អ្នក​ជំនាញ​ថា សេរីភាព​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា កាន់​តែ​រួម​តូច​ជាង​មុន

អ្នក​ជំនាញ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​តែ​មើល​ឃើញ​ថា លំហ​សេរីភាព​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​មិន​បាន​រីក​ចម្រើន​ឡើយ ផ្ទុយ​ទៅ​វិញ កាន់​តែ​រួម​តូច​ជាង​មុន ដោយសារ​អ្នក​សារព័ត៌មាន​ជាច្រើន​នៅ​តែ​ប្រឈម​ការ​យាយី​គួរ​ឱ្យ​កត់​សម្គាល់ ហើយ​ការ​ដក​អាជ្ញាប័ណ្ណ​នៅ​តែ​ផុយ​ស្រួល។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា គឺ​ត្រូវ​បាន​ធានា​យ៉ាង​ពេញ​លេញ​បំផុត។

ការ​លើកឡើង​របស់​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​នេះ ខណៈ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក​នៅ​ថ្ងៃ​ទី​៣ ឧសភា នឹង​ត្រូវ​ធ្វើឡើង​នៅ​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​បង្ហាញ​ថា សេរីភាព​សារព័ត៌មាន​ឯករាជ្យ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចម្រុះ ជា​គន្លឹះ​ដ៏​ចាំបាច់​ក្នុង​ការ​សម្រេច​បាន​នូវ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត​។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJA) លោក ណុប វី លើកឡើង​ថា ការ​បំពេញ​ការងារ​របស់​ក្រុម​អ្នក​សារព័ត៌មាន​ឯករាជ្យ នៅ​តែ​ប្រឈម​ការ​គំរាមកំហែង និង​កាន់​តែ​រួម​តូច​ជាង​មុន បន្ទាប់​ពី​មាន​ការ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD)​។ លោក​បន្ត​ថា ថ្វីត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​បាន​កើន​ឡើង​ជាង ២​ពាន់​ស្ថាប័ន ប៉ុន្តែ​មិន​អាច​ឆ្លុះបញ្ចាំង​ពី​សេរីភាព​សារព័ត៌មាន​ឡើយ ប្រសិន​បើ​នៅ​តែ​គ្មាន​ការ​ធានា​ពី​សន្តិសុខ សុវត្ថិភាព និង​សេរីភាព សម្រាប់​អ្នក​សារព័ត៌មាន ហើយ​ការ​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន​ពី​រដ្ឋាភិបាល​នៅ​តែ​ផុយ​ស្រួយ​ដូច​បច្ចុប្បន្ន​នេះ។

លោក ណុប វី៖«ការ​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន វីអូឌី ជា​សារព័ត៌មាន​មួយ ទទួល​បាន​នូវ​ភាព​ពេញ​និយម ក្នុង​ការ​ផ្ដល់​ព័ត៌មាន ឯករាជ្យ ព័ត៌មាន​ពិត​អី​ផ្សេង​ៗ ជាពិសេស​គឺ​ទាក់ទង​នឹង​បញ្ហា​រឿង​សង្គម​ផ្សេង​ៗ ដល់​សាធារណជន ក៏​ដូចជា​ទៅ​ដល់​រដ្ឋាភិបាល គឺ​ថា​ធ្វើ​ឱ្យ​Space​(​លំហ​)នៃ​ការ​ទទួល​បាន​ព័ត៌មាន​ភាព​អវិជ្ជមាន ភាព​អសកម្ម​ផ្សេង​ៗ ក្នុង​សង្គម គឺ​មាន​ការ​ថយ​ចុះ​ខ្លាំង​មែនទែន»។

ការ​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​វីអូឌី បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​បារម្ភ​អំពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន សិទ្ធិ​បញ្ចេញមតិ និង​ការ​ធ្លាក់​ចុះ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ក្នុង​ខែ​កក្កដា ខាង​មុខ​នេះ។

