ពលរដ្ឋខ្មែរនៅកូរ៉េ និងជប៉ុនរំលឹកខួប ៨ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី និងទាមទារយុត្តិធម៌

0:00 / 0:00

ពលរដ្ឋខ្មែរ​រស់នៅ​ប្រទេសជប៉ុន កូរ៉េ​ខាងត្បូង និង​ថៃ​ប្រារព្ធ​ធ្វើ​ពិធី​រំលឹក​ខួប ៨ឆ្នាំ​នៃ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី យ៉ាង​​ផុលផុស ហើយ​​ប្រកាស​​យក​​បណ្ឌិត​ធ្វើជា​​​គម្រូ​​ក្នុង​ការតស៊ូ​ ដើម្បី​ជំរុញ​ឱ្យ​មាន​ការផ្លាស់ប្តូរ​តាមបែប​ប្រជាធិបតេយ្យ។ ពួកគេ​បន្ត​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​​ឱ្យ​បើក​ការស៊ើបអង្កេត​តម្លាភាព​ ដើម្បី​វែក​មុខ​រក​អ្នកបញ្ជា ឬ​អ្នក​ទទួល​ខុស​ត្រូវ​ ចំពោះ​ការបាញ់​អ្នកវិភាគ​នយោបាយ​ និង​សង្គម​ដ៏ល្បី​រូប​នេះ ព្រមទាំង​ទាមទារ​ឱ្យ​ដោះលែង​យុវជន​ចលនា​មាតាធម្មជាតិ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

ដូច​ការគ្រោងទុក ពលរដ្ឋខ្មែរ​ភាគច្រើន​ជា​យុវជន ​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេសជប៉ុន ​(Japan) កូរ៉េខាងត្បូង ​(Korea) និងថៃ ​(Thailand) បាន​នាំគ្នា​រៀបចំ​ពិធីបុណ្យ​រំលឹក​ខួប​ ៨ឆ្នាំ​ នៃ​ឃាតកម្ម​​បណ្ឌិត កែម ឡី នៅ​ព្រឹក​ថ្ងៃ​អាទិត្យទី១៤ ខែកក្កដា។

ក្រៅពី​រិះគន់​ភាពអសកម្ម​ក្រោមដឹកនាំ​របស់​ត្រកូលហ៊ុន​នោះ​ហើយ អ្នក​ចូលរួម​បាន​រំលឹក​ពី​ស្នាដៃ និង​វីរភាព​បណ្ឌិត កែម ឡី លាយឡំ​នឹង​អារម្មណ៍​ឈឺចាប់ និង​ផ្ញើសារ​ទាមទារ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ឱ្យ​ស្វែងរក​ឃាតកពិត និង​អ្នកពាក់ព័ន្ធ​យកមក​ផ្ដន្ទាទោស​តាម​ច្បាប់ ​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​លោក និង​បញ្ចាប់​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា។ ឆ្លៀត​ក្នុងឱកាស​នេះ​ដែរ ពួកគេ​​ក៏ទាមទារ​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​សកម្មជន​ចលនា​មាតាធម្មជាតិ​ទាំង​ ៥នាក់​ ដែល​កំពុង​ជាប់ឃុំ​ដោយ​អយុត្តិធម៌​ផង​ដែរ។

ការរំលឹក​ខួប​ ៨ឆ្នាំ​នេះ​ ពលរដ្ឋខ្មែរ​រស់​នៅ​ប្រទេសជប៉ុន ​(Japan) ដែល​មាន​អ្នកចូលរួម​ប្រមាណ​ ៧០នាក់ បាន​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត ប្រគេន​ចង្ហាន់​ ដើម្បីបង្សុកូល​ឧទ្ទិសកុសល​តាមបែប​ព្រះពុទ្ធសាសនា​ជូន​វិញ្ញាណក្ខន្ឋ​បណ្ឌិត កែម ឡី លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​វីរជនស្នេហាជាតិ​មួយចំនួន​ទៀត។ ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​សាលប្រជុំ​អូមីយ៉ា (Omiya Civic Hall) ខេត្ត​សៃតាម៉ា (Saitama)។

