សង្គមស៊ីវិល និង​កូដករ​ក្រុមហ៊ុន​បនល្បែងណាហ្គាវើលដ៍​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ក្រុមកូដករក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ និង​មន្ត្រី​ការពារសិទ្ធិមនុស្ស​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥតលក្ខខណ្ឌ។ ពួកគាត់​ចាត់​ទុកការ​ចាប់​ខ្លួនកញ្ញា ឈឹម ស៊ីថរ ជា​ថ្មី​ទៀត​នេះ​ថា ជា​ការ​សម្លុត​គំរាមកំហែង​បំបាក់​ស្មារតី​ក្រុមសហជីព និង​ជា​ការព្រមាន​ដល់​កូដករ​ដែល​នៅ​បន្ត​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី។

ក្រុមកូដករ និង​មន្ត្រីសង្គមស៊ីវិល​រិះគន់​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ គឺ​គ្មាន​ផលចំណេញ​អ្វី​ដល់​រដ្ឋាភិបាល​ឡើយ ក្រៅ​តែ​ពី​ការ​រិះគន់ និង​មាន​ការថ្កោលទោស​បន្ថែមទៀត​សំណាក់​សហគមន៍ជាតិ និង​អន្តរជាតិ​ថា រដ្ឋាភិបាលឯកបក្ស​កំពុង​បង្កើន​ការ​ធ្វើបុកម្នេញ​លើ​អ្នក​ការពារសិទ្ធិមនុស្ស និង​យក​តុលាការ​ធ្វើ​ជា​ឧបករណ៍ ដើម្បី​បំភិតបំភ័យ​លើ​ពលរដ្ឋ​ដែល​អនុវត្តសិទ្ធិសេរីភាព​ជាមូលដ្ឋាន។

តំណាង​កូដករ​លោកស្រី ម៉ម សុវឌ្ឍិន លើកឡើង​ថា ការ​ចាប់​ខ្លួន​ថ្នាក់ដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ជា​រឿងអយុត្ដិធម៌ ខណៈ​ស្ថាប័នពាក់ព័ន្ធ​មិន​បាន​ជួយ​ដោះស្រាយ​វិវាទការងារ ប៉ុន្តែ​បែរ​ដាក់​សម្ពាធ​ដល់​សហជីព និងក្រុមកូដករ​តាម​ប្រព័ន្ធតុលាការ​ទៅវិញ។ លោកស្រី ចាត់​ទុកការ​ចាប់​ខ្លួនកញ្ញា ឈឹម ស៊ីថរ ថា ជា​ការ​គំរាមកំហែង​ជា​ថ្មី​ទៀត ហើយ​លោកស្រី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥតលក្ខខណ្ឌ៖

«ការ​ប្រើប្រព័ន្ធ​តុលាការ​ដើម្បី​គំរាមកំហែង​ទាំងផ្លូវចិត្ត​ទាំងផ្លូវកាយ​នេះ គឺជា​រឿង​គ្មានគុណធម៌ គ្មាន​ទំនួល​ខុសត្រូវ ហើយ​យើង​ក៏​ស្នើសុំ​ឱ្យ​មាន​ការ​គាត់ [កញ្ញា ឈឹម ស៊ីថរ] មកវិញ​ព្រោះ​គាត់​អត់​បាន​បំពាន​បម្រាម​របស់​តុលាការ​អី​ទេ ព្រោះ​គាត់​មិន​ទាន់​កាត់​ក្ដី​នៅ​ឡើយ​ទេ គាត់​មិន​ទាន់​ជា​ជន​មាន​ទោស​នៅ​ឡើយទេ។ ដោះលែង​បង ឈឹម ស៊ីថរ ហើយ​មេត្តា​ដោះស្រាយ​ផង កុំ​នៅ​ជាប់គាំង​ដូចមាន​អ្វី​នៅ​ពី​ក្រោយ​អ៊ីចឹង។ សួរ​ថា​ឃើញ​ទឹកភ្នែក​កម្មករ ឬ​ក៏​ឃើញ​ក្ដី​សុខ​របស់​អ្នក​មាន​ទេ? វិវាទ​ហ្នឹង​ដោះស្រាយ​ហៅ​ទៅ​ចរចា ដើម្បី​ឱ្យ​តែ​ពួកខ្ញុំ​យក​លុយ​ហើយ​ដើរចេញទាំង​គ្មាន​យុត្តិធម៌​តែ​ប៉ុណ្ណោះ។ ពួកខ្ញុំ​ត្រូវការ​ដំណោះស្រាយ​រួម​ទាំង​បង ស៊ីថរ ត្រូវ​បាន​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ។ មែន​ហើយ​ដោះលែង»។

