នាយករដ្ឋមន្ត្រី​ថៃ​គួរ​លើក​បញ្ហា «បាត់​ខ្លួន​លោក វ៉ាន់ឆាឡឺម» ពេល​ជួប​លោក ហ៊ុន ម៉ាណែត

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ​គួរតែ​លើកយក​បញ្ហា​សិទ្ធិមនុស្ស​មក​ពិភាក្សា​រួមគ្នា​ដោះស្រាយ​ជាពិសេស​បញ្ហា​ការ​បាត់​ខ្លួន​សកម្មជន​នយោបាយ​របស់​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) នៅ​កម្ពុជា ក្នុង​ជំនួប​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​ទាំងពីរ។ ការ​លើក​នេះ​ធ្វើឡើង បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ជួបពិភាក្សា​ការងារ​ជាមួយ លោក ហ៊ុន ម៉ា​ណែ​ត​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៨​កញ្ញា។

អ្នកការពារ​សិទ្ធិមនុស្ស​លើកឡើង​ថា ក្រៅ​អំពី​បញ្ហា​សេដ្ឋកិច្ច​បញ្ហា​សិទ្ធិមនុស្ស​ក៏​ជា​រឿង​សំខាន់​ដែរ ដែល​មេដឹកនាំ​កម្ពុជា​និង​ថៃ​គួរតែ​រួមគ្នា​ដោះស្រាយ​ដើម្បី​ភាព​សុខសាន្ត​របស់​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ កញ្ញា ថា ការ​បាត់​ខ្លួន​របស់​សកម្មជន​នយោបាយ​ថៃ​លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ មកទល់​ពេល​មាន​រយៈពេល​ជាង ៣​ឆ្នាំ​ហើយ អាជ្ញាធរ​ពុំ​ទាន់​រក​ឃើញ​មូលហេតុ​នៃ​ការ​បាត់​ខ្លួន នៅឡើយ។ លោក​ថា ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​គួរតែ​ជជែក​ពិភាក្សា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

លោក អំ សំអាត៖ «នេះ​គ្រាន់តែ​ជា​ការ​គិតគូរ និង​ការយល់ឃើញ​របស់​សង្គម​ស៊ីវិល​ទេ ប៉ុន្តែ​ការ​ដែល​ជួបគ្នា​រវាង​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថៃ មក​កម្ពុជា​មាន​ការងារ​ច្រើនណាស់​ដែល​នាយករដ្ឋមន្ត្រី​ទាំងពីរ​បាន​ជជែក​គ្នា។ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​ឃើញ​ពីព្រោះ​បញ្ហា​ទាំងអស់​នេះ​គឺជា​បញ្ហា​ចម្រូងចម្រាស​ហើយ​មាន​ការ​រិះគន់​ជាច្រើន មក​ទាក់ទង​នឹង​ការ​បាត់​ខ្លួន​របស់​លោក វ៉ាន់ ឆាឡឹម»។

ចំណែក​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា មាន​ប្រសាសន៍ថា មេដឹកនាំ​កម្ពុជា និង​ថៃ​គួរតែ​ពិភាក្សា​គ្នា​សម្រួល​ឱ្យ​ជនភៀសខ្លួន​ប្រទេស​ទាំងពីរ​អាច​ភៀសខ្លួន​បាន​ដោយ​សុវត្ថិភាព ដោយ​មិន​មាន​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត។

លោក នី សុខា៖ «យើង​ដឹង​ហើយ​ថា នៅ​ពេល​ដែល​បញ្ហា​វិបត្តិ​ប្រទេស​នីមួយៗ​វា​តែងតែ​មាន​ជន​ភៀស​ខ្លួន ដែល​អាច​គេចខ្លួន ដើម្បី​រក​ការ​ជ្រកកោន​នៅ​ប្រទេសជិតខាង។ អីចឹង​យើង​ចង់​ឱ្យ​មាន​ការ​ពង្រឹង​កិច្ចសហការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​ធ្វើ​យ៉ាងណា​ដែល​ឱ្យ​ជនភៀសខ្លួន​ទាំងអស់​នឹង​រស់នៅ​ដោយ​មាន​សុវត្ថិភាព។ ជាជាង​កុំឱ្យ​ចូល​មក​ដល់​នៅ​ក្នុង​ប្រទេស​នីមួយៗ​ហើយ​មាន​ការ​ភ័យខ្លាច​មាន​ការ​បាត់​ខ្លួន ក៏ដូចជា​មាន​ការ​ធ្វើ​បាប ឬក៏​មាន​ការ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វិញ​អី​ជាដើម»។

