សកម្មជន​បក្សប្រឆាំង​ដែល​ត្រូវ​គេ​វាយ​ធ្វើបាប ប្រតិកម្ម​នឹង​អ្នកនាំពាក្យ​នគរបាល​ដែល​ចោទ​ថា ពួកគេ​គេចវេះ​មិន​សហការ​ជាមួយ​សមត្ថកិច្ច

0:00 / 0:00

សកម្មជន និង​សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ ចាត់ទុក​សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ថា ធ្វើឡើង​ខុស​ពី​ការពិត​ដើម្បី​លាក់បាំង​ភាព​អសមត្ថភាព​របស់​សមត្ថកិច្ច។ អ្នកនាំពាក្យ​នគរបាល​ជាតិ​បាន​ចោទប្រកាន់​ថា សកម្មជន​បក្ស​ប្រឆាំង​គេចវេះ​ស​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ពេល​រង​ការវាយប្រហារ។

សកម្មជន និង​សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើបាប ស្នើ​ទៅ​សមត្ថកិច្ច​ឱ្យ​ព្យាយាម​រក​ជន​ប្រព្រឹត្តិ​ មក​ផ្ដន្ទាទោស ប្រសើរ​ជាង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ចោទប្រកាន់​ពួកគេ​ទៅវិញ។ លោកស្រី សេង ចាន់ថន ប្រពន្ធ​របស់​លោក ស៊ុន ធន់ សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​កម្លាំង​សន្តិសុខ​ខណ្ឌ៧មករា ចាប់​ផ្ទប់​ថ្នល់​ពេល​ពួកគាត់​តវ៉ា​ស្វែងរក​យុត្តិធម៌​ឱ្យ​ប្ដី​នៅមុខ​សាលាដំបូង​រាជធានីភ្នំពេញ​កាលពី​ថ្ងៃទី៤ ខែកញ្ញា ឱ្យ អាស៊ីសេរី ដឹងថា មកដល់ពេលនេះ លោកស្រី​មិន​ឃើញ​អាជ្ញាធរ ឬ​តុលាការ មាន​វិធានការ​លើ​សន្តិសុខ​ខណ្ឌ​ដែល​ប្រព្រឹត្តិ​ហិង្សា​លើ​លោកស្រី​នៅឡើយទេ។ លោកស្រី​ឱ្យ​ដឹងថា លោកស្រី​គ្មាន​បំណង​ណាមួយ​ក្នុង​ការទាមទារ​ដោយ​ការ​ស្រែក​ទាមទារ​នៅ​ទី​សាធារណៈ​នោះ​ទេ។ ប៉ុន្តែ លោកស្រី​បាន​ទាមទារ​រក​យុត្តិធម៌​តាម​ប្រព័ន្ធ​តុលាការ​កន្លងមក មិន​ទទួល​បាន​លទ្ធផល។ប្រពន្ធ​សកម្ម​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​យល់ថា សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​នគរបាល​ជាតិ ជា​ការ​បង្ហាញ​នូវ​ការ​មិន​យកចិត្តទុកដាក់​លើ​ពលរដ្ឋ​មានទុក្ខ​លំបាក៖ «ខ្ញុំ​យល់ឃើញ​ថា គាត់ (សមត្ថកិច្ច​និង​តុលាការ)ធ្វើ​បែប​នេះ​ដូចជា​មើលងាយ​ដល់​ប្រជាពលរដ្ឋ​ ដែល​គាត់​មានទុក្ខ​លំបាក ហើយ​អត់​រក​ដំណោះស្រាយ»

ស្រដៀងគ្នា​នេះ​ដែរ លោក កែវ សួរ ជា​កូន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ដែល​ឪពុក​របស់​ខ្លួន​កំពុង​ជាប់​ពន្ធនាគារ​ហើយ​ប្អូនប្រុស​របស់​ខ្លួន​ក៏​ត្រូវ​គេ​វាយ​ធ្វើបាប ​ស្នើ​ទៅ​សមត្ថកិច្ច​ឲ្យ​ស្រាវជ្រាវ​រឿង​នេះ​ឱ្យ​បាន​ដឹង​ការពិត​ដើម្បី​ជៀសវាង​ការចោទប្រកាន់​ថា ករណី​ហិង្សា​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ លោក កែវសួរ ឱ្យ​ដឹង​ទៀត​ថា ពេលនេះ លោក​រៀបចំ​ពាក្យ​ប្ដឹង​រួចរាល់​អស់ហើយ និង​គ្រោង​ផ្ដល់​ឱ្យ​មេធាវី​ដាក់​ប្ដឹង​ជន​សង្ស័យ​ទៅ​តុលាការ៖ «ខ្ញុំ​យល់ឃើញ​ថា​ ជា​ហេតុការណ៍​ចៃដន្យ ឬ​មានបំណង។ អញ្ចឹង ខ្ញុំ​ទាមទារ​ឱ្យ​មាន​ការស៊ើបអង្កេត​ច្បាស់លាស់ មិនមែន​ថា ចាប់​បាន​ជនល្មើស​ស្ងាត់​ជ្រាប»

