ក្រុម​អង្គការ​សង្គម​ស៊ីវិល​រួម​គ្នា​ធ្វើ​យុទ្ធនាការ​១៦ថ្ងៃ​ក្រោម​ប្រធាន​បទ គាំពារ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សង្គម​គ្មាន​អំពើ​ហិង្សា

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៧​ស្ថាប័ន បាន​រួមគ្នា​ធ្វើ​យុទ្ធនា​ការ​១៦ថ្ងៃ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី នៅ​ក្នុង​គោល​បំណង​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ឱ្យ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​តាម​រយៈ​ការ​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព នៅ​ពេល​ដែល​មាន​ករណី​រំលោភ​បំពាន​ទៅ​លើ​ស្ត្រី។

បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល សមាជិក​សហជីព សមាគម និង​យុវជន​សកម្ម​ជាង​៣០០នាក់ បាន​ចូលរួម​ធ្វើ​វេទិកា​សាធារណៈ​មួយ​ស្ដី​ពី ការ​គាំពារ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សង្គម​គ្មាន​អំពើ​ហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី២៧ ខែវិច្ឆិកា។ វេទិកា​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្រោម​ការ​សហការ​រវាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៧ស្ថាប័ន រួមមាន មជ្ឍ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អង្គការ​កម្មវិធី​អភិវឌ្ឍ​ធនធាន​យុវជន (YRDP) និង​អង្គការ​ក្លាហាន និង​សមាជិក​សហភាព​ផ្ទះ​សាមគ្គី ជាដើម។

នៅ​ក្នុង​វេទិកា​នេះ តំណាង​យុវជន​មក​ពី​សមាគម​បណ្ដាញ​យុវជន​កម្ពុជា បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ពី​តម្រូវ​ការ​អាទិភាព​ចំនួន​១៧ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​កាល​ពី​ពេល​កន្លង​ទៅ ដើម្បី​ស្នើ​ដល់​រដ្ឋាភិបាល​មាន​យន្តការ​ដោះស្រាយ​ជា​បន្ទាន់ ក្នុង​ការ​បញ្ឈប់​ការ​រំលោភ​បំពាន​សិទ្ធិ​ស្ត្រី និង​អំពើ​ហិង្សា​ក្នុង​សង្គម។ តម្រូវ​ការ​ទាំង​នោះ​រួម​មាន​ដូច​ជា ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ចំពោះ​អំពើ​ហិង្សា និង​ការ​បៀតបៀន​គ្រប់​ទម្រង់​លើ​ស្ត្រី​ដោយ​គ្មាន​ការ​លើក​លែង។ ការ​ចាត់​វិធាន​រដ្ឋបាល​ជាក់លាក់ និង​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​អ្នក​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ដីធ្លី បរិស្ថាន និង​សិទ្ធិ​ការងារ។ កំណែ​ទម្រង់​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​ជា​ដើម។

កញ្ញា យឹង នីម ដែល​ចូលរួម​យុទ្ធនា​ការ យល់​ឃើញ​ថា យុទ្ធនាការ​១៦ថ្ងៃ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​នេះ មាន​សារៈសំខាន់ ព្រោះ​វា​បាន​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​សិទ្ធិ​ស្ត្រី និង​កុមារី ដែល​ពួកគាត់​ត្រូវការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល ដោយ​ផ្អែក​លើ​គោល​ការ​នយោបាយ​សង្គម។ កញ្ញា​បន្ត​ថា មួល​ហេតុ​សំខាន់​ដែល​នាំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​ស្ត្រី​នៅ​តែ​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺ​បណ្ដាល​មក​ពី​ការ​មិន​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹង​រឹង ទៅ​លើ​បុគ្គល​ដែល​បាន​រំលោភ​បំពាន​ទៅ​លើ​ក្រុម​ស្ត្រី និង​ក្មេង​ស្រី និង​ជាពិសេស​ការ​មិន​គោរព​ច្បាប់​ស្ដី​ពី​ការងារ​ពី​សំណាក់​ថៅកែ ក៏​ដូចជា​ការ​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​ទៅ​លើ​សកម្មជន​តវ៉ា​ដែល​ជា​ស្ត្រី​ជាដើម។ ជាមួយ​គ្នា​នេះ កញ្ញា យឹង នីម ក៏​សំណូមពរ​ដល់​ស្ត្រី​ទូទាំង​ប្រទេស​ត្រូវ​ស្វែង​យល់​ពី​សិទ្ធិ​របស់​ខ្លួន និង​ត្រូវ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ផង​ដែរ៖

