ពលរដ្ឋ និងសង្គមស៊ីវិលថា រដ្ឋាភិបាលអសមត្ថភាពជួយដល់ពលករនៅពេលជាប់ឃុំលើទឹកដីថៃ
2023.04.29
ពលករដែលឆ្លងដែនខុសច្បាប់ ដែលត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួនលើកឡើងថា ពួកគាត់មិនដែលទទួលបានការសម្របសម្រួលពីអាជ្ញាធរកម្ពុជាទេ នៅពេលស្ថិតក្នុងពន្ធនាគារ។ សង្គមស៊ីវិលថា បញ្ហានេះកើតឡើងដោយសារ មន្ត្រីអន្តោប្រវេសន៍ខ្មែរអសកម្ម និងគ្មានឆន្ទៈជួយដល់ពលករ។
ពលរដ្ឋដែលត្រូវបានអាជ្ញាធរថៃចាប់ឃុំខ្លួន និងទើបតែចេញពីពន្ធនាគារថ្មីៗនេះ អះអាងថា អាជ្ញាធរកម្ពុជាមិនខ្វល់ពីពួកគាត់នោះទេ នៅពេលពួកគេជាប់ឃុំ។ ពួកគេលើកឡើងថា ករណីពលករឆ្លងដែនខុសច្បាប់នេះ អាជ្ញាធរក៏មានចំណែកខុសដែរ ព្រោះដោយសាររយៈពេលធ្វើឯកសារឱ្យពលករចំណាយពេលយូរ បត់បែនច្រើន និងចំណាយថវិកាអស់ច្រើន។
ពលករម្នាក់ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ សុំមិនបញ្ចេញឈ្មោះ ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ មេសា ថា កញ្ញាត្រូវបានអាជ្ញាធរថៃនៅខេត្តស្រះកែវ (Sa Kaeo) ឃុំខ្លួនអស់រយៈពេល៥ថ្ងៃ ដោយសារតែឆ្លងដែនខុសច្បាប់នៅច្រកបឹងត្រកួន ស្រុកថ្មពួក ហើយអាជ្ញាធរថៃបានដោះលែងវិញ កាលពីថ្ងៃទី២៦ មេសា បន្ទាប់ពីធ្វើកិច្ចសន្យារួច។ កញ្ញាប្រាប់ថា នៅពេលជាប់ឃុំ មិនដែលមានអាជ្ញាធរកម្ពុជា ចេញមុខមកជួយសម្របសម្រួលឱ្យក្រុមពលករនោះទេ ដោយទុកឱ្យពួកគាត់ប្រឈមមុខជាមួយមន្ត្រីប៉ូលិសថៃដោយខ្លួនឯង។ ជាងនេះទៅទៀត ប៉ូលិសអន្តោប្រវេសន៍ថៃ បានយកលុយពីពលករដែលនៅជាប់នឹងខ្លួនទាំងអស់ ដែលធ្វើឱ្យកញ្ញាត្រូវខ្ចីប្រាក់ពីបងប្អូន ឬក៏មិត្តភ័ក្ដិដើម្បីធ្វើដំណើរទៅផ្ទះវិញ។
ពលករសុំមិនបញ្ចេញឈ្មោះ៖ «កំពុងតេទៅខ្ចីគេនៅថៃ ហើយពេលឡើងទៅផ្ទះវិញមិនបានទៅដល់ផ្ទះទេ»។
ការលើកឡើងនេះ បន្ទាប់ពីក្រុមពលករដែលជាប់ឃុំក្នុងពន្ធនាគារនៅប្រទេសថៃខកចិត្តចំពោះរដ្ឋាភិបាលកម្ពុជា ដោយសារតែនៅពេលពួកគាត់ជាប់ឃុំក្នុងពន្ធនាគារនៅប្រទេសថៃ ពួកគាត់បានថតវីដេអូ និងរូបភាពបង្ហោះនៅលើបណ្ដាញសង្គមព្រោងព្រាត ដើម្បីឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ពួកគាត់ ក្នុងនោះមានអ្នកខ្លះបានបន់ស្រន់ឱ្យលោក ហ៊ុន សែន ដែលពួកគេហៅថាសម្ដេចពុកឱ្យជួយដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះទេ។
