អាជ្ញាធររាជធានីភ្នំពេញបានតាមរារាំងក្រុមស្ត្រីថ្ងៃសុក្រ មិនឱ្យជួបជុំលើកបដារកយុត្តិធម៌ឱ្យគ្រួសាររបស់ពួកគាត់ រហូតដល់មុខការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ក្រុមអ្នកតវ៉ាដោយសន្តិវិធីទាំងនោះ ថ្កោលទោសទង្វើរំលោភបំពានរបស់អាជ្ញាធរ ខណៈមន្ត្រីសិទ្ធិមនុស្សទទូចឱ្យអាជ្ញាធរគោរពសិទ្ធិពលរដ្ឋដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
ការប្រមូលផ្តុំរបស់ក្រុមស្ត្រីថ្ងៃសុក្រដែលទាមទាររកយុត្តិធម៌ឱ្យសមាជិកគ្រួសារកំពុងជាប់ឃុំនោះ ហាក់បានក្លាយជាផ្ទាំងស៊ីបរបស់អាជ្ញាធររាជធានីភ្នំពេញ ដែលត្រូវតែតាមបំបែកឱ្យខាងតែបាន។
អាជ្ញាធរខណ្ឌចំការមន រួមទាំងប៉ូលិស និងក្រុមសន្តិសុខជាង ១០នាក់ បានទៅរារាំងសកម្មភាពក្រុមស្ត្រីថ្ងៃសុក្រ រហូតដល់មុខការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៤ មិថុនា។ ក្រុមសន្តិសុខខោអាវខ្មៅបាននាំគ្នាចាប់ទាញ និងកញ្ឆក់យកបដា និងរូបថតរបស់អ្នកជាប់ឃុំ ពីក្រុមស្ត្រីទាំងនោះ ក្រោមការឈរបញ្ជាផ្ទាល់ពីមេរបស់ពួកគេ។
ក្រុមស្ត្រីថ្ងៃសុក្របានស្រែកដាក់ក្រុមអាជ្ញាធរវិញថា ជាមនុស្សមិនចេះច្បាប់ ចេះតែជិះជាន់ពលរដ្ឋស្លូតត្រង់តាមអំពើចិត្ត។
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងថា លោកស្រីហួសចិត្តដែលអាជ្ញាធររបបបច្ចុប្បន្នថ្លើមធំ ដល់ថ្នាក់ហ៊ានទៅបង្ក្រាបពលរដ្ឋដល់មុខការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា៖ « ទោះបីមុខ UN ក៏គាត់ហ៊ានបំពានពួកខ្ញុំដែរ គិតមើលថា តើថ្លើមធំប៉ុនណា។ អាហ្នឹងហើយឆ្លុះបញ្ចាំងថា របបក្រោមដំបូលសន្តិភាព រស់នៅក្នុងរបបភ្នំពេញមួយហ្នឹង គឺវារងអំពើអយុត្តិធម៌សម្រាប់ក្រុមគ្រួសារអ្នកនយោបាយ ក្រុមគ្រួសារអ្នកចេះដឹងនៅក្នុងសង្គម » ។
ការជួបជុំគ្នារបស់ក្រុមស្ត្រីថ្ងៃសុក្រជាង១០ នាក់ នៅមុខការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានេះ គឺដើម្បីដាក់ញត្តិស្នើសុំឱ្យស្ថាប័ននេះជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ឱ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែងគ្រួសារពួកគាត់វិញ។
ពួកគាត់បានរៀបរាប់នៅក្នុងញត្តិនោះថា ពួកគាត់ព្រួយបារម្ភជាខ្លាំងអំពីសុខភាពប្តី ប្រពន្ធ ឪពុក ម្ដាយ និងបងប្អូនញាតិមិត្ត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ពីព្រោះពួកគាត់បានដាច់ការទាក់ទងគ្នាជាង៣ ខែមកហើយ ខណៈជំងឺកូវីដ-១៩ បានឆ្លងចូលដល់ក្នុងពន្ធនាគារនៅភ្នំពេញ និងខេត្តមួយចំនួនទៀត។ ក្រុមស្ត្រីអះអាងទៀតថា ពន្ធនាគារចង្អៀតណែនខ្លាំង ខ្វះអនាម័យ និងគ្មានអាហារហូបចុកគ្រប់គ្រាន់ ដែលជាហេតុធ្វើឱ្យមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩។ ពួកគាត់អំពាវនាវដល់ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិជួយធ្វើយ៉ាងណាឱ្យសកម្មជននយោបាយ សកម្មជនសង្គម និងសកម្មជនបរិស្ថាន បាននៅក្រៅឃុំបណ្ដោះអាសន្ន ដោយពួកគាត់សន្យាថា នឹងគោរពរាល់ការកោះហៅរបស់តុលាការ។
