ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោកទិត សុទ្ធីបូរ៉ាឆាត នឹងបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់មេធាវីការពារក្តីឲ្យយុវជនខ្មែរថាវរៈ និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរចំនួន ៧ រូប នៅព្រឹកថ្ងៃទី១៨ ខែឧសភា។
មេធាវីការពារក្តីឲ្យក្រុមយុវជនសង្គមទាំង ៧ រូប គឺលោក សំ ចំរើន ថ្លែងថា ការដាក់បណ្តឹងស្នើសុំឲ្យចៅក្រមជំនុំជម្រះសម្រេចដោះលែងកូនក្តីរបស់លោកនៅក្រៅឃុំបណ្តោះអាសន្ននេះ ព្រោះតុលាការ បានឃុំខ្លួនកូនក្តីរបស់លោកទាំង ៧ រូប លើសពេលកំណត់នៃច្បាប់ដោយមិនបើកសវនាការជំនុំជម្រះលើអង្គសេចក្តី និងគ្មានសំអាងហេតុត្រឹមត្រូវ។ លោកបញ្ជាក់ថា តាមនីតិវិធីច្បាប់ គឺតុលាការមិនអាចបន្តឃុំខ្លួនពួកគាត់លើសពី ៤ ខែ ដោយមិនកាត់ទោសនោះទេ ព្រោះខុសទៅនឹងការកំណត់នៃច្បាប់ និងបំពានសិទ្ធិកូនក្តីរបស់លោក។ មេធាវីរូបនេះ រំពឹងថា ចៅក្រមជំនុំជម្រះសាលាដំបូង នឹងអនុញ្ញាតឲ្យកូនក្តីរបស់លោកនៅក្រៅឃុំបណ្តោះអាសន្ន៖ «ជាទូទៅគ្រប់រឿង គឺតុលាការឃុំខ្លួនរងការជំនុំជម្រះរយៈពេលតែ ៤ ខែទេ ជារឿងធម្មតាទូទៅ។ មិនមានវិធានណាមួយអនុញ្ញាតឲ្យពន្យាពេលទេ នៅដំណាក់កាលចៅក្រមជំនុំជម្រះ តែបើឃុំបណ្តោះអាសន្ននៅដំណាក់កាលចៅក្រមស៊ើប អាហ្នឹងអាចពន្យាពេល។ តែឃុំរងចាំសវនាការអត់មាននីតិវិធីណាមួយអនុញ្ញាតឲ្យពន្យាពេលទេ។ កាលណាមិនមានបញ្ញត្តិច្បាប់ គឺប៉ះពាល់ដល់សិទ្ធិហើយ»។
គិតមកទល់ពេលនេះ តុលាការក្រុងភ្នំពេញ បានឃុំខ្លួនក្រុមយុវជនខ្មែរថាវរៈ និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរចំនួន ៧ រូប នៅក្នុងពន្ធនាគារព្រៃសរយៈពេលជាង ៨ ខែមកហើយ ប៉ុន្តែមិនបានលើកយកសំណុំរឿងរបស់ពួកគាត់ មកធ្វើការជំនុំជម្រះរកខុសត្រូវនោះទេ។ លោកមេធាវី សំ ចំរើន ឲ្យដឹងថា តុលាការ ក៏មិនដែលចេញដីកាសំអាងហេតុពន្យល់អំពីការពន្យាពេលបើកសវនាលើអង្គសេចក្តីនេះទេ។ យុវជនសង្គមទាំង ៧ រូប ដែលកំពុងជាប់ឃុំនោះរួមមានព្រះភិក្ខុ កើត សារ៉ាយ លោក មាន ព្រហ្មមុនី កញ្ញា អេង ម៉ាឡៃ លោក ថា ឡាវី លោក មួង សុភ័ក្ត្រ លោក ហ៊ុន វណ្ណៈ និងលោកស្រី ឈឿន ដារ៉ាវី។
ប្អូនស្រីរបស់កញ្ញា អេង ម៉ាឡៃ គឺកញ្ញា អេង វណ្ឌី និយាយថា នាងមិនបានជួបសួរសុខទុក្ខបងស្រី សូម្បីតាមទូរស័ព្ទ ចាប់តាំងពីផ្ទុះជំងឺកូវីដក្នុងសហគមន៍ជាលើកទី ៣ មក ដូច្នេះនាងសង្ឃឹមថា តុលាការនឹងបញ្ចូនបងស្រីនិងសកម្មជនផ្សេងទៀត ចូលរួមសវនាការនៅថ្ងៃទី១៨ ខែឧសភានេះ។ កញ្ញា អេង វណ្ឌី បន្តទទូចឲ្យតុលាការដោះលែងពួកគាត់ទាំង ៧ នាក់ឲ្យមានសេរីភាពឡើងវិញ៖ «ខ្ញុំសង្ឃឹមថា តុលាការនឹងទម្លាក់ចោលការចោទប្រកាន់ ទាំងអស់គ្នា ព្រោះពួកគាត់អត់មានទោសកំហុសអីទេ គាត់ធ្វើទៅតាមផ្លូវច្បាប់»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធាភ្នំពេញលោក ប្លង់ សុផល បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
