សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អតីតអ្នកទោសមនសិការ ក្រុមស្ត្រីថ្ងៃសុក្រ និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ប្រមាណ១០០នាក់ ដើរហែក្បួន ពីទីលានប្រជាធិបតេយ្យ ទៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដាក់ញត្តិ ដើម្បីទាមទារដោះលែងគ្រូបង្រៀន និងអ្នកមនសិការដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ ទោះយ៉ាងណាក្រុមសមត្ថកិច្ច មិនបានឱ្យក្រុមអ្នកតស៊ូមតិដើរក្បូនចប់ចុងចប់ដើមទេ ដោយតម្រូវក្រុមអ្នកទាមទារបញ្ឈប់ដំណើរត្រឹមមុខសាលាដំបូងរាជធានីភ្នំពេញ ហើយតំណាងមន្ត្រីចេញមកទទួលញត្តិ។
ក្រុមអ្នកតស៊ូមតិបានជួបជុំគ្នាសម្ដែងមតិនៅទីលានប្រជាធិបតេយ្យដើម្បីទាមទារដោះលែងគ្រូបង្រៀន និងអ្នកទោសមនសិការ នៅមុនការហែក្បួននេះ។ ក៏ប៉ុន្តែ ក្រុមសមត្ថកិច្ចមិនបានបង្កភាពងាយស្រួលឱ្យសម្ដែងមតិនេះទេ ដោយសមត្ថកិច្ចបានដាក់រនាំងដែកបិទផ្លូវចូលទីលានប្រជាធិបតេយ្យ។ ចំណែកក្រុមអ្នកតស៊ូមតិក៏សម្រេចសម្ដែងមតិនៅមុខទីលានប្រជាធិបតេយ្យតែម្ដង។
ក្រោយសម្ដែងមតិជាង២ម៉ោង នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ក្រុមអ្នកតស៊ូមតិ នាំគ្នាដើរហែក្បូនចេញពីទីលានប្រជាធិបតេយ្យ ឆ្ពោះទៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពួកគាត់ បានកាន់បដា និងរូបអ្នកទោសមនសិការ រួមមាន កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ គ្រូបង្រៀនលោក ស៊ុន ធន់ លោក កែវ ថៃ ជាដើម និងបានស្រែកទាមទារឱ្យដោះលែងអ្នកទោសមនសិការទាំងនោះដោយគ្មានលក្ខខណ្ឌ។ «»
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន លើកឡើងថា ក្រុមពលរដ្ឋ និងធ្វើការងារសង្គមចេញមកទាមទារពេលនេះ ព្រោះពួកគេមើលឃើញថា ការចាប់ខ្លួន និងការចោទប្រកាន់លើអ្នកទោសមនសិការទាំងនោះ ជាអំពើអយុត្តិធម៌។ លោក រ៉ុង ឈុន ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើលទង្វើរបស់អាជ្ញាធរថ្នាក់ក្រោម ដែលបានរឹតត្បិតសិទ្ធិសម្ដែងមតិរបស់ពលរដ្ឋ។ លោកបន្តថា ប្រសិនបើលោក ហ៊ុន សែន មិនដោះស្រាយបញ្ហានេះទេ នឹងធ្វើសាធារណជនយល់ច្រឡំថា អ្វីដែលសមត្ថកិច្ចប្រព្រឹត្តិ គឺធ្វើតាមបញ្ជារបស់នាយករដ្ឋមន្ត្រី។
លោក រ៉ុង ឈុន៖«យើងក្រីក្រ យើងអ្នកអត់លុយយើងត្រូវតែចងសាមគ្គីគ្នា ប្រមូលផ្ដុំបាទ ការប្រមូលផ្ដុំចងសាមគ្គីហ្នឹងហើយ គឺជាអំណាចរបស់ពួកយើងហ្នឹងហើយ មិនមែនយើងអត់អំណាចទេ»។
តំណាងស្ត្រីថ្ងៃសុកលោកស្រី ព្រំ ចន្ថា រិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងដឹកនាំប្រទេសដោយប្រើប្រាស់ប្រព័ន្ធតុលាការចាប់ខ្លួន និងចោទប្រកាន់ពលរដ្ឋស្លូតត្រង់ និងអ្នកនយោបាយដែលមានទស្សនៈមិនស្របនឹងរដ្ឋាភិបាល។ លោកស្រី ព្រំ ចន្ថា ដែលប្ដីរបស់ខ្លួនកំពុងជាប់ឃុំ ហើយកូនប្រុសរបស់លោកស្រីធ្លាប់ជាប់ពន្ធនាគារទាំងគ្មានកំហុស បានស្នើទៅរដ្ឋាភិបាលលោក ហ៊ុន សែន គួរដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យពួកគាត់មានសេរីភាពឡើងវិញ។
