ក្រុម​អ្នករងគ្រោះ​ផ្ញើសារ​ទៅ​មេដឹកនាំ​អាស៊ាន​ និង​អាមេរិក​អន្តរាគមន៍​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ទៅ​រដ្ឋាភិបាល​កម្ពុជា

ក្រុម​អ្នក​រងគ្រោះ​នាំគ្នា​ចេញ​តវ៉ានិង​ផ្ញើសារ​ទៅ​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗជាពិសេស​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន(Joe Biden) ឲ្យ​ជួយ​ដោះស្រាយ​សំណើនិង​ទុក្ខកង្វល់​ពួកគេរួមមាន​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ហើយ​ដោះលែង​អ្នក​ជាប់ឃុំ​ដោយ​សារ​រឿង​នយោបាយ​ដោយ​ឥតលក្ខខណ្ឌព្រម​ទាំង​បើក​លំហរ​ប្រជាធិបតេយ្យ​ឡើង​វិញ។ ប៉ុន្តែមន្រ្តី​រដ្ឋាភិបាល​ជំរុញ​ពួកគេ​ស្វែងរក​យុត្តិធម៌​តាម​រយៈ​ស្ថាប័ន​កម្ពុជាពីព្រោះ​ការ​តស៊ូមតិនិង​ការ​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​បរទេសមិន​អាច​រក​ដំណោះ​ស្រាយ​បាន​ទេ។

ជនរងគ្រោះដែល​ជា​ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំងក្រុម​យុវជន​សង្គមក្រុម​កម្មករ​ព្រម​ទាំង​ពលរដ្ឋ​រងគ្រោះដីធ្លី​បាន​ផ្ញើ​សារ​ដូចៗ​គ្នា​ដោយ​ស្នើដល់​មេដឹកនាំ​ប្រទេស​យក​បញ្ហា​ពួកគេ​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ងាក​មក​គោរព​សិទ្ធិមនុស្សស្តារ​លទ្ធិប្រជាធិបតេយ្យ​និង​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឡើង​វិញ។ ជនរងគ្រោះបាន​ធ្វើកូដកម្ម​តវ៉ា​ដោយ​សន្តិវិធី​ដោយ​ត្រូវ​បាន​អាជ្ញាធរ​តាម​ធ្វើទុក្ខបុកម្នេញនិង​ឃាមឃាត់ក្រោម​ហេតុផល​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ។

តំណាងយុវជនខ្មែរ​ថាវរៈ​លោក ហ៊ុន វណ្ណៈ ឱ្យដឹងថា ក្រុម​យុវជន​បាន​ធ្វើកូដកម្ម​បង្អត់​អាហារ​រយៈពេល​១​សប្តាហ៍​ដល់​៦​ថ្ងៃ​ហើយដើម្បី​ទាមទារ​យុត្តិធម៌​ជូនអ្នក​ទោស​មនសិការ​តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​នៅ​តែ​តាម​រំខានបំភិតបំភ័យ​ជាហូហែ​ក្នុងគោលបំណង​បញ្ឈប់​សកម្មភាព​របស់​យុជន​នៅទីលាន​ប្រជាធិបតេយ្យ។ លោកឱ្យដឹងថា រហូតមកដល់ពេលនេះ មានយុវជន​ខ្មែរថាវរៈ​ចំនួន៤នាក់​ធ្លាក់​ខ្លួន​ឈឺនិង​ដួលសន្លាប់​ក្នុង​នោះ​លោក ស្វាយ សំណាង បានដឹងទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យដោយ​គ្រូពេទ្យ​កំពុង​ពិនិត្យ​និង​ព្យាបាល។ យុវជនរូបនេះ​ព្រួយបារម្ភថា ក្រោយ​កិច្ចប្រជុំ​អាស៊ាន​ការ​អនុវត្ត​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​នឹង​កាន់​តែយ៉ាប់​យ៉ឺន​ជាង​នេះបើសិន​មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​មិនដាក់​សម្ពាធ​ណាមួយ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើ​កម្ពស់​សិទ្ធិមនុស្ស​ឡើងវិញ​នោះ​ទេ៖

«យើង​ជា​ប្រជាពលរដ្ឋ​មិន​ដែល​មាន​ពន្លឺ​នៃ​ការ​ផ្តល់​ក្តី​សង្ឃឹម​ណាមួយ​ថា​យើង​ត្រូវ​បាន​គេ​ឈឺឆ្អាល​ ខ្ញុំ​រំពឹង​ថា មាន​តែ​សហរដ្ឋអាមេរិក​ជួយ​បាន និង​បន្តគោលជំហរ​ជាមួយ​ពលរដ្ឋខ្មែរ គិតគូរ​ពី​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ ហើយ​ឱ្យ​មាន​ការ​ពិចារណា​ចូលរួម​ដោះស្រាយ​វិបត្តិ​នយោបាយ​ខ្មែរ ​ជាពិសេស​ការ​បោះឆ្នោត​ខាង​មុខនេះ»។