«ក្នុង​នាម​យើង​ជា​ស្ត្រី ក៏​ដូចជា​កិច្ច​ការងារ​យុទ្ធនាការ​ថ្ងៃ​នេះ នឹង​ចូល​រួម​លើក​កម្ពស់​ឱ្យ​មាន​ដំណោះ​ស្រាយ ក៏​ដូចជា​ចូលរួម​ប្រឆាំង​នឹង​អំពើ​ហិង្សា​សម្រាប់​ស្ត្រី និង​កុមារ ហើយ​ស្ត្រី​យើង​ខ្លួន​ឯង​ត្រូវ​តែ​សកម្ម និង​មុតមាំ ហ៊ាន​តតាំង តស៊ូ​នូវ​អ្វី​ដែល​ជា​ភាព​អយុត្តិធម៌​របស់​យើង​ដើម្បី​ជម្នះ និង​ប្រឆាំង​ទៅ​នឹង​អំពើ​ហិង្សា​មិន​ថា​តែ​ខ្លួន​ឯង​ផ្ទាល់ ក៏​ដូច​ជា​គ្រួសារ និង​សង្គម​ជាតិ​យើង​ទាំង​មូល»។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន អះអាង​ថា កន្លង​មក រដ្ឋាភិបាល​បាន​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម តាម​រយៈ​គោល​នយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព។ លោក​ថា ដោយ​ឡែក ចំពោះ​ការ​រំលោភ​សិទ្ធិ​ការងារ​ផ្សេងៗ រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ការងារ​ក៏​តែងតែ​ជួយ​ដោះស្រាយ​ផង​ដែរ ប៉ុន្តែ​បញ្ហា​គឺ​បណ្ដាល​មក​ពី​ក្រុម​បុគ្គលិក កម្មករ មិន​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ទាំង​នោះ​ទៅ​វិញ​ទេ៖

«គេ​ព្រម​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ហើយ វិវាទ​ការងារ​គឺ​ទាមទារ​ឱ្យ​មាន​ការ​ដោះស្រាយ​តាម​ច្បាប់​ការងារ ដោយ​ក្រសួង​ការងារ​គេ​មាន​យន្តការ​សម្រាប់​ដោះស្រាយ ហើយ​យើង​គេ​ដោះស្រាយ​ហើយ យើង​មិន​ព្រម​ទទួល យើង​មក​ធ្វើ​បាតុកម្ម​អនាធិបតេយ្យ អា​ហ្នឹង​លើក​តម្កើង​ស្ត្រី​ម៉េច​កើត បើ​ស្ត្រី​បង្ក​អុក​​ឡុក​សង្គម​អញ្ចឹង​នុះ»។

ជុំវិញ​រឿង​នេះ​ដែរ នាយិកា​អង្គការ​ក្លាហាន លោក​ស្រី បុណ្យ រចនា មាន​ប្រសាសន៍​ថា យុទ្ធនាការ​១៦ថ្ងៃ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​រម្លឹក​ទៅ​ដល់​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន និង​ភាគី​ពាក់​ព័ន្ធ​នានា ចូលរួម​ដោះ​ស្រាយ និង​ទប់ស្កាត់​អំពើ​ហិង្សា ទាំង​នៅ​កន្លែង​ការងារ នៅ​ក្នុង​ផ្ទះ និង​កន្លែង​សាធារណៈ។ លោក​ស្រី​បន្ថែម​ថា តម្រូវការ​ទាំង​១៧ចំណុច ដែល​យុទ្ធនាការ​លើក​ឡើង​នេះ គឺ​ទទួល​បាន​ពី​ស្ត្រី​គ្រប់​វិស័យ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ធ្វើ​ការ​ជា​មួយ រួមមាន​ដូចជា ឧស្សាហកម្ម​កាត់ដេរ ចំណី​អាហារ សេវាកម្ម សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មន្ត្រីរាជការ កម្មករ សណ្ឋាគារ កាស៊ីណូ អ្នក​ធ្វើការ​តាម​ផ្ទះ និង​សហគមន៍​ដី​ធ្លី​ជា​ដើម។

លោកស្រី បុណ្យ រចនា បន្ត​ថា តម្រូវការ​ទាំង​នេះ ត្រូវ​បាន​លើក​ឡើង​តាំង​ពី​ឆ្នាំ២០១៩​មក​ម្លេះ ក៏​ប៉ុន្តែ​មក​ទល់​ថ្ងៃ​នេះ រដ្ឋាភិបាល​មិន​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន ក្នុង​ការ​បំពេញ​តម្រូវ​ទាំង​១៧ចំណុច​នោះ​ឡើយ។ លោកស្រី​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់ នឹង​លុប​បំបាត់​អំពើរ​និទ្ទណ្ឌភាព​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី៖

«ជាក់​ស្ដែង​យើង​មើល​ឃើញ បង​ប្អូន​ស្ត្រី​ដែល​ងាយ​រងគ្រោះ​ហ្នឹង​គឺ​បងប្អូន​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​សេវា​កម្សាន្ត​ដូចជា​សណ្ឋាគារ ធុរកិច្ច​ផ្សេង​ៗ​ហ្នឹង ហើយ​ក៏​ដូចជា​ផ្នែក​កាស៊ីណូ​អី​ផ្សេងៗ និង​កម្មករ​រោងចក្រ​ផង​ដែរ។ យើង​មើល​ឃើញ​ថា​លក្ខខ័ណ្ឌ​ការងារ​នៅ​តែ​មិន​បាន​ផ្ដល់​នូវ​ផល​ប្រយោជន៍​ខ្ពស់ និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​ដល់​បង​ប្អូន​ស្ត្រី​ទេ»។

យុទ្ធនាការ​១៦ថ្ងៃ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី២៥ ខែវិច្ឆិកា និង​ត្រូវ​បិទ​បញ្ចប់​យុទ្ធនាការ​នៅ​ថ្ងៃ​ទី១០ ខែធ្នូ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ជាមួយគ្នា​នេះ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ក៏​នឹង​រៀប​ចំ​កម្មវិធី​ប្រកួត​បាល់​ទាត់​ដណ្ដើម​ជ័យ​លាភី​សិទ្ធិមនុស្ស នៅ​ថ្ងៃ​ទី៨ ខែ​ធ្នូ​ខាង​មុខ​នេះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។