អង្គការ​ព័ត៌មាន​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារព័ត៌មាន ក្រោយ​មាន​ករណី​ស្លាប់ និង​អំពើ​ហិង្សា​ប្រឆាំង​អ្នក​កាសែត

0:00 / 0:00

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ស្នើសុំ​​ឲ្យ​រដ្ឋាភិបាល ធានា​ថា សិទ្ធិ សេរីភាព និង​សុវត្ថិភាព​របស់​អ្នក​សារ​ព័ត៌មាន​​ អាច​​រាយការណ៍​បទ​ល្មើស​នានា​ ដោយ​គ្មាន​ការ​​​គំរាម​កំហែង ឬ​ធ្វើ​បាប​។ សំណើ​​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ ដែល​អ្នក​សារព័ត៌មាន​ម្នាក់​បាន​ស្លាប់​ក្នុង​ភាព​មន្ទិលសង្ស័យ និង​មួយ​ចំនួន​ទៀត​បាន​រង​អំពើ​ហិង្សា។ រីឯ​អ្នក​សារព័ត៌មាន​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ ចាប់​ជនល្មើស​ ដែល​តែង​តែ​បង្ក​ការ​គំរាមកំហែង​ និង​ហិង្សា​លើ​អ្នកសារព័ត៌មាន​ ដើម្បី​ធានា​ថា កម្ពុជា​ចូលរួម​លើក​ស្ទួយ​ការ​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​ដោយ​គ្មាន​ការ​ភ័យខ្លាច​ និង​មិន​លំអៀង។

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) ចេញ​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃ​ទី​៣០ កញ្ញា បង្ហាញ​​ក្ដី​ព្រួយ​បារម្ភ ​ចំពោះ​ហេតុ​ការណ៍​គំរាម​កំហែង​​​អ្នក​សារព័ត៌មាន​ជា​បន្តបន្ទាប់។ ក្នុង​នោះ មាន​ករណី​ ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​ដំ​ក្រុម​អ្នក​សារព័ត៌មាន​​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ករណី​​អ្នក​សារព័ត៌មាន​ម្នាក់​ស្លាប់​នៅ​តាម​ផ្លូវ​ ពេល​ចេញ​ពី​កន្លែង​ការងារ កាល​ពី​ពេល​ថ្មីៗ នេះ។

នាយក​ប្រតិបត្តិ​​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ​​លោក ណុប វី សង្កេត​ឃើញ​ថា មួយ​រយៈពេល​​ចុង​ក្រោយ​នេះ ​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា រង​ការ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់ ដោយសារ​ការ​រាយការណ៍​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​បទ​ល្មើស។ លោក ចង់​ឲ្យ​រដ្ឋាភិបាល ធានា​ថា អ្នក​សារព័ត៌មាន​អាច​ប្រើប្រាស់​សិទ្ធិ​សេរីភាព​រាយការណ៍​ព័ត៌មាន​ ដោយ​គ្មាន​ការ​​រំលោភ​បំពាន និង​គ្មាន​ការ​ភ័យ​ខ្លាច។ លោក​បន្ត​ថា​ នៅ​ពេល​អ្នក​សារព័ត៌មាន​រង​ការ​គំរាម​កំហែង​បែប​នេះ ​និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់បង់​នូវ​ប្រភព​ដំណឹង​ដ៏​សំខាន់​ ដែល​ត្រូវ​យក​មក​ពិចារណា​ និង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា៖ « ការ​គំរាម​កំហែង ឬ​មួយ​ការ ដែល​រហូត​បណ្ដាល​ឲ្យ​មាន​អ្នក​សារព័ត៌មាន​ស្លាប់ គឺ​ជា​ចំណុច​មួយ ដែល​អាច​នឹង​រាំង​ខ្ទប់ ចំពោះ​ការ​អនុវត្ត​ការងារ​របស់​ក្រុម​អ្នក​សារព័ត៌មាន ជា​ពិសេស អ្នក​សារព័ត៌មាន​ឯករាជ្យ អ្នក​សារព័ត៌មាន ដែល​គាត់​ហាន​ធ្វើ​សេចក្ដីរាយការណ៍​ពី​បទ​ល្មើស​ព្រៃ​ឈើ​អី​ហ្នឹង ! វា​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​យើង​ផង​ដែរ »

កាល​ពី​យប់​ថ្ងៃ​ទី២៨ កញ្ញា ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម បាន​ព្រួត​គ្នា​គប់​បំបែក​កញ្ចក់​ឡាន និង​ប្រើ​ហិង្សា​លើ​​ក្រុម​អ្នក​សារព័ត៌មាន​ដែល កំពុង​ធ្វើ​ដំណើរ​នៅ​ខេត្ត​ត្បូងឃ្មុំ ។ ខេមបូចា បាន​ស្រង់​សំដី​អ្នក​សារព័ត៌មាន​ម្នាក់ ក្នុង​ហេតុការណ៍​នោះ​ថា ជន​មិន​ស្គាល់​មុខ មាន​គ្នា​ប្រហែល ៧នាក់ ប្រដាប់​ដោយ​កាំបិត ពូថៅ និង​ដំបង បាន​ធ្វើ​សកម្មភាព​ហិង្សា​លើ​ក្រុម​អ្នក​សារព័ត៌មាន​​ចំនួន ៥នាក់ នៃ​ស្ថាប័ន​ផ្សេងៗ​គ្នា បណ្ដាល​ឲ្យ​អ្នក​សារព័ត៌មាន ៤នាក់ រង​របួស​​ធ្ងន់​ត្រង់​ឆ្អឹង​ជំនីរ និង​ម្នាក់​រង​របួស​ស្រាល។

ចំណែក​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត គឺ​អ្នក​សារព័ត៌មាន​ម្នាក់​​ នៃ​សារព័ត៌មាន ស៊ីប៊ីអ៊ិន (CBNTV Online) ឈ្មោះ គួយ ពិសិត អាយុ ២៤ ឆ្នាំ ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​លើ​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី២៩ កញ្ញា នៅ​ក្នុង​សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ខេមបូចា បាន​ស្រង់​សំដី និពន្ធ​នាយក នៃ​សារ​ព័ត៌មាន​នេះ គឺ​លោក ឆៃ សុចិត្ត ថា បុគ្គលិក​របស់​លោក​បាន​ស្លាប់​ពេល​រូប​គេ​ធ្វើ​ដំណើរ​ចេញ​​ពី​កន្លែង​ការងារ​ នៅ​ម៉ោង ១១កន្លះ​យប់។

ក្រោយ​ករណី​ស្លាប់​នេះ សារព័ត៌មាន​ក្នុង​ស្រុក​ខ្លះ (សារព័ត៌មាន​ហង្ស​តូច) ចុះ​ផ្សាយ​ថា អ្នក​កាសែត​ដែល​ស្លាប់​នោះ ត្រូវ​គេ​លប​វាយ​ចំ​ក្បាល​ ពេល​កំពុង​​ជិះ​ម៉ូតូ​​បណ្ដាល​ឲ្យ​ស្លាប់​ ហើយ​​នៅ​កន្លែង​កើត​ហេតុ ​មាន​បន្សល់​ទុក​ឈើ​ជ្រុង​មួយ​កំណាត់​ប្រហែល ៣ចង្អាម មួយ​ដើម រួម​ជា​មួយ​សម្ភារៈ​ផ្សេង​ទៀត​របស់​ជន​រងគ្រោះ។

តែ​យ៉ាង​ណា អាជ្ញាធរ អះអាង​ថា ករណី​នេះ​ គឺ​អ្នក​កាសែត ដែល​ស្លាប់​នោះ ជិះ​ម៉ូតូ​ដួល​ ដោយ​ខ្លួន​ឯង ហើយ​ប៉ូលិស បាន​បញ្ចប់​ការ​ស្រាវជ្រាវ​សំណុំ​រឿង​នេះ​ហើយ ដោយ​សន្មត​ថា គឺ​ជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍។

