ពលរដ្ឋខ្មែរ នឹងតស៊ូមតិតាមមធ្យោបាយផ្សេងៗ រួមមានការដាក់ញត្តិតាមបណ្ដាទូតប្រទេសប្រជាធិបតេយ្យ និងការធ្វើបាតុកម្ម ដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម។ ការតស៊ូមតិនេះគឺឆ្លើយតបនឹងទង្វើរបស់អាជ្ញាធរវៀតណាមដែលបានចាប់ផ្សឹកព្រះសង្ឃ និងចាប់ខ្លួនពលរដ្ឋខ្មែរក្រោមនៅវត្តទ្រនំសេក ចំនួន៨ អង្គនាក់បន្ថែមទៀត កាលពីចុងខែមីន។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលធ្លាប់ដឹកនាំយុវជននៅកម្ពុជាទៅទស្សនកិច្ចនៅកម្ពុជាក្រោម លោក ស្រ៊ុន ស្រ៊ន លើកឡើងថា រដ្ឋាភិបាលវៀតណាមបន្តកៀបសង្កត់ និងប្រើអំពើហិង្សាមកលើពលរដ្ឋខ្មែរក្រោមជាពិសេសការផ្សឹកព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅវត្តទ្រនំសេកក្នុងខេត្តលង់ហោរ។ លោក ស្រ៊ុន ស្រ៊ន បន្តថា លោក និងពលរដ្ឋខ្មែរមួយចំនួននឹងយកច្បាប់ និងការតស៊ូមតិដោយសន្តិវិធីដើម្បីឆ្លើយតបនឹងទង្វើហិង្សារបស់អាជ្ញាធរវៀតណាម។
លោក ស្រ៊ុន ស្រ៊ន បន្តថា លោកនឹងដាក់លិខិតទៅកាន់រដ្ឋមន្ត្រីការបរទេសប្រទេសកម្ពុជា ឯកអគ្គរាជទូតខ្មែរនៅប្រទេសវៀតណាម និងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិថា អាជ្ញាធរវៀតណាមបានប្រើអំពើឃោរឃៅមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម។ លោក ស្រ៊ុន ស្រ៊ន ថា លោក និងពលរដ្ឋផ្សេងទៀតនឹងលើកឡើងពីការរំលោភសិទ្ធខ្មែរក្រោមនេះ នៅតាមបណ្ដាញសង្គមនានាដើម្បីឱ្យ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានដឹង និងចេញមុខការពារសិទ្ធិពលរដ្ឋខ្មែរក្រោម។
លោក ស្រ៊ុន ស្រ៊ន៖«អ៊ីចឹងនេះគឺជាជំហានទីមួយដែលពួកខ្ញុំធ្វើ គឺយើងធ្វើជាលិខិតនានាដើម្បីសម្ដែងការមិនពេញចិត្ត ការសោកស្ដាយ និងទាមទារឱ្យរដ្ឋាភិបាលខ្មែរ យកចិត្តទុកដាក់នឹងខ្មែរកម្ពុជាក្រោមហើយយុទ្ធនាការបន្ទាប់យើងនឹងផ្ញើសារតាម(Messenger)តាម(Telegram)តាមការខលទៅលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីខ្មែរឱ្យគាត់ចាប់អារម្មណ៍ និងប្រធានសភាខ្មែរក្ដីឱ្យចាប់អារម្មណ៍ទៅហ្នឹងអ្វីដែលបានកើតឡើងក្នុងសង្គមកម្ពុជាក្រោម»។
ដោយឡែក ប្រធានស្ដីទីលេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរក្រោម លោក គឹម ស៊ីសំណា លើកឡើងថា អង្គការសមាគមខ្មែរក្រោមនៅកម្ពុជាគ្រោងនឹងសម្រេចជ្រើសយកការដាក់ញត្តិទៅកាន់បណ្ដាទូតប្រទេសសេរី ឬមានសកម្មភាពផ្សេងទៀតដើម្បីធ្វើការតស៊ូមតិក្នុងសប្ដាហ៍ក្រោយនេះ។ ទោះជាយ៉ាងណា លោក គឹម ស៊ីសំណា ថា កន្លងមកស្ថានទូតប្រជាធិបតេយ្យនៅកម្ពុជាបង្ហាញការយកចិត្តដាក់ចំពោះសកម្មភាពរំលោភសិទ្ធិរបស់អាជ្ញាធរវៀតណាមទៅលើពលរដ្ឋខ្មែរក្រោម ក្រោយពីសមាគមបានដាក់ញត្តិ។
