ក្រុមអ្នករងគ្រោះផ្ញើសារទៅមេដឹកនាំអាស៊ាន និងអាមេរិកអន្តរាគមន៍បញ្ហារំលោភសិទ្ធិមនុស្សទៅរដ្ឋាភិបាលកម្ពុជា
2022.11.12

ក្រុមអ្នករងគ្រោះនាំគ្នាចេញតវ៉ា និងផ្ញើសារទៅមេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេសប្រជាធិបតេយ្យធំៗ ជាពិសេសប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) ឲ្យជួយដោះស្រាយសំណើ និងទុក្ខកង្វល់ពួកគេ រួមមានការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន ទម្លាក់ចោលការចោទប្រកាន់ ហើយដោះលែងអ្នកជាប់ឃុំដោយសាររឿងនយោបាយដោយឥតលក្ខខណ្ឌ ព្រមទាំងបើកលំហរប្រជាធិបតេយ្យឡើងវិញ។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលជំរុញពួកគេស្វែងរកយុត្តិធម៌តាមរយៈស្ថាប័នកម្ពុជា ពីព្រោះការតស៊ូមតិ និងការដាក់ញត្តិទៅរដ្ឋាភិបាលបរទេស មិនអាចរកដំណោះស្រាយបានទេ។
ជនរងគ្រោះដែលជាក្រុមគ្រួសារសកម្មជនបក្សប្រឆាំង ក្រុមយុវជនសង្គម ក្រុមកម្មករ ព្រមទាំងពលរដ្ឋរងគ្រោះដីធ្លីបានផ្ញើសារដូចៗគ្នាដោយស្នើដល់មេដឹកនាំប្រទេសយកបញ្ហាពួកគេទៅជជែកជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ងាកមកគោរពសិទ្ធិមនុស្ស ស្តារលទ្ធិប្រជាធិបតេយ្យនិងកែទម្រង់ប្រព័ន្ធយុត្តិធម៌ឡើងវិញ។ ជនរងគ្រោះបានធ្វើកូដកម្មតវ៉ាដោយសន្តិវិធីដោយត្រូវបានអាជ្ញាធរតាមធ្វើទុក្ខបុកម្នេញ និងឃាមឃាត់ ក្រោមហេតុផលរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។
តំណាងយុវជនខ្មែរថាវរៈលោក ហ៊ុន វណ្ណៈ ឱ្យដឹងថា ក្រុមយុវជនបានធ្វើកូដកម្មបង្អត់អាហាររយៈពេល១សប្តាហ៍ដល់៦ថ្ងៃហើយ ដើម្បីទាមទារយុត្តិធម៌ជូនអ្នកទោសមនសិការ តែអាជ្ញាធរក្រុងភ្នំពេញនៅតែតាមរំខាន បំភិតបំភ័យជាហូហែក្នុងគោលបំណងបញ្ឈប់សកម្មភាពរបស់យុជននៅទីលានប្រជាធិបតេយ្យ។ លោកឱ្យដឹងថា រហូតមកដល់ពេលនេះ មានយុវជនខ្មែរថាវរៈចំនួន៤នាក់ធ្លាក់ខ្លួនឈឺ និងដួលសន្លាប់ក្នុងនោះលោក ស្វាយ សំណាង បានដឹងទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយគ្រូពេទ្យកំពុងពិនិត្យនិងព្យាបាល។ យុវជនរូបនេះព្រួយបារម្ភថា ក្រោយកិច្ចប្រជុំអាស៊ានការអនុវត្តសិទ្ធិសេរីភាពរបស់ពលរដ្ឋនឹងកាន់តែយ៉ាប់យ៉ឺនជាងនេះ បើសិនមេដឹកនាំប្រទេសប្រជាធិបតេយ្យមិនដាក់សម្ពាធណាមួយឱ្យរដ្ឋាភិបាលកម្ពុជាលើកម្ពស់សិទ្ធិមនុស្សឡើងវិញនោះទេ៖
