ពលរដ្ឋស្នើឱ្យដោះលែងក្រុមយុវជនដើម្បីឱ្យពួកគាត់ជួបជុំក្រុមគ្រួសារចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ
2024.09.24
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋស្នើឱ្យរដ្ឋាភិបាលដោះលែងយុវជនសង្គម និងយុវជនស្រឡាញ់បរិស្ថានដើម្បីឱ្យពួកគាត់មានសេរីភាព បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងមានឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ។
ពួកគាត់បារម្ភ ពីសុខទុក្ខក្រុមយុវជនជាច្រើននាក់ ដែលកំពុងជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ជាច្រើនខែមកហើយ បាត់បង់ឱកាសធ្វើបុណ្យទានជួបជុំក្រុមគ្រួសារ។
ពិធីបុណ្យកាន់បិណ្ឌវេនទី៦ បានកន្លងផុតទៅហើយ ឯបុណ្យឆ្លងបិណ្ឌធំនឹងកាន់តែកៀកពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា តែងតែធ្វើដំណើរកម្សាន្តនៅតំបន់ឆ្ងាយៗ និងទៅធ្វើបុណ្យទាននៅឯស្រុកកំណើត ធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅវត្តយ៉ាងសប្បាយរីករាយ។
ក៏ប៉ុន្តែបើងាកមកមើលពីស្ថានភាព ក្រុមយុវជនជាច្រើននាក់ ដែលសកម្មកិច្ចការងារជួយសង្គម និងការពារបរិស្ថាន ដើម្បីប្រយោជន៍ជាតិ បែរជាត្រូវជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ បាត់ឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌ ជួបជុំសាច់ញាតិបងប្អូននៅស្រុកកំណើត។
យុវជនរស់នៅខេត្តសៀមរាប កញ្ញា សុគន្ធ រីយ៉ា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ កញ្ញា ថា កញ្ញាព្រួយបារម្ភ ពីសុខភាពក្រុមយុវជនដែលកំពុងជាប់ពន្ធនាគារ ដោយសារខ្វះអាហារហូបចុកគ្រប់គ្រាន់បាត់បង់សេរីភាព មានសម្ពាធផ្លូវចិត្ត និងប៉ះពាល់ដល់ការសិក្សាអនាគតរបស់ពួកគាត់ធ្ងន់ធ្ងរ។
កញ្ញាអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងក្រុមយុវជន និងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពវិញ ដើម្បីជួបជុំក្រុមគ្រួសារចូលរួមពិធីបុណ្យកាន់បិណ្ឌ។
កញ្ញា សុគន្ធ រីយ៉ា៖ «អ្វីដែលគាត់ធ្វើគឺគាត់មិនបានប៉ះពាល់ធ្ងន់ធ្ងរដល់រដ្ឋាភិបាលឬក៏ប្រទេសជាតិនោះទេ គាត់គ្រាន់តែចង់កែតម្រូវប្រទេសជាតិឱ្យមានការរីកចម្រើន និងអនាគតរបស់គាត់នៅពេលដែលគាត់ចេញមកវិញ គាត់អាចរកការងារបានធ្វើ ឬក៏អាចបន្តការរៀនសូត្រទៅមកទៀត។»។
អង្គការលីកាដូ (LICADO) កាលពីថ្ងៃទី១៦ ខែកញ្ញា បានចេញផ្សាយអត្ថបទមួយរកឃើញថា ចាប់តាំងពីថ្ងៃទី២៣ ខែកក្កដា មកមនុស្សយ៉ាងតិច ១០០នាក់ត្រូវបានរដ្ឋាភិបាលចាប់ខ្លួន ហើយជាង ៦០នាក់ត្រូវបានចោទប្រកាន់ និងកំពុងឃុំខ្លួនបណ្ដោះអាសន្នជុំវិញការមិនគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA។
ព្រះសង្ឃគង់នៅវត្តមួយក្នុងរាជធានីភ្នំពេញដែលសកម្មកិច្ចការសង្គម គឺព្រះតេជព្រះគុណ ធូ វ៉ាឃីម មានថេរដីកាថា យុវជនមានតួនាទីយ៉ាងសំខាន់ជួយសង្គម និងបរិស្ថានដែលរដ្ឋាភិបាលគួរតែបើកលម្ហសេរីភាព មិនគួរចាប់ខ្លួនយ៉ាងអយុត្តិធម៌បែបនេះទេ។
