ក្លឹប​អ្នក​កាសែត​កម្ពុជា​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​ការពារ​អ្នក​សារព័ត៌មាន

0:00 / 0:00

អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ក្នុង​ស្រុក និង​អន្តរជាតិ​ជាង ៨០​នាក់​ បាន​មក​ជួប​ជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសា នៅ​សណ្ឋាគារ​សាន់វ៉េ ដើម្បី​ពិភាក្សា​គ្នា​អំពី “អនាគត​នយោបាយ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨”។ អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​លើក​ឡើង​ថា ការ​ការពារ​សុវត្ថិភាព​​អ្នក​សារព័ត៌មាន​​សម្រាប់​ការ​បោះឆ្នោត​ជា​រឿង​មួយ​ដ៏​សំខាន់​ ដើម្បី​ធានា​ថា ពួក​គេ​នឹង​អាច​បំពេញ​មុខ​ងារ​របស់​ខ្លួន​បាន​ដោយ​ពេញ​លេញ។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា អំពាវ​នាវ​ដល់​អា​ជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ឱ្យ​ជួយ​ការពារ​អ្នក​កាសែត នៅ​អំឡុង​ពេល​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ។ ការ​ថ្លែង​របស់​លោក ប៉ែន បូណា នេះ ធ្វើ​ឡើង​​នៅ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៨ កាន់​តែ​ខិត​ជិត​មក​ដល់៖« ចេះ​ការពារ​សុវត្ថិភាព​ដោយ​ខ្លួន​ឯង ប្រយ័ត្ន​ប្រយែង​ពេល​ចុះ​យក​ព័ត៌មាន​ដែល​មាន​ព្រឹត្តិការណ៍​ក្តៅៗ មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ? បន្ទាប់​មក​ទៀត ក៏​សូម​អំពាវនាវ​ទៅ​ដល់​គណបក្ស​នយោបាយ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ជួយ​ការពារ​រក្សា​សុវត្ថិភាព​អ្នក​កាសែត​ផង បើ​ទោះ​ជា​ក្នុង​កាលៈទេសៈ​យ៉ាង​ណា​ក៏ដោយ »

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា យល់​ឃើញ​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នឹង​មាន​លក្ខណៈ​កាន់​តែ​ស្រួចស្រាល់ និង​តឹងតែង​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ព្រមទាំង​គណបក្ស​ដទៃ​ផ្សេង​ទៀត។ ប្រការ​នេះ​ទាមទារ​ឱ្យ​អ្នក​សារព័ត៌មាន​គ្រប់​រូប ត្រូវ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ពេល​ចុះ​បំពេញ​មុខងារ។

បន្ថែម​ពី​លើ​នេះ លោក ប៉ែន បូណា ទទូច​ឱ្យ​អាជ្ញាធរ និង​តុលាការ​ជួយ​រក​យុត្តិធម៌​ជូន​អ្នក​សារព័ត៌មាន​ដែល​រង​ការ​វាយ​ប្រហារ និង​ការ​សម្លាប់​នៅ​ពេល​កន្លង​ទៅ៖« សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ និង​តុលាការ ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បាន​យុត្តិធម៌​ដល់​អ្នក​កាសែត​គ្រប់​គ្នា »

អតីត​អ្នក​កាសែត​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) លោក ឡាយ សាមាន ដែល​ធ្លាប់​ត្រូវ​បាន​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ វាយ​ដំ​ឱ្យ​រង​របួស​ធ្ងន់ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៤ កន្លង​ទៅ បាន​ថ្លែង​ថា លោក​ចង់​ឃើញ​អាជ្ញាធរ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​សារព័ត៌មាន​ពេល​ចុះ​បំពេញ​ការងារ ជាពិសេស កុំ​ចាត់​ទុក​អ្នក​សារព័ត៌មាន​ជា​សត្រូវ រួច​ប្រើ​អំពើ​ហិង្សា​ដូច​អ្វី​ដែល​ធ្លាប់​ធ្វើ​លើ​រូប​លោក៖« ពេល​ដែល​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់​អ៊ីចឹង ខ្ញុំ​នឹក​ឃើញ​ភ្លាម​តែ​ម្តង មាន​អារម្មណ៍​ថា​ឈឺ​ចាប់ ខ្លួន​ឯង​អត់​បាន​ធ្វើ​អ្វី​ខុស ត្រូវ​បាន​គេ​វាយ ហើយ​ទាក់ទង​នឹង​យុត្តិធម៌​វិញ ក៏​មិន​ទាន់​បាន​ទទួល​ទៀត។ អ៊ីចឹង​ដូច​អន់​ចិត្ត​ដែរ »