លោក កឹម ស៊ីសំណា៖« ខ្ញុំមើលឃើញមានស្ថានទូតមួយចំនួនដែលគាត់ទទួលបាន ហើយគាត់ពិចារណា ហើយគាត់យកចិត្តទុកដាក់ចំពោះបញ្ហាសិទ្ធិមនុស្សខ្មែរក្រោមហ្នឹងដែរ ជាក់ស្ដែងថ្មីៗនេះ ខាងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ ហើយទាមទារឱ្យរដ្ឋាភិបាលវៀតណាមគាត់ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម » ។
ចំណែកអនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុនី លើកឡើងថា សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងនាំយកសកម្មភាពរំលោភសិទ្ធិរបស់អាជ្ញាធរវៀតណាមទៅកាន់អង្គការសហប្រជាជាតិ រដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលប្រទេសប្រជាធិបតេយ្យផ្សេងទៀតឱ្យបានដឹង។ លោក ម៉ៅ មុនី បន្តថាសហព័ន្ធខ្មែរកម្ពុជាក្រោមគ្រោងនឹងធ្វើបាតុកម្មនៅទីក្រុងញីវយ៉ក ជិតទីស្នាក់ការអង្គការសហប្រជាជាតិនៅថ្ងៃទី១៩ ខែមេសា ខាងមុខនេះ។
លោក ម៉ៅ មុនី៖«អង្គការសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងខំអស់សមត្ថភាពក្នុងនាមយើងជាអង្គការទាមទារសិទ្ធិឱ្យបងប្អូនខ្មែរក្រោមហ្នឹង ជាយើងនឹងទំនាក់ទំនងធ្វើការដិតដល់ជាមួយរដ្ឋាភិបាលអាមេរិក ក្រសួងការបរទេស ហើយអង្គការសហប្រជាជាតិហើយយើងសង្ឃឹមថាអង្គការសហប្រជាជាតិនឹងចេញសេចក្ដីប្រកាសអីមួយដើម្បីថ្កោលទោសទៅរដ្ឋាភិបាលយួនឆាប់ៗ ដើម្បីរុញច្រានឱ្យរដ្ឋាភិបាលយួនដោះលែងព្រះសង្ឃយើង»។
រីឯសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរុប (KKF) គ្រោងនឹងធ្វើបាតុកម្មនៅមុខអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី០៧ ខែឧសភា ខាងមុខ ដើម្បីទាមទារឱ្យមានការដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម។ គម្រោងបាតុកម្មនេះ ក៏ចំពេលដែលតំណាងប្រទេសវៀតណាមធ្វើដំណើរមកចូលរួម ប្រជុំនៅក្នុងអង្គការសហប្រជាជាតិ ស្តីពីការពិនិត្យឡើងវិញតាមកាលកំណត់ (Universal Periodic Review) ឆ្នាំទី ៤ ដើម្បីឆ្លើយបំភ្លឺចំពោះអង្គការសហប្រជាជាតិ (UN) អំពីការសន្យារបស់វៀតណាមក្នុងការអនុវត្តអនុសាសន៍ដែលដាក់ជូនដោយប្រទេសសមាជិកអង្គការសហប្រជាជាតិក្នុងកិច្ចប្រជុំត្រួតពិនិត្យជុំទី៣ កាលពីឆ្នាំ ២០១៩។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោក មាស សោភ័ណ្ឌ បានទេ នៅថ្ងៃទី៤ ខែមេសា។
សេចក្ដីថ្លែងការណ៍របស់សហព័ន្ធខ្មែរក្រោម កាលពីថ្ងៃទី២ ខែមេសា បានថ្កោលទោសអាជ្ញាធរវៀតណាមដែលបានវាយកម្ទេចសាលាឆទាននៅខេត្តលង់ហោ កាលពីថ្ងៃទី១ ខែមេសា។ សហព័ន្ធខ្មែរកម្ពុជាក្រោមចាត់ទុកទង្វើរបស់អាជ្ញាធរវៀតណាមនេះគឺជាសកម្មភាពអមនុស្សធម៌ ខណៈពលរដ្ឋខ្មែរក្រោមកសាងសាលាឆទាននេះ គឺដើម្បីធ្វើជាទីសក្ការបូជា ជាកន្លែងអប់រំ ភាសាខ្មែរ និងការអភិរក្សវប្បធម៌ជាដើម។ សហព័ន្ធខ្មែរក្រោមបញ្ជាក់ថាពលរដ្ឋខ្មែរក្រោមចាត់ទុកថា ការប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទមិនមែនគ្រាន់តែជាការប្រតិបត្តិសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកសំខាន់មួយនៃអភិរក្សអត្តសញ្ញាណវប្បធម៌របស់ពួកគេ។