របាយការណ៍​ត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ​របស់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា កាល​ពី​ថ្ងៃ​ទី ២៤ មេសា​បង្ហាញ​ថា ពី​ថ្ងៃ​ទី​១ មករា​ដល់​ថ្ងៃ​ទី៣១ ខែ​ធ្នូ​ឆ្នាំ​២០២២ ខ្លួន​បាន​កត់ត្រា​ករណី​បៀតបៀន​លើ​អ្នក​សារព័ត៌មាន​ចំនួន​៣៥​ករណី រួម​មាន ការ​វាយប្រហារ​លើ​រាងកាយ ការ​គំរាមកំហែង​ប្រព្រឹត្ត​អំពើ​ហិង្សា ការ​រើសអើង ការ​ចាប់​ខ្លួន ការ​ចាប់​ដាក់​ពន្ធនាគារ និង​សកម្មភាព​ផ្លូវ​ច្បាប់​ផ្សេង​ទៀត ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ចំនួន​៥៤​នាក់ ដោយ​ផ្អែក​លើ​របាយការណ៍​ព័ត៌មាន ការ​បង្ហោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឯកសារ​តុលាការ និង​ការ​សម្ភាសន៍។

សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បន្ត​ថា ថ្វីត្បិត​ករណី​បៀតបៀន​អ្នក​សារព័ត៌មាន​ថយ​ចុះ ២៨​% បើ​ប្រៀបធៀប​នឹង​ករណី​ដែល​បាន​កើតឡើង​នៅ​ឆ្នាំ​២០២១ ប៉ុន្តែ​សុទិដ្ឋិនិយម​ត្រូវ​បាន​ដក​ចេញ បន្ទាប់​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដ៏​លេចធ្លោ​បំផុត​នៅ​កម្ពុជា គឺ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី(VOD) នៅ​ដើម​ឆ្នាំ​២០២៣​នេះ។ ប្រភព​ដដែល​នេះ​បន្ថែម​ថា ខណៈ​របាយការណ៍​ឆ្នាំ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សញ្ញា​នៃ​វឌ្ឍនភាព ប៉ុន្តែ​ខេមបូចា ពិបាក​ធ្វើ​សេចក្ដី​សន្និដ្ឋាន ខណៈ​និទណ្ឌភាព​នៅ​តែ​បន្ត​មាន​សម្រាប់​អ្នក​ដែល​គំរាមកំហែង ឬ​វាយប្រហារ​អ្នក​កាសែត ហើយ​អ្នក​កាសែត ៧​នាក់ កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២២។

ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៩៣ ដើម្បី​រំឭក​ដល់​រដ្ឋាភិបាល​ជុំវិញ​ពិភព​លោក ពី​ភាព​ចាំបាច់​ក្នុង​ការ​គោរព​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ចំពោះ​សេរីភាព​សារព័ត៌មាន ហើយ​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង ដើម្បី​អបអរ​មូលដ្ឋាន​សេរីភាព​សារព័ត៌មាន និង​ដើម្បី​ចងចាំ​ការ​លះបង់​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​នៃ​ការ​បំពេញ​វិជ្ជាជីវៈ។

សម្រាប់​ឆ្នាំ​២០២៣ ជា​ខួប​ទី​៣០ នៃ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភព​លោក នឹង​ត្រូវ​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «ការ​កំណត់​អនាគត​នៃ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ជា​កម្លាំង​ចលករ​នៃ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត។ ក្រុម​អ្នក​សារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា នឹង​សហការ​ជា​មួយ​ដៃគូ​អភិវឌ្ឍ ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​នេះ មុន​មួយ​ថ្ងៃ នៅ​សណ្ឋាគារ ហៃយ៉ាត់ (Hyatt) ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២​មេសា ផ្ដោត​លើ​ការ​លើកកម្ពស់​ការ​យល់ដឹង​ទៅ​ដល់​សាធារណៈ​ជន ដើម្បី​កសាង​កម្ពុជា​ប្រកប​ដោយ​យុត្តិធម៌ សេរី សន្តិភាព និង​ប្រជាធិបតេយ្យ រួម​ទាំង​ការ​ពង្រឹង​សាមគ្គីភាព​គ្នា ដើម្បី​ដោះស្រាយ​ការ​គំរាមកំហែង​និង​បញ្ហា​ប្រឈម​នៅ​ពេល​បច្ចុប្បន្ន។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក ផុស សុវណ្ណ លើកឡើង​ថា ការ​វាយតម្លៃ​ពី​សេរីភាព​នៅ​កម្ពុជា​បន្ត​រួម​តូច ជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ឱ្យ​មាន​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នេះ បាន​ទូលំទូលាយ​មែនទែន​ទៅ​ហើយ នៅ​ពេល​បច្ចុប្បន្ន​នេះ។