កាលពីថ្ងៃទី២៣ ខែមេសា ទាហានថៃនៅស្រុកអារញ្ញប្រាថេត (Aranyaprathet) ខេត្តស្រះកែវ បានចាប់ពលករចំណាកស្រុកខុសច្បាប់ជាង ១រយនាក់(១២៣នាក់)ដែលលួចឆ្លងដែន ចូលប្រទេសថៃដោយខុសច្បាប់ក្រោយបុណ្យចូលឆ្នាំរួច។ ក្នុងនោះមានពលករខ្មែរចំនួន ១១២នាក់ ក្មេង៧នាក់ និងបងក្លាដែស (Bangladesh) ចំនួន១១នាក់ ចំណែកជនជាតិថៃ ២នាក់ទៀតគឺជាមេខ្យល់។ លទ្ធផលបូកសរុបបឋម របស់អាជ្ញាធរថៃឱ្យដឹងថា គិតត្រឹមថ្ងៃបញ្ចប់នៃបុណ្យចូលឆ្នាំ មានពលករខ្មែរឆ្លងដែនខុសច្បាប់ជិត ៩រយនាក់(៨៧៨នាក់) ហើយដែលអាជ្ញាធរថៃចាប់ខ្លួនបាន។
ចំពោះករណីចាប់ពលករខ្មែរម្ដងរាប់រយនាក់បែបនេះ រដ្ឋាភិបាលកម្ពុជាមិនបានចេញសេចក្ដីថ្លែងការណ៍ ឬក៏ចេញមុខបកស្រាយរឿងនេះនោះទេ។
ពលករម្នាក់ទៀត មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ធ្វើការនៅទីក្រុងបាងកក (Bangkok) លោក ជិន រដ្ឋា ឱ្យដឹងថា លោកបានជាប់ពន្ធនាគារអស់ជាច្រើនថ្ងៃនៅខេត្តស្រះកែវ (Sa Kaeo) ដោយសារឆ្លងដែនខុសច្បាប់។ លោកលើកឡើងថា គ្មាននរណាម្នាក់ចង់ឆ្លងដែនមកធ្វើការខុសច្បាប់ដូច្នេះឡើយ ក៏ប៉ុន្តែដោយសារបញ្ហាជីវភាពខ្វះខាត គ្មានប្រាក់គ្រប់គ្រាន់ដើម្បីធ្វើឯកសារ ទើបធ្វើឱ្យលោកបង្ខំចិត្តផ្សងនឹងគ្រោះថ្នាក់លួចឆ្លងដែនទាំងប្រថុយប្រថានបែបនេះ។ លោកបន្តថា ក្នុងរយៈពេលដែលលោកធ្វើការនៅស្រុកថៃអស់រយៈពេលជាច្រើនឆ្នាំមកនេះ អាជ្ញាធរកម្ពុជាមិនយកចិត្តទុកដាក់លើពលករខ្មែរឡើយ ដូចជាការជួយធ្វើឯកសារឱ្យពលករខុសច្បាប់ និងការឃ្លាំមើលពីការរំលោភសិទ្ធិពលករដោយថៅកែជនជាតិថៃនោះឡើយ។
លោក ជិន រដ្ឋា៖ «យើងត្រូវការឯកសារដើម្បីធ្វើទៅតាមផ្លូវច្បាប់ យើងឡើងមកដល់ស្ថានទូតខ្លួនឯង ជួនកាល(មន្ត្រីអន្តោប្រវេសន៍)អាចនឹងស្ដីឱ្យគ្នា អត់មានតាមការបណ្ដុះបណ្ដាលឱ្យគ្នាស្គាល់ពីច្បាប់ទម្លាប់ ឬយ៉ាងណា។ អត់មានប្រាប់គ្នា ធ្វើម៉េចបើគ្នាល្ងង់ទៅហើយ។ យើងចង់បានឯកសារដើរដើម្បីបញ្ជាក់ឯកសារអីអ៊ីចឹង។ ជួនកាលស្ដីឱ្យគ្នាអញ្ចេះមួយៗ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអនុព័ន្ធការងារនៃស្ថានទូតខ្មែរប្រចាំប្រទេសថៃ លោក ឈឹម វិប៊ុល ដើម្បីសុំការបកស្រាយអំពីរឿងនេះបានទេ នៅថ្ងៃទី២៨ មេសា។
ទាក់ទងនឹងបញ្ហានេះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែន លោក អ៊ុំ សុផល ប្រាប់វិទ្យុអាស៊ីសេរី ថា លោកមិនដឹងពីព័ត៌មានករណីអាជ្ញាធរថៃចាប់ពលករខ្មែរឆ្លងដែនខុសច្បាប់នោះឡើយ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា រឿងនេះមិនចោទជាបញ្ហាអ្វីនោះទេ ព្រោះអាជ្ញាធរថៃឃុំខ្លួនពលករខ្មែរយ៉ាងយូរ៣ថ្ងៃ ហើយគេនឹងដោះលែងវិញ។