ជុំវិញ​ករណី​​​ អំពើ​ហិង្សា និង​ការ​ស្លាប់​របស់​អ្នក​កាសែត អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់​អាស៊ី​សេរី​ដោយ​ខ្លី​ថា ក្រសួង​ទុក​រឿង​នេះ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជា​អ្នក​ដោះ​ស្រាយ។

អ្នក​សារ​ព័ត៌មាន​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី​ (VOD) កញ្ញា ខាន់ លក្ខិណា និយាយ​ថា ហេតុការណ៍​កើត​ឡើង​លើ​អ្នក​សារព័ត៌មាន​នា​ពេល​ថ្មី​នេះ​ ធ្វើ​ឲ្យ​កញ្ញា​ព្រួយ​បារម្ភ​​ពី​សុវត្ថិភាព​ក្នុង​ពេល​ចុះ​យក​ព័ត៌មាន​ម្តងៗ។ កញ្ញា​បន្ថែម​ថា ​​អំពើ​ហិង្សា និង​ការ​គំរាមកំហែង​លើ​អ្នក​សារព័ត៌មាន​កន្លង​មក​ គឺ​ទាន់​ដែល​ឃើញ​ជនល្មើស​ត្រូវ​ចាប់​យក​មក​ផ្ដន្ទាទោស​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ កញ្ញា​អះអាង​ថា នឹង​នៅ​តែ​បន្ត​រាយការណ៍​ព័ត៌មាន​ពិត​តាម​វិជ្ជាជីវៈ​ ដើម្បី​ផ្តល់​ព័ត៌មាន​ពិត​ដល់​អ្នក​ស្ដាប់​របស់​កញ្ញា​ដដែល៖ « សារព័ត៌មាន​បច្ចុប្បន្ន​ហ្នឹង ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​ចុះ​ទៅ​យក​ព័ត៌មាន ឬ​ខ្ញុំ​ចុះ​ធ្វើ​បទ​យក​ការណ៍ ឬ​ព័ត៌មាន​ស៊ើប​អង្កេត​អី​ហ្នឹង ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព ខណៈ​ពេល​ដែល​ប្រទេស​យើង​បច្ចុប្បន្ន​វា​អត់​ទាន់​មាន​ការ​ការពារ​ផ្លូវ​ច្បាប់ ឬ​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​ជួប​បញ្ហា ដូច​ជា គេ​វាយ ចោទ​ប្រកាន់​អីចឹង ច្បាប់​យើង​ហ្នឹង​អត់​ទាន់​មាន មាន​ន័យ​ថា នៅ​លំអៀង នៅ​មាន​ការ​ខ្វះ​ចន្លោះ​ណា​បង »

របាយការណ៍​​របស់​អង្គការ​លីកាដូ ចេញ​ផ្សាយ​ នៅ​ខែ​ឧសភា​បង្ហាញ​ថា ស្ថានភាព​អ្នក​សារព័ត៌មាន​នៅ​​កម្ពុជា​ នៅ​តែ​ប្រឈម​ ការ​ចាប់​ចង ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់ និង​ប្រព័ន្ធ​តុលាការ​ដែល​រំលោភ​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិពល​រដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន។ អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​ រក​ឃើញ​ទៀតថា អ្នក​សារព័ត៌មាន​មួយ​ចំនួន បាន​កម្រិត​សិទ្ធិ​សេរី​ភាព ខ្លួន​ឯង​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ដែល​រសើប និង​ព័ត៌មាន​ដែល​ខូច​ប្រយោជន៍​អ្នក​មាន​អំណាច​មួយ​ចំនួន។

គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៣ មក អ្នក​សារព័ត៌មាន​ចំនួន ១៣នាក់​យ៉ាង​តិច ត្រូវ​បាន​គេ​ធ្វើ​ឃាត ក្នុង​នោះ​ករណី​ភាគច្រើន អាជ្ញាធរ​មិន​បាន​ចាប់​ខ្លួន​ជន​ដៃ​ដល់​ណា​ម្នាក់​​​យក​មក​ផ្ដន្ទាទោស​នោះ​ឡើយ ដែល​នេះ គឺ​ជា​ការ​​បង្កើត​ឱ្យ​មាន​​វប្បធម៌​និទណ្ឌភាព​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។