មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ធ្វើយុទ្ធនាការ៤ថ្ងៃតាមអ៊ីនធឺណិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ វិច្ឆិកា ដើម្បីទាមទារឲ្យរដ្ឋាភិបាល បញ្ចប់អំពើនិទណ្ឌភាពនិងអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន។ ការធ្វើយុទ្ធនាការនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ដើម្បីបញ្ចប់និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍រួចផុតពីសំណាញ់ច្បាប់ លើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន នៅថ្ងៃទី២ វិច្ឆិកា។ យុទ្ធនាការ៤ថ្ងៃនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ និងអំពើនិទណ្ឌភាព ដែលកំពុងបន្តញាំញីប្រទេសកម្ពុជារួមទាំងអំពើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានផងដែរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣១ តុលាថា ទិវាអន្តរជាតិនេះ គឺជាឱកាសជំរុញឲ្យមានការពិភាក្សាអំពីឧក្រិដ្ឋកម្មប្រឆាំងលើអ្នកសារព័ត៌មាន និង អ្នកធ្វើការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយដែលមិនទាន់ទទួលបានយុត្តិធម៌កន្លងមក និងដើម្បីសម្តែងនូវការគោរពដល់អ្នកសារព័ត៌មានដែលតែងប្រថុយប្រថាន ឬបានបាត់បង់អាយុជីវិតក្នុងបុព្វហេតុ រាយការណ៍ព័ត៌មានរបស់ខ្លួន។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបន្តថា ទិវានេះ ក៏ដើម្បីរម្លឹកដល់ រដ្ឋាភិបាលជុំវិញពិភពលោក រួមទាំងរដ្ឋាភិបាលកម្ពុជាផង ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការលើកកម្ពស់ និងគោរពសេរីភាពសារព័ត៌មាន ព្រមទាំងបញ្ចប់នូវអំពើនិទណ្ឌភាពលើឧក្រិដ្ឋកម្ម ប្រឆាំងអ្នកសារព័ត៌មានផងដែរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៤ មក យ៉ាងហោចណាស់មានអ្នកសារព័ត៌មានចំនួន ១៣នាក់ត្រូវបានសម្លាប់ដោយសារការបំពេញការងាររបស់ខ្លួន។ ក្នុងនោះមានអ្នកសារព័ត៌មាន ១២នាក់ ត្រូវបានសម្លាប់ក្នុងពេលពួកគេរាយការណ៍រិះគន់គណបក្សកាន់អំណាច និងរាយការណ៍រឿងអាស្រូវពុករលួយរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងស្ថាប័នយោធា។មកដល់បច្ចុប្បន្ននេះ ជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នោះទេ ខណៈជនល្មើសនៅតែបន្តរួចផុតពីការផ្តន្ទាទោសចំពោះឧក្រិដ្ឋរបស់ខ្លួន ដោយសារស្ថាប័នពាក់ព័ន្ធ មិនបានដំណើរការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាព។
សម្រាប់ការធ្វើយុទ្ធនាការ ៤ថ្ងៃនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងផ្សព្វផ្សាយជាសាធារណៈនូវអំពើនិទណ្ឌភាពទាំងនោះ និងអំពាវនាវឲ្យរដ្ឋាភិបាលបញ្ចប់នូវអំពើនិទណ្ឌភាព ដែលជនល្មើសនៅតែបន្តរួចខ្លួនពីការផ្ដន្ទាទោសតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។