ព្រះតេជព្រះគុណ ធូ វ៉ាឃីម៖ «គ្មានការចំណេញអីដល់រដ្ឋាភិបាលទេ ផ្ទុយទៅវិញកាន់តែធ្វើឱ្យប្រជាពលរដ្ឋខឹងស្អប់ ថា រដ្ឋាភិបាលអ្នករំលោភសិទ្ធិមនុស្ស។ និយាយរួមការចាប់ខ្លួនពួកគាត់គ្មានអ្វីចំណេញដល់ជាតិទេ នៅពេលដែលមានការរំលោភសិទ្ធិមនុស្ស ការចាប់សកម្មជន និងក្រុមមាតាធម្មជាតិ ខាងអន្តរជាតិមានតែដាក់ទណ្ឌកម្មគួរណាតែបើកចិត្តឱ្យទូលាយឲ្យយុវជនចូលរួមបញ្ចេញមតិក្នុងកិច្ចការសង្គមជាដើម ទើបជារឿងដែលគួរយកចិត្តទុកដាក់»។
ទាក់ទងរឿងនេះដែរ ម្តាយរបស់យុវជនជាប់ឃុំកញ្ញា ចៀន សុណា រស់នៅខេត្តសៀមរាប គឺលោកស្រី ក្រូច ណាវ ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រីព្រួយបារម្ភ ពីបញ្ហាសុខភាពកូនស្រី ដែលកំពុងជាប់ពន្ធនាគារទាំងគ្មានកំហុសប៉ះពាល់ដល់ការសិក្សា និងសតិអារម្មណ៍។
លោកស្រីស្នើឱ្យរដ្ឋាភិបាលពិចារណាដោះលែងកូនស្រី ឱ្យមានសេរីភាពវិញ ដើម្បីផ្តល់ឱកាសឱ្យគាត់អាចបន្តការសិក្សា និងជួយការងារគ្រួសារ។
លោកស្រី ក្រូច ណាវ៖ «ម្ដាយនិងកូនមានអ្នកណាដែលមិនអាណិតកូនដែលជួបពន្ធនាគារនោះ គឺចុះឡើងៗរាល់អាទិត្យ បើគាត់នៅតែនិយាយថា គាត់អត់ខុសអីសោះ ម៉េចបានគេចាប់គាត់ទៅដាក់គុក»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាននៅឡើយទេ នៅថ្ងៃទី២៣ កញ្ញា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
ចំណែកប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថ្មីៗ នេះ បានឆ្លើយតបនឹងសំណួរអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក តាមខ្ទង់ខំមិន (Comment)ដោយអះអាងថា ក្រុមយុវជនទាំងនោះជាមនុស្សល្ងឹតល្ងង់ ត្រូវជាប់ពន្ធនាគារមួយរយៈពេល ព្រោះរដ្ឋាភិបាលពន្យល់មិនស្តាប់ បែរជាជឿលើក្រុមជ្រុលនិយមទៅវិញ។
លោក ហ៊ុន សែន បញ្ជាក់ថា ពួកគេមិនអាចដោះលែងបានទេ ព្រោះវាឆ្លងបន្ទាត់ក្រហមហើយ ទាក់ទងនឹងអ្វីដែលលោក ហ៊ុន សែន ចោទថា ជាការផ្តួលរំលំរដ្ឋាភិបាលក្រោមលេសប្រឆាំងCLV។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ ខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប លោក អ៊ិន គង់ជិត ក៏ទទូចឱ្យរដ្ឋាភិបាលមេត្តាដោះលែងក្រុមយុវជនទាំងនេះឱ្យមានសេរីភាពវិញ ព្រោះពួកគាត់មិនបានប្រព្រឹត្តកំហុសនោះឡើយ។
លោកសង្កេតឃើញថា ទង្វើរបស់ក្រុមយុវជនទាំងនោះ ជាការសម្ដែងមតិឈឺឆ្អាលរឿងប្រទេសជាតិ ស្របតាមច្បាប់។
លោក អ៊ិន គង់ជិត៖ «ក្រុមយុវជនទាំងអស់គាត់ជានិស្សិតគ្មានបណ្ដាញអ្វីទាំងអាចទៅផ្ដួលរំលំរបបរដ្ឋាភិបាលបានទេ គាត់អត់មានកំហុសនោះទេ ហើយក្នុងរដូវកាន់បិណ្ឌនេះប្រមុខរាជរដ្ឋាភិបាលគួរតែមានការពិចារណាយោគយល់អធ្យាស្រ័យអត់ទោសលើយុវជនទាំងអស់ដើម្បីឱ្យពួកគាត់បានចូលសិក្សានៅសាកលវិទ្យាល័យវិញ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលចុងខែសីហា ថា ការចាប់ខ្លួនទ្រង់ទ្រាយធំលើអ្នករិះគន់តំបន់ត្រីកោណអភិវឌ្ឍ គឺជាការខិតខំប្រឹងប្រែងដោយចេតនារបស់អាជ្ញាធររដ្ឋាភិបាល ដើម្បីបំភិតបំភ័យអ្នករិះគន់ និងរារាំងពួកគាត់មិនឲ្យធ្វើបាតុកម្មនៅទីក្រុងភ្នំពេញ និងចែករំលែកទស្សនៈបណ្ដាញសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។