អង្គការ​លីកាដូ ស្នើសុំ​រដ្ឋាភិបាល​ យក​ចិត្ត​ទុក​ដាក់​បន្ថែម ចំពោះ​កុមារ នៅ​ក្នុង​ស្ថានភាព​កូវីដ១៩

0:00 / 0:00

អង្គការ​លីកាដូ រក​ឃើញ​ថា ក្នុង​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ (Covid-19) លើក​ទី​៣ ច្រើន​ខែ​មក​នេះ​ កុមារ​មិន​​​អាច​ទទួល​បាន​សិទ្ធិ និង​សុខុមាលភាព​​ពេញ​លេញ​ទេ ពិសេស​សិទ្ធិ​ក្នុង​ការ​អប់រំ និង​អនីតិជន​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ។ អង្គការ​នេះ ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម ចំពោះ​​​​កុមារ​នៅ​ក្នុង​ស្ថានភាព​ឆ្លង​ជំងឺ​កូវីដ១៩ នេះ។

អង្គការ​លីកាដូចេញ​សេចក្ដី​ថ្លែង​ការណ៍​ក្នុង​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ​បញ្ជាក់​ថា​ កុមារ​​រង​ផល​ប៉ះពាល់​ជាច្រើន​ក្នុង​រយៈ​ពេល​នេះ ទាំង​សិទ្ធិ សុខភាព​ ស្មារតី និង​ការ​អប់រំ​ ជាដើម។

នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការ​លីកាដូ លោក អំ សំអាត​ ឲ្យ​ដឹង​​បន្ថែម​ថា បញ្ហា​ទាំង​នេះ បាន​បណ្ដាល​​ឲ្យ​កុមារ​កែប្រែ​ឥរិយាបថ និង​បង្កើត​ភាព​​តប់​ប្រមល់​។ លោក​ទទួល​ស្គាល់ថា រដ្ឋាភិបាល​បាន​​បង្ហាញ​ឆន្ទៈ​​​ជា​ទូទៅ​ ពី​ការ​​យក​ចិត្ត​ទុក​ដាក់​​​​ចំពោះ​កុមារ តែ​​​ជាក់​ស្ដែង ​​កុមារ​មិន​ទាន់​ទទួល​បាន​តម្រូវ​ការ​ពិត​ប្រាកដ​នោះ​ទេ។

លោក អំ សំអាត​ បន្ត​ថា កុមារ​ទាំង​អស់ មិន​ទទួល​បាន​ការ​សិក្សា​ស្មើ​ភាព​គ្នា​ទេ ក្នុង​ស្ថានភាព​បិទ​ខ្ទប់ និង​ការ​រាតត្បាត​កូវីដ​កន្លង​មក​នេះ ដោយសារ​​កុមារ​ជាច្រើន គ្មាន​​លទ្ធភាព​បន្ត​ការ​សិក្សា​តាម​ប្រព័ន្ធ​ឌីជីថល ពិសេស​គឺ​កុមារ​នៅ​តាម​ជន​បទ។ ចំណែក​អនីតិជន និង​កុមារ​រស់​នៅ​ជាមួយ​ម្ដាយ​ក្នុង​មណ្ឌល​ឃុំឃាំង កាន់​តែ​មាន​ហានិភ័យ​ជាង​កុមារ​នៅ​ក្រៅ​ឃុំ​ទៅ​ទៀត គឺ​ពួកគេ​ប្រឈម​​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ពន្ធនាគារ ​ដែល​មាន​ស្ថានភាព​គ្រោះថ្នាក់ ​និង​ចង្អៀត​ណែន​ខ្លាំង។

លោក​​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​​ធានា​ថា កុមារ​ទាំង​អស់ នឹង​ទទួល​បាន​ការ​សិក្សា​ពី​ចម្ងាយ​តាម​រយៈ​ឌីជីថល ​ ឬ​ទូរទស្សន៍ ​ ដោយ​ស្មើ​ភាព​គ្នា​ ក្នុង​ស្ថានភាព​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​នេះ។ លោក​ក៏​​ស្នើសុំ​អាជ្ញាធរ​ឱ្យ​បង្កើន​ការ​យ​ក​ចិត្ត​ទុក​ដាក់​ចំពោះ​អនីតិជន និង​កុមារ​ ដែល​រស់​នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្ដាយ៖ « យើង​នៅ​តែ​ឃើញ​ថា កុមារ​កំពុង​តែ​មាន​បញ្ហា​ច្រើន ដោយសារ​តែ​ក្នុង​អំឡុង​ពេល​កូវីដ១៩ នេះ កុមារ​ហាក់​ដូចជា អាច​ត្រូវ​បាន​មើល​​រំលង​ផង​ដែរ អំពី​សិទ្ធិ​ សុខុមាល​ភាព​ និង​សំឡេង​របស់​ពួក​គាត់»

អង្គការ​លីកាដូ លើក​ឡើង​បន្ត​ក្នុង​សេចក្ដី​ថ្លែងការណ៍​​ថា អ្នក​ជាប់​ពន្ធនាគារ​ជា​អនីតិជន ​ និង​ក្មេង​ដែល​តាម​ម្ដាយ​នៅ​ក្នុង​មណ្ឌល​ឃុំឃាំង មាន​​ជាង ១.០០០​នាក់ ​​​កំពុង​ប្រឈម​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ ចំណែក​ការ​បិទ​សាលា​រៀន​ទូទាំង​ប្រទេស​​ជាង​មួយ​ឆ្នាំ​នេះ ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កុមារ​ជាង​បី​លាន (៣,២លាន) នាក់។

ឆ្លើយ​តប​នឹង​សេចក្ដី​ថ្លែងការណ៍​​នេះ តំណាង​​ក្រសួង​អប់រំ​ស្វាគមន៍​ ការ​សហការ​របស់​អង្គការ​ស្ថាប័ន​នានា ក្នុង​ទិស​ដៅ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា។ អ្នក​នាំ​ពាក្យ​ក្រសួង​​អប់រំ​ យុវជន និង​កីឡា លោក រស់ សុវាចា បញ្ជាក់​ថា បុគ្គលិក​អប់រំ​ទាំងអស់ នៅ​តែ​បន្ត​បង្រៀន​សិស្សានុសិស្ស​ជា​ធម្មតា តាម​កម្មវិធី​សិក្សា​ពី​ចម្ងាយ ដែល​ដាក់​ចេញ​ដោយ​ក្រសួង និង​មាន​ការ​ចាក់​ផ្សាយ​​តាម​ទូរទស្សន៍​ជា​ដើម។

លោក​បន្ត​ថា ចំពោះ​សិស្ស​នៅ​តាម​ជន​បទ ដែល​គ្មាន​លទ្ធភាព​រៀន​តាម​ប្រព័ន្ធ​ឌីជីថល ខាង​​មន្ទីរ​អប់រំ​អាច​អនុញ្ញាត​ឲ្យ​បែង​ចែក​​គ្រូ​​ឱ្យ​ដើរ​បង្រៀន​សិស្ស​​ជា​ក្រុម​តូចៗ នៅ​តាម​សហគមន៍​ តាម​ភូមិ​របស់​ពួកគេ។ ​មន្ត្រី​ដដែល​ អះអាង​ថា ​គុណភាព​អប់រំ ក្នុង​ឆ្នាំ​សិក្សា​ ២០២១ កើន​ឡើង​ជាង​គុណភាព​សិក្សា កាល​ឆ្នាំ២០២០។ តែ​យ៉ាង​ណា​ក្ដី លោកថា ការ​សិក្សា​នេះ មិន​អាច​យក​ប្រៀប​នឹង​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ បាន​ទេ៖ « ការ​សិក្សា​ជា​បណ្ដុំ​នេះ ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ ​ដោយ​​ក្រសួង​អប់រំ យុវជន និង​កីឡា អាច​ធ្វើ​ទៅ​បាន បើ​គណៈ​គ្រប់គ្រង​នៅ​តាម​មន្ទីរ​អប់រំ យុវជន និង​កីឡា បាន​ធ្វើ​ចំណាត់​ថ្នាក់​ថា ជា​ហានិភ័យ​មាន​កម្រិត​ទាប​ ដែល​នឹង​ទទួល​ជា​ពណ៌​លឿង នោះ​គឺ​ការ​សិក្សា​ជា​បណ្ដុំ​តូចៗ នោះ អាច​ធ្វើ​ទៅ​បាន​ហើយ»