ចំណែក​តំណាងស្រ្តីថ្ងៃ​សុក្រនិង​ជា​ប្រពន្ធ​មន្រ្តីគណបក្ស​សង្គ្រោះជាតិ​នៅ​រាជធានី​ភ្នំពេញ​ដែល​កំពុង​ជាប់​ពន្ធគារ​លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រុំ ចាន់ថា ថ្លែងថា កិច្ចប្រជុំអាស៊ាន​នេះគឺជាឱកាស​ល្អ​សម្រាប់​ជនរងគ្រោះ​ដែល​រង​នូវ​ភាព​អយុត្តិធម៌​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក។ ប្រពន្ធ​សកម្មជន​បក្សប្រឆាំង​រូបនេះ​ឱ្យ​ដឹងថា លោកស្រីគ្រោង​នាំគ្នាចេញ​ដាក់​ញត្តិ​ជូន​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន នៅថ្ងៃ១២ ខែវិច្ឆិកាដែរ ប៉ុន្តែសមត្ថកិច្ច​ចម្រុះជាច្រើន​នាក់​បាន​ឡោមព័ទ្ធ​មិន​អនុញ្ញាត​លោកស្រី​ចេញ​ពី​ផ្ទះ​ឡើយ។ ទោះយ៉ាងណា​លោកស្រី​ស្នើដល់​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន(Joe Biden)​ជួយ​អន្តរាគមន៍​ឱ្យរដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស​ដោយ​បញ្ឈប់​ការ​ធ្វើទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់និង​បើក​លំហរ​ប្រជាធិបតេយ្យ​តាម​រយៈរៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើង​វិញ៖ « នេះជា​ឱកាស​មាស​មួយ​ដែល​ពួកខ្ញុំ​ត្រូវ​ចេញ​តវ៉ា ប៉ុន្តែ​ពួកខ្ញុំ​ចេញ​អត់​រួច​ទេ ដោយសារ​មាន​ការ​ឃ្លាំមើល និង​តានតឹង​ខ្លាំង​មែន​ទែន ហើយ​ខ្ញុំ​ឥឡូវ​នេះ​គេ ( អាជ្ញាធរ ) មក​បិទ​ជិត​អស់​ហើយ។ ខ្ញុំ​សង្ឃឹម​ថា ជំនួប​នៃ​កិច្ចប្រជុំនេះ​នឹង​មាន​ការ​ប្រែប្រួល​ដើម្បី​ដោះលែង​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់​ដូចជា​ប្តី​របស់​ខ្ញុំ​តែ​ម្តង ខ្ញុំ​ជឿជាក់»។

រីឯក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga world) បន្តប្រមូល​ផ្តុំឈរតវ៉ា​នៅមុខ​អគារ​ក្រុមហ៊ុន​ទាមទារ​ឱ្យ​រដ្ឋាភិបាលនិង​ម្ចាស់​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ (NagaWorld) ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ​ជូនពួកគាត់​ទៅតាម​ច្បាប់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​និង​ឯកសណ្ឋាន​រាប់សិប​នាក់​ពង្រាយ​កម្លាំង​តាម​ឃ្លាំមើល​សកម្មភាព​របស់​កូដករ។

កូដករណាហ្គាវើលដ៍​កញ្ញា ម៉ែន សុធីវឌ្ឍនៈ ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមកូដករ​ធ្វើកូដកម្ម​ជិត​១ឆ្នាំ​ហើយប៉ុន្តែ​ពុំ​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេផ្ទុយ​ទៅវិញ​អាជ្ញាធរ​និង​ភាគី​ក្រុមហ៊ុន​បាន​លាបពណ៌ចោទ​ប្រកាន់​ក្រុម​កម្មករ​តាម​ប្រព័ន្ធតុលាការនិង​ប្រើ​ហិង្សា​ទាត់ធាក់​កម្មករ​តាម​ទំនើង​ចិត្ត។ កញ្ញា​ស្នើដល់មេដឹកនាំ​ពិភពលោក​ដែលចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​យក​សំណើ​របស់​កម្មករ​រុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ឆន្ទៈច្បាស់លាស់​ក្នុង​ការ​បញ្ចប់​វិវាទ​ការងារដោយ​ស្មោះត្រង់​បញ្ឈប់​ការ​រឹតត្បិត​សេរីភាព​សម្តែង​មតិនិង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដាក់​សម្ពាធ​លើ​ពលរដ្ឋ​ត​ទៅ​ទៀត៖

