មន្ត្រីសង្គម​ស៊ីវិល​បារម្ភ​ថា ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ គ្រោង​បង្កើត​ថ្មី ​មិន​ឯករាជ្យ​ដោយសារ​ក្រោមការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ឯកបក្ស

0:00 / 0:00

មន្ត្រីសង្គមស៊ីវិល​មួយចំនួន​យល់​ស្រប​ដូចគ្នា​ថា​សេចក្តីព្រាងច្បាប់​ដំបូង​ស្តីពី​«ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ» នឹង​មិនមាន​ភាព​ឯករាជ្យនោះ​ឡើយ​ទាំង​ដំណើរការ​អនុវត្តន៍​និង​នីតិវិធី​ដោះស្រាយ​បញ្ហា​នានា​ទាក់ទង​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស។ ពួកគេ​ព្រួយ​បារម្ភ​ពី​ឯករាជ្យភាព​របស់​ស្ថាប័ន​ជាតិ​មួយ​នេះដោយសារតែ​បរិបទ​នយោបាយ​បច្ចុប្បន្នគឺ​ស្ថិត​ក្នុងការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឯកបក្ស។

ការលើក​ឡើង​នេះធ្វើឡើង​ក្រោយ​ដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​គ្រោង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ​ដើម្បី​កំណត់​ទិសដៅ​ច្បាស់លាស់​ក្នុងការ​ពិគ្រោះយោបល់​ជាមួយ​អង្គការ​សង្គមស៊ីវិល​ទៅលើ​សេចក្តីព្រាងច្បាប់​នៃ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្សជាតិនេះដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ទើប​បាន​បញ្ចប់​ថ្មីៗ​នេះ។

នាយករង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្សនៃ​អង្គការ​លីកាដូលោក អំ សំអាត​មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរីកាលពីយប់មិញ​ថាអង្គការ​សង្គមស៊ីវិលធ្លាប់​ចូលរួម​ពិភាក្សាជាមួយ​មន្ត្រី​រដ្ឋាភិបាល​ម្តង​រួច​មក​ហើយក្នុងគោលបំណង​បង្កើត​ស្ថាប័ន​មួយ​នេះកាល​ពី​ជាង​១៥​ឆ្នាំមុន​ប៉ុន្តែ​ត្រូវបាន​អាក់​ខាន​ទៅ​វិញ។លោក​សង្កត់ធ្ងន់​ថាភាគីសង្គម​ស៊ីវិល​ចង់បាន​ស្ថាប័នជាតិ​នេះជាស្ថាប័ន​ឯករាជ្យ​ពេញ​លេញ​ដូច​នៅតាម​បណ្តាប្រទេស​ដទៃទៀត​ដែរ​ដែលឱ្យ​តម្លៃលើការ​គោរព​សិទ្ធិមនុស្ស៖ « កាល​ពី​ឆ្នាំ​២០០៥ រដ្ឋាភិបាល​និង​អង្គការ​សង្គមស៊ីវិល គ្រោងបង្កើត​ស្ថាប័ននេះ​ម្តងរួច​មក​ហើយ ​ប៉ុន្តែ​ដោយ​សង្គម​ស៊ីវិល មើលឃើញថា​ ស្ថាប័ន​នេះ មិនអាច​ទៅជា​ស្ថាប័ន​ឯករាជ្យ។ អ្វីដែល​យើងចង់​បាន​គឺ ស្ថាប័ន​ជាតិ​សិទ្ធិមនុស្ស ដូចជា​នៅប្រទេសថៃ និង​ប្រទេស​ផ្សេងៗ ដែលគេ​ឯករាជ្យ គេមាន​អំណាច ​ក្នុង​ការ​ស៊ើបអង្កេត ទាក់ទង​នឹង​បញ្ហារំលោភសិទ្ធិមនុស្ស និង​ដាក់​បណ្តឹង​ទៅ​តុលាការ ជាដើម»។

