ខ្មែរ​នៅ​អូស្ត្រាលី និង​តំណាងរាស្ត្រ​ប្រទេស​នេះ​ថា យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ជា​យុត្តិធម៌​ក្លែងក្លាយ

0:00 / 0:00

នៅ​ប្រទេស​អូស្ត្រាលី​ឯណោះ​វិញ សហគមន៍​ខ្មែរ និង​ភរិយា​បណ្ឌិត កែម ឡី បាន​ប្រារព្ធ​ខួប​លើក​ទី​៥​នៃ​ឃាតកម្ម​លើ បណ្ឌិត កែម ឡី នៅ​វត្ត​ពុទ្ធរង្សីមែលប៊ុន (Wat Buddharangsi Melbourne) នៅ​ថ្ងៃ​សៅរ៍​ទី​១០ កក្កដា​នេះ​។ ភ្ញៀវ​សំខាន់ៗ​ដែល​ចូលរួម​ពិធី​នេះ ក្នុង​នោះ​មាន​ទាំង​សមាជិកសភា​អូស្ត្រាលី​ផង នៅតែ​ចាត់ទុកថា យុត្តិធម៌​ដែល​តុលាការក្រុង​ភ្នំពេញ​បាន​ផ្ដល់​ឱ្យ​ក្នុង​សំណុំរឿង​បាញ់សម្លាប់ បណ្ឌិត កែម ឡី ជា​យុត្តិធម៌​ក្លែងក្លាយ។

ភរិយា​លោក កែម ឡី និង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ប្រារព្ធ​ខួប​៥ ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី តាម​ពិធី​ព្រះពុទ្ធសាសនា​។ ក្រៅពី​នេះ​ក៏​មាន​ការ​ថ្លែង​សារ​របស់​តំណាង​រដ្ឋាភិបាល​អូស្ត្រាលី និង​សមាជិកសភា​អូស្ត្រាលី​ផង​ដែរ។

ការ​ធ្វើ​ពិធី​នេះ មិន​អាច​អនុញ្ញាត​ឱ្យ​មាន​អ្នកចូលរួម​ច្រើន​ឡើយ ព្រោះ​ជំងឺ​កូវីដ-១៩ កំពុង​រាតត្បាត ហើយ​អ្នកចូលរួម​ក៏​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន​ដោយ​ពួកគេ​រក្សា​គម្លាត​ពី​គ្នា​ដើម្បី​បង្ការ​ជំងឺ​នេះ ។ ក្រោយ​ពី​ភ្ញៀវ​បាន​ជួបជុំគ្នា ពិធី​សាសនា​ក៏​ចាប់ផ្ដើម​ប្រារព្ធ​ដូចជា​៖ ពិធីរាប់បាត្រ វេរ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ បង្សុកូល និង​ការគោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី។

អតីត​ចៅហ្វាយក្រុង​ដែន​ឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន ថ្លែង​ថា ការ​រៀបចំ និង​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ ជា​សារ បញ្ជាក់​ថា សហគមន៍​ខ្មែរ នៅតែ​ទាមទារ​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី​។ ប្រធាន​សមាគម​ខ្មែរ​រូប​នេះ ទាមទារ​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី និង​សកម្មជន​ផ្សេងទៀត​ដែល​ត្រូវ​បាន​គេ​ធ្វើឃាត។

ចំពោះ​ការរស់នៅ​របស់​ប្រពន្ធ​កូន​បណ្ឌិត កែម ឡី ឯណោះ​វិញ លោក ជា យូហ៊ន ស្នើ​ទៅ​ពលរដ្ឋ​ខ្មែរ​បន្ត​ជួយ​គាំទ្រ​និង​ឧបត្ថម្ភ​ថវិកា ព្រោះ​កូនប្រុស​ច្បង​លោក កែម ឡី ត្រូវ​ចំណាយ​លុយ​ថ្លៃ​បង់​សាលា​មួយឆ្នាំ​ជាង​ពីរ​ម៉ឺន​ដុល្លារ ដែល​ថវិកា​ដ៏​ច្រើន​នេះ អ្នកស្រី ប៊ូ រចនា ពិបាក​ក្នុង​ការ​រក​ប្រាក់​បង់ថ្លៃ​សិក្សា​ឱ្យ​កូន​ណាស់៖ «យើង​ត្រូវ​ស្រលាញ់​គ្នា យើង​ត្រូវ​រួបរួម​គ្នា​ជួយ​គ្រួសារ​បណ្ឌិត កែម ឡី ហើយ​បច្ចុប្បន្ន​នេះ​ទៀត យើង​ត្រូវ​ជួយ​ផ្នែក​ថវិកា​ដែល​ត្រូវ​ចូលរៀន»។

