អង្គការ​សង្គម​ស៊ីវិល​ទទូចដល់​​អាជ្ញាធរ​ឱ្យ​ឆាប់​ដោះ​លែង​អ្នក​ជាប់​ឃុំ ដើម្បី​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ពន្ធនាគារ

0:00 / 0:00

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះលែង​ទណ្ឌិត និង​អ្នក​ជាប់​ឃុំ​បណ្ដោះអាសន្ន​ក្នុង​បទ​ល្មើស​ស្រាលៗ ដើម្បី​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ពន្ធនាគារ។ ការ​លើក​ឡើង​នេះ ខណៈជំងឺកូវីដ១៩នៅតែបន្តកើនឡើងតាមពន្ធនាគារ និង​គំរាម​កំហែង​ខ្លាំង​ដល់​សុខភាព​អ្នក​ជាប់​ឃុំ។

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​និយាយ​ថា ពួក​គេ​មិន​ទាន់​ឃើញ​មាន​ការ​ដោះ​លែង​ទណ្ឌិត​ដោយ​ភ្ជាប់​លក្ខខណ្ឌ នៅ​ឡើយ​ទេ ទោះ​ក្រសួង​យុត្តិធម៌​បាន​ចេញ​ប្រកាស​អំពី​រឿង​នេះ ប្រមាណ​មួយ​ខែ​ទៅ​ហើយ​ក្ដី។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត សង្កេត​ឃើញ​ថា ការ​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ ក្នុង​ពន្ធនាគារ​នា​ពេល​បច្ចុប្បន្ន នៅ​តែ​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​សុវត្ថិភាព​របស់​អ្នក​ជាប់​ឃុំ។ លោក​បន្ត​ថា បើ​ពន្ធនាគារ​នៅ​តែ​ចង្អៀត​ណែន​នោះ អ្នក​ជាប់​ឃុំ​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់ ព្រោះ សព្វថ្ងៃមានជំងឺកូវីដ១៩ បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta) ដែល​កាន់​តែ​ងាយ​ចម្លង​ថែម​ទៀត។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ជំរុញ​ទៅ​ក្រសួង​យុត្តិធម៌ និង​តុលាការ​ពន្លឿន​នីតិវិធី​ក្នុង​ការ​ដោះ​លែង​ទណ្ឌិត​ដោយ​ភ្ជាប់​លក្ខខណ្ឌ៖ « យើង​ឃើញ​ហើយ​នៅ​ខាង​ក្រៅ​កើត​មាន​ផ្ទះ​ណា​មួយ អាជ្ញាធរ​គាត់​ឡើង​ជិត ឬ​ក៏​បិទ​ភូមិ​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​រីក​រាល​ដាល ដូច្នេះ​ក្នុង​ពន្ធនាគារ បើ​មាន​ឆ្លង​តែ​មួយ​ទៅ គឺ​ងាយ​ទៅ​នឹង​បន្ត​ហើយ​ស្ថានភាព​ធ្ងន់ធ្ងរ»

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​សម្រប​សម្រួល​គម្រោង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ហ៊ុន ស៊ាងហាក់ និយាយ​ថា ចាប់​តាំង​ពី​ក្រសួង​យុត្តិធម៌​ចេញ​ប្រកាស កាល​ពី​ខែ​កក្កដា​មក ក្រសួង​មិន​ទាន់​បង្ហាញ​លទ្ធផល​នៃ​ការ​អនុវត្ត​ប្រកាស​នេះ​នៅ​ឡើយ​ទេ។ លោក​យល់​ថា ក្រសួង​យុត្តិធម៌​គួរ​ចាត់ចែង​អនុវត្ត​ការងារ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឲ្យ​បាន​លឿន និង​បង្ហាញ​លទ្ធផល​នេះ​ឲ្យ​សាធារណជន​បាន​ដឹង៖ «ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ គឺ​ជា​រឿង​ចាំបាច់ និង​បន្ទាន់​បំផុត​ក្នុង​ស្ថានភាព​កូវីដ។ អ៊ីចឹង​បើ​ក្រសួង​បាន​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​មួយ​ចំនួន​ហើយ ខ្ញុំ​គិត​ថា គួរ​តែ​រៀបចំ​អនុវត្ត​ការងារ​ហ្នឹង​ឲ្យ​បាន​ឆាប់​ទៅ»