«ស្នើសុំប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​គោរព​ច្បាប់​ការងារ​ដើម្បី​ឱ្យ​មាន​ស្ថិរភាព​ក្នុង​អាស៊ាន​ និង​ស្នើ​សុំ​ឱ្យ​ថ្នាក់​ដឹកនាំ​កំពូលៗ​ ដូចជា​ថ្នាក់ដឹកនាំ​អាមេរិក​សូមជួយ​ជំរុញ​រដ្ឋាភិបាល​ខ្មែរ​ជួយ​ដោះស្រាយ​ក្នុង​វិវាទ​ការងារ​មួយ​នេះ​ផង»។

ដោយឡែក​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លីនៅ​ស្រុក​បូទុមសាគរ ខេត្តកោះកុង លោកស្រី សៅ នូយ ថ្លែងថា ពលរដ្ឋ​ក្នុង​សហគមន៍​លោកស្រី​បាត់​ដី​ធ្លី​ធ្វើស្រែ​ចំការ​តាំង​ពី​ឆ្នាំ២០០៦ដោយសារ​ម្ចាស់​ក្រុមហ៊ុន​មានលុយ​មានអំណាច​រំលោភយក​ទៅកាន់​កាប់​ដោយ​មិនបាន​ផ្តល់​ដំណោះស្រាយ​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋក្រីក្រ ចំណាកស្រុក និងកូនបោះបង់​ការ​សិក្សា​ទាំង​បង្ខំ​ជា​ដើម។ លោកស្រីឱ្យដឹងថា កន្លងមក​ពលរដ្ឋបាននាំគ្នា​ចេញ​ដាក់​ញត្តិស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាលក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ដែរ​តែមន្រ្តីទាំងនោះ​មិនបានផ្តល់​ដំណោះស្រាយ​ណាមួយ​ជូន​ពលរដ្ឋ​នោះ​ទេ។ លោកស្រី សៅ នូយ ឱ្យដឹងថា ថ្មីៗនេះ​លោកស្រី​បាន​លើក​ឡើង​សំណើនិង​កង្វល់​សំខាន់ៗ​របស់​សហគមន៍​នៅក្នុង​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​រួច​ហើយដើម្បី​ដាក់ជូន​រដ្ឋាភិបាល​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។ ដូច្នេះលោស្រីសង្ឃឹមថា ពលរដ្ឋរងគ្រោះ​នឹងទទួល​បាន​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ​ខាង​មុខ​នេះ៖

«អត់បាន​យើង​នៅ​តែ​តស៊ូទៅ​មុខ​ទៀត​អ៊ីចឹង​ទៅ ប៉ុន្តែ​គេ យកញត្តិ​ទៅចឹង​សង្ឃឹមថា ទទួល​បាន​ដំណោះ​ស្រាយ ព្រោះ​អាស៊ាន​ប្រជុំធំ ហើយ​យើង​ទាមទារ​វា​យូរ​រាប់​ខែ​រាប់​ឆ្នាំ​មក​ហើយ ​យូរៗ​ទៅរក​លុយ​ធ្វើ​ដំណើរ​មិន​ចង់​បាន​ផង»។

សំណើ​អ្នករងគ្រោះ​ទាំងនេះ​ធ្វើឡើង​ចំពេល​បណ្តាមេដឹកនាំ​ពិភពលោក​បាន​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ដើម្បី​ចូលរួម​កិច្ច​ប្រជុំកំពូល​អាស៊ាន​លើកទី៤០ និង៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ។ ក្នុងនោះ​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden)​ បានធ្វើដំណើរ​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ ហើយតាមគម្រោង លោកប្រធានាធិបតីអាមេរិក ក៏នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។

នៅមុនដំណើរ​ទស្សនកិច្ចរបស់​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden) ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិកនិង​កិច្ចប្រជុំកំពូល​អាស៊ីបូព៌ា (East Asia Summit) នៅក្រុង​ភ្នំពេញចាប់ពី​ថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកានោះ ក្រសួង​ការ​បរទេស​អាមេរិកគូស​បញ្ជាក់​ថាសហរដ្ឋ​អាមេរិកនៅ​តែ​បន្តផ្ដោត​អាទិភាព​អំពាវនាវ​ឱ្យ​ដោះលែង​មេធាវី​សញ្ជាតិ​ខ្មែរ​អាមេរិកកាំង​កញ្ញា សេង ធារី និង​សកម្មជន​គណបក្សប្រឆាំង​ទាំងអស់​ដែល​ត្រូវ​បាន​ជាប់​ឃុំដោយ​អយុត្តិធម៌។