«យើងជាប្រជាពលរដ្ឋមិនដែលមានពន្លឺនៃការផ្តល់ក្តីសង្ឃឹមណាមួយថាយើងត្រូវបានគេឈឺឆ្អាល ខ្ញុំរំពឹងថា មានតែសហរដ្ឋអាមេរិកជួយបាន និងបន្តគោលជំហរជាមួយពលរដ្ឋខ្មែរ គិតគូរពីសុខទុក្ខពលរដ្ឋខ្មែរ ហើយឱ្យមានការពិចារណាចូលរួមដោះស្រាយវិបត្តិនយោបាយខ្មែរ ជាពិសេសការបោះឆ្នោតខាងមុខនេះ»។
ចំណែកតំណាងស្រ្តីថ្ងៃសុក្រ និងជាប្រពន្ធមន្រ្តីគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញដែលកំពុងជាប់ពន្ធគារលោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងថា កិច្ចប្រជុំអាស៊ាននេះ គឺជាឱកាសល្អសម្រាប់ជនរងគ្រោះដែលរងនូវភាពអយុត្តិធម៌ពីសំណាក់រដ្ឋាភិបាលកម្ពុជាកន្លងមក។ ប្រពន្ធសកម្មជនបក្សប្រឆាំងរូបនេះឱ្យដឹងថា លោកស្រីគ្រោងនាំគ្នាចេញដាក់ញត្តិជូនប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃ១២ ខែវិច្ឆិកាដែរ ប៉ុន្តែសមត្ថកិច្ចចម្រុះជាច្រើននាក់បានឡោមព័ទ្ធមិនអនុញ្ញាតលោកស្រីចេញពីផ្ទះឡើយ។ ទោះយ៉ាងណាលោកស្រីស្នើដល់ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden)ជួយអន្តរាគមន៍ឱ្យរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសដោយបញ្ឈប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោះលែងអ្នកទោសមនសិការទាំងអស់ និងបើកលំហរប្រជាធិបតេយ្យតាមរយៈរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ៖ « នេះជាឱកាសមាសមួយដែលពួកខ្ញុំត្រូវចេញតវ៉ា ប៉ុន្តែពួកខ្ញុំចេញអត់រួចទេ ដោយសារមានការឃ្លាំមើល និងតានតឹងខ្លាំងមែនទែន ហើយខ្ញុំឥឡូវនេះគេ (អាជ្ញាធរ) មកបិទជិតអស់ហើយ។ ខ្ញុំសង្ឃឹមថា ជំនួបនៃកិច្ចប្រជុំនេះនឹងមានការប្រែប្រួលដើម្បីដោះលែងអ្នកប្រជាធិបតេយ្យទាំងអស់ដូចជាប្តីរបស់ខ្ញុំតែម្តង ខ្ញុំជឿជាក់»។
រីឯក្រុមកូដករណាហ្គាវើលដ៍ (Naga world) បន្តប្រមូលផ្តុំឈរតវ៉ានៅមុខអគារក្រុមហ៊ុនទាមទារឱ្យរដ្ឋាភិបាល និងម្ចាស់ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) ចេញមុខដោះស្រាយវិវាទការងារជូនពួកគាត់ទៅតាមច្បាប់ត្រូវបានក្រុមអាជ្ញាធរស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានរាប់សិបនាក់ពង្រាយកម្លាំងតាមឃ្លាំមើលសកម្មភាពរបស់កូដករ។
កូដករណាហ្គាវើលដ៍កញ្ញា ម៉ែន សុធីវឌ្ឍនៈ ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមកូដករធ្វើកូដកម្មជិត១ឆ្នាំហើយ ប៉ុន្តែពុំទទួលបានដំណោះស្រាយនោះទេ ផ្ទុយទៅវិញអាជ្ញាធរ និងភាគីក្រុមហ៊ុនបានលាបពណ៌ ចោទប្រកាន់ក្រុមកម្មករតាមប្រព័ន្ធតុលាការ និងប្រើហិង្សាទាត់ធាក់កម្មករតាមទំនើងចិត្ត។ កញ្ញាស្នើដល់មេដឹកនាំពិភពលោកដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ានយកសំណើរបស់កម្មកររុញឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញឆន្ទៈច្បាស់លាស់ក្នុងការបញ្ចប់វិវាទការងារ ដោយស្មោះត្រង់ បញ្ឈប់ការរឹតត្បិតសេរីភាពសម្តែងមតិ និងប្រើប្រាស់ប្រព័ន្ធតុលាការដាក់សម្ពាធលើពលរដ្ឋតទៅទៀត៖
