ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងថៃ នៅតែរំពឹងថា នឹងអាចមានឱកាសធ្វើបុណ្យឧទ្ទិសកុសលជូនបណ្ឌិត កែម ឡី បើទោះជាជំងឺកូវីដ១៩ (Covid-19) កំពុងឆ្លងខ្លាំងក៏ដោយ។
ប្រធានចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុនលោក ហៃ វណ្ណា ឲ្យដឹងថា ពលករប្រហែល ៤០ នាក់បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តខ្មែរមួយជិតទីក្រុងតូក្យូនៅថ្ងៃអាទិត្យ ដើម្បីធ្វើបុណ្យបែបសាសនា ឧទ្ទិសបុណ្យកុសលជូនបណ្ឌិត កែម ឡី។ ប៉ុន្តែពួកគេមិនអាចថ្លែងសារទាមទារយុត្តិធម៌ ឬរំលឹកទស្សនៈរបស់បណ្ឌិត កែម ឡី នៅក្នុងវត្តបានទេ ដោយសារគណៈកម្មការវត្តមិនអនុញ្ញាត។
លោកបន្តថា ពលករក៏មិនអាចជួបជុំគ្នានៅទីសាធារណៈដូចរាល់ឆ្នាំបានដែរព្រោះតែការឆ្លងជំងឺកូវីដ១៩។ ដូច្នេះពួកគាត់នាំគ្នាបង្ហោះសារទាមទារយុត្តិធម៌និងរំលឹកទស្សនៈរបស់បណ្ឌិត កែម ឡី តាមបណ្ដាញសង្គម (facebook)៖ «ហើយយើងសង្ឃឹមថា ការធ្វើកម្មវិធីដែលមានភាពរលូនអ៊ីចឹងអាចញ៉ាំងឲ្យអ្នកដែលមិនទាន់ស្គាល់ពីលទ្ធិប្រជាធិបតេយ្យហ្នឹងគាត់នឹងអាចជ្រួតជ្រាបបន្តិចម្ដងៗហើយខ្ញុំសង្ឃឹមថា ថ្ងៃអនាគតយើងអាចនឹងធ្វើកម្មវិធីនេះបាន»។
នៅប្រទេសកូរ៉េខាងត្បូង ក្បែរនោះក្រុមពលករ ក៏មិនអាចជួបជុំគ្នាបានទេ ព្រោះរលកថ្មីនៃការឆ្លងជំងឺកូវីដ១៩កំពុងផ្ទុះឡើងវិញ។
តំណាងពលករលោក មាស ពិសាល និយាយថា ទោះជាមិនរំពឹងថា មានយុត្តិធម៌ក៏ពលករខ្លះនៅតែបង្ហាញភក្ដីភាពនិងបង្ហោះសារតាមហ្វេសប៊ុក (facebook)ទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី ដែរ។ ពលកររូបនេះសោកស្ដាយដែលច្រើនឆ្នាំហើយ រដ្ឋាភិបាលនៅតែមិនអាចស៊ើបអង្កេតរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី បាន៖ «រឿងយុត្តិធម៌ហ្នឹងច្បាស់ណាស់ថា យើងនៅតែទាមទារ ហើយយើងមានការសោកស្ដាយណាស់ដែលយើងទាមទារមិនទាន់ទទួលបានយុត្តិធម៌ ហើយយើងមិនអាចប្រារព្ធពិធី។ ដែលយើងប្រារព្ធរាល់ឆ្នាំហ្នឹងជាងការណ៍ដែលយើងគ្រាន់តែធ្វើបុណ្យឧទ្ទិសជូនលោកហ្នឹង គឺយើងចង់ដើម្បីទាមទារយុត្តិធម៌ចំពោះលោកហ្នឹងនិងយុត្តិធម៌ចំពោះពលរដ្ឋដែលគោរពស្រលាញ់លោក»។
ក្នុងប្រទេសថៃឯណោះវិញ ពលករជាច្រើនកំពុងជាប់ក្នុងបម្រាមបិទខ្ទប់។ ពួកគាត់មិនអាចទៅធ្វើចង្ហាន់ទៅវត្តជួបជុំគ្នាបានទេ គឺបានត្រឹមតែបង្ហោះសារទាមទារយុត្តិធម៌ប៉ុណ្ណោះ។ ឯពលករខ្លះទៀតមិនហ៊ានបញ្ចេញសកម្មភាពទាមទារយុត្តិធម៌ខ្លាំងក្លាទេ ព្រោះបារម្ភពីសុវត្ថិភាពពេលត្រឡប់ចូលស្រុកកំណើតវិញ។
