គណៈកម្មការសិទ្ធិមនុស្សអាស៊ានជួបជជែកគ្នារឿងសិទ្ធិមនុស្សក្នុងតំបន់
2022.11.17

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា អាយឆា (AICHR) បានជួបប្រជុំជាមួយក្រុមការងារអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៧ វិច្ឆិកា ដើម្បីស្វែងរកមធ្យោបាយក្នុងការបង្កើនការចូលរួមជាមួយគ្នាលើវិស័យសិទ្ធិមនុស្ស។ កិច្ចប្រជុំនេះដឹកនាំដោយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងជាតំណាងកម្ពុជាប្រចាំអាយឆា។
ជាមួយគ្នានេះ លោក កែវ រ៉េមី បានដឹកនាំកិច្ចប្រជុំពិសេសលើកទី ២ របស់អាយឆា ដោយផ្ដោតលើការវិវឌ្ឍថ្មីៗពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ដូចជា ការបង្កើតច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងគំនិតផ្ដួចផ្ដើមថ្មីៗ បូករួមទាំងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីអាទិភាពរបស់ខ្លួន ពាក់ព័ន្ធនឹងសិទ្ធិកុមារ សិទ្ធិជនមានពិការភាព សិទ្ធិមនុស្ស និងបរិស្ថាន ធុរកិច្ច និងសិទ្ធិមនុស្ស និងការជួញដូរមនុស្ស ជាដើម។
ប្រទេសឥណ្ឌូណេស៊ីនឹងក្លាយជាប្រធានអាយឆា នៅឆ្នាំក្រោយនេះ ដើម្បីបន្តបេសកកម្មលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។
ទោះបីជាអាស៊ានមានគណៈកម្មការអន្តររដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស មានសេចក្ដីប្រកាសសិទ្ធិមនុស្សផ្ទាល់ខ្លួន ហើយមេដឹកនាំអាស៊ានប្ដេជ្ញាគោរពសិទ្ធិមនុស្សយ៉ាងណាក្ដី ក៏ស្ថានភាពជាក់ស្ដែង ប្រទេសនីមួយៗក្នុងតំបន់នេះកំពុងចាក់ស្រេះដោយបញ្ហារំលោភសិទ្ធិមនុស្សទៅតាមទម្រង់ផ្សេងៗគ្នា។ ជាឧទាហរណ៍ ក្រោមការគ្រប់គ្រងនៃរបបសឹក ប្រទេសភូមាកំពុងមានអំពើហិង្សាបង្ហូរឈាមសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ ព្រមទាំងការកាត់ទោសប្រហារជីវិត និងដាក់ទណ្ឌកម្មលើក្រុមអ្នកនយោបាយនិយមប្រជាធិបតេយ្យ។ ចំណែកនៅកម្ពុជាវិញ លោក ហ៊ុន សែន កំពុងដឹកនាំប្រទេសបែបផ្ដាច់ការឯកបក្ស និងបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសសិទ្ធិនយោបាយរបស់ក្រុមអ្នកនយោបាយប្រឆាំង។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិពិនិត្យឃើញថា ករណីរំលោភសិទ្ធិមនុស្សក្នុងតំបន់អាស៊ានបានកើតមានជាបន្តបន្ទាប់ និងកាន់តែអាក្រក់ឡើងជាលំដាប់។ ផ្ទុយទៅវិញ ក្រុមមេដឹកនាំអាស៊ានមិនបានធ្វើអ្វីដើម្បីដោះស្រាយបញ្ហានេះទេ។ ក្នុងបរិបទបែបនេះ មន្ត្រីសិទ្ធិមនុស្សជំរុញឱ្យប្រជាជនអាស៊ានចងក្រងគ្នាជាបណ្ដាញ និងព្យាយាមកសាងសាមគ្គីភាព និងកម្លាំងឱ្យបានរឹងមាំ។ ជាមួយគ្នានេះ ប្រជាជនអាស៊ានត្រូវតែបន្តស៊ូទ្រាំ និងគិតប្រកបដោយភាពច្នៃប្រឌិត ជាពិសេសទាក់ទងជាមួយរដ្ឋាភិបាលដទៃទៀតជុំវិញពិភពលោក ដែលខ្វាយខ្វល់អំពីសិទ្ធិមនុស្ស ដើម្បីឱ្យដាក់សម្ពាធលើរដ្ឋាភិបាលប្រទេសរបស់ពួកគេនីមួយៗ។
ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) កាលពីសប្ដាហ៍មុន បានអំពាវនាវដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបើកលំហសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងអង្គការសង្គមស៊ីវិលឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។