ការ​លើក​ឡើង​របស់​ក្រុម​មន្រ្តី​សង្គម​ស៊ីវិល​បែប​នេះ ក្រោយ​ពី​ក្រសួងយុត្តិធម៌​បាន​ចេញ​ប្រកាស​ស្ដីពី​បែបបទ​នៃ​ការ​ត្រួត​ពិនិត្យ​ដោះ​លែង​ទណ្ឌិត ដែល​ជិត​រួច​ទោស​ដោយមាន​លក្ខខណ្ឌ ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ ក្នុង​ពន្ធនាគារ។ យោង​តាម​ប្រកាស​នេះ ​ការ​ដោះលែង​ទណ្ឌិត​ដោយ​ភ្ជាប់​លក្ខខណ្ឌ ជា​សមត្ថកិច្ច​របស់​ប្រធាន​សាលាដំបូង​នៃ​ទី​កន្លែង​ឃុំ​ខ្លួន​ទណ្ឌិត។ ប្រធាន​សាលា​ដំបូង​រាជធានី/ខេត្ត​មាន​សិទ្ធិ សម្រេច​ដោះលែង​ទណ្ឌិត​ដោយ​ភ្ជាប់​លក្ខខណ្ឌ​ជា​កាតព្វកិច្ច​មួយ ឬ​ច្រើន ដូច​ជា ការ​បំពេញ​សកម្មភាព​ខាង​វិជ្ជាជីវៈ ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ទីលំនៅ​ជាក់លាក់ ឬ​តម្រូវការ​ផ្នែក​សុខាភិបាល ឬ​ភាព​ចាំ បាច់​របស់​ទណ្ឌិត​ត្រូវ​រកស៊ី​ចិញ្ចឹម​គ្រួសារ​ជាដើម។

ទោះ​យ៉ាង​ណា​ក្ដី ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ទៅ​តុលាការ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិចារណា​ដោះ​លែង​អ្នក​ជាប់​ឃុំ​ក្នុង​ករណី​មួយ​ចំនួន​ទៀត ដូចជា​អ្នក​ជាប់​ឃុំ​បណ្ដោះអាសន្ន​ក្នុង​បទ​ល្មើស​ស្រាល ស្ត្រី​មាន​ផ្ទៃពោះ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ អ្នក​ងាយ​រង​គ្រោះ និង អ្នក​ជាប់​ឃុំ​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន​នយោបាយ បរិស្ថាន និង​សកម្មជន​ដីធ្លី​ជា​ដើម។

អាស៊ី​សេរី​មិន​អាច​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក នុត សវនា អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​ តាំង ស៊ុនឡាយ ដើម្បី​បកស្រាយ​រឿង​នេះ​បាន​ទេ នៅថ្ងៃទី១៣ ខែសីហា។

ប្រពន្ធ​សកម្មជន​បរិស្ថាន​លោក ថុន រដ្ឋា គឺ​លោក​ស្រី ប៉ាត់ រស្មី លើក​ឡើង​ថា តុលាការ​គួរ​អនុញ្ញាត​ឲ្យ​ប្ដី​លោក​ស្រី​អាច​នៅ​ក្រៅ​ឃុំ ដើម្បី​មក​ជួយ​រក​ចំណូល​ចិញ្ចឹម​គ្រួសារ។ លោកស្រី ប៉ាត់ រស្មី ប្រាប់​ថា លោកស្រី​ទើប​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​ពី​ប្ដី​ចេញ​ពី​ពន្ធនាគារ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ហើយ​លោក ថុន រដ្ឋា ប្រាប់​ថា លោក​សុខ​សប្បាយ ប៉ុន្តែ​លោក​ស្រី​យល់​ថា ប្ដី​របស់​ខ្លួន​គ្រាន់​តែ​ប្រាប់​កុំ​ឲ្យ​លោកស្រី​បារម្ភ​ប៉ុណ្ណោះ៖ «យើង​ដឹង​ស្រាប់ បើ​ទោះ​មាន​យន្តការ​ការពារ​កុំ​ឲ្យ​ឆ្លង​កូវីដ​អី​ក៏​ដោយ ក៏​យើង​នៅ​តែ​ព្រួយ​បារម្ភ ព្រោះ​អី​បន្ទប់​មួយ​តូច​ចង្អៀត ហើយ​នៅ​គ្នា​ម្ភៃ​នាក់​ជាង អ៊ីចឹង​ងាយ​នឹង​ឆ្លង»

Patt_Reaksmey_Thon_Ratha_1.jpg
លោក​ស្រី ប៉ាត់ រស្មី ប្រពន្ធ​សកម្មជន​បរិស្ថាន គឺ​​លោក ថុន រដ្ឋា ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ។ រូប៖ ហ្វេសប៊ុក និងពលរដ្ឋ

កម្ពុជា​មាន​អ្នក​ជាប់ឃុំ​សរុប​ជិត៤​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​ច្រើន​លើស​ពី​ទំហំ​ផ្ទុក​របស់​ពន្ធនាគារ​។​ នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ជំងឺ​កូវីដ-១៩ ក៏​បាន​ឆ្លង​ចូល​ដល់​ពន្ធនាគារ​ប្រមាណ ១០កន្លែង ដែល​មាន​អ្នក​ជាប់​ឃុំ និង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ជា​ច្រើន​នាក់ បាន​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ។ ក្នុង​ចំណោម​នោះ អ្នក​ជាប់​ឃុំ និង​អនុរក្ស​យ៉ាងហោចណាស់៨នាក់បានស្លាប់ ​ដោយ​សារ​ជំងឺ​កូវីដ-១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។