អាជ្ញាធរចាប់ព្រះសង្ឃខ្មែរកម្ពុជាក្រោម ១អង្គនៅស្រុកចម្ការលើ ខេត្តកំពង់ចាមដោយមិនបង្ហាញដីកាពីតុលាការ និងមូលហេតុនៃការចាប់ខ្លួនឡើយ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនដោយមិនផ្តល់ព័ត៌មានឱ្យគ្រួសារ បានដឹងឬទទួលដំណឹង គឺជាការរំលោភលើគោលការណ៍ច្បាប់ និងសិទ្ធិមនុស្ស ហើយពួកគេទទូចឱ្យស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងផលប៉ះពាល់ដល់សិទ្ធិព្រះអង្គនិងវិស័យព្រះពុទ្ធសាសនា។
ព្រះសង្ឃខ្មែរកម្ពុជាក្រោម ១អង្គ ដែលមានស្រុកកំណើតនៅខេត្តឃ្លាំងព្រះនាម ព្រះសុខុមញ្ញាណ ប៉ាង សុដា ដែលជាព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញ ត្រូវបានអាជ្ញាធរកំពង់ចាមចាប់ព្រះកាយ នៅថ្ងៃទី២ កញ្ញា ដោយធ្វើឡើងយ៉ាងតក់ក្រហល់ ហើយរហូតមកដល់ថ្ងៃនេះ មិនទាន់បានបង្ហាញទីកន្លែងដែលអាជ្ញាធរឃុំព្រះអង្គនៅឡើយទេ។
ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ ឡែន ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចបានបញ្ជូនព្រះអង្គ ប៉ាង សុដា មកភ្នំពេញហើយ ប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរមិនទាន់បញ្ជាក់ព័ត៌មានច្បាស់លាស់ ជុំវិញមូលហេតុនៃការចាប់ និងទីកន្លែងឃុំព្រះកាយព្រះអង្គនៅឡើយ។ លោកចាត់ទុកការចាប់ខ្លួននេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ដែលរំលោភបំពានសិទ្ធិនិងធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរលើព្រះសង្ឃខ្មែរក្រោម ជាពិសេសបំភិតបំភ័យដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជា៖ «ខ្ញុំផ្ទាល់ ក៏ដូចអង្គការសមាគមខ្ញុំ ស្នើឱ្យស្ថាប័នសាសនានៅក្នុងប្រទេសកម្ពុជា ក៏ដូចជាអាជ្ញាធរនៅក្នុងខេត្តហ្នឹង សូមដោះលែងព្រះអង្គឱ្យមានសេរីភាពដូចធម្មតាវិញមក យើងខ្ញុំមានសេចក្ដីសង្ឃឹមនឹងការគ្រប់គ្រងរដ្ឋាភិបាលមានសុភ័គវិនិច្ឆ័យលើចំពោះភាពយុត្តិធម៌និងមិនយុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរជាពិសេសខ្មែរកម្ពុជាក្រោម»។
អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា លោក សេង សុមុនី ថ្លែងថា សមត្ថកិច្ច មន្ទីរធម្មការខេត្តកំពង់ចាម និងសមត្ថកិច្ចពីក្រសួងមហាផ្ទៃបានចាប់ព្រះតេជគុណ ប៉ាង សុដា តាមដីការបស់តុលាការ ហើយសមត្ថកិច្ចបានបញ្ជូនព្រះអង្គមកអនុវត្តតាមនីតិវិធីបន្តទៀត ប៉ុន្តែលោកមិនអាចបញ្ជាក់មូលហេតុនៃការចាប់ខ្លួន ទីកន្លែងបញ្ជូននិងឃុំខ្លួននោះទេ ដោយលោកថាករណីនេះអាស្រ័យលើអាជ្ញាធរមានសមត្ថកិច្ចនិងតុលាការជាអ្នកសម្រេច ហើយលោករុញឱ្យទៅសួរស្ថាប័នពាក់ព័ន្ធទាំងនោះវិញ៖ «សមត្ថកិច្ចខាងខ្ញុំមន្ទីរគាត់បានរាយការណ៍មកបានសហការជាមួយគណៈសង្ឃ និងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តតាមដីការបស់តុលាការ ទាក់ទងនឹងមានបទល្មើសអី កំហុសអីនោះគឺរងចាំខាងតុលាការលោកជាអ្នកសម្រេច»។
អាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ស្នងការប៉ូលិសខេត្តកំពង់ចាមលោក ឯម កុសល ដើម្បីសាកសួរព័ត៌មានអំពីការចាប់ខ្លួននេះបានទេ នៅថ្ងៃទី៣ កញ្ញា។
កន្លងមកអាជ្ញាធររបបក្រុងភ្នំពេញបានចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសង្គម និងព្រះសង្ឃដោយលាក់បាំងព័ត៌មាន ជួនពេលខ្លះ មិនបានបង្ហាញដីកា ឬក៏មិនបានជូនដំណឹងទៅក្រុមគ្រួសារពួកគេ ឱ្យបានដឹងនោះឡើយ។ ករណីខ្លះទាល់តែអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ ហៅទូរស័ព្ទចេញពីពន្ធនាគារមកវិញ ទើបគ្រួសាររបស់ពួកគាត់បានដឹងអំពីការចាប់ខ្លួនទាំងនោះ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការដែលសមត្ថកិច្ចមិនបានបង្ហាញដីកាចាប់ខ្លួន ឬមិនប្រាប់ពីមូលហេតុនៃការចាប់ខ្លួនក្នុងករណីមិនមែនជាបទល្មើសជាក់ស្ដែងនោះ គឺជាការអនុវត្តន៍ខុសនីតិវិធីច្បាប់។ លោកយល់ថាការចាប់ព្រះកាយព្រះអង្គធ្វើឡើងដោយមិនច្បាស់លាស់ និងមិនគោរពតាមគោរពតាមធម្មវិន័យព្រះពុទ្ធសាសនា។ លោកស្នើឱ្យក្រសួងធម្មការនិងសាសនាត្រូវស៊ើបអង្កេត ឬស្រាវជ្រាវជុំវិញរឿងនេះបានច្បាស់លាស់ ព្រោះវានឹងធ្វើប៉ះពាល់វិស័យព្រះពុទ្ធសាសនា៖ «យកជនហ្នឹងទៅឃុំឯណាដាក់កន្លែងណា ដើម្បីឱ្យគេទំនាក់ទំនងដឹងអំពីសុខទុក្ខក្រុមគ្រួសាររបស់ពួកគេ អាហ្នឹងជាគោលការណ៍ច្បាប់ ប៉ុន្តែប្រសិនបើអាជ្ញាធរចាប់ខ្លួនទៅហើយមិនបានផ្តល់ព័ត៌មានឱ្យក្រុមគ្រួសារឱ្យគេដឹង ឬមិនមានទំនាក់ទំនងឱ្យគេជាមួយក្រុមគ្រួសារគេបាន អានេះវាជាការរំលោភទាំងស្រុងទៅលើគោលការណ៍ច្បាប់ជាតិយើងហើយជាពិសេសនៅក្នុងក្រមព្រហ្មទណ្ឌតែម្ដង»។
សង្គមស៊ីវិលរូបនេះសង្កេតឃើញថាកន្លងមកព្រះសង្ឃដែលចូលរួម និងឈឺឆ្អាលបញ្ហាសង្គមតែងតែរងការធ្វើទុក្ខបុកម្នេញ ដូចការចាប់ ឬឃុំព្រះកាយ ឬគេចព្រះកាយពីប្រទេសជាដើម។
មិត្តសមាគមខ្មែរកម្ពុជាក្រោម ឲ្យដឹងថារហូតមកដល់ពេលនេះពួកគេមិនទាន់ទទួលដំណឹងផ្លូវការណាមួយពីអាជ្ញាធរ និងមន្ត្រីសង្ឃខេត្តជុំវិញករណីនេះនៅឡើយទេ។ ពួកគេអំពាវនាវដល់គណៈមន្ត្រីសង្ឃ និងសមត្ថកិច្ចផ្តល់ព័ត៌មាននៃចាប់ខ្លួន ព្រមទាំងទាមទារឱ្យដោះលែងព្រះអង្គវិញជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។