ចំណែក​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​បញ្ជាក់​ថា​ទាំងអង្គការ​សង្គមស៊ីវិល​ជាតិនិង​សហគមន៍​អន្តរជាតិ​ជាពិសេស​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិក៏បាន​ជំរុញ​ឲ្យបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ថ្នាក់​ជាតិ​នេះដែរ​ដើម្បីលើក​ស្ទួយ​ការគោរព​សិទ្ធិ​មនុស្ស។ ក៏ប៉ុន្តែ អ្នកស្រី ព្រួយបារម្ភថា ស្ថាប័នជាតិ​មួយ​នេះ​ទំនង​ជាមិន​អាច​ធានា​នូវ​ឯករាជ្យភាពនិង​ចំណុះ​ឱ្យ​រដ្ឋាភិបាល៖ « ទោះបីអង្គការ​សង្គម​ស៊ីវិល​ចង់ឲ្យ​បង្កើត​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នេះជា​យូរ​មកហើយ ប៉ុន្តែពាក់ព័ន្ធ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន យើង​ឃើញថា​ មាន​តែ​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច ដែល​គ្រប់គ្រង​ទាំង​ស្រុង ​អញ្ចឹង​ហើយថា​តើការ​បង្កើត​ច្បាប់​នេះ អាចធានា​ទៅតាម​ការ​អនុលោម​តាមគោលការណ៍​ប៉ារីស​ដែរ​ឬទេ។ យើង​ឃើញ​ថា ពេលខ្លះ​មាន​ច្បាប់​ហើយ​ ប៉ុន្តែថា​តើ​អនុញ្ញាត​ឲ្យ​គណៈកម្មាធិការនេះ ​អាច​បំពេញ​តួនាទី​ឯករាជ្យ​និង​ពេញលេញ​បាន​ដែរ​ឬទេ

ពាក់ព័ន្ធ​នឹង​សេចក្តីព្រាង​ច្បាប់​ដំបូង​ស្តីពី​«ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ» នេះអ្នកនាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជាលោក កត្តា អ៊ន មាន​ប្រសាសន៍​ប្រាប់វិទ្យុអាស៊ីសេរី​ថា​ខ្លឹម​សារ​សំខាន់​នៃ​សេចក្តីព្រាង​ច្បាប់​នេះផ្តោតសំខាន់​លើ​តួនាទី​និង​ភារកិច្ចរបស់​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​អន្តរជាតិ៖« ក្រុមការងារ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ​បាន​សហការ​ជា​មួយ​ការិយាល័យ​ស្នងការ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​និង​អង្គការ​វេទិកា​អាស៊ីប៉ាស៊ីហ្វិក​ដែល​មាន​មូលដ្ឋាន​នៅប្រទេស​អូស្រ្តាលី​(APF Asia Pacific Forum) ។​ ដូច្នេះ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ យើង​ធានា​ថា ស្ថាប័ននេះ​គោរព​តាម​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ​ធានា​ឯករាជ្យភាព ធានា​អំណាច​និង​អង្កេត​បញ្ហាសិទ្ធិមនុស្ស​ និង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ »

អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជាលោក កត្តា អ៊ន បញ្ជាក់​ថា​គម្រោង​នៃការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះគឺ​អនុលោម​ទៅ​តាម​គោលការណ៍​ប៉ារីស (The Paris Principles)​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​សិក្ខាសាលា​អន្តរជាតិ​មួយ​នាទី​ក្រុង​ប៉ារីស ឆ្នាំ១៩៩១​ហើយ​ត្រូវ​បាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិអនុម័ត​នៅ​ឆ្នាំ១៩៩៣។ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​គឺ​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​មិន​ចំណុះក្រោម​រដ្ឋាភិបាលដែលមា​ន​តួនាទី​ការពារ​និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ក៏ប៉ុន្តែពាក្យ​ឯករាជ្យនិង​អព្យាក្រឹត្យ​នេះ​មាន​តែនៅលើ​ក្រដាស​ទេ។ក្នុង​ស្ថាន​ភាព​ជាក់ស្តែងស្ថាប័ន​ជាតិ​កំពូលៗ​រាប់​ចាប់​តាំង​ពី​ស្ថាប័ន​ព្រះមហាក្សត្រស្ថាប័នព្រឹទ្ធសភា​សភាជាតិ​និង​តុលាការ​ជាដើមត្រូវ​មតិជាតិ និង​អន្តរជាតិ​មើល​ឃើញ​ដូចៗ​គ្នា​ថាស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​កាន់​អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។