ទាក់ទងនឹងការរារាំងក្រុមស្ត្រីថ្ងៃសុក្រនេះ អ្នកនាំពាក្យប៉ូលិសក្រុងភ្នំពេញ លោក សាន សុខសីហា បកស្រាយថា វិធានការរបស់អាជ្ញាធរលើក្រុមស្ត្រីថ្ងៃសុក្រជាហូរហែមកនោះ គឺដោយសារពួកគាត់ធ្វើសកម្មភាពដោយមិនបានសុំការច្បាប់ពីអាជ្ញាធររាជធានីភ្នំពេញ។ ប៉ុន្តែនៅពេលសួរដេញដោលថា តើច្បាប់ណា ដែលហាមពលរដ្ឋមិនឱ្យជួបជុំសម្ដែងមតិ ឬដាក់ញត្តិនោះ មន្ត្រីប៉ូលិសរូបនេះឆ្លើយថា លោកមិនបកស្រាយចំណុចនេះទេ៖ « គាត់ធ្វើហ្នឹងដោយឯកឯង មិនមានការស្នើសុំ មិនមានការអនុញ្ញាតត្រឹមត្រូវ អ៊ីចឹងប្រទេសមួយមានច្បាប់ អាជ្ញាធរគឺមានកាតព្វកិច្ច។ ក្នុងនាមជាសមត្ថកិច្ចនគរបាលក៏យើងត្រូវតែរក្សាការពារសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋដទៃ ជូនដល់រាជធានីភ្នំពេញទាំងមូលដែរ។ មិនមែនក្នុងចំណោមពួកគាត់ ៤ - ៥នាក់ គាត់មកបង្កបញ្ហាផ្សេងៗ ធ្វើឱ្យមានបញ្ហាផ្សេងៗ នៅក្នុងរាជធានីភ្នំពេញនោះទេ » ។
ផ្ទុយពីការបកស្រាយនេះ ប្រពន្ធសកម្មជនសង្គ្រោះជាតិលោក ឈួ ផេង គឺលោកស្រី ដុស គីមទៀង ថ្លែងថា ក្រុមស្ត្រីមិនបានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមឡើយ ហើយពួកគាត់គោរពតាមវិធានការបង្ការជំងឺកូវីដ-១៩។ លោកស្រីថា គឺអាជ្ញាធរទៅវិញទេ ដែលមកបំពានលើក្រុមស្ត្រីទាំងកម្រោល៖ « ពួកខ្ញុំមកនេះ ដោយមិនបង្កភាពចលាចលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទេ អ៊ីចឹងកុំឱ្យពួកគាត់បំពានលើខ្ញុំ ហើយចោទថា ខ្ញុំហ្នឹងមកបំពានច្បាប់ » ។
ចំណែកអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សលើកឡើងថា សកម្មភាពរបស់ក្រុមស្ត្រីថ្ងៃសុក្រ គឺជាការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលមានធានាយ៉ាងពេញលេញក្នុងរដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា ទង្វើរបស់អាជ្ញាធរក្នុងការតាមបំបិទសិទ្ធិពលរដ្ឋដល់មុខការិយាល័យអង្គការសហប្រជាជាតិបែបនេះ ជារឿងមិនគួរកើតមានទាល់តែសោះ។ លោកថា ករណីបែបនេះនឹងធ្វើឱ្យសហគមន៍អន្តរជាតិមើលឃើញច្បាស់អំពីការធ្លាក់ចុះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ហើយអ្វីដែលរដ្ឋាភិបាលតែងបកស្រាយថា កម្ពុជាលើកស្ទួយសិទ្ធិមនុស្សនោះ នឹងក្លាយជារឿងគ្មានន័យ៖ « វាជាការបញ្ជាក់ ជាតឹកតាង ជាភស្តុតាងបញ្ជាក់ឱ្យច្បាស់ថា វាជាការរឹតត្បិតយ៉ាងគឃ្លើន ចំពោះមុខអង្គការសហប្រជាជាតិ។ អ៊ីចឹងគួរតែមានការពិនិត្យមើលលើសកម្មភាពហ្នឹងទាំងអស់វិញ។ គួរតែជួយសម្របសម្រួលឱ្យពួកគាត់បញ្ចេញមតិ និងការទាមទារទាំងអស់ហ្នឹងវិញ នោះវាជារូបភាពល្អប្រសើរ » ។
ទោះជាមានការរារាំងពីអាជ្ញាធរក្ដី ក្រុមស្ត្រីថ្ងៃសុក្រនៅតែអាចដាក់ញត្តិតាមការគ្រោងទុក។ ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអនុញ្ញាតឱ្យតំណាងស្ត្រី ៣នាក់ ចូលទៅដាក់ញត្តិ។
តំណាងម្នាក់ក្នុងចំណោម ៣នាក់ ដែលបានចូលដាក់ញត្តិ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងថា មន្ត្រីអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសន្យាថា គេនឹងតាមដាន ព្រមទាំងជំរុញឱ្យមានដំណោះស្រាយករណីនេះ។
កាលពីសប្ដាហ៍មុន ក្រុមស្ត្រីថ្ងៃសុក្រ ក៏បានយកញត្តិដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នានេះ ដាក់ជូនស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែរ។ ពួកគាត់គ្រោងដាក់ញត្តិដែលមានខ្លឹមសារដូចគ្នានេះទៅស្ថានទូតសហភាពអឺរ៉ុបមួយទៀតនៅសប្ដាហ៍ក្រោយ។ ក្រុមស្ត្រីថ្ងៃសុក្រអះអាងថា ពួកគាត់មិនខ្លាចការបង្ក្រាបរបស់អាជ្ញាធរនោះទេ ពីព្រោះសកម្មភាពរបស់ពួកគាត់ស្របតាមច្បាប់ ហើយម្យ៉ាងទៀតពួកគាត់រងភាពអយុត្តិធម៌ឆ្អែតឆ្អន់ណាស់ទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។