មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងវិធានការច្បាប់ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី។ ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសប្រារព្ធទិវាអន្តរជាតិដើម្បីបំបាត់អំពើហិង្សាលើស្ត្រី ថ្ងៃទី២៥ ខែវិច្ឆិកា។
សេចក្ដីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ម្សិលមិញ អោយដឹងថា ស្ត្រីម្នាក់ក្នុងចំណោម៥នាក់នៅប្រទេសកម្ពុជារងការវាយធ្វើបាបពីដៃគូរបស់គេដែលចំនួននេះត្រូវបានគេជឿជាក់ថាបានកើនឡើងចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្តើមធ្វើយុទ្ធនាការមួយដែលមានឈ្មោះថា «សកម្មភាព១៦ថ្ងៃ ដើម្បីបញ្ចប់អំពើហិង្សាផ្អែកទៅលើយេនឌ័រ » ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បន្តថា យុទ្ធនាការនេះដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិស្ត្រីនិងផលប៉ះពាល់នានានៃអំពើហិង្សានៅក្នុងសហគមន៍ព្រមទាំងជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការច្បាស់លាស់និងទាន់ពេលវេលាដើម្បីបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។
ប្រភពដដែលបន្តថាក្នុងអំឡុង១៦ថ្ងៃនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានឹងចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗមួយចំនួនទៀតរួមមានទិវាអន្តរជាតិនៃការការពារសិទ្ធិមនុស្សជាស្ត្រី ២៨ ខែវិច្ឆិកា, ទិវាអ្នកការពារសិទ្ធិមនុស្សអន្តរជាតិ៩ធ្នូនិងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។ ចំណែកប្រធានបទនៃទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះផ្តោតលើ «កាត់បន្ថយវិសមភាព តាមរយៈការជំរុញការគោរពសិទ្ធិមនុស្ស» ដែលជាឱកាសរបស់អង្គការសង្គមស៊ីវិលចូលរួមក្នុងការលុបបំបាត់វិសមភាពនិងតស៊ូមតិដើម្បីសិទ្ធិស្មើគ្នានៅក្នុងប្រទេសកម្ពុជា៕
🇰🇭 ក្នុងឱកាសខួបលើកទី២២ដើម្បីលុបបំបាត់អំពើហិង្សាលើស្រី្ត ប្រទេសបារាំងនៅតែមានការប្តេជ្ញាចិត្តក្នុងការប្រឆំាង...
Posted by Ambassade de France au Cambodge on Thursday, November 25, 2021
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។