ក្រុមប្រទេសនិយមប្រជាធិបតេយ្យ ជំរុញកម្ពុជាឱ្យបើកចំហសិទ្ធិពលរដ្ឋ និងនយោបាយនៅមុនការបោះឆ្នោតខាងមុខ
2021.10.17
ក្រុមប្រទេសនិយមប្រជាធិបតេយ្យ ចង់ឃើញកម្ពុជាបើកចំហសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយឡើងវិញនៅមុនការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិខាងមុខនេះ។ ពួកគេ ជំរុញឱ្យកម្ពុជាធានាឱ្យបាននូវបរិយាកាសបោះឆ្នោតប្រកបដោយយុត្តិធម៌ តម្លាភាព និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាអន្តរសកម្មប្រចាំឆ្នាំជាមួយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) កាលពីសប្ដាហ៍មុន។
ប្រធានបទថា តើសហគមន៍អន្តរជាតិ គួរធ្វើយ៉ាងណា ដើម្បីឱ្យកម្ពុជាធានាឱ្យបាននូវសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅមុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ បានក្លាយជារឿងរ៉ាវសំខាន់មួយនៅក្នុងកិច្ចពិភាក្សាប្រចាំឆ្នាំជាលើកដំបូងជាមួយអ្នករាយការណ៍ពិសេសថ្មី លោក វិទិត មុនតាប៊ន (Vitit Muntabhorn) នៅឯកិច្ចប្រជុំនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ប្រធានបទនេះត្រូវបានក្រុមប្រទេសនិយមប្រជាធិបតេយ្យ ឬប្រទេសលោកសេរីលើកយកមកនិយាយព្រមៗ គ្នា មិនទុកមុខឱ្យកម្ពុជាឡើយ។ លើកលែងតែក្រុមប្រទេសដែលមាននិន្នាការផ្ដាច់ការ ឬកុម្មុយនិស្តនាំមុខដោយប្រទេសចិន (China) និងរុស្ស៊ី (Russia) ជាដើមប៉ុណ្ណោះ ដែលធ្វើមិនដឹងមិនឮ ហើយថ្លែងចាំជួយកម្ពុជា បើទោះបីជានៅក្នុងប្រទេសរបស់ពួកគេខ្លួនឯងគ្មានការគោរពសិទ្ធិមនុស្សយ៉ាងណាក៏ដោយនោះ។
នៅឯកិច្ចប្រជុំលើកទី៣៧ នៃសម័យប្រជុំទូទៅលើកទី៤៨ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៦ តុលា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បញ្ហារំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាត្រូវបានសហគមន៍អន្តរជាតិលើកយកមកពិភាក្សា និងព្យាយាមរិះរកមធ្យោបាយដោះស្រាយ ដោយមានការចូលរួមផ្ទាល់ពីតំណាងកម្ពុជា និងការចូលរួមតាមប្រព័ន្ធអនឡាញពីអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងតំណាងប្រទេសពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលអន្តរជាតិដែលធ្វើការពាក់ព័ន្ធវិស័យសិទ្ធិមនុស្សផ្សេងៗ ទៀត។
