អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនពលករជាបន្តបន្ទាប់ ដែលបម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់ តាមរយៈមេខ្យល់ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ។ មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ ដែលប្រកបរបរនៅច្រកព្រំដែន លើកឡើងថា មូលហេតុដែលនាំឱ្យពលករខ្មែរ នៅតែជ្រើសរើសវិធីផ្លូវកាត់បែបនេះ គឺបណ្ដាលមកពីបញ្ហាអំពើពុករលួយតាមច្រកព្រំដែន និងឯកសារស្របច្បាប់ មានតម្លៃថ្លៃ។
មិនខុសពីឆ្នាំមុនៗនោះឡើយ គ្រាន់តែពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ចប់ភ្លាម ពលករខ្មែរជាច្រើននាក់ បានលួចឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ តាមរយៈមេខ្យល់ បើទោះបីជារដ្ឋាភិបាល ធ្លាប់អះអាងពីគោលនយោបាយ ជួយសម្រួលឯកសារចេញចូលឱ្យពលករ យ៉ាងណាក្ដី។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែមេសា ថា ចាប់តាំងពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែមេសា កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានឆ្មក់ទប់ស្កាត់ ពលរដ្ឋខ្មែរ ដែលត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានជាច្រើនករណី ប៉ុន្តែលោកមិនបានបូកសរុបទិន្នន័យនោះទេ ដោយលោកប្រាប់ថា មានចំនួនជាង ៣រយនាក់។ លោក សិទ្ធិ ឡោះ បញ្ជាក់ថា ការចុះទប់ស្កាត់នេះ អាជ្ញាធរមិនបានឃាត់ខ្លួនពលករ ដើម្បីសាកសួរអំពីមូលហេតុ និងត្រួតពិនិត្យឯកសារអ្វីឡើយ ដោយសមត្ថកិច្ច ប្រាប់ទៅពលករកុំឱ្យឆ្លងដែនខុសច្បាប់តទៅទៀត រួចក៏ដោះលែងទៅវិញ។
លោក សិទ្ធិ ឡោះ៖ «គ្រាន់តែថា ជាង៣រយនាក់ហើយ ដែលយើងបានធ្វើការអប់រំគាត់ ហើយចំនួនពិតប្រាកដខ្ញុំមិនអាចជម្រាបជូនបានទេ ដោយសារយើងធ្វើបច្ចុប្បន្នភាពរហូត»។
កាលពីថ្ងៃទី១៨ ខែមេសា កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនពលរដ្ឋខ្មែរ ត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣២២នាក់ យកមកអប់រំ ក្នុងនោះស្រីចំនួន ១៦០នាក់ និងកុមារចំនួន ២៧នាក់។ ពលរដ្ឋទាំងនេះត្រូវបានស្ទាក់ឃាត់ចំនួន ០៣ករណី នៅថ្ងៃតែមួយ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អ្នករត់ម៉ូតូឌុប នៅច្រកព្រំដែនស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែមេសា ថា មូលហេតុដែលតំបន់ស្រុកម៉ាឡៃ ក្លាយជាច្រកទ្វារដ៏ពេញនិយម សម្រាប់នាំពលករឆ្លងដែនខុសច្បាប់បែបនេះ គឺដោយសារ ក្រុមមេខ្យល់ មានខ្សែបណ្ដាញជាមួយអាជ្ញាធរច្រកព្រំដែន ដែលពួកគេបានប្រាប់គ្នាឱ្យដឹងពីពេលវេលា និងទីតាំងក្នុងការចុះទៅល្បាត និងផ្លូវសម្រាប់នាំពលករដើរ។ អ្នករត់ម៉ូតូឌុបរូបនេះ អះអាងថា ជាទូទៅ ពួកមេខ្យល់បានប្រើប្រាស់បណ្ដាញ ដែលជាអ្នករត់ម៉ូតូឌុប និងអ្នកអង្គុយចាំនៅតាមតូបលក់អីវ៉ាន់ ឱ្យសួរនាំ និងជូនពលករឱ្យទៅជួបមេខ្យល់ ដោយពួកគេអាចទទួលបានថ្លៃជើងសាក្នុងម្នាក់យ៉ាងតិច ១ពាន់បាត ឬប្រហែល ២៧ដុល្លារ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «បងឯងមិនបាច់ឆ្ងល់ទេ អ្នកធ្វើការ(មន្ត្រីអន្តោប្រវេសន៍)នៅច្រកព្រំដែននេះ មុននឹងមកធ្វើការ សុទ្ធតែបុកលុយ(សូកប៉ាន់)ចូល។ ហើយបើបុកលុយចូលហើយ មិនចេះស៊ីសំណូក គេដកចេញទៀត»។
