សហព័ន្ធសហជីពកម្ពុជា ហៅកាត់ថា កាទូ (CATU) ថ្កោលទោសក្រុមហ៊ុន ត្រីប៉ុស អិនធើណេសិនណល (ខេមបូឌា) (Tripos International Cambodia) ដែលពួកគេថា បានធ្វើទុក្ខបុកម្នេញ និងរើសអើងសហជីពប្រចាំក្រុមហ៊ុន។ ពួកគេស្នើក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដោះស្រាយបញ្ហានេះ ដើម្បីធានាថាកម្មករក្នុងរោងចក្រផលិតស្បែកជើងក្នុងខេត្តកំពង់ឆ្នាំងមួយនេះមានសិទ្ធិសេរីភាពពេញលេញចូលរួមចលនាសហជីព។
អ្នកធ្វើការផ្នែករដ្ឋបាលនៅក្រុមហ៊ុន ត្រីប៉ុស ម្នាក់អះអាងថា ពុំមានការរើសអើងដូចការចោទប្រកាន់ឡើយ និងថា ខាងក្រុមហ៊ុនតែងតែអនុវត្តត្រឹមត្រូវតាមច្បាប់។
សហព័ន្ធសហជីពកម្ពុជាស្នើឱ្យភាគីពាក់ព័ន្ធ ពិសេសគឺ មន្ទីរការងារខេត្តកំពង់ឆ្នាំង និងក្រសួងការងារ ចាត់វិធានការធ្វើយ៉ាងណាឱ្យភាគីក្រុមហ៊ុន ត្រីប៉ុស បញ្ឈប់ការជ្រៀតជ្រែក ធ្វើទុក្ខបុកម្នេញ និងរើសអើងសហជីព ពោលគឺ ត្រូវផ្ដល់សិទ្ធិសេរីភាពទៅដល់កម្មករឱ្យពួកគេបានបោះឆ្នោតជ្រើសរើសសហជីពទៅតាមការចង់បានរបស់ពួកគេ។
សេចក្ដីថ្លែងការណ៍របស់សហព័ន្ធសហជីពកម្ពុជា ចេញនៅថ្ងៃទី៥ ខែមេសា ឱ្យដឹងថា កម្មករប្រចាំនៅក្នុងក្រុមហ៊ុនត្រីប៉ុស បានបោះឆ្នោតបង្កើតសហជីពចំនួន៣លើកមកហើយចាប់តាំងពីខែ វិច្ឆិកា ឆ្នាំ២០២០មក ប៉ុន្តែមិនអាចដំណើរការបាន ដោយសារតែភាគីក្រុមហ៊ុនតែងតែគំរាមកំហែងថ្នាក់ដឹកនាំសហជីព សកម្មជន និងសមាជិកឱ្យលាឈប់ និងផ្ដិតមេដៃដល់លិខិតលាឈប់ថែមទៀត។ ជាមួយគ្នានោះក្រុមហ៊ុនបានបញ្ជូនឈ្មោះទាំងនោះទៅក្រសួងការងារ រួមជាមួយលិខិតជំទាស់ការចុះបញ្ជិកាសហជីព។ ក្នុងរឿងនេះដែរ សហព័ន្ធសហជីពកម្ពុជាបានដាក់បណ្ដឹងទៅក្រសួងការងារ កាលពីថ្ងៃទី៣ ខែមេសា អោយជួយដោះស្រាយរឿងនេះឆ្លើយតបនឹងការរារាំងរបស់ខាងក្រុមហ៊ុននេះ។
អនុប្រធានសហព័ន្ធសហជីពជាតិ អ្នកស្រី ម៉ន ចាន់ណា ប្រាប់អាស៊ីសេរីកាលពីយប់ថ្ងៃទី៥ ខែមេសាថា អ្នកស្រីបានទៅជជែកជាមួយតំណាងខាងក្រសួងការងារកាលព្រឹកថ្ងៃដដែលនោះ ប៉ុន្តែនៅមិនទាន់មានលទ្ធផលសម្រេចយ៉ាងណានៅឡើយ គឺក្រសួងនៅរង់ចាំការស៊ើបអង្កេតសិន។ អ្នកស្រីរម្លឹកថា