ជាមួយគ្នានេះ ក្រុមកូដករ ព្រមទាំង​ក្រុម​សកម្មជន​សង្គម ក៏​បាន​ធ្វើ​យុទ្ធការ​តាម​បណ្ដាញ​សង្គម អំពាវនាវ​ដល់​តុលាការ​ឱ្យ​ដោះលែង កញ្ញា ឈឹម ស៊ីថរ ព្រោះ​កញ្ញា​មិន​បាន​គេចវេះ​ពី​បម្រាម​របស់​តុលាការ​នោះទេ៖

ជុំវិញរឿងនេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការលីកាដូ (LICADHO) លោក អំ សំអាត រិះគន់ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ក្រោមហេតុផល​ល្មើសបម្រាម​តុលាការ​នេះ​គឺ​មិន​សមហេតុផល​ឡើយ។ លោក​ថា មកទល់​នឹង​ពេលនេះ កញ្ញា ឈឹម ស៊ីថរ និងមេធាវីកញ្ញា មិន​ដែល​បាន​ទទួល​សេចក្ដីសម្រេច​ពី​តុលាការ​កំណត់​ឱ្យ​កញ្ញា ឈឹម ស៊ីថរ ស្ថិត​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ឬ​មិន​អនុញ្ញាត​ឱ្យ​កញ្ញា​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​នោះ​ទេ។ លោកចាត់ ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ឡើង​វិញ​នេះ ថា​ជា​ការ​គំរាមកំហែង ធ្វើទុកបុកម្នេញ​ក្រុម​អ្នកការពារសិទ្ធិ និង​ជា​ការ​ព្រមាន​ដល់​កូដករ​ដែល​កំពុង​បន្តសកម្មភាព​តវ៉ា​ដោយ​សន្តិវិធីទាមទារ​ឱ្យ​ថៅកែ​គោរពសិទ្ធិការងារ និង​គោរពសិទ្ធិសហជីព។

«ខ្ញុំយល់ថា ករណីនេះ​គួរតែ​មាន​ការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជា​បន្ទាន់​ឡើងវិញ​ដោយ​ឥតលក្ខខណ្ឌ ពី​ព្រោះ​វា​មិនមែន​ជា​បទល្មើស​របស់​កញ្ញា ឈឹម ស៊ីថរ ដែល​ត្រូវ​បាន​ប្រព្រឹត្តទេ ដោយសារ​តែ​គាត់ មិន​បាន​ទទួល​លក្ខខណ្ឌ​ហ្នឹង ហើយ​មេធាវី​ទៀតសោត​ក៏​មិន​បាន​ទទួល​នូវ​លក្ខខណ្ឌ​សម្រាប់​កូនក្ដី​របស់​គេ​ផងដែរ។ អ៊ីចឹង​ចំណុច​នេះ យើង​មើល​ទៅ​នីតិវិធី​មិន​គួរ​នឹង​ចោទប្រកាន់​កញ្ញា ឈឹម ស៊ីថរ លើ​ករណី​នេះ​ទេ។ អ៊ីចឹង គួរតែ​ដោះលែង​ជា​បន្ទាន់ ដើម្បី​កុំ​មាន​ការ​រិះគន់ និង​ការ​ចោទប្រកាន់​អំពី​ការ​រឹតត្បិត​លំហសេរីភាព​របស់​សហជីព ឬ​លំហសេរីភាព​របស់​ពលរដ្ឋ​ជា​បន្ត​ទៀត​នោះ​បាទ»។

ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ កាល​ពី​ពេលថ្មីៗ​នេះ​បាន​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​ក្រុម​សហជីព​ជាច្រើន​រូបទៀត ក្នុង​កម្មវិធី​សមាជសហភាព​សហជីព​អន្តរជាតិ នៅ​ប្រទេសអូស្ត្រាលី។ មុន​ពេល​កញ្ញា ចាក​ចេញ​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​នេះ ខាង​សមត្ថកិច្ច​ត្រួតពិនិត្យ​ឯកសារ​ឆ្លងដែន​ពុំ​មាន​ការ​ហាមឃាត់​កញ្ញា​នោះ​ទេ។ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ពោល​ក្រោយ​ពេល​កញ្ញា​ត្រឡប់​ពី​ប្រទេសអូស្ត្រាលី តាម​ដីកា​របស់​តុលាការ​ទាក់ទង​ការ​ចោទប្រកាន់​ថា មេដឹកនាំ​សហជីពរូប​នេះ​ថា គេចវេស​ការ​ត្រួតពិនិត្យ​របស់​តុលាការ។ ភ្លាមៗ​ក្រោយ​ពេល​ឃាត់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ សមត្ថកិច្ច​មិន​អនុញ្ញាត​ឱ្យ​មេធាវី​ជួប​កញ្ញា​នោះទេ។ នៅ​ថ្ងៃ​ដដែល​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​កញ្ញា ឈឹម ស៊ីថរ ទៅ​សាលាដំបូងរាជធានីភ្នំពេញ​ដើម្បី​សាកសួរ និង​ឃុំ​ខ្លួន​កញ្ញា​បណ្ដោះអាសន្ត​នៅ​គុក​ព្រៃស។

ទាក់ទង​នឹង​រឿង​នេះ វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៧ ខែវិច្ឆិកា។

នាយក​ទទួលបន្ទុកកិច្ចការ​ទូទៅ​នៃ​អង្គការលីកាដូ (LICADHO) លោក អំ សំអាត បញ្ជាក់ថា មកទល់​នឹង​ពេល​នេះ​មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា ឈឹម ស៊ីថរ នៅ​ទាន់​បាន​ជួបកញ្ញានៅឡើយ។ លោក​បញ្ជាក់ថា មេធាវី​ការពារ​ក្ដី​នឹង​ទៅ​ជួប​កញ្ញាឈឹម ស៊ីថរ និង​ការពារ​សិទ្ធិ​ឱ្យ​កញ្ញា នៅ​តុលាការ​នៅ​ថ្ងៃ​ទី២៨ ខែវិច្ឆិកា។

រដ្ឋាភិបាល លោក ហ៊ុន សែន រង​ការ​រិះគន់ថា អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​វិវាទការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូណាហ្គាវើលដ៍ និង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​ក្នុងការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សហជីព និង​ក្រុមកូដករ​ជា​បន្ត​បន្ទាប់។ ក្រុម​អង្គការជាតិ និង​អន្តរជាតិ​ព្រម​ទាំង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ផង តែងតែ​ដាស់តឿន​ដល់​រដ្ឋាភិបាល​ឯកបក្ស​ត្រូវ​ធានា​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ពលរដ្ឋ សេរីភាពបញ្ចេញមតិ ការ​ប្រមូល​ផ្ដុំ​ជួបជុំ​ដោយសន្តិវិធី​របស់​ពលរដ្ឋ គឺ​រដ្ឋាភិបាល និង តុលាការ​មិន​ត្រូវ​អនុវត្ត​ផ្លូវ​ច្បាប់​លើ​ពួកគេ​ឡើយ។ ក្រុមកូដករ និង​មន្ត្រីសង្គមស៊ីវិល ទាមទារ​ដល់​តុលាការ​ឱ្យ​ដោះលែង កញ្ញា ឈឹម ស៊ីថរ ជា​បន្ទាន់ និង​ដោយ​ឥតលក្ខខណ្ឌ​ព្រោះ​កញ្ញា​មិន​បាន​ប្រព្រឹត្តបទល្មើស​បម្រាម​តុលារ​ដូចជា​ការ​ចោទប្រកាន់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។