ក្រសួង​ការងារ៖ ការ​រក​ឃើញ​របស់​សង្គម​ស៊ីវិល​ថា​មាន​ពលកម្ម​កុមារ​គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​វិជ្ជាជីវៈ

ដោយ រាជ វិញ្ញូ
2016.12.29
ពលកម្ម​កុមារ ៨៥៥ ២០១៥ កុមារ​ជញ្ជូន​ដុំ​ឥដ្ឋ​ដាក់​លើ​រថយន្ត​នៅ​កន្លែង​លក់​ឥដ្ឋ​មួយ​កន្លែង នា​ខេត្ត​ក្រចេះ កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៥។ RFA/Brach Chev
RFA/Brach Chev

រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ចាត់​ទុក​ថា របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​រក​ឃើញ​ថា មាន​ពលកម្ម​កុមារ គឺ​ធ្វើ​ឡើង​គ្មាន​វិជ្ជាជីវៈ និង​ធ្វើ​ឱ្យ​សង្គម​អាប់​ឱន​កិត្តិយស។ លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ ជំរុញ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ គួរ​តែ​រាយការណ៍​មក​កាន់​មន្ត្រី​ជំនាញ​ក្រសួង​នៅ​ពេល​រក​ឃើញ​ថា មាន​ការ​រំលោភ​ពលកម្ម​កុមារ។

​រដ្ឋមន្ត្រី​ក្រសួង​ការងារ បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ លោក អ៊ិត សំហេង មិន​បាន​ចោទ​ប្រកាន់​ចំៗ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ណា​មួយ​ថា បាន​ចេញ​របាយការណ៍​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ពលកម្ម​កុមារ​ដោយ​គ្មាន​វិជ្ជាជីវៈ​នោះ​ទេ ប៉ុន្តែ​លោក​ថ្លែង​ថា អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​ដៃគូ គួរ​តែ​រាយការណ៍​មក​កាន់​មន្ត្រី​ជំនាញ​របស់​ក្រសួង នៅ​ពេល​រក​ឃើញ​ថា មាន​ការ​រំលោភ​ពលកម្ម​កុមារ ហើយ​មិន​គួរ​ចេញ​របាយការណ៍​ដែល​គ្មាន​វិជ្ជាជីវៈ​នោះ​ទេ។

លោក​បន្ថែម​ថា ការ​ចេញ​របាយការណ៍​ដែល​និយាយ​អំពី​ពលកម្ម​កុមារ​ទាំង​នោះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា ម្យ៉ាង​វិញ​ទៀត ក្រសួង​ការងារ​មិន​ស្វាគមន៍​របាយការណ៍​ទាំង​នោះ​ទេ ហើយ​នឹង​ស្វាគមន៍​ចំពោះ​កិច្ច​សហការ​គ្នា៖ «ជា​ជាង​ទៅ​ធ្វើ​របាយការណ៍​ដែល​គ្មាន​វិជ្ជាជីវៈ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម​កម្ពុជា ហើយ​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល»

ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ផែនការ​សកម្មភាព​ជាតិ​ស្ដី​ពី​ការ​កាត់​បន្ថយ​ពលកម្ម​កុមារ និង​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ ២០១៦-២០២៥ ដែល​ប្រារព្ធ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​ការងារ នា​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ហើយ​ដែល​មាន​អ្នក​ចូលរួម ភាគ​ច្រើន​ជា​សិស្ស និស្សិត និង​កុមារ។

បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ​នេះ បន្ទាប់​ពី​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា លីកាដូ (Licadho) កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ បាន​ចេញ​របាយការណ៍​មួយ​ស្ដីពី​ការ​អភិវឌ្ឍ​លើ​ទាសភាព ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា។ របាយការណ៍​នេះ​បន្ត​ថា ការ​សិក្សា​ស្រាវជ្រាវ​មក​លើ​សិប្បកម្ម​ផលិត​ឥដ្ឋ​ជាង ១០០ និង​កម្មករ​រាប់​ពាន់​នាក់ ក្នុង​នោះ​ក៏​មាន​កុមារ​ជា​ច្រើន​ផង​ដែរ។ របាយការណ៍​ដដែល​អះ​អាង​ថា កុមារ​ជា​ច្រើន​ដែល​ខិតខំ​បំពេញ​ការងារ​ដើម្បី​ជួយ​ដោះ​បំណុល​ឱ្យ​ឪពុក​ម្ដាយ​មិន​ត្រឹមតែ​បាត់បង់​ឱកាស​ទៅ​សិក្សា​រៀន​សូត្រ​ទេ ប៉ុន្តែ​ពួកគេ​ក៏​បាន​ក្លាយ​ជា​ជន​ពិការ​ភាព​ដាច់​ដៃ ដោយសារ​ម៉ាស៊ីន​ផលិត​ឥដ្ឋ​ថែម​ទៀត។