លោក ផុស សុវណ្ណ៖«ទោះ​បិទ វីអូឌី ក៏​ប៉ុន្តែ​បុគ្គលិក វីអូឌី ទាំង​អស់​ហ្នឹង នៅ​តែ​អាច​ផ្សាយ​ពី​ការ​យល់ឃើញ​ពី​ជំហរ​របស់​គាត់​ហ្នឹង តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដដែល​ហ្នឹង។ ប្រសិន​បើ​បិទ​ហើយ គេ​តាម​ទៅ​ខ្ទប់​ដល់​Account​ៗ​(​គណនី​)​ទៀត ឬ​ត្រួតពិនិត្យ​អី​ទៀត អា​ហ្នឹង​បាន​ថា​បិទ»។

ថ្វីត្បិត​មាន​ការ​លើកឡើង​ពី​មន្ត្រី​រដ្ឋាភិបាល​បែប​នេះ​ក្ដី ប៉ុន្តែ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ មេសា​ថា នៅ​ចន្លោះ​ថ្ងៃ​ទី​១​កញ្ញា ឆ្នា​២០២១ ដល់​ថ្ងៃ​ទី​៣១ សីហា ឆ្នាំ​២០២២ មាន​អ្នក​សារព័ត៌មាន​ចំនួន​២០​នាក់​ត្រូវ​បាន​យាយី​តាម​ផ្លូវ​តុលាការ ដោយសារ​ការ​បំពេញ​ការងារ​របស់​ពួកគេ ហើយ​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​៤​ត្រូវ​បាន​ដក​ហូត​។ អង្គការ​សិទ្ធិមនុស្ស​នេះ​បន្ត​ថា អាជ្ញាធរ​កម្ពុជា​ក៏​បរាជ័យ​ក្នុង​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ក្នុង​ការ​បើក​ចំហ​សេរីភាព​សម្រាប់​អ្នក​សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា សង្កេត​ឃើញ​ថា សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ នៅ​តែ​ស្ថិត​ក្នុង​ការ​រឹតត្បិត និង​ការ​បំភិតបំភ័យ ជាពិសេស​ទៅ​លើ​អ្នក​សារព័ត៌មាន​ដែល​ហ៊ាន​និយាយ​ការ​ពិត ពី​បញ្ហា​សង្គម​នានា ដូច​ជា​សិទ្ធិមនុស្ស ដីធ្លី ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បរិស្ថាន​ជា​ដើម។

លោក នី សុខា៖«ចំពោះ​សារព័ត៌មាន​បែប​ហ្នឹង គឺ​ថា ជា​រឿយៗ​តែង​រង​ការ​រឹតត្បិត និង​ការ​គំរាមកំហែង។ ការ​រឹតត្បិត​ហ្នឹង គឺ​ការ​ផ្ដល់​ព័ត៌មាន ពី​សំណាក់​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេង​ៗ នីមួយ​ៗ ទៅ​ដល់​សារព័ត៌មាន គឺ​ថា​ពិបាក​ក្នុង​ការ​ទទួល​។ សារព័ត៌មាន​ប្រភេទ​ហ្នឹង ពិបាក​ក្នុង​ការ​ស្វែងរក និង​ទទួល​បាន​ព័ត៌មាន​ណាស់​។ រឿង​មួយ​ទៀត គឺ​ថា បើ​សិន​គាត់​ចុះ​ទៅ​ធ្វើ​ការ​នៅ​តាម​មូលដ្ឋាន​ផ្សេង​ៗ តែង​ទទួល​រង​នូវ​ការ​បំភិតបំភ័យ ការ​គំរាមកំហែង»។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា ការ​ផ្ដល់​សេរីភាព​ពេញលេញ​សម្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ឯករាជ្យ ជា​គ្រឹះ​ដ៏​មាន​សារសំខាន់ នៅ​ក្នុង​សង្គម​ប្រកាន់​របប​លទ្ធិ​ប្រជាធិបតេយ្យ​។ លោក​ចង់​ឱ្យ​មាន​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ មាន​ទីតាំង​ឈរ​ជើង​ឱ្យ​បាន​ច្បាស់លាស់​នៅ​កម្ពុជា ដោយ​គ្មាន​ការ​បំភិតបំភ័យ ដើម្បី​ជួយ​ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​ក្នុង​សង្គម និង​ជួយ​ផ្ដល់​ព័ត៌មាន​ចម្រុះ​បែប​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ថ្លឹងថ្លែង​ឱ្យ​បាន​ត្រឹមត្រូវ ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជា​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។