មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជំរុញឱ្យតុលាការគោរព និងអនុវត្តឱ្យបានពេញលេញនូវសិទ្ធិរបស់ជនជាប់ចោទជាស្ត្រី និងជនជាប់ចោទដទៃទៀត ក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។ មជ្ឈមណ្ឌលនេះ អំពាវនាវដល់ចៅក្រម ឱ្យពន្យល់ប្រាប់ឱ្យបានពេញលេញដល់ជនជាប់ចោទជាស្ត្រីអំពីការចោទប្រកាន់ប្រឆាំងនឹងពួកគេ អំពីសិទ្ធិរបស់ពួកគេនៅពេលសវនាការ ក្នុងនោះ រួមមាន សិទ្ធិមានមេធាវី ឬការពារដោយខ្លួនឯង និងសិទ្ធិនៅស្ងៀមនៅពេលសវនាការ ជាដើម។
ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងព្រឹត្តិបត្រព័ត៌មានស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្សាយនៅដើមខែមីនានេះ។ ផ្អែកតាមការសង្កេតការណ៍លើដំណើរការជំនុំជម្រះក្តី ២០០ សំណុំរឿង នៅសាលាឧទ្ធរណ៍ភ្នំពេញ ក្នុងរយៈពេលពេញមួយឆ្នាំ២០២០ កន្លងទៅ មជ្ឈមណ្ឌលនេះ រកឃើញថា ចៅក្រមក្នុងសំណុំរឿងភាគច្រើន បានប្រាប់ជនជាប់ចោទជាស្ត្រី អំពីបទចោទប្រកាន់ប្រឆាំងនឹងពួកគេ។ ក៏ប៉ុន្តែ ចៅក្រមមិនបានទាំងប្រាប់ និងពន្យល់ជនជាប់ចោទអំពីសិទ្ធិមានមេធាវី ឬការការពារដោយខ្លួនឯង នៅគ្រប់សំណុំរឿងទាំងអស់ទាក់ទងនឹងស្ត្រី ដែលមជ្ឈមណ្ឌលនេះបានសង្កេតការណ៍នោះទេ។ រីឯ សិទ្ធិនៅស្ងៀមវិញ មានសំណុំរឿងមួយចំនួន ចៅក្រមមិនបានទាំងប្រាប់ និងពន្យល់អំពីសិទ្ធិនេះដល់ជនជាប់ចោទជាស្ត្រីនោះទេ។
[English Text below] នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នេះ ម.ស.ម.ក...
Posted by Cambodian Center for Human Rights l មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា on Wednesday, March 3, 2021
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពន្យល់ថា ចៅក្រមមានកាតព្វកិច្ចក្នុងការពន្យល់ឱ្យបានគ្រប់គ្រាន់ និងច្បាស់ថា ជនជាប់ចោទយល់អំពីប្រភេទនៃបទចោទប្រកាន់ សិទ្ធិស្វែងរកមេធាវី ឬការការពារខ្លួនឯង ព្រមទាំងធានាថា ជនជាប់ចោទត្រូវតែដឹងអំពីសិទ្ធិនៅស្ងៀម និងមិនសារភាពទោសកំហុស។ ការប្រាប់ឱ្យដឹងអំពីសិទ្ធិទាំងនេះ ចៅក្រមត្រូវតែធ្វើនៅមុនគេបង្អស់នៅពេលសវនាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។