ចំណែកសេចក្ដីថ្លែងការណ៍របស់មិត្តសមាគមខ្មែរកម្ពុជាក្រោមនៅប្រទេសបារាំង កាលពីថ្ងៃទី១ ខែមេសា ក៏បានថ្កោលទោសនគរបាលវៀតណាមដែលចាប់ផ្សឹក និងឃុំខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមកាលពីចុងខែមីនាទាំងបំពាន គោលការណ៍សិទ្ធិមនុស្ស នឹងសិទ្ធិជនជាតិដើមនៃអង្គការសហប្រជាជាតិ។ សេចក្ដីថ្លែងការណ៍ដដែលអំពាវនាវដល់អង្គទូតនានាប្រចាំនៅប្រទេសវៀតណាម និងអង្គការជាតិ អន្តរជាតិអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម បញ្ឈប់ជាបន្ទាន់នូវរាល់ទង្វើ គាបសង្កត់ សិទ្ធិខ្មែរក្រោម និងគោរពកាតព្វកិច្ចរបស់ខ្លួនក្នុងនាមសមាជិកនៃអង្គការសហប្រជាជាតិ។
អាជ្ញាធរវៀតណាមខេត្តលង់ហោដែលវៀតណាមហៅថាខេត្ត វិញឡុង (Vinh Long ) កាលពីថ្ងៃទី២៦ និងថ្ងៃទី ២៨ ខែមីនា បានចាប់ផ្សឹកព្រះសង្ឃគង់នៅវត្តប្រជុំពលមង្គលបូរី ឬហៅថាវត្តទ្រនំសេកចំនួន៥អង្គ និងចាប់ឃុំខ្លួនពលរដ្ឋខ្មែរក្រោមចំនួនបីនាក់ក្រោមបទចោទប្រកាន់«កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ និង ពីបទ «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» តាមមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌវៀតណាម។
ក្នុងចំណោមព្រះសង្ឃទាំង ៥ អង្គនោះរួមមាន ព្រះចៅអធិការវត្តទ្រនំសេកព្រះភិក្ខុ ថាច់ ចន្ទតារា និងព្រះភិក្ខុ យឿង ខាយ ដែលជាសកម្មជនសង្ឃខ្មែរក្រោមធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសិទ្ធិជនជាតិដើមដល់ពលរដ្ឋខ្មែរក្រោម និងធ្លាប់ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួនសួរចម្លើយនៅប៉ុស្តិ៍នគរបាលជាច្រើនដង។
គិតមកទល់ពេលនេះ មានព្រះសង្ឃ សកម្មជន និងពលរដ្ឋខ្មែរក្រោមចំនួន ១២ អង្គនាក់ហើយត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារ។ ចំណែកព្រះសង្ឃខ្មែរក្រោមមួយអង្គទៀតគឺព្រះភិក្ខុ គឹម សំរិន្ទ ដែលជាសកម្មជនសង្ឃ និងជាអ្នកផ្ដួចផ្ដើមកសាងរូបសំណាកលោកឧកញ៉ា សឺន គុយ តម្កល់ទុកនៅផ្ទះក្នុងខេត្តព្រះត្រពាំង កាលពីថ្ងៃទី២៥ មីនា ត្រូវបានគណៈសង្ឃខេត្តក្រោមឥទ្ធិពលរដ្ឋវៀតណាម និងអាជ្ញាធរខេត្ត បានប្រកាសមិនទទួលស្គាល់ព្រះអង្គជាអ្នកបួស និងមិនអនុញ្ញាតឱ្យវត្តទាំង ១៤៣ ក្នុងខេត្តព្រះត្រពាំងទទួលយកព្រះអង្គគង់នៅ។ បច្ចុប្បន្ន ព្រះភិក្ខុ គឹម សំរិន្ទ កំពុងគង់នៅផ្ទះជាមួយញោមស្រី និងសាច់ញាតិរបស់ព្រះអង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។