មន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែមានយន្តការកែលំអ ដែលឆ្លើយតបទៅនឹងអនុសាសន៍ នៃយន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់អង្គការសហប្រជាជាតិ ដែលកម្ពុជាទទួលយកចំនួន ៨៥ភាគរយ ពាក់ព័ន្ធនឹងការប្ដេជ្ញាចិត្តចំពោះបញ្ហាសិទ្ធិមនុស្ស។ ការលើកឡើងនេះ ក្រោយពេលកម្ពុជា បញ្ជាក់អំពីការប្ដេជ្ញាចិត្តចំពោះការគោរពសិទ្ធិមនុស្សនៅចំពោះមុខសហគមន៍អន្តរជាតិ ប៉ុន្តែជាក់ស្តែងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាគ្មានភាពប្រសើរនោះឡើយ។
ខណៈរដ្ឋាភិបាលកម្ពុជា កំពុងរងការរិះគន់ពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ មន្ត្រីសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាល គួរតែកែលំអ នូវសកម្មភាពរបស់ខ្លួន ស្របតាមការប្ដេជ្ញាចិត្តជាមួយអង្គការសហប្រជាជាតិ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៦ ខែកុម្ភៈថា ការទទួលយកនូវអនុសាសន៍ចំនួន ៨៥ភាគរយ របស់យន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) របស់អង្គការ សហប្រជាជាតិនៅពេលនេះ គឺជារឿងល្អប្រសើរ ប៉ុន្តែរដ្ឋាភិបាល គួរតែមានយន្តការ ឆ្លើយតបទៅនឹងអនុសាសន៍ទាំងនោះ។
កម្ពុជាទទួលយកអនុសាសន៍ ៨៥ភាគរយ នៃអនុសាសន៍ទាំងអស់
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ចំពោះបញ្ហាសិទ្ធិមនុស្ស ដោយលោកថា កម្ពុជាបានចូលរួមក្នុងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដូចជា យន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ជុំទី៤ កាលពីខែឧសភា ឆ្នាំ២០២៤ និងការបន្តអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការបញ្ជាក់ពីការប្ដេជ្ញាចិត្តចំពោះសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្សសកល របស់រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ដែលបានដកស្រង់ចេញពីវីដេអូថតទុករបស់លោក ក្នុងពេលថ្លែងបទអន្តរាគមន៍ នាសម័យប្រជុំលើកទី៥៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
លោក ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជាបានទទួលយកអនុសាសន៍៨៥ភាគរយ នៃអនុសាសន៍ទាំងអស់ ដែលបង្ហាញពីការប្ដេជ្ញាចិត្តលើកកម្ពស់សិទ្ធិមនុស្ស និងបើកចំហការសន្ទនាប្រកបដោយស្ថាបនា។
រដ្ឋមន្ត្រីរូបនេះ ស្នើឲ្យអ្នកកាន់អាណត្តិអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់នូវវិធីសាស្ត្រប្រកបដោយតុល្យភាព និងកម្មវត្ថុច្បាស់លាស់ ដើម្បីជៀសវាងការធ្វើនយោបាយូនីយកម្ម និងស្តង់ដារពីរ ក្នុងការវាយតម្លៃសិទ្ធិមនុស្ស។
ថ្វីបើក្រសួងការបរទេសបញ្ជាក់អំពីការប្ដេជ្ញាចិត្តចំពោះបញ្ហាសិទ្ធិមនុស្សបែបនេះ ក្ដី ក៏កន្លងទៅអង្គការអន្តរជាតិមួយចំនួន បានរកឃើញថា រដ្ឋាភិបាលកម្ពុជា ពុំបានអនុវត្តតាមអនុសាសន៍ដែលខ្លួនបានទទួលឡើយ ដោយរដ្ឋាភិបាលកម្ពុជានៅតែរឹតត្បិតលើសេរីភាពក្នុងការបង្កើតសមាគម ការជួបប្រជុំដោយសន្តិវិធី និងការបញ្ចេញមតិ ចាប់តាំងពីការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ឆ្នាំ២០១៩ មកម្ល៉េះ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រ៊ាង ចិន្តា ប្រាប់អាស៊ីសេរីតាមរយៈបណ្ដាញសង្គមតេលេក្រាម (Telegram) ថា រដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈ និងសកម្មភាពលើកកម្ពស់ និងគោរពសិទ្ធិមនុស្ស តាមរយៈការចូលរួមរាល់ដំណើរការ នៃយន្តការរបស់អង្គការសហប្រជាជាតិ និងចូលរួមកិច្ចសន្ទនាបែបស្ថាបនានានា ព្រមទាំងការបន្តអនុញ្ញាតឲ្យមានវត្តមានអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងបន្តអាណត្តិការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកនាំពាក្យរូបនេះ បន្តថា រាល់ពេលអាជ្ញាធរអនុវត្តច្បាប់ចំពោះសមាជិកសហជីព សកម្មជននយោបាយ និងសកម្មជនបរិស្ថានជាដើម តែងរងការរិះគន់ថា ជាការរំលោភសិទ្ធិមនុស្ស ខណៈលោកថា ការអនុវត្តនូវសិទ្ធិសេរីភាព គឺត្រូវស្ថិតនៅក្រោមច្បាប់។
អត្ថបទដែលទាក់ទង៖
អន្តរជាតិទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ
នៅកិច្ចប្រជុំដំណើរការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UNPR) របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បណ្ដាប្រទេសជាច្រើននៅលើពិភពលោករិះគន់រដ្ឋាភិបាលកម្ពុជាថា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយសិទ្ធិសេរីភាពកាន់តែធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។
បណ្ដាប្រទេសទាំងនោះ ក៏បានទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការ ជាពិសេស មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងបានស្នើឱ្យរដ្ឋាភិបាលកម្ពុជា ធានាឱ្យបាននូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងធ្វើកំណែទម្រង់ប្រព័ន្ធតុលាការឱ្យមានភាពឯករាជ្យ និងមិនលំអៀង ស្របតាមស្តង់ដារអន្តរជាតិ។
មន្ត្រីសង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលកម្ពុជា បង្ហាញឆន្ទៈក្នុងការលើកកម្ពស់បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីស្ដារកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ហើយពួកគេថា ប្រសិនបើរដ្ឋាភិបាល គ្រាន់តែទទួលយកនូវអនុសាសន៍ ដោយមិនបានកែលំអ អនុសាសន៍ទាំងនោះ នឹងត្រូវបានលើកឡើងម្ដងហើយម្ដងទៀតនៅពេលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។