សហគមន៍​ខ្មែរ​ ធ្វើ​ពិធី​រៃអង្គាស​ថវិកា​ជួយ​ដល់​កូដករ​ណាហ្គាវើលដ៍

សហព័ន្ធខ្មែរ​អូស្ត្រាលី​សាជីវកម្ម ​ធ្វើពិធី​បុណ្យ​ផ្កា​ទ្រទ្រង់​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅថ្ងៃ១០ ​ខែធ្នូ ​នៅ​​ទីស្នាក់ការ​សមាគម​ខ្មែរ​រដ្ឋ​វិចតូរីយ៉ា (Victoria) ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​បុគ្គលិក​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ (Naga world) ដែល​កំពុង​ប្រឈម​បញ្ហា​លំបាក​ផ្នែក​ជីវភាព និង​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ ​ដោយសារ​តែ​ថៅ​កែ​ក្រុមហ៊ុន​មួយ​នេះ ​បាន​បញ្ឈប់​ពួកគេ​ពី​ការងារ​ទាំង​បំពាន​ច្បាប់។ការ​ប្រារព្ធ​ពិធី​នៅ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​ ក៏​ធ្វើ​ឡើង​ក្នុង​គោលបំណង​ទាមទារ​យុត្តិធម៌​ដល់​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​គឺ​កញ្ញា ឈឹម ស៊ីថរ ដែល ​ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ ​ចាប់​ឃុំ​ខ្លួន​ដែរ។

ដោយ​មើល​ឃើញ​ពី​ទុក្ខវេទនា​និង​ភាព​អយុត្តិធម៌​របស់​ថ្នាក់ដឹកនាំ​សហជីព និង​បុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នោះ ​សហព័ន្ធខ្មែរ​អូស្ត្រាលី​សាជីវកម្ម បាន​រៀបចំ​ពិធី​បុណ្យ​ផ្កាប្រាក់​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ​១០ ធ្នូ ​ដើម្បី​​​​ប្រមូល​ថវិកា​ជួយ​ដល់​ពួក​គាត់​ដែល​កំពុង​ដាច់​ស្បៀង​​ និង​បង្ហាញ​​ការ​គាំទ្រ​ចំពោះ​សកម្មភាព​តស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​។ពិធី​នេះ ​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​នានា និង​​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​១០០នាក់​ រួម​ទាំង​​សមាជិក​សភា​ជាន់ខ្ពស់ អូស្ត្រាលី ​លោក ​ជូលៀន ហ៊ីល (Julian Hill) ផង​ដែរ។

ពិធី​ចាប់​ផ្ដើម​ដោយ​មាន​ព្រះសង្ឃ​សូត្រ​មន្ត និង​ការ​រាប់​បាត្រ​​​ប្រគេន​ចង្ហាន់​ដល់​​ព្រះសង្ឃ​។ បន្ទាប់មក ​អ្នកចូលរួម​នាំគ្នា​ស្មិងស្មាធិ៍​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​លះបង់​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​ សិទ្ធិសេរីភាព ប្រជាធិបតេយ្យ​និង​យុត្តិធម៌​សង្គម ​ដូចជា​មេដឹកនាំ​សហជីព​លោក ជា វិជ្ជា ​សកម្មជន​បរិស្ថាន លោក​ឈុត វុទ្ធី ​ព្រះតេជ​ព្រះគុណ សំ ប៊ុនធឿន និង​អ្នកវិភាគ​នយោបាយ​បណ្ឌិត កែម ឡី។កម្មវិធី​សំខាន់​ជា​បន្ត​ទៀត​នោះ ​គឺ​ការ​ថ្លែង​សុន្ទរកថា​របស់​​តំណាងរាស្ត្រ​អូស្ត្រាលី ​និង​តំណាង​សហគមន៍​ខ្មែរ​មួយ​ចំនួន។