អ្នក​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា លោក​ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ពលកម្ម​កុមារ​កន្លង​មក ប៉ុន្តែ​លោក​ថា មាន​កុមារ​ជា​ច្រើន​ទៀត​ដែល​មិន​ត្រឹមតែ​រង​គ្រោះ​ដោយសារ​សិប្បកម្ម​ផលិត​ឥដ្ឋ​ទេ ពួកគេ​ក៏​កំពុង​ត្រូវ​បាន​រំលោភ​សេពសន្ថវៈ​ជា​បន្តបន្ទាប់​ដែរ៖ «ក្នុង​ឆ្នាំ​២០១៧ នេះ រដ្ឋាភិបាល​គួរ​ដាក់​ចេញ​គោលនយោបាយ​បន្ថែម ដើម្បី​ទប់ស្កាត់​រាល់​ទម្រង់​ពលកម្ម​កុមារ​ឱ្យ​បាន​ជោគជ័យ​ដូច​ការ​គ្រោង​របស់​រដ្ឋាភិបាល»

​លោក អំ សំអាត អះអាង​ថា មូលហេតុ​ដែល​រុញ​ច្រាន​ឱ្យ​មាន​ពលកម្ម​លើ​កុមារ​បែប​នេះ គឺ​ភាគ​ច្រើន​ដោយសារ​ភាព​ក្រីក្រ​ខ្លាំង​ពេក។

ចំណែក​នាយក​ប្រតិបត្តិ​រង​គ្រប់គ្រង​គម្រោង​ផ្សេងៗ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក លោក ឡេង វីរៈ ដែល​ជា​ស្ថាបនិក​រៀបចំ​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការ​កាត់​បន្ថយ​ពលកម្ម​កុមារ និង​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ ឆ្នាំ​២០១៦-២០២៥ បញ្ជាក់​ថា នៅ​ក្នុង​វិស័យ​សំខាន់ៗ ដែល​រួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ដូចជា​វិស័យ​កសិកម្ម សិប្បកម្ម ផលិតកម្ម កាត់ដេរ និង​វិស័យ​ទេសចរណ៍ គឺ​សុទ្ធសឹងតែ​ពាក់ព័ន្ធ និង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ការ​រំលោភ​ពលកម្ម​កុមារ តិច​ហើយ​និង​ច្រើន៖ «ផលិតកម្ម​មួយ​ចំនួន ដូចជា​វិស័យ​កាត់ដេរ រួម​ទាំង​វិស័យ​ទេសចរណ៍​ផង​ដែរ សុទ្ធតែ​ប៉ះពាល់​ទម្រង់​ពលកម្ម​កុមារ​ធ្ងន់ធ្ងរ តិច​ហើយ​និង​ច្រើន»

​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​សង្ឃឹម​ថា ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ ឬ​ការ​រំលោភ​សិទ្ធិ​សេរីភាព​សព្វគ្រប់​បែប​យ៉ាង​របស់​កុមារ ដូចជា​កុមារ​ពុំ​ទទួល​បាន​ការ​អប់រំ ការ​អភិវឌ្ឍ និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ជាដើម នឹង​ត្រូវ​លុបបំបាត់​ឱ្យ​អស់​ក្នុង​ឆ្នាំ​២០២៥ ខាង​មុន។ លោក​រដ្ឋមន្ត្រី​ក៏​បញ្ជាក់​រំលឹក​ថា នៅ​ក្នុង​ផែនការ​លើក​ទី​១ របស់​រដ្ឋាភិបាល​ឆ្នាំ​២០០៨-​២០១២ ចំនួន​ពលកម្ម​កុមារ​ធ្លាក់​ចុះ​ពី​ចំនួន ៧៥០​ពាន់​នាក់ មក​ត្រឹម​ជាង ៤២៩​ពាន់​នាក់ រី​ឯ​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​ក៏​បាន​ថយ​ចុះ​ពី​ចំនួន ២៥៣​ពាន់​នាក់ មក​ត្រឹម​ជាង ២៣៦​ពាន់​នាក់។

អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា បើ​សិន​រដ្ឋាភិបាល​ចង់​សម្រេច​គោលនយោបាយ​លុប​បំបាត់​ពលកម្ម​កុមារ​ឱ្យ​អស់​តាម​ការ​គ្រោង​ទុក គឺ​ត្រូវ​មាន​គោលនយោបាយ​លុបបំបាត់​ភាព​ក្រីក្រ​ជា​មុន ជាពិសេស​ត្រូវ​បង្កើន​ទីផ្សារ​ការងារ និង​បង្កើន​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម ព្រោះ​បច្ចុប្បន្ន ពលរដ្ឋ​ជា​ច្រើន​នៅ​តែ​​ធ្វើ​ចំណាកស្រុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។