ការ​លើក​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន ធ្វើ​ទស្សនកិច្ច​ទៅដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៨ កញ្ញា ដែល​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដំបូង​គេ​បង្អស់ ចាប់តាំងពី​ពេល​លោក​ឡើង​កាន់​អំណាច​ក្នុងអំឡុងពេល​ជាង​១​ខែ​នេះ។ ហ្វេសប៊ុក​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យ​ដឹង​ថា នៅក្នុង​ជំនួប​នៅ​វិមាន​សន្តិភាព មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​អបអរសាទរ​គ្នា​ទៅវិញទៅមក ដែល​បាន​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ថ្មី​ដូចគ្នា​។ មេដឹកនាំ​ប្រទេស​ទាំងពីរ ក៏បាន​ពិភាក្សា​គ្នា អំពី​កិច្ចសហការ​ទ្វេភាគី​កម្ពុជា​-​ថៃ ដោយ​ផ្តោត​ជា​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការអប់រំ ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កិច្ច​ការទូត ទំនាក់ទំនង​ធុរកិច្ច ទំនាក់ទំនង ប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋ​។ បន្ថែម​ពី​នេះ​ក៏​ជជែក​គ្នា​អំពី​ការ​តភ្ជាប់​រវាង​ប្រទេស​ទាំងពីរ តាមផ្លូវ​អាកាស ផ្លូវ​រថភ្លើង និង​ផ្លូវថ្នល់ សេដ្ឋកិច្ច​ឌីជីថល និង​សេដ្ឋកិច្ច​បៃតង កិច្ចការ​ពាក់ព័ន្ធ​នឹង​អន្តោប្រវេសន៍ សន្តិសុខ​ឆ្លងដែន​និង សន្តិសុខ​អនឡាញ​ជាដើម ។ ប៉ុន្តែ​មេដឹកនាំ​ប្រទេស​ទាំងពីរ​ពុំបាន​ជជែក​អំពី​បញ្ហា​សិទ្ធិមនុស្ស​និង​ការ​បាត់​ខ្លួន​របស់​សកម្មជន​នយោបាយ​ថៃ​នៅឡើយ​ទេ បើ​ទោះ​ជា​លោក វ៉ាន់ឆាឡឺម សាត​ស័ក្ដិសិទ្ធិ គឺជា​សកម្មជន​នយោបាយ​ថៃ​ធ្លាប់​គាំទ្រ​មុតមាំ​ចំពោះ​គណបក្ស​ភឿ​ថៃ ដែល​មាន​លោក សេដ្ឋា ថាវីស៊ីន កំពុង​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី​នៅ​ពេល​នេះ​ក្តី។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក អាន សុខខឿន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​២៨ កញ្ញា។

លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ មាន​វ័យ ៣៧​ឆ្នាំ ត្រូវ​បាន​ជនប្រដាប់អាវុធ​មួយ​ក្រុម​ចាប់ពង្រត់ កាលពី​ថ្ងៃទី​៤ មិថុនា ឆ្នាំ​២០២០ ក្នុងពេលដែល​លោក​កំពុង​ដើរ​តាមផ្លូវ​ទៅ​ទិញ​ម្ហូប​អាហារ នៅមុខ​អគារ​ស្នាក់នៅ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​។ អ្នក​រិះគន់​រដ្ឋាភិបាល​ថៃ​រូប​នេះ បាន​រត់គេច​ចេញពី​ប្រទេស​កំណើត​របស់​ខ្លួន បន្ទាប់ពី​រដ្ឋប្រហារ​យោធា ឆ្នាំ​២០១៤ និង​បាន​រស់​នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​នៅតែ​បន្ត​រិះគន់​រដ្ឋាភិបាលយោធា​ថៃ​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​របស់​ខ្លួន។

ចំណែក​ជនភៀសខ្លួន​ខ្មែរ​វិញ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​មាន​ជនភៀសខ្លួន​ខ្មែរ​ជាច្រើន​នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ឱ្យ​របួស​និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​ប្រគល់​ឱ្យ​អាជ្ញាធរ​ខ្មែរ​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។

មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឱ្យ​មេដឹកនាំ​ប្រទេស​ទាំងពីរ​ជជែក​គ្នា និង​ដោះស្រាយ​បញ្ហា​នេះ ដោយ​ផ្អែកលើ​ការគោរព​គោលការណ៍​សិទ្ធិមនុស្ស​សាកល​ជាធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។