លោក អ៊ុំ សុផល៖ «វាមិនមានជាប់ពន្ធនាគារ ខ្ញុំវាមិនដឹង អ៊ីចឹងបានខ្ញុំសួរថា ជាប់នៅឯណា?»។
ជុំវិញរឿងនេះ មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា តាមការប៉ាន់ប្រមាណ របស់អង្គការសង់ត្រាល់ ក្នុងចំណោមពលករខ្មែរធ្វើការនៅប្រទេសថៃប្រមាណ២លាននាក់ មានប្រមាណ៨០ម៉ឺននាក់(៨០.០០០)ជាពលករខុសច្បាប់។ លោកបន្តថា ចំពោះករណីអាជ្ញាធរថៃ យកប្រាក់ពីពលករខ្មែរដែលឆ្លងដែនខុសច្បាប់អស់ពីខ្លួននេះ គឺជាការប្រព្រឹត្តខុសគោលការណ៍ច្បាប់។ លោកលើកឡើងទៀតថា តាមរយៈការជួបសន្ទនាជាមួយពលករ ពួកគេអះអាងដូចៗ គ្នាថា អាជ្ញាធរកម្ពុជាអសកម្មក្នុងការជួយគាំពារពលករ ទៅលើការសម្របសម្រួលធ្វើឯកសារ និងអន្តរាគមន៍ការរំលោភសិទ្ធិការងារពីសំណាក់ថៅកែជនជាតិថៃ។
លោក ឌី ថេហូយ៉ា៖ «យើងសង្កេតឃើញថាក្រោយមកនេះទាំងពលករនៅក្នុងមូលដ្ឋានក្ដី មើលឃើញថា មន្ត្រីជាទូទៅច្រើនតែដើរតួនៅក្នុងកិច្ចការងារបម្រើបក្សច្រើនជាងបម្រើរាស្ត្របម្រើប្រជាពលរដ្ឋ ពលករអីជាដើម។ ធ្វើកិច្ចការងារចុះ(មូលដ្ឋាន) ដែរ ប៉ុន្តែចុះក្នុងន័យបង្កើនសមាជិកបក្សជាដើមអ៊ីចឹងទៅ។ អ៊ីចឹងយើងឃើញថា គាត់ប្រើប្រាស់ថវិការបស់ជាតិ ប្រើប្រាស់តួនាទីរបស់ជាតិ ប៉ុន្តែពេលខ្លះធ្វើកិច្ចការងារមិនចំនឹងតួនាទីរបស់គាត់ទេ»។
របាយការណ៍របស់ក្រសួងការងារឱ្យដឹងថា ត្រឹមដំណាច់ឆ្នាំ២០២២ មានពលករកម្ពុជាកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស សរុបជាង ១លាន ៣សែននាក់ ក្នុងនោះប្រទេសថៃ មានចំនួនជាង ១លាន ២សែននាក់។ ក៏ប៉ុន្តែ អង្គការសង់ត្រាល់ (Central) ប៉ាន់ប្រមាណថា ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ បើគិតទាំងស្របច្បាប់ និងមិនស្របច្បាប់មានប្រមាណពីរលាននាក់។
ពលករធ្វើការនៅប្រទេសថៃលើកឡើងថា ប្រសិនបើដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជា ជាប្រទេសតូច ហើយមានបេះដូងធំពិតមែននោះ រដ្ឋាភិបាលគួរតែគិតគូរដល់ប្រជាពលរដ្ឋតាមរយៈការបង្កើនការងារក្នុងស្រុក និងជួយគាំពារដល់ពលករធ្វើការនៅក្រៅប្រទេស មិនមែនធ្វើល្អតែជាមួយជនជាតិដទៃនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។