ឆ្លើយតប​រឿង​នេះប្រធាន​អង្គភាពអ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និយាយ​ថា ការ​តស៊ូមតិនិង​ការ​ដាក់​ញត្តិ​របស់​ពលរដ្ឋ​ស្នើសុំ​រដ្ឋាភិបាល​បរទេស​ជួយ​អន្តរាគមន៍​មក​រដ្ឋាភិបាល​កម្ពុជា​មិនមែន​ជា​ដំណោះស្រាយ​បាន​ទេ។ លោកអះអាងថា ក្រសួង​យុត្តិធម៌​បាន​កែ​ទម្រង់​ប្រព័ន្ធច្បាប់ហើយរដ្ឋាភិបាល​តែងតែ​ទទួល​យក​សំណើ​របស់​ពលរដ្ឋមក​ដោះស្រាយ​ជា​បន្ត​បន្ទាប់។ ដូច្នេះលោក​ជំរុញ​ឱ្យ​ពលរដ្ឋស្វែង​រក​យុត្តិធម៌​តាមរយៈ​ប្រព័ន្ធច្បាប់និង​ស្ថាប័ន​របស់​កម្ពុជា​វិញ៖

« យើង​ប្រើប្រាស់​ទៅតាម​យន្តការ​ច្បាប់​ហ្នឹង​ជា​ជាង​ការ​តស៊ូមតិ ពីព្រោះ​ការ​តស៊ូមតិ​គ្រាន់​តែ​ពង្រឹង​គោលជំហរ​នយោបាយ វា​មិនមែន​ជា​ការ​ដោះស្រាយ​ទេ វាមិន​បាន​ផល​អ្វីដល់​អ្នក​ដទៃ​ទៀត​ ឬ​អ្នក​ធ្វើ​អំពើ​ដែល​យល់​ឃើញថា ជា​ការ​ជិះជាន់ ការ​រំលោភ​សិទ្ធិ​នោះ »

ទោះយ៉ាងណា មន្រ្តីសិទ្ធិមនុស្ស​ធ្លាប់​លើកថាសហគមន៍​អន្តរជាតិចង់ឃើញ​រដ្ឋាភិបាល​កែលម្អ​ស្ថានភាព​ប្រជាធិបតេយ្យនិង​គោរព​សិទ្ធិឱ្យ​ប្រសើរ​ឡើង​វិញដើម្បី​ផលប្រយោជន៍​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​សម្រាប់​ពលរដ្ឋខ្មែរ។ ទន្ទឹមនឹងនេះ ការដែលប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​លើកឡើង​បញ្ហា​ទាំង​នេះ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យនិង​ដោះស្រាយ​មិនមែន​ជ្រែតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះ​ទេពីព្រោះ​ពួកគេ​មាន​កាតព្វកិច្ច​ក្នុងការ​ជួយ​ដល់​កម្ពុជា​ដែល​មាន​ចែង​ក្នុង​ស្មាតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១។

ចំណែក​របាយការណ៍​របស់គម្រោង​យុត្តិធម៌​ពិភពលោក(WJP) បានរកឃើញ​ថាប្រទេស​កម្ពុជា​ពូកែ​ខាង​រំលោភ​ច្បាប់។ប្រទេសកម្ពុជា​ជាប់ចំណាត់​ថ្នាក់​ផ្នែក​នីតិរដ្ឋឬគោរព​ច្បាប់​ស្ទើរតែ​នៅ​បាតតារាង​គឺ​នៅ​លេខ ១៣៩ ក្នុងចំណោម​១៤០​ប្រទេសក្នុង​ឆ្នាំ២០២២​នេះ។របាយការណ៍នេះ​បាន​បង្ហាញ​កត្តា​ចម្បងៗ​ចំនួន​៨សម្រាប់ដំណើរការ​ដាក់​សន្ទស្សន៍​នីតិរដ្ឋក្នុងនោះ​រួមមាន​ដូចជាដែន​កំណត់​អំណាច​រដ្ឋាភិបាលការលុបបំបាត់​អំពើពុករលួយរដ្ឋាភិបាល​បើក​ទូលាយសិទ្ធិ​ជា​មូលដ្ឋាន​សណ្ដាប់​ធ្នាប់និង​សន្តិសុខ​សង្គមការ​ពង្រឹង​ការ​អនុវត្តច្បាប់យុត្តិធម៌​ផ្នែក​រដ្ឋប្បវេណីនិង​យុត្តិធម៌​ផ្នែក​ព្រហ្មទណ្ឌដែលកម្ពុជា​សុទ្ធតែ​ទទួល​បាន​ពិន្ទុទាប​ទាំង​អស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។