«ស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់គោរពច្បាប់ការងារដើម្បីឱ្យមានស្ថិរភាពក្នុងអាស៊ាន និងស្នើសុំឱ្យថ្នាក់ដឹកនាំកំពូលៗ ដូចជាថ្នាក់ដឹកនាំអាមេរិកសូមជួយជំរុញរដ្ឋាភិបាលខ្មែរជួយដោះស្រាយក្នុងវិវាទការងារមួយនេះផង»។
ដោយឡែកតំណាងសហគមន៍រងគ្រោះដីធ្លី នៅស្រុកបូទុមសាគរ ខេត្តកោះកុង លោកស្រី សៅ នូយ ថ្លែងថា ពលរដ្ឋក្នុងសហគមន៍លោកស្រីបាត់ដីធ្លីធ្វើស្រែចំការតាំងពីឆ្នាំ២០០៦ ដោយសារម្ចាស់ក្រុមហ៊ុនមានលុយមានអំណាចរំលោភយកទៅកាន់កាប់ដោយមិនបានផ្តល់ដំណោះស្រាយត្រឹមត្រូវតាមច្បាប់ដែលធ្វើឱ្យជីវភាពពលរដ្ឋក្រីក្រ ចំណាកស្រុក និងកូនបោះបង់ការសិក្សាទាំងបង្ខំជាដើម។ លោកស្រីឱ្យដឹងថា កន្លងមកពលរដ្ឋបាននាំគ្នាចេញដាក់ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធដែរ តែមន្រ្តីទាំងនោះមិនបានផ្តល់ដំណោះស្រាយណាមួយជូនពលរដ្ឋនោះទេ។ លោកស្រី សៅ នូយ ឱ្យដឹងថា ថ្មីៗនេះលោកស្រីបានលើកឡើងសំណើ និងកង្វល់សំខាន់ៗរបស់សហគមន៍នៅក្នុងវេទិកាប្រជាពលរដ្ឋអាស៊ានរួចហើយ ដើម្បីដាក់ជូនរដ្ឋាភិបាលយកទៅពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ដូច្នេះលោស្រីសង្ឃឹមថា ពលរដ្ឋរងគ្រោះនឹងទទួលបានដំណោះស្រាយត្រឹមត្រូវខាងមុខនេះ៖
«អត់បានយើងនៅតែតស៊ូទៅមុខទៀតអ៊ីចឹងទៅ ប៉ុន្តែគេ យកញត្តិទៅចឹងសង្ឃឹមថា ទទួលបានដំណោះស្រាយ ព្រោះអាស៊ានប្រជុំធំ ហើយយើងទាមទារវាយូររាប់ខែរាប់ឆ្នាំមកហើយ យូរៗទៅរកលុយធ្វើដំណើរមិនចង់បានផង»។
សំណើអ្នករងគ្រោះទាំងនេះ ធ្វើឡើងចំពេលបណ្តាមេដឹកនាំពិភពលោកបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្នុងនោះប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) បានធ្វើដំណើរមកដល់កម្ពុជានៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ ហើយតាមគម្រោង លោកប្រធានាធិបតីអាមេរិក ក៏នឹងមានជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) នៅក្រុងភ្នំពេញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកានោះ ក្រសួងការបរទេសអាមេរិក គូសបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែបន្តផ្ដោតអាទិភាពអំពាវនាវឱ្យដោះលែងមេធាវីសញ្ជាតិខ្មែរអាមេរិកកាំងកញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំងទាំងអស់ដែលត្រូវបានជាប់ឃុំដោយអយុត្តិធម៌។