តំណាងមូលនិធិពលករខ្មែរនៅប្រទេសថៃលោកស្រី សេង ស្រីទូច អះអាងថា វីរភាពរបស់បណ្ឌិត កែម ឡី ស្ថិតនៅក្នុងចិត្តរបស់ពលករជានិច្ចហើយនរណាក៏ដឹងនិងចងចាំវីរភាពលោកបណ្ឌិតនៅក្នុងចិត្តដែរ។ ប៉ុន្តែពលករមួយចំនួនមិនអាចធ្វើសកម្មភាពជួបជុំគ្នា ឬថ្លែងសារអំពីទស្សនៈលោកបណ្ឌិត ឬការទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី ដូចរាល់ឆ្នាំបានទេ៖ «និយាយរួមទៅ គឺចង់បានភាពយុត្តិធម៌ហ្នឹងណាស់ តែធ្វើវាអត់កើតនិយាយវាអត់កើតព្រោះយើងវានៅក្រោមការគាបសង្កត់របស់គេអ៊ីចឹងណា»។
ចំណែកនៅកម្ពុជាវិញ ការបង្ក្រាបសំឡេងរិះគន់ទាំងឡាយបានក្លាយជាផ្នែកមួយធ្វើឲ្យប៉ះពាល់ដល់ពិធីបុណ្យខួបបណ្ឌិត កែម ឡី ក្រៅពីវិបត្តិជំងឺកូវីដ១៩។ រាល់ឆ្នាំសកម្មជនបក្សប្រឆាំងនិងពលរដ្ឋខ្លះបានជួបជុំគ្នានិមន្តព្រះសង្ឃធ្វើបុណ្យខួបបណ្ឌិត កែម ឡី តាមមូលដ្ឋានរបស់ខ្លួន ឬនាំគ្នាឡើងមកភ្នំពេញ ដើម្បីរំលឹកបណ្ឌិត កែម ឡី នៅទីតាំងដែលឃាតកបាញ់សម្លាប់លោកបណ្ឌិត។
ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំម្នាក់លោក ស៊ុន ធន់ គឺ លោកស្រី សេង ចាន់ថន អះអាងថា មន្ត្រីគណបក្សសង្គ្រោះជាតិខ្លះត្រូវបានចាប់ដាក់ពន្ធនាគារដូច្នេះគ្មានឱកាសបានធ្វើបុណ្យជូនបណ្ឌិត កែម ឡី ដូចរាល់ឆ្នាំឡើយ។ ម្យ៉ាងទៀត ក្រុមស្ត្រីតវ៉ាថ្ងៃសុក្រក៏មិនអាចជួបជុំគ្នាធ្វើបុណ្យជូនបណ្ឌិតកែម ឡី បានដែរដោយសារអាជ្ញាធររាជធានីភ្នំពេញដាក់បម្រាមជួបជុំកាលពីថ្ងៃទី៩ ខែកក្កដា៖ «សោកស្ដាយមែនទែន ដែលយើងមិនបានធ្វើបុណ្យខួបសម្រាប់គាត់ដែលជាអ្នកស្នេហាជាតិ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី ហើយពួកយើងជាអ្នកគាំទ្រហ្នឹង គឺសោកស្ដាយហើយសោកស្ដាយចំពោះអ្នកដែលធ្លាប់គាំទ្រគាត់ត្រូវគេចាប់យកទៅដាក់ពន្ធនាគារ គឺមានការសោកស្ដាយមែនទែន»។
កាលពីថ្ងៃទី១០ ខែកក្កដា ក្រុមអង្គការសង្គមស៊ីវិល ក៏មិនអាចជួបជុំគ្នាដាក់កម្រងផ្កានៅក្បែរស្ដុកបូកគោនិងនៅចេតិយរបស់បណ្ឌិត កែម ឡី បានដែរដោយសារវិបត្តិជំងឺកូវីដ-១៩ ខណៈសមត្ថកិច្ចបានពង្រាយកងកម្លាំងរង់ចាំបង្ក្រាប។
កាលពីថ្ងៃទី៩ ខែកក្កដា ក្រុមអង្គការសង្គមស៊ីវិល សមាគម សហជីពទាំងជាតិ និងអន្តរជាតិ ចំនួន ៤៥ ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាទាមទារជាថ្មីឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យឥតលម្អៀង ដើម្បីស្រាវជ្រាវករណីនេះឲ្យមានប្រសិទ្ធភាពព្រោះ ៥ឆ្នាំមកនេះ រដ្ឋាភិបាលបរាជ័យក្នុងការស្វែងរកយុត្តិធម៌ក្នុងសំណុំរឿងដ៏កក្រើកមួយនេះ។ រយៈពេល៥ឆ្នាំមកនេះ តុលាការរកឃើញមនុស្សតែម្នាក់គត់ ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ថាជាឃាតកហើយបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត។ ទោះជាយ៉ាងណា សហគមន៍ជាតិអន្តរជាតិនិងភរិយារបស់បណ្ឌិត កែម ឡី គឺអ្នកស្រី បូ រចនា គ្មានជំនឿថា តុលាការអាចរកយុត្តិធម៌ក្នុងសំណុំរឿងនេះបានឡើយដោយសារប្រព័ន្ធតុលាការស្ថិតក្រោមឥទ្ធិពលនៃគណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។