រីឯប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា វិញ មានប្រសាសន៍ថា តាមគោលការណ៍ច្បាប់ និងគោលការណ៍ សិទ្ធិមនុស្ស គឺតុលាការ មិនអាចឃុំខ្លួននរណាម្នាក់ ហើយយឺតយ៉ាវក្នុងការបើកសវនាការរកខុសរកត្រូវនោះទេ។ លោកបន្តថា ទោះបីជាពេលនេះ ស្ថិតក្នុងស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ ក្តី ក៏តុលាការ ត្រូវតែរូតរះបើកសវនាការជំនុំជម្រះលើអង្គសេចក្តីឲ្យបានលឿន ដើម្បីឲ្យស្របតាមនីតិវិធីច្បាប់ និងកុំឲ្យប៉ះ ពាល់ដល់សិទ្ធិជនជាប់ចោទ៖ «យើងតែងទទូចជារឿយៗ យើងស្នើសុំឲ្យតុលការពិចារណាដោះលែងពួកគាត់ឲ្យមានសេរីភាព ដោយសារតែយើងដឹងថា តាមសកម្មភាពដែលពួកគាត់ធ្វើកន្លងមក មិនមានជាកំហុសឆ្គងខាងផ្លូវច្បាប់អីទេ គឺពួកគាត់គ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពក្នុងការការពារធនធានធម្មជាតិ និងការពារយុត្តិធម៌សង្គមតែប៉ុណ្ណឹង។ នេះជាជំហររបស់សង្គមស៊ីវិលតាំងពីដើម តាំងពីពេលចាប់ខ្លួនគាត់ រហូតមកដល់ពេលនេះ ក៏យើងនៅតែរក្សាជំហរដដែល តែយើងឃើញថា បរិយាកាសនយោបាយ នៅមានភាពស្មុគស្មាញបែបនេះ យើងគិតថា ពិបាកសង្ឃឹមណាស់ក្នុងការដោះលែងពួកគាត់ឲ្យមានសេរីភាព»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនយុវជនខ្មែរថាវរៈ និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរទាំង ៧ រូបដាក់ពន្ធនាគារជាបន្តបន្ទាប់ កាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០។ ដើមហេតុនៃការចាប់ខ្លួននេះ គឺដោយពួកគាត់តវ៉ាដោយសន្តិវិធីទាមទារឱ្យដោះលែងមេដឹកនាំសហជីពលោក រ៉ុង ឈុន និងមានគម្រោងប្រមូលផ្តុំធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គម នៅទីលានប្រជាធិបតេយ្យ។ តុលាការបានចោទប្រកាន់ពួកគាត់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬញុះញង់បង្កឱ្យមានភាពវឹកវរធ្ងនធ្ងរដល់សន្តិសុខសង្គម” ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៦ ខែដល់ ២ ឆ្នាំ។
ទោះជាយ៉ាងណា សង្គមស៊ីវិលជាតិ និងអន្តរជាតិ ជាពិសេសទីភ្នាក់ងារអង្គការសហប្រជាជាតិ បានទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកទាំងនោះវិញ ព្រោះពួកគាត់មិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ ក្រៅពីនេះ សហគមន៍ជាតិ និងអន្តរជាតិតែងតែទទូចឱ្យរបបក្រុងភ្នំពេញ បើកលំហសេរីភាព និងគោរពសិទ្ធិពលរដ្ឋ ដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។