ជនភៀសខ្លួនខ្មែរនៅប្រទេសថៃធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់ចាប់ចង និងប្រើហិង្សាលើអ្នកដែលមាននិន្នាការផ្ទុយបន្តទៅទៀត។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា យុទ្ធនាការទាមទាររបស់ជនភៀសខ្លួននេះ ជាសិទ្ធិសេរីភាពរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ។
ក្រុមជនភៀសខ្លួនខ្មែរធ្វើយុទ្ធនាការតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដោយដាក់សញ្ញាគូសខ្វែងពណ៌ក្រហមអមដោយរូបថតផ្ទាល់ខ្លួន និងសរសេរខ្លឹមសារថា ថ្កោលទោសរដ្ឋាភិបាលត្រកូលហ៊ុន ដែលតែងប្រើហិង្សាលើជាតិសាសន៍ខ្លួនឯង។
មន្ត្រីគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ខឹម មុន្នីកុសល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ មករា ថា ការធ្វើយុទ្ធនាការនេះដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ចាប់ការចងនិងប្រើហិង្សាមកលើអ្នកដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលបន្តទៀត។ លោកបញ្ជាក់ថា មូលហេតុដែលធ្វើបែបនេះដោយសារមិនពេញចិត្តនឹងរដ្ឋាភិបាលតាមធ្វើទុក្ខបុកម្នេញលើអ្នកមាននិន្នាការផ្ទុយជាបន្តបន្ទាប់ ជាពិសេសថ្មីៗនេះអាជ្ញាធរថៃចាប់ជនភៀសខ្លួនខ្មែរ៧នាក់ និងមានជនមិនស្គាល់មុខព្រួតវាយសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺ លោក ស្រ៊ុន ស្រ៊ន បណ្ដាលឱ្យរបួសធ្ងន់ជាដើម។
លោក ខឹម មុន្នីកុសល៖ «ជាការអំពាវនាវមួយហើយក៏ជាការដាស់តឿនដល់គាត់ផងដែរថា អំពើហិង្សាអស់ហ្នឹងគួរតែបញ្ឈប់ទៅ ហើយរិះគន់មធ្យោបាយអ្វីថ្មីល្អយកមកអនុវត្តវិញជាជាងតែប្រើយុទ្ធសាស្ត្រប្រើអំពើហិង្សាបង្ក្រាបប្រជាពលរដ្ឋ។ យើងរកវិធីដោះស្រាយតាមបែបប្រជាធិបតេយ្យតាមអហិង្សាផ្ដល់សិទ្ធិសេរីភាពទៅឱ្យប្រជាពលរដ្ឋ បើកលំហប្រជាធិបតេយ្យវិញទៅ ដើម្បីយើងអាចមានលទ្ធភាពស្ដារទាំងសេដ្ឋកិច្ចជាតិស្ដារទាំងមុខមាត់ប្រទេសជាតិឡើងវិញ»។
លោកបន្តថា ពួកគេនឹងធ្វើយុទ្ធនាការនេះតាមបណ្ដាញសង្គមជាបន្តបន្ទាប់ទៀត ដោយគ្មានថ្ងៃកំណត់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៣ មករា។
ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពុំបានបញ្ជូនមនុស្សទៅចាប់ចង និងវាយធ្វើបាបពលរដ្ឋខ្មែរណាម្នាក់នោះទេ។
លោក សុខ ឥសាន៖ «អាហ្នឹងជាករណីច្រើនណាស់ ហើយករណីទូទៅឱ្យកើតអី ថ្ងៃក្រោយទៅឡានបុកម៉ូតូងាប់មនុស្សទៅអាហ្នឹងថា រាជរដ្ឋាភិបាលកម្ពុជាបញ្ជូនមនុស្សឱ្យទៅបុកឬយ៉ាងម៉េច។ អាហ្នឹងវាមិនត្រឹមត្រូវទេ ទុកឱ្យសមត្ថកិច្ចគេធ្វើការដើម្បីស្រាវជ្រាវរកការពិតអាហ្នឹងបានត្រឹមត្រូវ»។
ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ការទាមទាររបស់ជនភៀសខ្លួនទាំងនោះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។ លោកបញ្ជាក់ថា ការចាប់ចង និងការប្រើហិង្សាលើអ្នកមាននិន្នាការផ្ទុយកន្លងទៅ គឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។
លោក យិន ម៉េងលី៖ «មុននឹងយើងក្លាយជាមន្ត្រីសាធារណៈមុននឹងយើងក្លាយជាមេដឹកនាំប្រទេសយើងត្រូវចិត្តត្រៀមគំនិតឱ្យហើយទៅ ថាយើងនឹងប៉ះខ្យល់ប៉ះព្យុះជៀសមិនផុតទេ ពីព្រោះវាតែងមានអ្នកពេញនឹងអ្នកមិនពេញចិត្ត។អីចឹងយើងកុំខឹងគេពីព្រោះអ្វីដែលជាការរិះគន់ អ្វីដែលជាការលើកអ្វីដែលជាការថ្កោលទោសយើងធ្វើការពិចារណាមើលឆ្លុះបញ្ចាំងមកវិញ។ ពេលខ្លះយើងមើលតែគេមើលទៅខាងភាគីម្ខាងភ្លេចមើលខ្លួនឯង អីចឹងមើលឃើញតែគេខុស។ អ៊ីចឹងយើងមើលផងតើអ្វីដែលគេថា នឹងវាជាការពិតទេ យើងកុំប្រកែកដោះសាអីចឹងពិនិត្យយើងទទួលយកអាហ្នឹងបានជាអ្នកដឹកនាំមួយក្នុងសង្គមប្រជាធិបតេយ្យ»។
ចាប់ពីឆ្នាំ២០១៧ មកដល់ពេលនេះមានសកម្មជនសង្គម និងនយោបាយ មិនតិចជាង ៥០នាក់ទេ ដែលរងការលួចវាយប្រហារ ដោយភាគច្រើនជាការប៉ុនប៉ងវាយសម្លាប់ ដោយប្រើដំបងដែកវាយសន្ធាប់ទៅលើក្បាលជនរងគ្រោះ។ បន្ថែមពីនេះមានសកម្មជននយោបាយ សកម្មជនសង្គម និងអ្នកមានមតិផ្ទុយពីរដ្ឋាភិបាល ប្រមាណ ៤០នាក់ កំពុងជាប់នៅពន្ធនាគារ ដែលពួកគេភាគច្រើនត្រូវបានតុលាការចោទប្រកាន់ពីបទក្បត់ជាតិ និងញុះញង់។
កន្លងទៅសហគមន៍ជាតិ និងអន្តរជាតិចាត់ទុករឿងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពវិញដោយឥតលក្ខខណ្ឌ ហើយងាកមកគោរពសិទ្ធិមនុស្សនិងដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។