​លោក ឡាយ សាមាន ត្រូវ​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ វាយ​ឱ្យ​សន្លប់ ដោយ​រង​របួស​ក្បាល និង​បាក់​ឆ្អឹងថ្គាម អំឡុង​ពេល​លោក​កំពុង​យក​ព័ត៌មាន​អំពី​ការ​ប្រមូលផ្ដុំ​មួយ​រៀបចំ​ដោយ​គណបក្ស​ប្រឆាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ កន្លង​ទៅ។ មិន​មាន​អាជ្ញាធរ​សមត្ថកិច្ច ឬ​មន្ត្រី​តុលាការ​រូប​ណា ចេញ​មុខ​ទទួល​ខុស​ត្រូវ ឬ​ស៊ើបអង្កេត​ជុំវិញ​ករណី​នេះ​ឡើយ ហើយ​ពាក្យ​បណ្ដឹង​ទៀតសោត ក៏​ត្រូវ​បាន​អាជ្ញាធរ​ទម្លាក់​ចោល​នៅ​ចុង​ឆ្នាំ​២០១៤ ដោយ​គ្មាន​ការ​បកស្រាយ​អ្វី​ទាំង​អស់។

ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​អ្នកសារព័ត៌មាន​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​មាន​ភារកិច្ច​ថែរក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ មិន​ចំពោះ​តែ​អ្នកសារព័ត៌មាន​នោះ​ទេ។ លោក ខៀវ សុភ័គ បន្ត​ទៀត​ថា អ្នក​សារព័ត៌មាន​ខ្លួន​ឯង​ក៏​ត្រូវ​ប្រយ័ត្ន​ខ្លួន​ឯង​ដែរ ដោយ​មិន​ត្រូវ​ទៅ​ឈរ​នៅ​ខាង​បាតុករ​ឡើយ ពេល​ផ្ទុះ​បាតុកម្ម​ហិង្សា​ណា​មួយ៖« អ្នក​កាសែត​យើង​ឥឡូវ​នេះ មិន​ដឹង​ថា​ទៅ​រៀន​ពី​ណា​មក​ទេ។ អ្នក​កាសែត​ខ្លះ គេ​ទៅ​ចូលរួម​ជាមួយ​បាតុករ​តែ​ម្តង ពេល​ណា​ប៉ូលិស​រុញ​ទៅ ត្រូវ​គាត់​ដែរ​ហ្នឹង »

​ជុំវិញ​រឿង​នេះ​ដែរ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង បញ្ជាក់​ថា ការ​ការពារ​សុវត្ថិភាព​ជូន​អ្នក​សារព័ត៌មាន គឺ​ជា​កិច្ចការ​ដែល​ត្រូវ​ធ្វើ​រួម​គ្នា​រវាង​អ្នក​សារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល និង​រាជរដ្ឋាភិបាល។

លោក អ៊ុក គឹមសេង បន្ត​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​សាធារណជន​កំពុង​ទន្ទឹង​រង់ចាំ​នោះ មិន​មាន​ចែង​អំពី​ការ​ការពារ​សុវត្ថិភាព​អ្នក​សារព័ត៌មាន​នោះ​ទេ គឺ​ផ្ដោត​តែ​ទៅ​លើ​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​ស្ថាប័ន​សាធារណៈ​ផ្ដល់​ព័ត៌មាន​ជូន​អ្នក​កាសែត និង​នីតិវិធី​ស្នើសុំ​ព័ត៌មាន​តែប៉ុណ្ណោះ៖« យើង​ត្រូវ​មើល​ទាំងអស់​គ្នា ថា​យើង​ត្រូវ​មាន​វិធីសាស្ត្រ​យ៉ាង​ម៉េច​ដើម្បី​ជួយ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក ពីព្រោះ​តែ​ក្រសួង​ព័ត៌មាន ក៏​អត់​ធ្វើ​អ្វី​បាន​ដែរ »

សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​សកល​ឆ្នាំ​២០១៦ (2016 World Press Freedom Index) របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា នៅ​លេខ​រៀង ១២៨ ក្នុង​ចំណោម​ប្រទេស ១៨០។ តួលេខ​នេះ​បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ប្រសើរ​ឡើង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥។

ទោះជា​យ៉ាងណា សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​បន្ត​រង​ការ​គំរាមកំហែង ពិសេស​លើ​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍​បញ្ហា​រសើប។ សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​សកល ឆ្នាំ​២០១៦ នេះ វិភាគ​ថា រដ្ឋាភិបាល​កម្ពុជា បន្ត​ឈ្លប​មើល​ដោយ​ប្រយោល និង​ត្រួត​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​អ្នក​សារព័ត៌មាន​បន្ត​ប្រឈម​នឹង​គ្រោះថ្នាក់​ពេល​ចុះ​យក​ព័ត៌មាន ពិសេស​ព័ត៌មាន​រសើប​ទាក់ទង​នឹង​ការ​កាប់​បំផ្លាញ និង​ជួញដូរ​ព្រៃឈើ ការ​នេសាទ​ខុស​ច្បាប់ ការ​ជួញដូរ​មនុស្ស និង​ការ​រុករក​ធនធាន​រ៉ែ។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក មាន​អ្នក​សារព័ត៌មាន​កម្ពុជា ចំនួន ១៣​នាក់​ហើយ ដែល​ត្រូវ​បាន​គេ​សម្លាប់ ដោយ​ក្នុង​នោះ​មាន​ករណី​ខ្លះ អាជ្ញាធរ​មិន​ទាន់​វែកមុខ​ចាប់​ជន​ដៃដល់​បាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។