សមាជិក​សភា​សហព័ន្ធ​មកពី​គណបក្សកាន់អំណាច ​លោក ​ជូលៀន ហ៊ីល ឡើង ថ្លែង​សារ​មុនគេ​ថា ទើបតែ​ពី​សប្តាហ៍​មុន​នេះ​ទេ​ ដែល​កញ្ញា​ឈឹម ស៊ីថរ បាន​មក​​ទស្សនកិច្ច​នៅ​តំបន់​ស្ព្រីងវែល​(Springvale)​ ហើយ​​បន្ទាប់​មក​​នាង​​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​​ចាប់​ដាក់​ពន្ធនាគារ​ ពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ​​ ដោយ​ការ​ប្រឌិត​បទ​ចោទ​ប្រកាន់​ក្លែងក្លាយ​តាមរយៈ​​ប្រព័ន្ធ​តុលាការ​ដែល​មាន​អំពើ​ពុករលួយ​ខ្លាំង​បំផុត​នៅ​ក្នុង​ពិភព​លោក​។លោក យល់ថា ការ​ចាប់​ឃុំខ្លួន​កញ្ញា ឈឹម ស៊ីថរ ​នេះ ​ដោយសារ​នាង​ ហ៊ាន​ក្រោក​ឈរ​ការពារ​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ​រាប់ពាន់​ដែល​ថៅកែ​ណាហ្គាវើលដ៍​បញ្ឈប់​ពី​ការងារ​ និង​​អាច​ជា​ការ​​គំរាម​ដល់​មេដឹកនាំ​សហជីព​ផ្សេង​ទៀត​ កុំ​ឲ្យ​មក​បំពេញ​ការងារ​របស់​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី ​ឬ​មាន​ទំនាក់ទំនង​ជា​មួយ​សហជីព​អន្តរជាតិ​នៅ​លើ​ពិភពលោក។ តំណាងរាស្ត្រ​អូស្ត្រាលី​រូប​នេះ​ ចាត់ទុក ថា អ្វី​ដែល​កើត​ឡើង​លើ​រូប​នាង ​គឺជា​រឿង​ដ៏​អាក្រក់​បំផុត ​ហើយ​លោក ​​នឹង​បន្ត​លើក​ឡើង​និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ​ធ្វើការ​ជាមួយ​ដៃគូ​និង​សម្ព័ន្ធ​មិត្ត​ផ្សេង ទៀត ​ដើម្បី​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន ​ឲ្យ​ធ្វើ​រឿង​ត្រឹមត្រូវ ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ​បើក​លំហ​សេរីភាព ​និង​ប្រជាធិបតេយ្យ​នៅមុនការ​បោះឆ្នោត ឆ្នាំ២០២៣។

ជាមួយ​គ្នា​នេះ ​អតីត​តំណាង​រាស្ត្រ​អូស្ត្រាលីដើមកំណើតខ្មែរ ​និង​ជា​ប្រធាន​សហព័ន្ធខ្មែរ​អូស្ត្រាលី​សាជីវកម្ម លោក ហុង លីម ថ្លែង​រិះគន់​ខ្លាំងៗ​ដោយ​ហៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា ជា​របប​ឃោរឃៅ​ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់ ​និង​ឃុបឃិត​ពុករលួយ​​ជាមួយ​ថៅកែ​ណា​ហ្គាវើលដ៍ ​ដែល​សេដ្ឋី​ម៉ាឡេស៊ី ​ដើម្បី​កេងប្រវ័ញ្ច​ជញ្ជក់​ឈាម​រាស្ត្រ​ខ្មែរ។ លោក ​ថា ​ការ​ធ្វើ​ពិធី​បុណ្យផ្កា​ប្រាក់​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​ បង្ហាញ​ពី​ការ​គាំទ្រ​ក្រុម កូដករ​ដែល​តស៊ូ​ទាមទារ​សេរីភាព ​និង​បង្ហាញថា ​ពួក​លោក​មិន​អាច​ទទួល​យក​បាន ទេ​ចំពោះ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ដោយ​អ្នកដឹកនាំ​កម្ពុជា​សព្វ​ថ្ងៃ​នេះ៖