ប៉ុន្តែ​ផ្ទុយ​ពី​ការ​អះអាង​នេះ មន្ត្រី​សង្គម​ស៊ីវិល ​ឃ្លាំមើល​វិស័យ​អប់រំ និង​សិទ្ធិ​គ្រូ​បង្រៀន​នៅ​កម្ពុជា​​សង្កេត​ឃើញ​ថា កុមារ​មិន​ទទួល​​បាន​ការ​អប់រំ​ប្រសើរ​នោះ​ទេ។ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី​ អ៊ុក ឆាយាវី យល់​ថា កុមារ​ជាច្រើន​បាន​បោះ​បង់​ចោល​ការ​សិក្សា​ ក្នុង​រយៈ​ពេល​បិទ​សាលា​​រៀន​ច្រើន​ខែ​មក​នេះ។ អ្នកស្រី​អះអាង​ថា មាន​សិស្ស​តែ​ប្រមាណ​ ២០​ភាគរយ ​ប៉ុណ្ណោះ មាន​លទ្ធភាព និង​ទទួល​បាន​ការ​សិក្សា​ពេញ​លេញ៖ « លោក​គ្រូ អ្នក​គ្រូ យើង​គាត់​ចាស់ៗ​ ហើយ។ ពេល​ខ្លះ​គាត់​អត់​ទាន់​ចេះ​ទាំង​របៀប​ចូល​បង្រៀន ​ ឬ​ក៏​បង្កើត​តាម​អនឡាញ​ហ្នឹង​ផង។ កុំ​ថា​ឡើយ​សិស្សានុសិស្ស​ សូម្បី​តែ​លោកគ្រូ អ្នក​គ្រូ​យើង​ក៏​គាត់​ខ្វះ​ខាត ក្នុង​ការ​ចូល​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​ហ្នឹង​ដែរ។ នេះ​ហើយ ជា​កត្តា​មួយ ដែល​ខ្ញុំ​គិត​ថា វិស័យ​អប់រំ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​នេះ​ណា»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចេញ​លិខិត​ចំហ​មួយ​ក្នុង​ទិវា​កុមារ​អន្តរជាតិ​នេះ​ដែរ ដោយ​បញ្ជាក់​ថា រដ្ឋាភិបាល​​ប្ដេជ្ញា​លុបបំបាត់​អំពើ​ហិង្សា​លើ​កុមារ​ទាំ​ង​ផ្លូវកាយ ផ្លូវ​ចិត្ត ផ្លូវ​ភេទ និង​បញ្ហា​ប្រឈម​នានា ហើយ​​កម្ពុជា​បាន​សហការ​ជាមួយ​ប្រទេស​ជា​ដៃគូ​សកល រួម​គ្នា​អនុវត្ត​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ។ លោក​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ និង​ដៃគូ​អភិវឌ្ឍន៍​ជួយ​ពង្រឹង​ផ្តល់​សេវា​គាំពារ​ដល់​កុមារ​តូចៗ រួមមាន​អាហារូបត្ថម្ភ សុខភាព​បន្ត​ពូជ ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​បំណិន​ជីវិត ការ​បង្ការ ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស និង​រូបភាព​អាសអាភាស​កុមារ និង​បង្កើន​ការ​អប់រំ និង​ផ្សព្វផ្សាយ ពង្រឹង​ការពារ និង​តាមដាន​ការ​អនុវត្ត​សិទ្ធិ​កុមារ​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ។

ទោះ​ជា​យ៉ាង​ណា អង្គការ​លីកាដូ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ លើក​កម្ពស់​សិទ្ធិ​​និង​​តម្រូវការ​របស់​កុមារ​ ជា​បញ្ហា​ស្នូល ​ចំពោះ​ស្ថានភាព​ជំងឺ​កូវីដ-១៩ និង​ធានា​ថា គ្មាន​កុមារ​ណា​ម្នាក់ ត្រូវ​បាន​មើល​រំលង។ អង្គការ​នេះ ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល ផ្ដល់​ការ​គាំទ្រ ទាំង​មធ្យោបាយ​ចាំបាច់ ការ​ប្រឹក្សា​ផ្នែក​សង្គម និង​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​សិទ្ធិ និង​សុខុមាលភាព ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ជា​សកល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។