សមាគមគ្រូបង្រៀនដាក់លិខិតស្នើសុំប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យទាមទារដោះលែងសកម្មជននយោបាយ
2022.12.20

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់លិខិតជូនដំណឹងមួយដល់សាលារាជធានីភ្នំពេញ ដើម្បីប្រមូលផ្ដុំគ្នាប្រមាណ១០០នាក់ នៅទីលានប្រជាធិបតេយ្យ និងដើរដង្ហែក្បួនក្នុងក្រុងភ្នំពេញ ដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជននយោបាយ និងសកម្មជនដទៃទៀត។ មន្ត្រីអង្គការសង្គមស៊ីវិល គាំទ្រចំពោះការទាមទារនេះ និងស្នើឱ្យរដ្ឋាភិបាលបើកលំហប្រជាធិបតេយ្យឡើងវិញ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកាលពីថ្ងៃទី១៦ ខែធ្នូ ដាក់លិខិតទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីជូនដំណឹងទុកជាមុន ពីការប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី៣០ ខែធ្នូ ខាងមុខ។ ក្នុងលិខិតជូនដំណឹងនេះ សមាគមគ្រូបង្រៀនកម្ពុជា ក៏គ្រោងនឹងដើរដង្ហែក្បួនដាក់ញត្តិទៅដល់សាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទាមទារឱ្យស្ថាប័នទាំងនេះ ដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីព។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ ធ្នូថា ការតស៊ូមតិដោយសន្តិវិធីនេះ នឹងមានការចូលរួមពីសាច់ញាតិអ្នកជាប់ឃុំដែលជាសកម្មជននយោបាយ សកម្មជនសង្គម សហជីព ព្រមទាំងយុវជន គ្រូបង្រៀន អង្គការជាតិ និងអន្តរជាតិ។ លោកស្រីបន្ថែមថា មូលហេតុដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យទាមទារឱ្យអាជ្ញាធរ ដោះលែងសកម្មជនទាំងនេះ ព្រោះពួកគេមិនបានប្រព្រឹត្តិកំហុសដូចការចោទប្រកាន់របស់តុលាការនោះឡើយ ហើយសកម្មភាពបំពេញការងាររបស់ពួកគេកន្លងមក គឺធ្វើឡើងក្នុងន័យលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតែប៉ុណ្ណោះ។
លោកស្រី អ៊ុក ឆាយ៉ាវី៖ «យើងមិនឈរឱបដៃមើលលោកគ្រូ ដែលជាសមាជិករបស់សមាគម ជាប់ពន្ធនាគារដោយអយុត្តិធម៌នោះទេ ហើយជាពិសេសទៀត អ្នកទោសនយោបាយទាំងអស់ មិនមែនប្រព្រឹត្តិអំពើដូចអ្វីដែលតុលាការបានចោទប្រកាន់ អ៊ីចឹងយើងមិនឱបដៃមើលទេ ក្នុងនាមយើងជាបញ្ញវន្ត យើងឃើញថា អយុត្តិធម៌ យើងត្រូវតែទាមទារឱ្យពួកគាត់»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បីសុំសួរពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៩ ខែធ្នូ។
ទោះជាយ៉ាងណា លោកស្រី អ៊ុក ឆាយ៉ាវី បញ្ជាក់ជំហរថា បើទោះបីជាសាលារាជធានីភ្នំពេញ មិនអនុញ្ញាតក៏ដោយ ក៏សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងប្រមូលផ្ដុំគ្នាសម្ដែងមតិ និងដើរដង្ហែញត្តិដែរ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត គាំទ្រសកម្មភាពទាមទាររបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកបន្ថែមថា ការឃុំខ្លួនរបស់សកម្មជននានា កន្លងមក មិនបានឆ្លុះបញ្ចាំងពីការលើកកម្ពស់នីតិរដ្ឋនោះឡើយ ផ្ទុយទៅវិញការបន្តឃុំខ្លួនសកម្មជនទាំងនេះ បង្ហាញពីភាពទន់ខ្សោយក្នុងការអនុវត្តច្បាប់ប្រកបដោយយុត្តិធម៌នៅកម្ពុជាទៅវិញទេ។ លោក អំ សំអាត បន្ថែមថា បើទោះបីជាសាលារាជធានីភ្នំពេញមិនអនុញ្ញាតក្ដី ក៏សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅតែអាចប្រមូលផ្ដុំមនុស្ស និងដើរដង្ហែញត្តិបាន ព្រោះសកម្មភាពរបស់ពួកគេធ្វើឡើងដោយអហិង្សា និងស្របតាមរដ្ឋធម្មនុញ្ញ។
លោក អំ សំអាត៖ «ខ្ញុំយល់ថា អាហ្នឹងជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ នៅក្នុងការបញ្ចេញមតិ ឬក៏ទាមទារ ព្រោះនៅក្នុងរដ្ឋធម្មនុញ្ញ មាត្រា៣៥ កថាខណ្ឌទី២ និយាយអំពី សំណើរបស់ប្រជាពលរដ្ឋត្រូវបានទទួលដោយអង្គការរដ្ឋ ហើយនឹងត្រូវពិចារណាដើម្បីដោះស្រាយជូនពលរដ្ឋ»។
សកម្មជននយោបាយ សកម្មជនសហជីព និងសកម្មជនបរិស្ថាន មានជិត៦០នាក់ កំពុងជាប់ឃុំដោយអយុត្តិធម៌នៅពន្ធនាគារ។ ក្នុងនោះ សមាជិកសមាគមគ្រូបង្រៀនកម្ពុជាចំនួន៥នាក់ រួមមានដូចជា លោក ស៊ុន ធន់ លោក កែវ ថៃ លោក អំ សំអាត និងលោក ពៀប ម៉ាប់ ជាដើម កំពុងជាប់ឃុំក្រោមបទចោទញុះញង់ និងរួមគំនិតក្បត់ ដោយសារតែពួកគេបានចូលរួមធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិ។ សកម្មជននយោបាយភាគច្រើនកំពុងមានជំងឺប្រចាំកាយ បន្ទាប់ពីពួកគាត់បានជាប់ពន្ធនាគារអស់រយៈពេលជិត៣ឆ្នាំមកនេះ។
អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងបណ្ដាទូតប្រជាធិបតេយ្យជាច្រើន តែងតែទទូចឱ្យរដ្ឋាភិបាលបើកលំហប្រជាធិបតេយ្យ លើកកម្ពស់ការគោរពសិទ្ធិមនុស្សឡើងវិញ និងដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីពឱ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ។ ទោះបីជាយ៉ាងណារហូតមកដល់ពេលនេះ រដ្ឋាភិបាលមិនបានឆ្លើយតបដោយវិជ្ជមានឡើយ តែបែរជាឃាត់ខ្លួនប្រធានសហជីពណាហ្គាវើលដ៏ (Naga World) កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារម្ដងទៀតកាលពីខែវិច្ឆិកាទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។