រីឯ​សមាជិកសភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង​វិញ លោក​មិន​ជឿ​ថា​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ នោះ គឺជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី ឡើយ​។ លោក​ជំរុញ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​រក​ឃាតក​ពិត​និង​អ្នក​ពាក់ព័ន្ធ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី៖ «យើង​មក​ជួប​ជុំគ្នា​ថ្ងៃនេះ​ដើម្បី​រំលឹក​អនុស្សាវរីយ៍ ក៏ដូចជា​វីរភាព​បណ្ឌិត កែម ឡី និង​បន្ត​ទាមទារ​យុត្តិធម៌​បណ្ឌិត កែម ឡី ក៏ដូចជា​គ្រួសារ​ខ្មែរ និង​សង្គម​ខ្មែរ​យើង»។

រីឯ​ភរិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា វិញ អ្នកស្រី​បាន​ថ្លែងអំណរគុណ​ភ្ញៀវ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ។ ឆ្នាំនេះ​ខុសប្លែក​ពី​ឆ្នាំមុនៗ​បន្តិច ត្រង់​ថា អ្នកស្រី​និយាយ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ហើយក៏​មិន​បាន​ថ្លែង​ទាមទារ​យុត្តិធម៌​ក្នុង​ពិធី​រំលឹក​ខួប​លើក​នេះ​ទេ៖ «ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដល់​ការ​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​កន្លងមក»។

ទោះ​យ៉ាងណា មុន​ពិធី​នេះ​ប៉ុន្មាន​ថ្ងៃ​អ្នកស្រី ប៊ូ រចនា និយាយ​ថា អ្នកស្រី​គ្មាន​សង្ឃឹមថា​របប​លោក ហ៊ុន សែន អា​ចរក​យុត្តិធម៌​ជូន​គ្រួសារ​អ្នកស្រី​បានទេ។

ចំណែក សមាជិកសភា​អូស្ត្រាលី​នៃ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) មកពី​គណបក្ស​ពលករ​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) ជំរុញ​ឱ្យ​មាន​ការ​រួម​គ្នា​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​មាន​យុត្តិធម៌​សង្គម។ លោក​ថា ក្នុង​នាម​លោក​ជា​សមាជិកសភា​អូស្ត្រាលី​លោក​នឹង​ប្រឹងប្រែង​ធ្វើ​ច្បាប់​ដែល​ស្រដៀង​នឹង​ច្បាប់​ដែល​សហរដ្ឋអាមេរិក​បាន​ធ្វើ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ដែល​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ៖ «ចំពោះ​ការ​ស្លាប់​បណ្ឌិត កែម ឡី យើង​ត្រូវតែ​បន្ត​ជំរុញ​ដើម្បី​ស្វែងរក​យុត្តិធម៌»។

ក្រៅ​ពី​ប្រទេស​អូស្ត្រាលី និង​នៅ​កម្ពុជា យុវជន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ក៏​ស្វះស្វែង​ប្រារព្ធ​ពិធី​ខួប​បណ្ឌិត កែម ឡី នេះ​ដែរ​។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ឱ្យ​ដឹង​ថា ក្រុម​លោក​គ្រោង​ប្រារព្ធ​ពិធី​នៅក្នុង​វត្ត​មួយ​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​ខាង​គណៈកម្មការ​វត្ត​មិន​ព្រម​ផ្ដល់​ទីតាំង​។ ប៉ុន្តែ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រុម​យុវជន​នឹង​ជួបជុំគ្នា​ទី​សាធារណៈ​មួយ​នៅ​ថ្ងៃទី​១១​កក្កដា ដើម្បី​ថ្លែង​សារ​និង​គោរព​វីរភាព​បណ្ឌិត កែម ឡី។

បណ្ឌិត កែម ឡី ដែល​ជា​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ឯ​ស្ដារ​ម៉ាត (Star Mart) ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់តិច (Caltex)​។ រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​ទៅ​នេះ តុលាការ​នៃ​របប​ក្រុងភ្នំពេញ​រក​ឃើញ​តែ​មនុស្ស​ម្នាក់​គត់ គឺ​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់ ក្នុង​រឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ ហើយ​បាន​កាត់​ទោស​រូបគេ​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ ប៉ុន្តែ សហគមន៍​ជាតិ និង​អន្តរជាតិ គ្មាន​ជំនឿ​លើ​ដំណើរ​ការ​រក​យុត្តិធម៌​របស់​តុលាការ​កម្ពុជា ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់អំណាច និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ​។ ពួកគេ​បាន​ទាមទារ​ឱ្យ​មាន​ការបង្កើត​គណៈកម្មការ​ស៊ើបអង្កេត​រឿង​នេះ​ដោយ​ឯករាជ្យ និង​ខ្លះ​បាន​ងាក​ទៅ​ពឹងពាក់​យន្តការ​ច្បាប់​អន្តរជាតិ​វិញ។

អតីត​សមាជិក​សភា​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក ហុង លីម ប្រាប់​ថា សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​បាន​ទាក់ទង​ជាមួយ​អ្នក​ច្បាប់ និង​មេធាវី​អន្តរជាតិ​នានា ដើម្បី​ស្វែង​រក​ការពិត និង​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។