ប្រធាន​ចលនា​សង្គ្រោះជាតិ​ប្រចាំប្រទេស​ជប៉ុន ​(Japan) លោក ហៃ វណ្ណា ថ្លែងថា ​ពីធី​នេះ គឺ​​ដើម្បី​ឧទ្ទិសបុណ្យ​ផង និង​បង្ហាញ​ការគោរព​ដឹងគុណ​​ ចំពោះ​បណ្ឌិត កែម ឡី និង​អ្នកស្នេហាជាតិ ​ដែល​លះបង់ជីវិត ​ដើម្បី​ជាតិ និង​ពលរដ្ឋខ្មែរ​កន្លងមក​ផង។ លោក​បន្ត​ថា ​ការរំឭក​ពី​វីរភាព​របស់​លោក​បណ្ឌិត រួមជាមួយមនុស្ស​គម្រូ​ដទៃទៀត​ដែល​បាន​ស្លាប់ និង​ជាប់​ពន្ធនាគារ ក្រោម​របបដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​មាន​សាៈរសំខាន់​ក្នុង​ការស្វែង​រក​យុត្តិធម៌ និង​លើក​ទឹកចិត្ត​ដល់​អ្នកតស៊ូ​ ដើម្បី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោកបញ្ជាក់ថា​ពលរដ្ឋខ្មែរ​នៅ​ទីនោះ​បាន​ប្តេជ្ញាចិត្ត​រួមគ្នា​បង្កើន​សកម្មភាព​ជួយ​កិច្ចការងារ​សង្គម​ឱ្យ​បាន​ទ្វេ​ដង ​ពីព្រោះ​ការក្រោកឈរ​ស្រុះ​គ្នា​ នឹង​ធ្វើឱ្យ​របប​ត្រកូល ​ហ៊ុន ​លែង​មាន​ឱកាស​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ត​ទៅ​ទៀត។

លោក ហៃ វណ្ណា៖ «និយាយ​រួម​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ ដែល​មិន​បម្រើ​ឱ្យ​របបផ្តាច់ការ​នេះ​ គឺ​សុទ្ធសឹង​តែ​ជា​ជនរងគ្រោះ​ពី​អំពើ​អយុត្តិធម៌​ ដែល​របប​នេះ​កំពុង​គ្រប់គ្រង​ប្រទេស។ ដូច្នេះ​ យើង​នឹង​បំផុស​ឱ្យ​មាន​គំនិត​​ស្នេហា​ជាតិ ពលរដ្ឋ​ចេះ​ឈឺឆ្អាល​អំពី​បញ្ហា​សង្គម ចូលរួម​សហការ​គ្នា​និយាយ​ការពិត។ ពលរដ្ឋខ្មែរ​យើង​និយាយ​ការពិត​ គឺ​របប​លោក ហ៊ុន សែន លែង​មាន​ឱកាស​ធ្វើបាប​យើង​តទៅទៀត​ហើយ នោះ​យុត្តិធម៌​ គឺ​យើង​អាច​ស្វែងរក​ជូន​អ្នកទាំងនោះ​បាន»។

ពី​ប្រទេស​កូរ៉េខាងត្បូង ក្រុម​យុវជនខ្មែរ ប្រមាណ​ជាង​ ៥០នាក់ ក៏​បាន​រៀបចំ​កម្មវិធី​រំលឹក​ ចំពោះ​វីរភាព​ និង​ការពលី​ជីវិត​របស់​បណ្ឌិត កែម ឡី ដែរ។ ទោះបី​ឈរក្រោម​ដំណក់​ភ្លៀង​ក្តី ក៏​យុវជន​ទាំងនោះ​បាន​នាំគ្នា​លើក​បដា និងឡើង​សម្តែងមតិ​ម្តងម្នាក់ ដោយ​ខឹងសម្បារ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បន្ត​រំលោភ​សិទ្ធិមនុស្ស ប្រជាប្រជាធិបតេយ្យ ហើយ​បន្ទាប់មក​ពួកគេ​យក​មឈូស​ ដែល​សរសេរថា យុត្តិធម៌​ស្លាប់​ហើយ ដើរ​ដង្ហែ​ដូច​សាកសព​ នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ក្វាងជូធំ ហើយ​លើកទឹកចិត្ត​កុំ​ឲ្យ​យុវជន និង​ពលរដ្ឋខ្មែរ​បាក់​ស្មារតី ស្របតាម​ទស្សនទាន​បណ្ឌិតកែម ឡី «ជូត​ទឹកភ្នែក​រួច​បន្ត​ដំណើរ​ទៅមុខ​ទៀត»។

តំណាង​អ្នករៀបចំ​កម្មវិធី​លោក ម៉ាត់ វណ្ណី ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃ​ទី១៤ ខែកក្កដា​ថា យុវជន​មិន​ភ្លេច​គុណ​ចំពោះ​បណ្ឌិត កែម ឡី ឡើយ ដែល​អង់អាចក្លាហាន​បាន​លះបង់​ ដើម្បី​បុព្វហេតុ​ជាតិ។ លោកបញ្ជាក់ថា ការលះបង់​ពី​លោកបណ្ឌិត និង​ក្រុម​យុវជន​មាតាធម្មជាតិ ​ដែល​ហ៊ាន​ប្រឈម​តតាំង​ជាមួយ​អំពើអយុត្តិធម៌​សង្គមកន្លង​មក​ គឺ​ជា​គម្រូល្អ​សម្រាប់​ដាស់តឿន​ស្មារតី​យុវជន​ឱ្យ​បន្តទាមទារ​លទ្ធិប្រជាធិបតេយ្យ និង​ការផ្លាស់ប្តូរ​នៅ​កម្ពុជា។