លោកស្រី ព្រំ ចន្ថា៖«លោក(លោក ហ៊ុន សែន)គួរតែដោះលែងៗ អ្នកទោសនយោបាយទាំងអស់សួរថា ចាប់ពួកគាត់ដាក់ចំណេញអី ចំណេញត្រង់ថា ប្រទេសកម្ពុជាគឺរបបកុម្មុយនិស្តសារជាថ្មីអរគុណសន្តិភាព សួរថា សន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តមិនមែនសន្តិភាពតែក្រុមបក្ខរបស់លោកទេ គឺអយុត្តិធម៌បំផុត»។
ជាមួយគ្នានេះ ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ លើកឡើងថា អ្នកទោសមនសិការដែលកំពុងជាប់ឃុំ រងការចោទប្រកាន់ព្រោះការទាមទារប្រយោជន៍រួម និងប្រយោជន៍ពលរដ្ឋ ។ អ្នកស្រីស្នើរដ្ឋាភិបាលមុនចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារ គួរពិនិត្យឱ្យបានច្បាស់ កុំអាងមានអំណាច ចេះតែចាប់ពលរដ្ឋ។
អ្នកស្រី យ៉ាង សោភ័ណ្ឌ៖«សូមកុំចាប់គាត់ខុសត្រូវអីនិយាយគ្នា ខ្ញុំហ៊ាននិយាយថា សូម្បីតែខ្ញុំមនុស្សស្រី ខុសអីយើងនិយាយបានសូមកុំចាប់ទោសអូសដំណើរយើង ប្រសិនណា យើងអនុវត្តខុសប្រាប់ណែនាំយើងសិនៗ ហើយបើសិនណាយើងអត់បានធ្វើខុសទេ យើងនៅតែបន្តដំណើររបស់យើងតទៅមុខទៀត»។
របាយការណ៍អង្គការលីកាដូ (Licadho) ឱ្យដឹងថា រដ្ឋាភិបាល លោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជននយោបាយ និងតស៊ូមតិ ៤៩នាក់ដាក់ពន្ធនាគារ ដោយសារអ្នកទាំងនោះប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការរិះគន់បញ្ហាដែលកើតឡើងក្នុងសង្គម។ ក្រៅពីនេះសកម្មជនគណបក្សប្រឆាំង រាប់សិបនាក់ និងអ្នកតស៊ូមតិជាច្រើននាក់ទៀត បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ដើម្បីគេចពីការទុក្ខបុកម្នេញពីរដ្ឋាភិបាល។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន យល់ថា ការដើរហែក្បូននេះ មិនអាចជួយអ្វីបានដល់អ្នកជាប់ឃុំបានទេ។ លោកបន្តទៀតថា ក្រុមអ្នកទាមទារហាក់កំពុងដើរតួជាព្រះរាជអាជ្ញា ចៅក្រម និងនគរបាលយុត្តិធម៌។ លោកថា ប្រសិនបើអ្នកទាមទារទាំងនោះមានភស្តុតាង បញ្ជាក់ថា អ្នកជាប់ឃុំគ្មានកំហុស ពួកគេគួរដាក់ភស្តុតាងទៅតុលាការ។
លោក កត្តា អ៊ន៖«យើងធ្វើអ្វីឱ្យមានកម្មវត្ថុច្បាស់លាស់ក្នុងក្របខណ្ឌច្បាប់គុណធម៌ សីលធម៌សង្គម ជៀសវាងយើងធ្វើអ្វីមួយតាមទំនើងចិត្តក្នុងការបង្កបញ្ហាអសន្តិសុខ បង្កជាបញ្ហាសណ្ដាប់ធ្នាប់ និងបញ្ហាមិនប្រក្រតីផ្សេងៗក្នុងសង្គម មិនបានបម្រើប្រយោជន៍ពលរដ្ឋយើងទេផ្ទុយទៅវិញពីការបែងចែកបក្ខពួកក្រុមការបែងចែកការអនុវត្តច្បាប់មិនត្រឹមត្រូវ ជារឿងមួយដែលសង្គមជាតិយើងមិនចង់បានទេ»។
