មន្ត្រីសង្គមស៊ីវិលមួយចំនួនយល់ស្របដូចគ្នាថាសេចក្តីព្រាងច្បាប់ដំបូងស្តីពី«ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ» នឹងមិនមានភាពឯករាជ្យនោះឡើយទាំងដំណើរការអនុវត្តន៍និងនីតិវិធីដោះស្រាយបញ្ហានានាទាក់ទងនឹងករណីរំលោភសិទ្ធិមនុស្ស។ ពួកគេព្រួយបារម្ភពីឯករាជ្យភាពរបស់ស្ថាប័នជាតិមួយនេះដោយសារតែបរិបទនយោបាយបច្ចុប្បន្នគឺស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលឯកបក្ស។
ការលើកឡើងនេះធ្វើឡើងក្រោយដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគ្រោងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍នេះដើម្បីកំណត់ទិសដៅច្បាស់លាស់ក្នុងការពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលទៅលើសេចក្តីព្រាងច្បាប់នៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទើបបានបញ្ចប់ថ្មីៗនេះ។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាតមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់មិញថាអង្គការសង្គមស៊ីវិលធ្លាប់ចូលរួមពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលម្តងរួចមកហើយក្នុងគោលបំណងបង្កើតស្ថាប័នមួយនេះកាលពីជាង១៥ឆ្នាំមុនប៉ុន្តែត្រូវបានអាក់ខានទៅវិញ។លោកសង្កត់ធ្ងន់ថាភាគីសង្គមស៊ីវិលចង់បានស្ថាប័នជាតិនេះជាស្ថាប័នឯករាជ្យពេញលេញដូចនៅតាមបណ្តាប្រទេសដទៃទៀតដែរដែលឱ្យតម្លៃលើការគោរពសិទ្ធិមនុស្ស៖ « កាលពីឆ្នាំ២០០៥ រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល គ្រោងបង្កើតស្ថាប័ននេះម្តងរួចមកហើយ ប៉ុន្តែដោយសង្គមស៊ីវិល មើលឃើញថា ស្ថាប័ននេះ មិនអាចទៅជាស្ថាប័នឯករាជ្យ។ អ្វីដែលយើងចង់បានគឺ ស្ថាប័នជាតិសិទ្ធិមនុស្ស ដូចជានៅប្រទេសថៃ និងប្រទេសផ្សេងៗ ដែលគេឯករាជ្យ គេមានអំណាច ក្នុងការស៊ើបអង្កេត ទាក់ទងនឹងបញ្ហារំលោភសិទ្ធិមនុស្ស និងដាក់បណ្តឹងទៅតុលាការ ជាដើម»។
ចំណែកនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព មានប្រសាសន៍បញ្ជាក់ថាទាំងអង្គការសង្គមស៊ីវិលជាតិនិងសហគមន៍អន្តរជាតិជាពិសេសអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិក៏បានជំរុញឲ្យបង្កើតស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិនេះដែរដើម្បីលើកស្ទួយការគោរពសិទ្ធិមនុស្ស។ ក៏ប៉ុន្តែ អ្នកស្រី ព្រួយបារម្ភថា ស្ថាប័នជាតិមួយនេះទំនងជាមិនអាចធានានូវឯករាជ្យភាពនិងចំណុះឱ្យរដ្ឋាភិបាល៖ « ទោះបីអង្គការសង្គមស៊ីវិលចង់ឲ្យបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សនេះជាយូរមកហើយ ប៉ុន្តែពាក់ព័ន្ធស្ថានភាពនយោបាយបច្ចុប្បន្ន យើងឃើញថា មានតែតំណាងរាស្ត្រគណបក្សកាន់អំណាច ដែលគ្រប់គ្រងទាំងស្រុង អញ្ចឹងហើយថាតើការបង្កើតច្បាប់នេះ អាចធានាទៅតាមការអនុលោមតាមគោលការណ៍ប៉ារីសដែរឬទេ។ យើងឃើញថា ពេលខ្លះមានច្បាប់ហើយ ប៉ុន្តែថាតើអនុញ្ញាតឲ្យគណៈកម្មាធិការនេះ អាចបំពេញតួនាទីឯករាជ្យនិងពេញលេញបានដែរឬទេ ?»។
ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ដំបូងស្តីពី«ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ» នេះអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អ៊ន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថាខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់នេះផ្តោតសំខាន់លើតួនាទីនិងភារកិច្ចរបស់ស្ថាប័នសិទ្ធិមនុស្សជាតិដោយមានការចូលរួមពីគ្រប់ភាគីអន្តរជាតិ៖« ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការជាមួយការិយាល័យស្នងការអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអង្គការវេទិកាអាស៊ីប៉ាស៊ីហ្វិកដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី(APF Asia Pacific Forum) ។ ដូច្នេះសេចក្តីព្រាងច្បាប់ថ្មីនេះ យើងធានាថា ស្ថាប័ននេះគោរពតាមកិច្ចព្រមព្រៀងក្រុងប៉ារីស ធានាឯករាជ្យភាព ធានាអំណាចនិងអង្កេតបញ្ហាសិទ្ធិមនុស្ស និងការលើកកម្ពស់សិទ្ធិមនុស្សពិតប្រាកដ »។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កត្តា អ៊ន បញ្ជាក់ថាគម្រោងនៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះគឺអនុលោមទៅតាមគោលការណ៍ប៉ារីស (The Paris Principles) ដែលត្រូវបានបង្កើតឡើងនៅក្នុងសិក្ខាសាលាអន្តរជាតិមួយនាទីក្រុងប៉ារីស ឆ្នាំ១៩៩១ហើយត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តនៅឆ្នាំ១៩៩៣។ស្ថាប័នសិទ្ធិមនុស្សជាតិគឺជាស្ថាប័នឯករាជ្យមួយមិនចំណុះក្រោមរដ្ឋាភិបាលដែលមានតួនាទីការពារនិងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ក៏ប៉ុន្តែពាក្យឯករាជ្យនិងអព្យាក្រឹត្យនេះមានតែនៅលើក្រដាសទេ។ក្នុងស្ថានភាពជាក់ស្តែងស្ថាប័នជាតិកំពូលៗរាប់ចាប់តាំងពីស្ថាប័នព្រះមហាក្សត្រស្ថាប័នព្រឹទ្ធសភាសភាជាតិនិងតុលាការជាដើមត្រូវមតិជាតិ និងអន្តរជាតិមើលឃើញដូចៗគ្នាថាស្ថិតក្រោមឥទ្ធិពលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។