មន្ត្រីសង្គមស៊ីវិល និងយុវជនទទូចឱ្យអាជ្ញាធរស្វែងរកយុត្តិធម៌ជូនអតីតសកម្មជនបក្សសង្រ្គោះជាតិលោក ស៊ិន ខុន
2022.11.21

អង្គការសង្គមស៊ីវិល និងយុវជនទទូចដល់អាជ្ញាធរពាក់ព័ន្ធឱ្យស្វែងរកយុត្តិធម៌ជូនអតីតសកម្មជនបក្សសង្រ្គោះជាតិដែលបានស្លាប់អស់រយៈពេល ១ឆ្នាំ ខណៈដែលពេលនេះនៅមិនទាន់រកឃើញមុខឃាតកពិតប្រាកដនៅឡើយ។ ពួកគេថា បើសិនជាអាជ្ញាធរមិនស្រាវជ្រាវរកឃាតកពិតមកផ្ដន្ទាទោសតាមច្បាប់ទេ នោះកាន់តែបង្ហាញថា ឃាតកម្មនេះជារឿងនយោបាយជាជាងគំនុំបុគ្គល។
សកម្មជនបក្សសង្គ្រោះជាតិលោក ស៊ិន ខុន ត្រូវបានជនមិនស្គាល់មុខកាប់ត្រូវជាច្រើនកាំបិតនៅលើដងខ្លួន និងដាច់ជើងមួយចំហៀងត្រឹមភ្លៅរហូតដល់ស្លាប់ នៅមាត់ទន្លេក្បែរវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១យប់ ឈានចូលថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២១។
ការទទូចរបស់សង្គមស៊ីវិល និងយុវជនឱ្យអាជ្ញាធរពាក់ព័ន្ធស្វែងរកយុត្តិធម៌ជូនដល់អតីតសកម្មជននយោបាយរូបនេះ ធ្វើឡើងគម្រប់ខូប ១ឆ្នាំនៃការស្លាប់របស់លោក ស៊ិន ខុន។ មកដល់ពេលនេះ អាជ្ញាធរបានហៅមនុស្សតែម្នាក់ប៉ុណ្ណោះ មកសាកសួរពាក់ព័ន្ធឃាតកម្មនេះ គឺឈ្មោះសៀង ឆរ័ត្ន ដែលអះអាងថា រូបគេកាប់លោក ស៊ិន ខុន មកពីបញ្ហាគំនុំផ្ទាល់ខ្លួន។
ជុំវិញចម្លើយសារភាព បូករួមទាំងទឹកមុខគ្មានការតក់ស្លុតរបស់ជនសង្ស័យ និងការសួរចម្លើយជនសង្ស័យនៅបន្ទប់ ដែលមានការរៀបចំយ៉ាងស្អាតបាតនោះ ពលរដ្ឋ និងសង្គមស៊ីវិល នៅមានមន្ទិលសង្ស័យថា នេះគ្រាន់តែជាឆាកល្ខោន ព្រោះពួកគាត់យល់ថា ករណីនេះពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាង។
ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក នី សុខា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែវិច្ឆិកានេះថា ករណីនេះជារឿងមួយ ដែលមានការសង្ស័យច្រើនដូច្នេះ លោកថាតុលាការគួរតែមានភស្តុតាង ឱ្យបានគ្រប់ជ្រុង ដើម្បីឈានទៅដល់ការបើកសវនាការ។ លោកបន្តថា បើសិនជាតុលាការនៅតែបង្ហាញភស្តុតាងមិនគ្រប់ជ្រុងជ្រោយបែបនេះធ្វើឱ្យសាធារណជនរិះកាន់កាន់តែខ្លាំង៖
«ដើម្បីឱ្យមានការជឿជាក់ពីមហាជន គឺមានតែតុលាការទេ ដែលត្រូវតែធ្វើសវនាការ ដែលមានការបង្ហាញភស្តុតាងឱ្យបានគ្រប់គ្រាន់សព្វជ្រុងជ្រោយ ដើម្បីឱ្យគេមានការជឿជាក់ ហើយបើមិនអ៊ីចឹងទេ គឺថា មន្ទិលសង្ស័យ គឺនៅតែមានរហូត មិនខុសពីរឿងផ្សេងៗ មួយចំនួនទៀត ទាក់ទងទៅនឹងការសម្លាប់ទៅលើសកម្មជនសង្គម ទៅលើអ្នកការពារបរិស្ថាន ការពារអីកន្លងៗ មកនោះទេ ប្រសិនជាតុលាការមិនមានជាភស្តុតាងអីជាការបញ្ជាក់នៅក្នុងសវនាការឱ្យបានត្រឹមត្រូវ នឹងមានការជឿជាក់ពីមហាជននោះ»។