លោក ម៉ាត់ វណ្ណី៖«ការពលិកម្ម​របស់​លោក​បណ្ឌិត កែម ឡី ហ្នឹង​ គឺ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា​ សកម្មភាព ការតស៊ូ​ ដើម្បី​សេរីភាព សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ហ្នឹង វា​មាន​តម្លៃ​ធំធេង​ណាស់ សូម្បីតែ​ជីវិត​ស្ទើរតែ​ពុំ​​អាច​យក​ទៅ​វាស់​ផ្ទឹម​បាន​ដែរ។ អ៊ីចឹង​ហើយ​ផ្តល់​គម្រូ​ដល់​យុវជន​ជំនាន់​ក្រោយ ត្រូវ​ហ៊ាន​ធ្វើ​សកម្មភាព ត្រូវ​ហ៊ាន​និយាយ​ការពិត​ស្រប​តាម​អ្វី​ ដែរល​ការចង់​បាន​របស់​គាត់​ហ្នឹង​បាទ»។

ចំណែក​ជនភៀស​ខ្លួន និង​ពលករខ្មែរ​រស់​នៅ​ប្រទេសថៃ ​(Thailand)​ ជាង​ ៧០នាក់​វិញ ក៏​បាន​និមន្ត​ព្រះសង្ឃ​បង្សុកូល​ឧទ្ទិសកុសល​ជូន​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី១០ ខែកក្កដា​ផង​ដែរ។ តំណាង​ពលករ​ធ្វើការ​នៅ​ប្រទេសថៃ​លោក ង៉ា រឿន លើកឡើង​ថា​ទោះបី​លោកបណ្ឌិត កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​កន្លង​ផុត​ ៨ឆ្នាំ​ហើយ​ក្តី ក៏​ទស្សនទាន​របស់​លោក​នៅតែ​ស្ថិត​ក្នុង​ក្រអៅ​បេះដូង​កូនខ្មែរ​ដដែល។

លោក ង៉ា រឿន៖ «គាត់​ជា​អ្នកវិភាគ​ការពិត​នៅ​ក្នុង​សង្គម ប្រទេស​កម្ពុជា ខ្ញុំនិយាយ​នេះ​ទាំង​ស្រក់​ទឹកភ្នែក ពីព្រោះ​ខ្ញុំ​​មាន​ការឈឺចាប់​នឹង​ការបាត់បង់​​រូបលោក ដោយ​របបដឹកនាំ​ដោយ​ត្រកូល ហ៊ុន សែន មិន​អាច​រក​ឃាតក​ជូន​លោក​បណ្ឌិត កែម ឡី ​បាន​ទេ​ គឺ​នៅ​ចំណុច​ត្រង់​នេះ​ហើយ។ ប៉ុន្តែ​លោក​បណ្ឌិត កែម ឡី ស្លាប់​តែ​​រូបរាង​កាយ​ទេ កិត្តិយស កេរ្តិ៍ឈ្មោះ​របស់​គាត់​មិន​អាច​ស្លាប់​ចោល​បងប្អូន​ខ្មែរ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​បាន​ឡើយ ពីព្រោះ​លោក​ជា​វីរបុរស អ្នកវិភាគការពិត»។

កាល​នៅ​មាន​ជីវិត បណ្ឌិត កែម ឡី គឺ​ជា​អ្នកហ៊ាន​និយាយ​ការពិត ប្រឆាំង​នឹង​ក្រុម​អ្នកមាន​អំណាច​នៅ​កម្ពុជា ដើម្បី​បុព្វហេតុ​នៃ​អំពើ​យុត្តិធម៌ និង​សិទ្ធិមនុស្សសម្រាប់​ពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ។ មិនតែ​ប៉ុណ្ណោះ បណ្ឌិត កែម ឡី ត្រូវបាន​គេមើល​ឃើញ​ថា ជា​អ្នក​ហ៊ាន​ចេញ​មុខ​តស៊ូមតិ ប្រឆាំង​នឹង​អំពើ​លួចទ្រព្យសម្បត្តិ និង​ធនធានជាតិ ប្រព្រឹត្តិ​ដោយ​ឥស្សរជន​នយោបាយ​ នៃ​គណបក្សកាន់អំណាច ជាពិសេស​ គ្រួសារ​លោក ហ៊ុន សែន។ ដោយសារ​តែ​លោក​ហ៊ាន​លះបង់​ជីវិត​ ដើម្បី​លាតត្រដាង​អំពី​ការពិត​ទាំងនេះ​ហើយ ទើប​បាន​ជា​ពលរដ្ឋខ្មែរ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស នៅតែ​ចងចាំ​យ៉ាង​ជ្រាលជ្រៅ​ក្នុងបេះ​ដូង​របស់​ពួកគាត់​អំពី​វីរភាព​របស់​បណ្ឌិត កែម ឡី និង​តែង​រៀបចំ​ពិធី​រំលឹក​ខួប​ជា​រៀងរាល់ឆ្នាំ និង​បន្ត​ទាមទារ​អាជ្ញាធរ​ឱ្យ​​វែកមុខ​ឃាតក​ពិត​​ និង​ពាក់ព័ន្ធ យកមក​ផ្ដន្ទាទោស​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។