លោក កែវ សួរ គឺជា​បងប្រុស​លោក កែវ សុខសិរី ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ព្រួត​វាយ​ចំ​ក្បាល​ពេល​ជិះកង់​ហាត់ប្រាណ​តាមផ្លូវ​នៅ​ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង កាលពី​ល្ងាច​ថ្ងៃទី១២ ខែធ្នូ ដែល​បណ្ដាល​ឱ្យ​មាន​ឈាមកក​ក្នុង​ខួរក្បាល។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី៣១ ខែធ្នូ បាន​ចេញ​សេចក្ដីថ្លែងការណ៍​លើកឡើង​ថា ក្នុង​ករណី​មាន​បទល្មើស ឬ​អំពើហិង្សា​កើតឡើង ជនរងគ្រោះ​ចាំបាច់​ត្រូវ​មាន​កាតព្វកិច្ច​សហការ​ជាមួយ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ដោយ​ត្រូវ​ដាក់​ពាក្យបណ្ដឹង ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​ហេតុការណ៍ និង​ភស្តុតាង​ផ្សេងៗ​ទៀត​ដែល​ជា​មូលដ្ឋាន​បម្រើ​ឱ្យ​ការងារ​ស៊ើបអង្កេត។ សេចក្ដីថ្លែងការណ៍​ដដែល​បន្ត​ថា ផ្ទុយទៅវិញ នា​ពេល​កន្លងមក ក្រុម​មនុស្ស​មួយ​ចំនួន​តូច​នោះ តែងតែ​ប្រកាស​ថា​ខ្លួន​ជា​ជនរងគ្រោះ ប៉ុន្តែ​បាន​ព្យាយាម​គេចវេះ មិន​សហការ​ជាមួយ​សមត្ថកិច្ច។ សេចក្ដីថ្លែងការណ៍​អះអាង​ថា សកម្មភាព​បទល្មើស​គ្រប់​ប្រភេទ​ប្រមាណ​ជា​៩០ភាគរយ​ដែល​បាន​កើតឡើង រួមទាំង​អំពើហិង្សា ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ស៊ើប​អង្កេត និង​បង្ក្រាប ព្រមទាំង​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី។ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់ អាស៊ីសេរី ថា មុននឹង​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ដែល​រង​ការវាយ​ធ្វើបាប រិះគន់​សមត្ថកិច្ច គួរ​ពិនិត្យមើល​ការប្រឹងប្រែង​របស់​សមត្ថកិច្ច និង​សេចក្ដីថ្លែងការណ៍​របស់​លោក។ លោក​ស្នើ​ពួកគេ​មិន​ត្រូវ​យក​បញ្ហា​របស់​ខ្លួន ដែល​លោក​ចាត់ទុកជា​ករណី​តិចតួច មក​វាយប្រហារ​លើ​សមត្ថកិច្ច។ លោក ឆាយ គឹមខឿនអះអាង​ដែរ​ថា សមត្ថកិច្ច​នៅតែ​ខិតខំ​ប្រឹងប្រែង​លើ​ការងារ​របស់​ខ្លួន ប្រើ​គ្រប់​វិធី​រក​ជន​បង្ក​ដែល​ប្រព្រឹត្តិ​ហិង្សា​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ៖ «យើង​ធ្វើការ​អត់​យប់ អត់​ថ្ងៃ គ្មាន​ពេល​សម្រាក ហើយ​ខ្ញុំ​បាន​និយាយ​ថារឿង​ខ្លះ​អត់​ច្បាស់លាស់ រឿង​ខ្លះ​ស្ថិត​ក្នុង​ការស៊ើបអង្កេត។ គាត់ (សកម្មជន​គណបក្ស​សង្រ្គោះជាតិ) យក​បញ្ហា​មក​វ៉ៃ។ ខ្ញុំ​ទទួលស្គាល់​គាត់​រងគ្រោះ ប៉ុន្តែ ពេលខ្លះ​ការវាយប្រហារ គាត់​មិនមែន​ជា​ក្នុងនាម​ជា​ជនរងគ្រោះដោយសារ​គាត់​ធ្លាប់​ជា​អ្នកនយោបាយ ឬ​សកម្មជន»