នៅក្រោយពេលបោះឆ្នោតជ្រើសរើសសហជីពប្រចាំក្នុងក្រុមហ៊ុននោះម្ដងៗ ក្រុមហ៊ុនតែងគំរាមកំហែង ទៅដល់អ្នកជាប់ឆ្នោតរួមមានប្រធាន អនុប្រធាន អគ្គលេខា សមាជិក និងសកម្មជនសហជីព ព្រមទាំងគ្រួសារថែមទៀត។ អ្នកស្រីថានេះជាការរើសអើងសហជីព ដែលផ្ទុយពីច្បាប់សហជីព ហើយចាំបាច់ត្រូវភាគីពាក់ព័ន្ធចាត់វិធានការ ដើម្បីធានាសិទ្ធិសេរីភាពចូលរួមសហជីពរបស់កម្មករ និយោជិត៖ « ខ្ញុំថា បើសិនជាមកដល់ក្រសួង ពួកយើងដាក់លិខិតប្ដឹងហើយមានភស្តុតាង ហើយក្រសួងនៅតែរកមិនឃើញខាងក្រុមហ៊ុនមានការជ្រៀតជ្រែកធ្វើទុក្ខបុកម្នេញមកលើសហជីពខ្ញុំទៀតទេ តើពួកខ្ញុំគួរតែធ្វើយ៉ាងណា ? បើសិនមន្ទីរការងារ ក្រសួងនៅតែស៊ើប ស៊ើបហើយអត់ឃើញ ហើយរឹតតែខ្លាំងទៅៗ អ៊ីចឹងបង ? សូមឱ្យក្រសួង និងមន្ទីរការងារជួយរឿងហ្នឹងអ៊ីចឹងទៅ » ។
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីមន្ទីរការងារខេត្តកំពង់ឆ្នាំង និងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទេកាលពីយប់ថ្ងៃទី៥ ខែមេសា។
សេចក្ដីថ្លែងការណ៍របស់សហព័ន្ធសហជីពកម្ពុជាថែមទាំងអំពាវនាវដល់ អ្នកទិញផលិតផលស្បែកជើងរបស់ក្រុមហ៊ុននេះ ដូចជាក្រុមហ៊ុនម្ចាស់ស្លាកយីហោ Clark ជាដើមឱ្យជួយអន្តរាគមន៍ រកដំណោះស្រាយក្នុងរឿងនេះដែរ។
អ្នកធ្វើការផ្នែករដ្ឋបាលនៅក្រុមហ៊ុន ត្រីប៉ុស ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះអះអាងប្រាប់ថា ក្រុមហ៊ុនមិនបានបង្ខិតបង្ខំ គំរាមកំហែង ឬរើសអើងសហជីពម្ដងណាឡើយ ផ្ទុយទៅវិញគឺតែងតែអនុវត្តតាមច្បាប់ ដើម្បីធានាផ្ដល់អត្ថប្រយោជន៍អោយបានពេញលេញទៅកម្មករ។ លោកថា ការចេញសេចក្ដីថ្លែងការណ៍ខុសពីការពិតរបស់សហព័ន្ធសហជីពកម្ពុជា អាចជាការធ្វើបាបដល់កម្មករទៅវិញទេ ព្រោះវានឹងធ្វើអោយប៉ះពាល់ដល់ការទិញផលិតផលពីក្រុមហ៊ុន ហើយអ្នករងគ្រោះបាត់ឆ្នាំងបាយ គឺក្រុមកម្មករ៖ « ព្រោះស្ថានភាពឥឡូវដូចខាងបងដឹងហើយថា កូវីដ ភ្ញៀវក៏អត់សូវកុម្ម៉ង់ទិញ ហើយក្នុងស្ថានភាពនេះអ្វីដែលគាត់ធ្វើហ្នឹងជាការជួយធ្វើឱ្យកម្មករហ្នឹងមានការងារធ្វើ ឬក៏បំបែកឆ្នាំងបាយកម្មករ។ គាត់ធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីប្រយោជន៍កម្មករ ? ដែលគាត់ធ្វើការចោទប្រកាន់រោងចក្រដែលបង្កើតឡើងរាប់ឆ្នាំ អនុវត្តតាមច្បាប់រាប់ឆ្នាំ ? សូម្បីតែប្រធានសហជីព ដែលគាត់បើកថ្មីហ្នឹង សួរថា តើរោងចក្រខុសអីគេបានជាគាត់ចង់បង្កើត ? ឬក៏គាត់យល់ថា មានបំណងអីបានជាដាច់ខាតត្រូវបង្កើតមកឱ្យបាននៅក្នុងរោងចក្រហ្នឹង ? គាត់ថា រោងចក្រអត់មានខុសអីទេ គ្រាន់តែគាត់ចង់បង្កើត។ ខ្ញុំថាចង់បង្កើត ក៏បង្កើតទៅ ធ្វើយ៉ាងម៉េចឱ្យអនុវត្តតាមច្បាប់ » ។
ករណីរើសអើងសហជីពត្រូវរាប់បញ្ចូលថា ជាចំណុចសំខាន់មួយសម្រាប់ការវាយតម្លៃពីការអនុវត្តសិទ្ធិការងាររបស់បណ្ដាក្រុមហ៊ុន រោងចក្រផលិតសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជាពីសំណាក់អ្នកបញ្ជាទិញទំនិញនៅទីផ្សារធំៗ មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។ សហភាពអឺរ៉ុប ដែលបានដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០ភាគរយពីកម្ពុជា កាលពីខែ សីហា ឆ្នាំ២០២០ នោះ ក៏បានទាមទារអោយរដ្ឋាភិបាលកម្ពុជាធានាសិទ្ធិសេរីភាពខាងសហជីព បញ្ឈប់ការធ្វើទុក្ខបុកម្នេញ ទម្លាក់ចោលបទចោទប្រកាន់ទៅលើសហជីព និងកែតម្រូវបទដ្ឋានច្បាប់ទាំងឡាយ ដែលមានន័យសេចក្ដីរំលោភបំពានសិទ្ធិសេរីភាពក្នុងផ្នែកនេះ។
ប្រធានសហព័ន្ធសហជីពកម្ពុជាអ្នកស្រី យ៉ាង សុភណ្ឌ មើលឃើញថា ការរំលោភបំពានសិទ្ធិសេរីភាពចងក្រងសហជីពរបស់កម្មករនេះនៅមិនទាន់ត្រូវកែលម្អទៅតាមការទាមទាររបស់សហភាពអឺរ៉ុបនោះឡើយទេ ជាក់ស្ដែងនៅតាមរោងចក្រដែលសហព័ន្ធអ្នកស្រីធ្វើការជាមួយជាពិសេសគឺនៅរោងចក្រត្រីប៉ុសក្នុងខេត្តកំពង់ឆ្នាំងនេះជាដើម។
មាត្រា៥ នៃច្បាប់ស្ដីពីសហជីព បានលម្អិតពីសិទ្ធិរបស់កម្មករនិយោជិត ក្នុងការបង្កើតសហជីពទៅតាមការជ្រើសរើសរបស់ខ្លួន ក្នុងគោលបំណងសិក្សាស្រាវជ្រាវ បណ្ដុះបណ្ដាល ការលើកតម្កើងផលប្រយោជន៍ និងការពារសិទ្ធិក៏ដូចជាផលប្រយោជន៍ផ្នែកស្មារតី និងសម្ភារៈជាសមូហភាព។ ចំណែកមាត្រា៦ ចែងថាគ្មានបុគ្គលណាម្នាក់មានសិទ្ធិរារាំងដល់សិទ្ធិនេះបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។