរីក៏ដោយ»។
ប្រតិកម្មរបស់អ្នកការពារសិទ្ធិមនុស្សរូបនេះ ធ្វើឡើងស្របពេលប្រទេសថៃដែលជាប្រធានប្ដូរវេនអាស៊ាន កំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ក្រោមមូលបទ “ជំរុញភាពជាដៃគូសម្រាប់ចិរភាព” នៅថ្ងៃទី២២ និង២៣ មីនា នេះ។ កិច្ចប្រជុំកំពូលនេះនឹងផ្ដោតជាសំខាន់ទៅលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងគោលការណ៍កុងសង់ស៊ីស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយបញ្ហាថ្មីៗ ដែលសាកលលោកកំពុងប្រឈម។
ថ្នាក់ដឹកនាំកំពូលៗនៃរដ្ឋសមាជិកអាស៊ានបានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូលនេះ មានជាអាទិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) ទីប្រឹក្សារដ្ឋសហភាពមីយ៉ាន់ម៉ា អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) នាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីស៊ូលីត (Thongloun Sisoulith) និងបណ្ដាមេដឹកនាំអាស៊ានដទៃទៀត។

កម្មវិធីនៅថ្ងៃដំបូងនេះ មានកិច្ចប្រជុំពេញអង្គរវាងប្រមុខដឹកនាំអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានពីរផ្សេងទៀត គឺកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។ ថ្នាក់ដឹកនាំអាស៊ាននឹងមានកិច្ចប្រជុំដោយឡែកជាមួយតំណាង អន្តរសភាអាស៊ាន ជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និងជាមួយតំណាងយុវជនអាស៊ានផងដែរ ក៏ប៉ុន្តែមិនមានជំនួបជាមួយក្រុមអង្គការសង្គមស៊ីវិលផ្នែកតស៊ូមតិ និងសិទ្ធិមនុស្សឡើយ។
អគ្គនាយកកិច្ចការអាស៊ាននៃក្រសួងការបរទេសថៃ លោក សុរិយា ចិន្តាវង្ស (Suriya Chindawongse) អះអាងប្រាប់កាសែត ឌឹណេសិន (The Nation) ថា បើទោះបីជាក្រុមអង្គការសង្គមស៊ីវិលមិនត្រូវបានអនុញ្ញាតឱ្យជួបពិភាក្សាបញ្ហាជាមួយថ្នាក់នាំអាស៊ានក៏ដោយ ក៏ពួកគេទំនងជាត្រូវបានអនុញ្ញាតឱ្យជួបជាមួយមន្ត្រីជាន់ខ្ពស់អាស៊ានមួយចំនួនដែរ។
វេទិកាប្រជាពលរដ្ឋ និងសង្គមស៊ីវិលអាស៊ាន (ACSC/APF) ដែលជាបណ្ដុំអង្គការសង្គមស៊ីវិលក្នុងតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងថា ការមិនរៀបចំឱ្យពួកគេបានជួបជាមួយមេដឹកនាំអាស៊ាននេះ បង្ហាញថា មេដឹកនាំអាស៊ានមានការរើសអើង ហើយជួបតែជាមួយក្រុមអ្នករកស៊ី និងតំណាងដែលពួកគេបានជ្រើសរើសដោយខ្លួនឯង។
អាស៊ីអាគ្នេយ៍ត្រូវបានវាយតម្លៃថា ជាតំបន់ដែលមានការកើនឡើងនៃការវាយបង្ក្រាបលើសំឡេងប្រឆាំង និងការរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ ជាពិសេសមានការរំលោភបំពានលើបទដ្ឋានអន្តរជាតិទាក់ទងនឹងការបញ្ជូនជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនទៅប្រទេសកំណើតវិញ ដែលធ្វើឱ្យពួកគេត្រូវប្រឈមនឹងការដាក់ទោសទណ្ឌពីអាជ្ញាធរប្រទេសនោះ។ ប្រទេសដែលរំលោភបទដ្ឋានអន្តរជាតិទាំងនោះ មានដូចជា វៀតណាម ថៃ ម៉ាឡេស៊ី និងកម្ពុជា ជាដើម។
ជាឧទាហរណ៍ ក្រោមកិច្ចព្រមព្រៀងស្ដីពីបត្យាប័ន អាជ្ញាធរថៃបានចាប់បញ្ជូនលោកស្រី សំ សុខា និងលោក រ៉ាត់ រត្នមុនី ដែលជាជនភៀសខ្លួនខ្មែរ និងជាអ្នកស្វែងរកសិទ្ធិជ្រកកោននៅក្រៅប្រទេស ត្រឡប់ទៅឱ្យរបបក្រុងភ្នំពេញកាត់ទោសវិញ បើទោះបីជាពួកគេត្រូវបានទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCR) ប្រចាំប្រទេសថៃក៏ដោយ។
តំណាងរាស្ត្រម៉ាឡេស៊ី និងជាប្រធានអង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) លោក ឆាលស៍ សាន់ទីអេហ្គោ (Charles Santiago) បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា និន្នាការបែបនេះ គឺពិតជាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ខណៈអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) វាយតម្លៃថា នេះជាអ្វីដែលរដ្ឋាភិបាលប្រទេសអាស៊ានធ្វើ ដើម្បីផ្គាប់ចិត្តគ្នាទៅវិញទៅមក។
អ្នកការពារសិទ្ធិមនុស្សកម្ពុជា លោក អំ សំអាត ជឿជាក់ថា ប្រសិនបើមេដឹកនាំអាស៊ានមិនកែលម្អបញ្ហាសិទ្ធិមនុស្សនេះទេ សមាគមនេះនឹងមិនអាចបោះជំហានទៅមុខបានឆ្ងាយឡើយ ហើយក៏មិនអាចទទួលបានការកោតសសើរថាជាតំបន់មានសុខសន្តិភាពពិតប្រាកដក្នុងពិភពលោកនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។