ទោះយ៉ាងណា សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក ខៀវ ឌីន រស់នៅ​សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរនាក់​ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ លួច​វាយ​ពីក្រោយ​នឹង​ដំបង​បណ្ដាល​ឱ្យ​រង​របួស​បែក​ក្បាល​កាលពី​ថ្ងៃទី២០ ខែមករា យល់ថា បើ​សមត្ថកិច្ច​ចង់​រក​ជន​ប្រព្រឹត្តិ​គឺ​ពិតជា​អាច​​​រក​ឃើញ។លោកថា ការអះអាង​របស់​សមត្ថកិច្ច​ពេលនេះ គ្រាន់តែ​ជា​ការលាក់បាំង​នូវ​ភាពអសកម្ម​របស់​ខ្លួន​ដែល​មិន​ប្រឹងប្រែង​ក្នុង​ការ​ចាប់​ជន​ប្រព្រឹត្តិ។ លោក ខៀវ ឌីន ប្រាប់ អាស៊ីសេរី ថា ខណៈ​សមត្ថកិច្ច​រក​ជន​ដៃដល់​ដែល​វាយ​មិនទាន់​ឃើញ​ផង​នោះ ពេលនេះ​មាន​មនុស្ស​ជិះ​ម៉ូតូ​តាម​លោក ដែល​ធ្វើ​ឱ្យ​លោក​ព្រួយបារម្ភ និង​មិន​ហ៊ាន​ចេញពី​ផ្ទះ៖ «គេ (សមត្ថកិច្ច) ធ្វើ​ឱ្យ​តែ​ល្អមើល។ បើ​គេ​រក... រក​ឃើញ​ហើយ។ ប៉ុន្មានថ្ងៃហ្នឹង គេ​តាមខ្ញុំ​ទៀត​ណា។ ខ្ញុំ​ទៅ​លក់​អេតចាយ​ជាមួយ​កូនស្រី​ខ្ញុំ គេ​តាមខ្ញុំ​ដល់​ផ្ទះ​លក់​អេតចាយ»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា កត់សម្គាល់​ឃើញ​ថា កន្លងមក​មានការ​ធ្វើ​ទុក្ខបុកម្នេញ​ បង្ក​របួស​ស្នាម​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ជាច្រើន​ករណី ហើយ​ករណី​បែប​នេះ​កើត​ម្ដង​ហើយ​ម្ដង​ទៀត តែ​សមត្ថកិច្ច​មិនទាន់​រក​ឃើញ​ជន​ប្រព្រឹត្តិ​នៅឡើយ​ទេ។ មន្រ្តី​សិទ្ធិមនុស្ស​រូប​នេះ​លើកឡើង​ថា នៅ​ពេល​ករណី​ដដែលៗ​បែប​នេះ​កើតឡើង ហើយ​មិន​ឃើញ​សមត្ថកិច្ច​ស្វែងរក​ជន​ប្រព្រឹត្តិ​យក​មក​ផ្តន្ទាទោស គឺ​ជៀស​មិន​ផុត​ទេ​អំពី​ការចោទប្រកាន់​ពី​មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ ថា​រឿង​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​នោះ​ឡើយ៖ «យើង​មិន​ចង់​ឃើញ​រូបភាព​បែប​ហ្នឹង​កើតឡើង​បន្ត​ទៀត​នៅ​ប្រទេសកម្ពុជា​ទេ។ អញ្ចឹង យើង​ទទូច​ឱ្យ​ស្ថាប័នជាតិ​សំខាន់ៗ​ធ្វើ​ការត្រួតពិនិត្យ​ករណី​នេះ​ឡើងវិញ»

គិតមក​ដល់​ពេលនេះ មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជាង​២០នាក់​ហើយដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ឲ្យ​របួស​តែ​សមត្ថកិច្ច​មិនទាន់​បាន​បំបែក​សំណុំរឿង​ណាមួយ​បាន​នៅឡើយទេ។ ករណី​អំពើ​ហិង្សា​លើ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ច្រើន​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា គឺ​ជន​ដៃដល់​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព​លួច​វាយ​ជនរងគ្រោះ​ពីក្រោយខ្នង ហើយ​ប្រើ​ដំបង​ដែក​វាយ​សំដៅ​ក្បាល​របស់​ជនរងគ្រោះ។ អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ដែល​តាមដាន​ករណី​នេះ​លើកឡើង​ថា ជនរងគ្រោះ​ក្នុង​សំណុំរឿង​វាយ​ធ្វើបាប​ទាំងនេះ​មិន​ទទួល​បាន​ការគាំទ្រ​ពី​ផ្នែក​វេជ្ជសាស្ត្រ និង​ចាប់ខ្លួន​ជនល្មើស​ទៅ​ផ្ដន្ទាទោស​ពី​ស្ថាប័ន​យុត្តិធម៌ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។