សហភាពអឺរ៉ុប ដែលបានសម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជាកាលពីឆ្នាំ២០២០ ដោយសារតែកំណត់ត្រាអាក្រក់នៃការរំលោភសិទ្ធិមនុស្សនេះ នៅតែថ្លែងកត់សម្គាល់ដោយក្តីព្រួយបារម្ភចំពោះស្ថានភាពធ្លាក់ចុះដុនដាបនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនេះ តំណាងសហភាពអឺរ៉ុប ក៏បានលើកឡើងពីការរួមតូចនៃលំហប្រជាធិបតេយ្យ និងសង្គមស៊ីវិល ការបង្ក្រាបមកលើគណបក្សប្រឆាំង ការបង្កើនការឈ្លបយកការណ៍តាមអនឡាញ កង្វះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការរឹតត្បិតមកលើសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការជួបជុំ និងការប្រមូលផ្តុំដោយសន្តិវិធី។ តំណាងសហភាពអឺរ៉ុប ជំរុញឱ្យកម្ពុជាធានាឱ្យបាននូវការបោះឆ្នោតប្រកបដោយយុត្តិធម៌នាពេលខាងមុខ៖ «ការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ នៅកម្ពុជា គឺជាមូលដ្ឋានគ្រឹះនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះហើយ យើងលើកទឹកចិត្តឱ្យកម្ពុជាត្រូវធានាឱ្យបាននូវការបោះឆ្នោតប្រកបដោយយុត្តិធម៌ មានការចូលរួមពីគ្រប់ភាគី និងប្រកបដោយតម្លាភាព ដោយគោរពឱ្យបានយ៉ាងខ្ជាប់ខ្ជួននូវការការពារសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយទាំងស្រុង។ ជាការសំខាន់មែនទែនដែលរដ្ឋាភិបាលត្រូវអនុញ្ញាតឱ្យមានប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានឯករាជ្យ ក្រុមអ្នកការពារសិទ្ធិមនុស្ស សហជីពឯករាជ្យ គណបក្សប្រឆាំង សង្គមស៊ីវិល និងតួអង្គសង្គមស៊ីវិលដទៃទៀត ក្នុងការអនុវត្តនូវសិទ្ធិរបស់ពួកគេដោយគ្មានការភ័យខ្លាច គ្មានការបំភិតបំភ័យ គ្មានការយាយី គ្មានការឃុំខ្លួនតាមទំនើងចិត្ត ឬការសងសឹកណាមួយឡើយ»។
ដូចគ្នានេះដែរ ចក្រភពអង់គ្លេសដែលទើបចាកចេញពីសហភាពអឺរ៉ុបនោះ ក៏បានលើកឡើងពីកង្វល់យ៉ាងជ្រាលជ្រៅរបស់ខ្លួនចំពោះការដើរថយក្រោយនៃលំហប្រជាធិបតេយ្យ សិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសេរីភាពនៅកម្ពុជានេះដែរ ស្របពេលដែលកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខ។ អង់គ្លេស ជំរុញឱ្យរដ្ឋាភិបាលបើកឱ្យមាននូវកិច្ចសន្ទនាជាមួយសង្គមស៊ីវិល គណបក្សប្រឆាំង និងក្រុមអ្នកគាំទ្ររបស់ពួកគេឡើងវិញ។
ដោយឡែក សហរដ្ឋអាមេរិកឯណោះវិញ ដែលបច្ចុប្បន្នសមាជិកសភា និងព្រឹទ្ធសភារបស់ខ្លួនកំពុងប្រឹងប្រែងជំរុញឱ្យមានការអនុម័តសេចក្ដីស្នើច្បាប់ដាក់ទណ្ឌកម្មក្រុមមេដឹកនាំនៅកម្ពុជាដោយសារការបំផ្លាញប្រជាធិបតេយ្យ និងសិទ្ធិមនុស្សចាប់តាំងពីឆ្នាំ២០១៧ រហូតមកទល់បច្ចុប្បន្ននេះ បានចែករំលែកនូវកង្វល់របស់ខ្លួនជាមួយនឹងអ្នករាយការណ៍ពិសេស លោក វិទិត មុនតាប៊ន ជុំវិញការរអិលធ្លាក់ថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងការរួមតូចនៃលំហសង្គមស៊ីវិលនៅកម្ពុជា៖ «យើងខ្វល់ខ្វាយជាពិសេសចំពោះការបន្តផ្ដន្ទាទោសលោក កឹម សុខា ដំណើរការសវនាការកាត់ក្ដីមនុស្សទាំងហ្វូង និងការកាត់ទោសសមាជិកដទៃទៀតមកពីគណបក្សប្រឆាំងធំជាងគេ ព្រមទាំងការបន្តការរឹតត្បិតចំពោះសកម្មភាពចូលរួមផ្នែកនយោបាយនៅមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២។ យើងជំរុញឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការដាក់គោលដៅកម្ចាត់ក្រុមមេដឹកនាំគណបក្សនយោបាយប្រឆាំង។ កម្ពុជាក៏គួរតែកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ និងបង្កើតឱ្យមាននូវការកែទម្រង់ដទៃទៀតពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីផ្តល់ឱកាសឱ្យគ្រប់គណបក្សនយោបាយទាំងអស់អាចចូលរួមក្នុងឆាកនយោបាយបានដោយស្មើភាពគ្នា ស្របតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ»។
មិនខុសពីសហរដ្ឋអាមេរិក ការជំរុញឱ្យកម្ពុជាធានាឱ្យបាននូវសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងបរិយាកាសបោះឆ្នោតដោយសេរីយុត្តិធម៌នេះ ក៏ត្រូវប្រទេសលោកសេរីមួយទៀត គឺអូស្ត្រាលី លើកយកមកនិយាយផងដែរ។ អូស្ត្រាលីថា ខ្លួននៅតែមានកង្វល់យ៉ាងខ្លាំងចំពោះការរឹតត្បិតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ការកាត់បន្ថយសេរីភាពសារព័ត៌មាន និងការចាប់ខ្លួនសកម្មជនបរិស្ថាន មន្ត្រីគណបក្សប្រឆាំង និងសង្គមស៊ីវិល។ អូស្ត្រាលីបារម្ភអំពីបទចោទប្រកាន់នានាប្រឆាំងនឹងបុគ្គលមួយចំនួនដោយសារតែទំនាក់ទំនងផ្នែកនយោបាយរបស់ពួកគេ ការងារសិទ្ធិមនុស្ស ឬការសម្ដែងមតិជាសាធារណៈ រួមទាំងការសម្តែងមតិនៅលើអនឡាញ និងនៅក្រៅប្រទេសកម្ពុជាផង៖ «យើងអំពាវនាវឱ្យកម្ពុជាគោរព និងការពារសិទ្ធិរបស់បុគ្គលគ្រប់រូបពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ ការជួបជុំ និងការប្រមូលផ្តុំ។ យើងអំពាវនាវឱ្យកម្ពុជាពន្លឿនការដោះស្រាយករណីសំណុំរឿងលោក កឹម សុខា ប្រកបដោយតម្លាភាព និងស្របតាមនីតិវិធីនៃការទទួលបានយុត្តិធម៌ត្រឹមត្រូវ។ អូស្ត្រាលី ចង់បានការយល់ឃើញរបស់អ្នករាយការណ៍ពិសេសជុំវិញវិធីសាស្ត្រដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាចលើកទឹកចិត្តកម្ពុជាឱ្យបញ្ឈប់ការរឹតត្បិតមកលើសេរីភាពនៃការបញ្ចេញមតិ កសាងឡើងវិញនូវទំនាក់ទំនងប្រកបដោយអត្ថន័យជាមួយអង្គការសង្គមស៊ីវិល ហើយធានាឱ្យបាននូវបរិយាកាសបើកចំហនៅមុនការបោះឆ្នោតខាងមុខនេះ»។
ឆ្លើយតបនឹងកង្វល់ និងការជំរុញរបស់ក្រុមប្រទេសនិយមប្រជាធិបតេយ្យទាំងនេះ តំណាងភាគីរដ្ឋាភិបាលកម្ពុជា លោក អាន សុខឃឿន មិនបានបង្ហាញឥរិយាបថព្យាយាមកាត់គេកាត់ឯង ឬប៉ុនប៉ងមិនឱ្យគេនិយាយ ដូចដែលលោកធ្លាប់បានធ្វើកាលពីឆ្នាំកន្លងទៅប្រឆាំងនឹងព្រះតេជព្រះគុណ លួន សុវ៉ាត នោះទេ។ ឥរិយាបថរបស់តំណាងកម្ពុជាកាលណោះ ត្រូវក្រុមអ្នកវិភាគមើលឃើញថា រឹតតែធ្វើឱ្យកម្ពុជារងនូវភាពអាម៉ាស់ និងបាក់មុខមាត់ខ្លាំងនៅលើឆាកអន្តរជាតិ ដោយសារលោកបាននាំចេញនូវវប្បធម៌ផ្ដាច់ការនៅចំពោះមុខអន្តរជាតិ។ ក៏ប៉ុន្តែ អ្វីដែលនៅតែដដែលនោះ គឺតំណាងកម្ពុជារូបនេះនៅតែសូត្រមេរៀនបដិសេធ និងការពារថាមិនមានការរឹតត្បិតលំហសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងសេរីភាពសង្គមស៊ីវិលនោះទេ។ តំណាងកម្ពុជាចោទអ្នករាយការណ៍ពិសេស និងក្រុមប្រទេសលោកខាងលិច ថា បាន «បិទភ្នែកធ្វើមិនឃើញ» ខណៈអតីតអ្នកនយោបាយបក្សប្រឆាំងចំនួន ២៦រូប បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ហើយក្នុងចំណោមនោះ អ្នកទាំងនោះខ្លះបានបង្កើតគណបក្សនយោបាយថ្មីចំនួន ៦ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខ។ លោក អាន សុខឃឿន អះអាងថា លំហនយោបាយ «បើកទូលាយ» នេះ បែរជាត្រូវរារាំងដោយមេដឹកនាំបក្សប្រឆាំងដែលលោកថា បានចាត់ទុករាល់សមាជិកទាំងឡាយដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះថាជា «ជនក្បត់» ឬ «អាយ៉ង»។
យ៉ាងណាក៏ដោយ ផ្ទុយពីការបកស្រាយរបស់តំណាងកម្ពុជានេះ អ្នករាយការណ៍ពិសេស លោក វិទិត មុនតាប៊ន នៅតែរក្សាការជំហររបស់លោកជុំវិញការរកឃើញអំពីស្ថានភាពពិតប្រាកដនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ លោកផ្តល់អនុសាសន៍ឱ្យកម្ពុជាស្តាសិទ្ធិនយោបាយឡើងវិញ និងធានានូវបរិយាកាសបោះឆ្នោតប្រកបដោយឯករាជ្យនាពេលខាងមុខ៖ «សូមមេត្តាបញ្ឈប់ចោលទៅច្បាប់ដែលមានលក្ខណៈជាការរឹតត្បិតធ្ងន់ធ្ងរនោះ។ សូមទម្លាក់ចោលសំណុំរឿងតុលាការប្រឆាំងនឹងគណបក្សជំទាស់។ សូមស្តាសិទ្ធិនយោបាយឡើងវិញ។ សូមធ្វើកំណែទម្រង់ច្បាប់ស្ដីពីគណបក្សនយោបាយ និងធានាឱ្យបាននូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយប្រកបដោយឯករាជ្យ។ មកទល់ពេលនេះ យើងមិនប្រាកដទេថា តើ គ.ជ.ប នេះឯករាជ្យប៉ុណ្ណា ហើយថា តើស្ថាប័ននេះមានតម្លាភាពចំពោះការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិនាពេលខាងមុខនេះដែរឬទេ»។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំដែលលោកបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក វិទិត មុនតាប៊ន ចង់ឃើញរដ្ឋាភិបាលធ្វើយ៉ាងណាបើកលំហដើម្បីឱ្យមានកិច្ចសន្ទនា ការផ្សះផ្សាជាតិ និងការស្តាស្ថាប័នជាតិឡើងវិញ។ លោកព្រមានថា សុខសន្តិភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព មិនអាចសម្រេចទៅបាននៅកម្ពុជានោះទេ លុះត្រាណាតែអំណាចត្រូវបានចែករំលែកក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធដែលមានភាពចម្រុះ ដើម្បីឱ្យពួកគេម្នាក់ៗ ទទួលបានអារម្មណ៍ថា ពួកគេគឺជាម្ចាស់កំណត់ជោគវាសនារបស់ប្រទេសជាតិទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។