ឆ្លើយតបរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និយាយថា ការតស៊ូមតិ និងការដាក់ញត្តិរបស់ពលរដ្ឋស្នើសុំរដ្ឋាភិបាលបរទេសជួយអន្តរាគមន៍មករដ្ឋាភិបាលកម្ពុជាមិនមែនជាដំណោះស្រាយបានទេ។ លោកអះអាងថា ក្រសួងយុត្តិធម៌បានកែទម្រង់ប្រព័ន្ធច្បាប់ ហើយរដ្ឋាភិបាលតែងតែទទួលយកសំណើរបស់ពលរដ្ឋមកដោះស្រាយជាបន្តបន្ទាប់។ ដូច្នេះលោកជំរុញឱ្យពលរដ្ឋស្វែងរកយុត្តិធម៌តាមរយៈប្រព័ន្ធច្បាប់ និងស្ថាប័នរបស់កម្ពុជាវិញ៖
«យើងប្រើប្រាស់ទៅតាមយន្តការច្បាប់ហ្នឹងជាជាងការតស៊ូមតិ ពីព្រោះការតស៊ូមតិគ្រាន់តែពង្រឹងគោលជំហរនយោបាយ វាមិនមែនជាការដោះស្រាយទេ វាមិនបានផលអ្វីដល់អ្នកដទៃទៀត ឬអ្នកធ្វើអំពើដែលយល់ឃើញថា ជាការជិះជាន់ ការរំលោភសិទ្ធិនោះ»។
ទោះយ៉ាងណា មន្រ្តីសិទ្ធិមនុស្សធ្លាប់លើកថា សហគមន៍អន្តរជាតិចង់ឃើញរដ្ឋាភិបាលកែលម្អស្ថានភាពប្រជាធិបតេយ្យ និងគោរពសិទ្ធិឱ្យប្រសើរឡើងវិញ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងការអភិវឌ្ឍសម្រាប់ពលរដ្ឋខ្មែរ។ ទន្ទឹមនឹងនេះ ការដែលប្រទេសប្រកាន់ប្រជាធិបតេយ្យលើកឡើងបញ្ហាទាំងនេះឱ្យរដ្ឋាភិបាលពិនិត្យ និងដោះស្រាយមិនមែនជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ ពីព្រោះពួកគេមានកាតព្វកិច្ចក្នុងការជួយដល់កម្ពុជាដែលមានចែងក្នុងស្មាតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
ចំណែករបាយការណ៍របស់ គម្រោងយុត្តិធម៌ពិភពលោក (WJP) បានរកឃើញថា ប្រទេសកម្ពុជាពូកែខាងរំលោភច្បាប់។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ផ្នែកនីតិរដ្ឋ ឬគោរពច្បាប់ស្ទើរតែនៅបាតតារាងគឺនៅលេខ ១៣៩ ក្នុងចំណោម១៤០ប្រទេស ក្នុងឆ្នាំ២០២២នេះ។ របាយការណ៍នេះបានបង្ហាញកត្តាចម្បងៗចំនួន៨ សម្រាប់ដំណើរការដាក់សន្ទស្សន៍នីតិរដ្ឋ ក្នុងនោះរួមមានដូចជា ដែនកំណត់អំណាចរដ្ឋាភិបាល ការលុបបំបាត់អំពើពុករលួយ រដ្ឋាភិបាលបើកទូលាយ សិទ្ធិជាមូលដ្ឋាន សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម ការពង្រឹងការអនុវត្តច្បាប់ យុត្តិធម៌ផ្នែករដ្ឋប្បវេណី និងយុត្តិធម៌ផ្នែកព្រហ្មទណ្ឌ ដែលកម្ពុជាសុទ្ធតែទទួលបានពិន្ទុទាបទាំងអស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។