ស្រដៀងគ្នានេះ សកម្មជនសិទ្ធិមនុស្សនៃសមាគមនិស្សិតបញ្ញវន្តខ្មែរ កញ្ញា សូរ មេត្តា មើលឃើញថា ឃាតកម្មមកលើ អតីតសកម្មជនបក្សសង្រ្គោះជាតិនេះ មិនមែនជារឿងថ្មីនោះទេ ហើយកន្លងមកមានសកម្មជនជាច្រើនត្រូវបានធ្វើឃាត ប៉ុន្តែមិនទាន់ទទួលបានយុត្តិធម៌ជូនពួកគេនៅឡើយ។ កញ្ញាទទូចឱ្យអាជ្ញាធរបង្ហាញការស៊ើបអង្កេតមួយ ដែលមានភាពយុត្តិធម៌ជូនដល់សាច់ញាតិជនរងគ្រោះឱ្យបានឆាប់ៗ៖
«បញ្ឈប់រាល់អំពើនិទណ្ឌភាព កុំបន្តទៀត! ហើយមានបញ្ហាអីយើងជជែក យើងដោះស្រាយទៅ បញ្ឈប់រាល់ការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ ប៉ុនប៉ងសម្លាប់ទៀត ព្រោះយើងជាខ្មែរដូចគ្នា យើងមានរឿងអីយើងត្រូវជជែកតទល់នឹងគ្នា ដោះស្រាយនឹងគ្នា។ យើងមិនអាចទៅប្រើអំពើហិង្សាដាក់លើប្រជាពលរដ្ឋ ដែលហ៊ានចេញសម្ដែងមតិ ដែលហ៊ានចេញការពារពលរដ្ឋ ការពារប្រយោជន៍ពលរដ្ឋទេ! វាជារឿងដ៏អាក្រក់មួយ បើយើងមិនលប់បំបាត់វាចោល វានឹងនៅតែកើតឡើងបន្តបន្ទាប់ទៀត»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី២១ ខែវិច្ឆិកា។
លោក ស៊ិន ខុន មានអាយុ ៣១ឆ្នាំ គឺជាយុវជនបក្សសង្គ្រោះជាតិខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ កាលនៅមានជីវិត លោកតែងបញ្ចេញមតិរិះគន់រដ្ឋាភិបាល និងភាពអយុត្តិធម៌សង្គមលើបណ្ដាញសង្គមហ្វេសប៊ុកជាហូរហែ រហូតដល់ត្រូវបានគេគំរាមកំហែង និងវាយឱ្យរបួសធ្ងន់ធ្ងររួចម្ដងរួចទៅហើយ។ ទោះជារងការវាយដំយ៉ាងណាក៏ដោយ លោកនៅតែរក្សាជំហរនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិ បញ្ចេញមតិរិះគន់បញ្ហានានា និងចូលរួមទាមទារឱ្យមានយុត្តិធម៌សង្គមដដែល រហូតដល់ថ្ងៃឃាតកកាប់សម្លាប់លោករហូតដល់ស្លាប់ក្នុងថ្លុកឈាម។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) កាលពីថ្ងៃទី១០ ខែកុម្ភៈ បានស្នើដល់រដ្ឋាភិបាលកម្ពុជាបំភ្លឺ និងផ្តល់ព័ត៌មានបន្ថែមជុំវិញករណីឃាតកម្មដ៏ព្រៃផ្សៃនេះ។ លោកបន្តថា ហេតុផលរបស់ជនសង្ស័យម្នាក់ ដែលត្រូវបានចោទប្រកាន់ ហាក់មិនមានភាពស្របគ្នាទៅនឹងជនរងគ្រោះឡើយ។ ដូច្នេះ តុលាការគួរតែស៊ើបអង្កេតឱ្យមានតម្លា និងឯករាជ្យពិតប្រាកដ។
បច្ចុប្បន្នគេសង្កេតឃើញថា សកម្មភាពប្រើអំពើហិង្សាបានកើតឡើងខ្លាំង ហើយថ្មីៗ នេះ អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក លន់ ពង្សធិរិទ្ធ ត្រូវបានក្រុមជនល្មើសជិះម៉ូតូវាយត្រង់ក្បាលឱ្យរបួសធ្ងន់ នៅក្បែរទីស្នាក់ការគណបក្សភ្លើងទៀន ពេលលោកជិះម៉ូតូទៅចូលរួមប្រជុំគណបក្ស។ គិតមកដល់ពេលនេះ យ៉ាងហោចណាស់មានសកម្មជនសង្គមនិងគណបក្សនយោបាយប្រមាណ ៤០នាក់ហើយ ដែលត្រូវជនមិនស្គាល់មុខបង្កហិង្សាបណ្តាលឲ្យរបួសធ្ងន់ធ្ងរ ហើយជនរងគ្រោះខ្លះបានស្លាប់ និងធ្លាក់ខ្លួនពិការអស់មួយជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។