ក្រុម​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ត្រូវ​សមត្ថកិច្ច​ដោះលែង​វិញ​​បន្ទាប់​ពី​ឃាត់​ខ្លួន​ជាង​៣​ម៉ោង

ប៉ូលិស​ក្រុង​ព្រះវិហារ និង​កម្លាំង​របស់​ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​មន្ត្រី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​ព្រះវិហារ​ផង បាន​ឃាត់​ព្រះ​កាយ​សកម្មជន​សង្ឃ​ចំនួន ៣​អង្គ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែ​កក្កដា។ ក្នុង​ពេល​ដែល​ព្រះសង្ឃ​ទាំង​នោះ​និមន្ត​ពី​ទីក្រុង​ភ្នំពេញ ទៅ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ការពារ​ព្រៃឡង់ នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ។

​ប៉ូលិស​បាន​ឃាត់​ព្រះសង្ឃ​ទាំង ៣​អង្គ ទៅ​សាកសួរ​រយៈពេល​ជាង ៣​ម៉ោង ទើប​សម្រេច​ដោះលែង​ឱ្យ​និមន្ត​ចាកចេញ​ពី​ខេត្ត​ព្រះវិហារ កាល​ពី​វេលា​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​ដដែល។

​ព្រះភិក្ខុ ប៊ុត ប៊ុនតិញ គឺ​ជា​ព្រះសង្ឃ ១​អង្គ ក្នុង​ចំណោម​ព្រះសង្ឃ ២​អង្គ​ទៀត ដែល​សមត្ថកិច្ច​បាន​ឃាត់​ព្រះកាយ​នោះ។ ព្រះអង្គ​មាន​ព្រះ​ថេរដីកា​ថា ចាប់​តាំង​តែ​ពី​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី​១ ខែ​កក្កដា គឺ​ព្រះអង្គ​បាន​ជួប​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ១៥​នាក់ ដើម្បី​ផ្សព្វផ្សាយ​អំពី​កិច្ច​ការពារ​តំបន់​ព្រៃឡង់ នៅ​ក្នុង​ផ្ទះសំណាក់​ម្លប់​ត្រសេក ក្នុង​សង្កាត់​កំពង់ប្រណាក ក្រុង​ព្រះវិហារ។ ក្នុង​ការ​ជួប​ប្រជុំ​ផ្សព្វផ្សាយ​អំពី​កិច្ច​ការពារ​ព្រៃឡង់​នោះ ព្រះអង្គ​ក៏​បាន​ចែក​អាវ​យឺត​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ផង​ដែរ ស្រាប់តែ​បន្តិច​ក្រោយ​មក ក៏​ឃើញ​ប៉ូលិស​ជាច្រើន​មក​ដល់​ហើយ​ចោទ​ប្រកាន់​ថា ធ្វើ​សកម្មភាព​ប្រជុំ​មិន​បាន​ជូនដំណឹង និង​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី៖ «គេ​សុំ​បិទ​មិន​ឱ្យ​អាត្មា​ធ្វើ​ពិធី​ទេ ដល់​ពេល​អាត្មា​ជម្នះ​ចេះ​តែ​ធ្វើ​ថា អត់​មាន​អ្វី​ខុស​ទេ គឺ​គេ​មក​តាម​ចាប់​ក្នុង​ម៉ោង​ចុង​ក្រោយ ដែល​អាត្មា​កំពុងតែ​ចែក​អាវយឺត និង​ពាក់​អាវយឺត​ថត​រូប»

​អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ឱ្យ​ដឹង​ថា លោក​បាន​​សួរ​ទៅ​ស្នងការ​រង​នគរបាល​ខេត្ត​ព្រះវិហារ ១​រូប ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ឃាត់​ព្រះកាយ​ព្រះសង្ឃ គឺ​លោក​ឆ្លើយ​ថា សមត្ថកិច្ច​មិនបាន​ចាប់​ព្រះសង្ឃ​ទេ គ្រាន់តែ​មក​សួរ​នាំ ពីព្រោះ​ព្រះសង្ឃ​ដែល​មក​ធ្វើ​សកម្មភាព​មិន​បាន​ជូន​ដំណឹង​ឱ្យ​អាជ្ញាធរ​ដែនដី​ដឹង​សោះ។

កាលពី​វេលា​ម៉ោង​ជាង ២​រសៀល ព្រះភិក្ខុ ប៊ុត ប៊ុនតិញ និង​ព្រះសង្ឃ ២​អង្គ​ទៀត​បាន​និមន្ត​ចាកចេញ​ពី​ខេត្ត​ព្រះវិហារ មក​ដល់​ខេត្ត​សៀមរាប ហើយ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។