«អ្វីដែ​លក្មួយៗ​ស៊ីថរ ធ្វើ​នោះ យើងកុំភ្លេច​គុណគាត់​គឺ​មាន​តែ​ស្រីៗ​ណាហ្គាវើលដ៍​ប៉ុន្មាន​នាក់​នោះ​ទេ ដែល​នៅ​តស៊ូ ដែលជា​និមិត្តរូប​ដែល​ជា​ពន្លឺ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅមាន​អ្នក​តស៊ូ​អត់ខ្លាច​ ព្រោះ​គ្នា​ដឹង​ថា​អយត្តិធម៌​ណាស់ ចំពោះ​គ្នា ព្រោះ​អត់​បាយ​អត់​ទឹក។ ពេលគ្នា​ចេញ​មក​ម្តងៗ​ គឺ​គេ​ចាប់​បោះ​ស្រីៗ​ហា។ បងប្អូន​គិត​មើល​បើ​ជា​កូនចៅ​របស់​បងប្អូន​យើង​វិញ​តើ​ឈឺ​ចាប់​ប៉ុណ្ណា។ គេ(សន្តិសុខ​និង​សមត្ថកិច្ច)បោះ​ក្រវាត់​ទៅ​លើ​ឡាន​ដឹក​ទៅ​ចោល​រាប់​សិបគីឡូ ហើយ​ឲ្យ​ដើរ​មក​វិញ។ ពេល​បោះទៅ​មាន​ក្មេងស្រី​ម្នាក់​រលូត​កូន​ក្នុង​ផ្ទៃ ហើយ​ក្មេង​ស្រី​ម្នាក់​ទៀត បាក់​ខ្ទង់​ច្រមុះ និង​ខ្លះទៀត​ជាំដៃ​ជើង។ ទាំងនេះ គឺ​ជា​អំពើ​ហិង្សា​ប្រឆាំង​លើ​ស្ត្រី​ដែល​ពិភពលោក​គេ​ដឹង។ អ្នក​មុខ​អ្នក​ការ​អូស្ត្រាលី ដែល​បាន​ជួប គឺ​គេ​ក្រវី​តែ​ក្បាល ព្រោះ​គេហួស​ចិត្ត​ដែល​របប​លោក ហ៊ុន សែន លក់​ខ្លួន លក់​ព្រលឹង​លក់អី​ដើម្បី​តែ​លុយ»។

រីឯ​ប្រធាន​សមាគមខ្មែរ​រដ្ឋវិចតូរីយ៉ា លោក ជា យូហ៊ន លើក​ឡើង​ថា ​ការ​ប្រមូល ថវិកា​ជួយ​ដល់​ក្រុម​កូដករ​ណាហ្គាវើលដ៍​នេះ​ ដោយសារ​អាណិត​ពួកគាត់​ដែល​កំពុង​ដាច់​ស្បៀង និង​រង​ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ បន្ទាប់ពី​ថៅកែ​បញ្ឈប់​ពួក គាត់​ពី​ការងារ​ទាំង​បំពាន៖

«ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​ដែល​នៅ​ខាង​ក្រៅ​នេះ នាំគ្នា​ជួយ​ស្រែក​ជួយ​តវ៉ា ធ្វើ​យ៉ាង​ម៉េច​ឲ្យ​កម្ពុជា​មាន​សុក្រិត្យភាព និង​ស្គាល់​សេរីភាព ឲ្យ​ស្គាល់​សិទ្ធិ​មនុស្ស»។

កញ្ញា ឈឹម ស៊ីថរ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ជា​លើកទី២ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ​នៅ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​នាង​វិល​ទៅ​កម្ពុជា​វិញ ក្រោយ​ចូលរួម​សមាជ​ពិភពលោកទី៥​របស់​សហព័ន្ធ​សហជីព​អន្តរជាតិ ដែល​បាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ម៉ែលប៊ន ​(Melbourne ) ប្រទេស​អូស្ត្រាលី (Australia)។ ពេល មក​ដល់​ប្រទេស​អូស្ត្រាលី ស៊ីថរ​ បាន​ជួប​តំណាង​សហគមន៍​និង​ជួប​ជាមួយ​តំណាង​រាស្ត្រ​អូស្ត្រាលី ​ព្រមទាំង​​អ្នក​មុខ​អ្នកការ​មួយ​ចំនួន​ទៀត។ ហេតុ​ដូច្នេះ​ហើយ​ទើប តំណាង​សហគមន៍​ខ្មែរ ​តំណាង​រាស្ត្រ​អូស្ត្រាលី ​ព្រមទាំង​ស្ថានទូត​អូស្ត្រាលី បង្ហាញ​ក្តី​អាណិត​អាសូរ​ ​និង​ឈឺឆ្អាល​ជា​ខ្លាំង​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំសហជីព​ជា​ស្ត្រី​វ័យក្មេង​រូប​នេះ​។​​