កាលពីថ្ងៃទី២៦ ខែមីនា រដ្ឋមន្ត្រីក្រសួងការងារថៃ លោក ភីផាត រាឆា គិតប្រាកាន (Phiphat Ratchakitprakarn) បានស្នើទៅគណៈរដ្ឋមន្ត្រីថៃ អនុញ្ញាតឱ្យពលករ ៣សញ្ជាតិមានដូចជា កម្ពុជា ឡាវ(Lao) និងមីយ៉ាន់ម៉ា(Myanmar) អាចធ្វើដំណើរទៅលេងប្រទេសកំណើត ក្នុងអំឡុងទេសកាលបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១ ខែមីនា រហូតដល់ថ្ងៃទី១៥ ខែឧសភា ដោយមិនចាំបាច់ចំណាយថ្លៃវាយត្រាលើឯកសារចេញ ឬឯកសារចូលសារថ្មី(Re-entry) ចំនួន ១ពាន់បាត ឬប្រហែល ២៨ដុល្លារនោះទេ។
យ៉ាងណាក៏ដោយចុះ ការអនុគ្រោះនេះ មានប្រសិទ្ធភាពចំពោះពលករ ដែលមានឯកសារស្របច្បាប់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការកំណត់នៃពេលវេលា តម្រូវឱ្យពលករត្រូវត្រឡប់ចូលមកប្រទេសថៃ វិញ ឱ្យបានមុនថ្ងៃទី១៥ ខែមេសា ដែលពេលវេលានេះ ហាក់មិនសូវអំណោយផលដល់ពលករខ្មែរ ដែលទៅលេងស្រុកកំណើតនោះទេ ព្រោះកំឡុងថ្ងៃទី១៥ ខែមេសា នេះ គឺស្ថិតក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី របស់កម្ពុជានៅឡើយ។
ជុំវិញរឿងនេះ ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIREA) លោក ឌិន ពុទ្ធី យល់ឃើញថា កត្តាដែលនាំឱ្យពលរដ្ឋមួយចំនួន នៅតែជ្រើសរើសវិធីឆ្លងដែនខុសច្បាប់ ដោយសារឯកសារឆ្លងដែនមានតម្លៃថ្លៃ និងដំណើរការធ្វើ មានរយៈពេលយូរ ដែលបញ្ហានេះ គឺជាឧបសគ្គចម្បង ចំពោះពលករមួយចំនួន ដែលត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ដើម្បីប្រញាប់រកលុយមកសងបំណុលធនាគារ និងដោះស្រាយជីវភាព។
លោក ឌិន ពុទ្ធី៖ «រដ្ឋាភិបាលធ្វើឱ្យស្មុគស្មាញ ពាក់ព័ន្ធនឹងប៉ាសស្ព័រ(លិខិតឆ្លងដែន)ការងារហ្នឹងហើយ ដែលធ្វើឱ្យពលករចេញទៅធ្វើការងារខុសច្បាប់ច្រើន។ អ៊ីចឹងខ្ញុំគិតថា បើសិនជាអាច ប៉ាសស្ព័រការងារហ្នឹង គួរតែសម្រួលឱ្យមានតម្លៃថោកជាងប៉ាសស្ព័រសម្រាប់អ្នកដើរលេង ព្រោះទៅហ្នឹង គឺទៅរកលុយចិញ្ចឹមគ្រួសារ មិនមែនទៅដើរលេងសប្បាយឯណា»។
កាលពីរដូវចូលឆ្នាំនៅឆ្នាំ២០២៣ កន្លងទៅ ពលករខ្មែរ ធ្វើការនៅប្រទេសថៃមួយចំនួន ដែលបានមកលេងស្រុកកំណើត បានឆ្លងដែនខុសច្បាប់ ដើម្បីវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ។ ប៉ុន្តែពួកគេត្រូវអាជ្ញាធរថៃ ចាប់ខ្លួន ដាក់ច្រវាក់ដៃជើង និងដឹកតាមរថយន្តទ្រុង យកទៅឃុំខ្លួននៅពន្ធនាគារអស់រយៈពេលជាច្រើនថ្ងៃ។
ករណីពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ នេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ មានចម្ងល់ថា ថ្នាក់ដឹកនាំកម្ពុជា ដែលជាញឹកញាប់ ជួយយកអាសាជនអន្តោប្រវេសន៍ ដែលមករស់នៅលើទឹកដីកម្ពុជា ហេតុអ្វីមិនព្រមដោះស្រាយបញ្ហាជួយពលករខ្លួនឯង និងបណ្ដោយឱ្យពួកគេឆ្លងដែនខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជាយ៉ាងដូច្នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។