ទោះបីជាមន្ត្រីរដ្ឋាភិបាលអះអាងបែបនេះក្ដី ក៏ប្រព័ន្ធតុលាការកម្ពុជា សព្វថ្ងៃរងការរិះគន់ថា បានសម្រេចក្ដីដោយស្ថិតក្រោមសម្ពាធរបស់អ្នកមានអំណាច។ ជាងនេះទៅទៀត កាលពីថ្មីៗនេះ សូម្បី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏រិះគន់បញ្ហាតុលាការចាប់ខ្លួនពលរដ្ឋផងដែរ។
ទាក់ទងរឿងនេះដែរ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលតំណាងឱ្យថ្នាក់ដឹកនាំសមាគម សហព័ន្ធសហភាព និងក្រុមស្ត្រីថ្ងៃសុក្រ បានចេញសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៣០ ខែធ្នូ ស្នើទៅសាលាដំបូងរាជធានីភ្នំពេញ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាព និងបានជួបជុំក្រុមគ្រួសារពួកគាត់ឡើងវិញ។
ទីប្រឹក្សាសមាគមគ្រូបង្រៀន លោក រ៉ុង ឈុន មានប្រសាសន៍ថា លោករង់ចាំមើលលទ្ធផលនៃការទាមទារពេលនេះសិន ហើយប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយតាមសំណូមពរនេះទេ នោះពួកលោកនឹងជួបជុំគ្នាទាមទារជាថ្មីទៀត៕
រឿងនេះធ្វើបច្ចុប្បន្នភាពបន្ថែមទៀត
សាលាដំបូងរាជធានីភ្នំពេញចេញលិខិតព្រមានមន្ត្រីនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ២រូបក្រោយពីពួកគាត់ចូលរួមជួបជុំគ្នាសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ និងការដើរហែរក្បួនទាមទារដោះលែងគ្រូបង្រៀន និងអ្នកទោសមនសិការ។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានឲ្យដឹងក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី៣០ ធ្នូ ថា សាលាក្រុងបានហៅតំណាងមគ្រូ២រូប ក្នុងនោះមាន អ្នកស្រី អ៊ុក ឆាយយ៉ាវី ជាប្រធានសមាគមឲ្យទៅទទួលលិខិតព្រមាននេះនៅម៉ោង៧យប់ ប៉ុន្តែដោយសារអ្នកទាំងពីរមិនបានទៅទទួលលិខិតនោះ សាលាក្រុងក៏យកលិខិតនោះមកឲ្យដល់ផ្ទះតែម្តងនៅថ្ងៃទី៣០ ធ្នូ ដដែលនោះ។
លោកឲ្យដឹងថា ខ្លឹមសារលិខិតនោះបានចោទប្រកាន់២ចំនុច គឺសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្វើសកម្មភាពដោយមិនបានជូនដំណឹងប្រាប់ទៅសមត្ថកិច្ចសាលារាជធានីឲ្យដឹងមុន ដែលផ្ទុយ ឬមិនស្របទៅនឹងមាត្រា៥ និង មាត្រា១៦ ស្ដីពីច្បាប់បាតុកម្មនិងកូដកម្ម។
លោក រ៉ុង ឈុន ចាត់ទុកការព្រមាននេះ ថា ជារឿងធ្ងន់ធ្ងរ មិនសមហេតុសមផល និងជាការគំរាមកំហែងក្នុងចេតនាមិនចង់ឲ្យមានការជួបជុំ តវ៉ាអ្វីទាំងអស់ទៅថ្ងៃមុខទៀត។
វិទ្យុអាស៊ីសរី មិនទាន់អាចទាក់ទង សាលារាជធានីភ្នំពេញ ដើម្បីសូមការបញ្ជាក់អំពីរឿងនេះបានទេ កាលពីថ្ងៃទី ៣០ ធ្នូ។
លោក រ៉ុង ឈុន រំលឹកថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់ដាក់លិខិតជូនដំណឹងទៅសាលាក្រុងមុននឹងមានកាជួបជុំសម្ដែងមតិ និងបានជួបប្រជុំពិភាក្សាគ្នាជាមួយមន្ត្រីសាលាក្រុង២ដងរួចមកហើយ កាលពីថ្ងៃទី២១ និងថ្ងៃ២៦ ខែធ្នូ ហើយបើតាមច្បាប់ ការជួបជុំសម្ដែងមតិ គឺគ្រាន់តែជូនដំណឹងទៅអាជ្ញាធរ ដោយមិនចាំបាច់ត្រូវឲ្យការសុំច្បាប់អនុញ្ញាតនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។