ទាក់ទង​រឿង​នេះ​ដែរ ​តំណាងរាស្ត្រ​រដ្ឋ​វិចតូរីយ៉ា​ដើម​កំណើត​ខ្មែរ​ លោក តាក់ ម៉េង​ហ៊ាង ​អំពាវនាវ​ដល់​​ពលរដ្ឋខ្មែរ​ដែលធ្លាប់​រងគ្រោះ​បាត់បង់​សិទ្ធិ​សេរីភាព​ក្រោម​របប ដឹកនាំ​ជាច្រើន​ជំនាន់​ហើយ​​មាន​វាសនា​មក​រស់នៅ​ប្រទេស​អូស្ត្រាលី​ដែល​ទទួល​បាន​កិច្ច​គាំពារ​និង​សិទ្ធិ​សេរីភាព​ពេញលេញ ​ គួរតែ​ចូលរួម​គាំទ្រ​ពលរដ្ឋខ្មែរ​ ក៏ដូច​ជា​ក្រុម​កូដករ​ណាហ្គាវើលដ៍​នៅ​ឯ​មាតុ​ភូមិកំណើត​ដែល​កំពុង​តែ​រង​គ្រោះ​និង​តស៊ូ​ទាមទារ​យុត្តិធម៌​និង​សេរីភាព​មកវិញ៖

«ខ្ញុំចង់​និយាយ​បន្ថែម​ទៀត​ទាក់ទង​នឹង​ក្រុម​សន្តិភាព ដែល​កំពុង​តែ​វាទ​ទី​ក្នុង​ទីក្រុង​ម៉ែលប៊ន ដែល​អ្នក​ទាំង​នោះ កំពុង​តែ​រៀបចំ​កម្មវិធី​អបអរ​៧​មករា នៅ​ក្នុង​ខែក្រោយ​នោះ ឲ្យ​គាត់​ឆ្លើយ​មើល​នូវ​សំណួរ​សំខាន់ៗ​ថា តើកម្មករ​ជាស្ត្រី​ជាង​២​ពាន់នាក់ តើ​គាត់​ឆ្លើយ​យ៉ាង​ម៉េច នៅក្នុង​សម្បញ្ជៈ​របស់​គាត់ តើ​គាត់​ឆ្លើយ​យ៉ាង​ម៉េច​នៅ​ពេល​ឃើញ​រូបភាព​ស្ត្រី​ដែល ខិតខំ​ប្រឹង​ប្រែង​តវ៉ា​ដើម្បី​បាន​សិទ្ធិ​ចូល​ធ្វើការ​ងារ​វិញ​ហើយ​ត្រូវ​បាន​លាបពណ៌​ថា ជា​ក្រុម​បះបោ ក្រុម​បដិវត្ត​ពណ៌​?តើគាត់​ឆ្លើយ​ជាមួយ​បងប្អូន​គាត់ យ៉ាងម៉េច​នៅ​ពេល​ដែល​ការ​ទាមទារ​របស់​ស្ត្រី ត្រូវ​បាន​គេ​ធ្វើ​បាយ​យ៉ាង​សាហាវ​យង់​ឃ្នង»។

ក្នុង​ពេល​ដែល​សហគមន៍​ខ្មែរនៅប្រទេសអូស្ត្រាលី ​ជួបជុំ​រៃ​អង្គាស​ថវិកា និង​លើក​ឡើង​ពី​ភាព​អយុត្តិធម៌របស់​ក្រុម​កូដករ​​ណាហ្គាវើលដ៍​នេះ​ នៅ​ល្ងាច​ថ្ងៃទី១០ ធ្នូ ដដែល​នេះ ក្រុម​កូដករ​ទាំងនោះ ក៏បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​បង្ហោះ​ប៉េងប៉ោង​នៅ​ខាងមុខ​ពន្ធនាគារ​ព្រៃស ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​របស់​ពួកគេ គឺ​កញ្ញា​ឈឹម ស៊ីថរ​ ដែរ។

ក្រោយការ​ចាប់ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ជា​លើកទី២​នេះ ក្រសួង​ការបរទេស​អាមេរិក ស្ថានទូត​អូស្ត្រាលី សហព័ន្ធ​សហជីព​អន្តរជាតិ ព្រមទាំង​ក្រុម​អង្គការ សមាគម សហជីព​ក្នុង​ស្រុក​ជិត​មួយ​រយ​ស្ថាប័ន ក៏បាន​ចេញសេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​រូប​នាង ហើយ​លុបចោល​រាល់ការ​ចោទ​ប្រកាន់ និង​ឈាន​ទៅ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​យុត្តិធម៌​និង​សមធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។